សហគមន៍​បារម្ភ​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ខេត្ត​ក្រចេះ​កើត​មាន​ច្រើន​មុន​​បោះឆ្នោត

ប្រភព ៖ អាស៊ីសេរី ( RFA ) 

ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥

សហគមន៍​នេសាទ​ព្រែកកាំពី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​បង្ហាញ​ក្តី​កង្វល់​ជា​ថ្មី​ទៀត ពី​ជោគវាសនា​សត្វ​ផ្សោត ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​សហគមន៍​នៅ​តែ​ទទួលរង​ហានិភ័យ​ខ្ពស់ ខណៈ​ដែល​បទល្មើស​នេសាទ នៅតែ​កើតមាន​ឥត​ឈប់ឈរ​នៅ​មុន​ពេល​បោះឆ្នោត។ សហគមន៍​ថា ជនល្មើស​បាន​លួច​ឆក់​ត្រី​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រែកកាំពី និង​មាន​ពលរដ្ឋ​ខ្លះ​បាន​ពង្រាយ​មង នៅ​តំបន់​សំខាន់ៗ ដែល​ផ្សោត​ឆ្លង​កាត់ បង្ក​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ផ្សោត។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី នៅតែ​ចាំ​អ៊ុត​មើល​ពី​ចំណាត់​ការ​របស់​តុលាការ អនុវត្ត​ច្បាប់​លើ​ជនសង្ស័យ​ជិត ២០​នាក់ ដែល​អាជ្ញាធរ​មូលដ្ឋាន​បញ្ជូន​ឈ្មោះ​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ​កាលពី​ឆ្នាំ​២០១៧ តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់​នៅឡើយ​ទេ រីឯ​ជនល្មើស​នៅតែ​បន្ត​សកម្មភាព​ឆក់​ត្រី​ខុសច្បាប់​ដដែលៗ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របុរី ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី៩ កក្កដា ថា អ្នកស្រុក​សម្ដែង​ការ​ហួសចិត្ត​នៅ​គ្រា​ដែល មន្ត្រី​រដ្ឋបាល​ជលផល និង​ឆ្មាំ​អភិរក្ស​ផ្សោត​ខ្លះ បាន​ទទួល​សំណូក​ពី​ជនល្មើស ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​រឿង​បទល្មើស​នេសាទ។

លោក​ថា អ្នកភូមិ​បាន​ប្រទះឃើញ ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ឆក់​ត្រី​ទំនើប​ក្ដៅ និង​ត្រជាក់ នៅ​អន្លង់​អភិរក្ស​ផ្សោត និង​កន្លែង​ដែល​ផ្សោត​ស្វែងរក​ចំណី ហើយ​បាន​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច និង ឆ្មាំ​អភិរក្ស ក៏ប៉ុន្តែ​ទម្រាំ​មន្ត្រី​ជំនាញ​ទាំងនោះ​ចុះ​ដល់​គោលដៅ ក្រុម​ជនល្មើស​បាន​រត់​គេច​ខ្លួន​បាត់។

លោក​បារម្ភ​ថា ឧបករណ៍​ឆក់​ត្រជាក់ និង​ក្ដៅ​ដែល​ជនល្មើស​ប្រើ អាច​មាន​លទ្ធភាព​ចាប់​ត្រី​មេ​ពូជ​ធំៗ ក្នុង​ទន្លេ ជាពិសេស​ឋិត​ក្នុង​អន្លង់​ដែល​ផ្សោត​រស់នៅ៖ «មាន​ឆ្មាំ​ទន្លេ និង​ជលផល ចាំតែ​យក​លុយ​គេ​រាល់ថ្ងៃ​មិន​ដឹង​ថា ម៉េច​ទេ អ្នកស្រុក​មួយៗ​ហួសចិត្ត​ហើយ។ ខ្ញុំ​ព្រួយបារម្ភ​ដែរ អាជ្ញាធរ​ធ្វើ​អ៊ីចឹង​ពេក ហួសហេតុ​ពេក ឈឺចាប់។ ជាពិសេស​នៅ​ស្រុក​សំបូរ​ក៏​ខ្លាំង​ដែរ ពេញ​ទន្លេ​ហ្មង»

បុរស​ដដែល​បន្ថែម​ថា ជនជាតិ​វៀតណាម ពីរ​នាក់ ដែល​ជា​មេខ្លោង​ឆក់​ត្រី​ជា​របប​អាជីព​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​របស់​គេ​វិញ នៅ​គ្រា​ដែល​តុលាការ​ខេត្ត​ក្រចេះ បាន​កោះហៅ​ពួកគេ​ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២។ លោក​បារម្ភ​ថា បទល្មើស​នេសាទ​កើត​មាន​ច្រើន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ទេ នឹង​បង្ក​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​លែង​បាន៖ «ឧបករណ៍​ឆក់​មាន​អា​ឆក់​ត្រជាក់​មួយ និង​ឆក់​ក្ដៅ​ទៀត លាយឡំ​គ្នា។ ពួក​ឆ្មាំ ពេលណា​ជនល្មើស​រៀប​ចេញ គេ​ខល​ប្រាប់។ ជូន​កាល​វា​ឆក់​ទាំង​ថ្ងៃ​ហ្មង នៅ​លើ​ព្រែកកាំពី និង​ព្រៃ»

កាលពី​ចុង​ខែ​មិថុនា​កន្លងទៅ សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល ទម្ងន់​ប្រមាណ ៩២​គីឡូក្រាម ងាប់​នៅ​តំបន់​អន្លង់​កាំពី​ក្នុង​ខេត្ត​ក្រចេះ ដោយសារ ជាប់​មង​អ្នក​នេសាទ ដែល​ដាក់​ពង្រាយ​នៅ​តំបន់​សំខាន់ៗ ដែល​ផ្សោត​ឆ្លងកាត់។

មន្ត្រី​សង្គម​ស៊ីវិល​ពន្យល់​ថា អន្លង់​អភិរក្ស​ផ្សោត​ត្រូវ​ចាត់ទុកជា​តំបន់​ស្នូល គឺ​ហាម​មិន​ឲ្យ​ប្រើ​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​នៅ​តំបន់​នោះ រួម​ទាំង​លក្ខណៈ​គ្រួសារ​ផង។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបុក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី៩ កក្កដា។

ទោះជា​យ៉ាងណា មេឃុំ​សំបុក ស្រុក​ចិត្របុរី លោក ទុយ សុវណ្ណា លើកឡើង​ថា មួយ​រយៈ​នេះ បទល្មើស​នេសាទ​បាន​ថយ​ចុះ​ច្រើន ព្រោះ​អាជ្ញាធរ​បាន​បញ្ជូន​ប្រជា​ការពារ​គ្រប់​ភូមិ​ចុះ​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ។

លោក​ថា ប្រជា​ការពារ​ភូមិ​នៅ​ឃុំ​សំបុក សរុប​មាន​ជាង ៥០​នាក់ តែង​ចុះ​ល្បាត​តាម​ទន្លេ​ជាប្រចាំ ដោយ​សហការ​ជាមួយ​ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច។ លោក​បន្ថែម​ថា ថ្មីៗ​នេះ តុលាការ​បាន​កោះហៅ​ជនសង្ស័យ ១៧​នាក់​ជា​ថ្មី​ទៀត និង​មាន​ជនសង្ស័យ​ខ្លះ​ជា​ជនជាតិ​វៀតណាម​បាន​រត់គេច​ខ្លួន ហើយ​មក​ទល់​ពេលនេះ​លោក​មិនទាន់​ប្រាកដ​ថា មាន​ជនសង្ស័យ​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​ចូល​បំភ្លឺ​នៅ​តុលាការ៖ «ប្រជា​ការពារ​មាន​គ្រប់​ភូមិ​ថយ​ចុះ​ច្រើន​ដែរ បទល្មើស​នេសាទ។ ជួន​តុលាការ​កោះហៅ​មួយ​សារ​ទៀត ជនសង្ស័យ​ទៅ​បំភ្លឺ​ឬ​មិន​ទៅ យើង​មិន​ដឹង»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា យល់ថា ប្រសិនបើ​តុលាការ​ដែល​បាន​ទទួល​បណ្ដឹង​ហើយ​នៅតែ​បន្ត​អូស​បន្លាយ​ពេល មិន​ចាត់វិធានការ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ទេ នឹង​ប៉ះពាល់​ដល់​ធនធាន​ផ្សោត ដែល​ជា​ជម្រុក​ប្រាក់ចំណូល​សហគមន៍។

លោក​ថា ការអនុវត្ត​ច្បាប់​ធូររលុង​រឿង​បទល្មើស​នេសាទ នឹង​នាំ​ឲ្យ​ជនល្មើស​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែលៗ ហើយ​សត្វ​ផ្សោត​នៅតែ​រងគ្រោះថ្នាក់​ខ្លាំង៖ «តុលាការ​ដែល​បាន​ទទួល​បណ្ដឹង​ហ្នឹង បើ​នៅតែ​មិន​ចាត់វិធានការ​របៀប​នេះ យើង​មានការ​ព្រួយបារម្ភ​មែនទែន។ ទី​១ រឿង​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មានន័យថា ជន​ទាំងអស់​នោះ ប្រព្រឹត្ត​បទល្មើស​ហើយ ពុំ​មាន​វិធានការ​គាត់​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​។ ចំណែក​ច្បាប់​គឺ​មាន​តែ​លើ​ក្រដាស»

នៅ​ខែត្រ​ក្រចេះ មាន​អន្លង់​អភិរក្ស​ផ្សោត និង​ត្រី​មេពូជ ៦៤​អន្លង់ ក្នុង នោះ​មាន​អន្លង់៥ ដែល​ផ្សោត​រស់នៅ។ អន្លង់​អភិរក្ស​ទាំងនោះ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ជលផល និង​ឆ្មាំ​ទន្លេ អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ អនុលោម​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។

ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ គិត​ត្រឹម​ក្បាលកោះទ្រង់ ទល់មុខ​ក្រុង​ក្រចេះ រហូតដល់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង ៨៥​គីឡូម៉ែត្រ ត្រូវ​ចាត់ទុកជា​តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រីមេពូជ បែង​ចែក​ជា​ពីរ​តំបន់ គឺ​តំបន់​ស្រទាប់ និង​តំបន់​ស្នូល។

របាយការណ៍​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៥ សត្វ​ផ្សោត​ទន្លេ​មេគង្គ​របស់​កម្ពុជា បាន​ថយ​ចុះ​ពី​ចំនួន ២០០​ក្បាល​មក​នៅ​ត្រឹម​ចំនួន ៨០​ក្បាល ហើយ​មក​ទល់​ពេល​នេះ វត្តមាន​ផ្សោត​នៅ​ដង​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង មាន​ចំនួន​ជាង ៨០​ក្បាល ដោយ​មិន​បូក​បញ្ចូល​កូន​ផ្សោត​ទេ។

សហគមន៍​រស់នៅ​ឃុំ​សំបុក បាន​នាំគ្នា​អភិវឌ្ឍ​នៅ​តំបន់​ផ្សោត​រស់នៅ ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួមគ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s