បទល្មើស​ព្រៃឈើ​កក្រើក​ឡើង​វិញ​ ពេល​សមត្ថកិច្ច​រវល់​ការពារ​សន្ដិសុខ ​យុទ្ធនាការ​បោះឆ្នោត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រតនគិរី​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

ព្រះវិហារ/រតនគិរីៈ ប្រជាសហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ភាគឧត្តរ និង​ភាគ​ឦសាន​នៃ​កម្ពុជា​បាន​អះអាង​ថា​បទល្មើស​​ព្រៃឈើ​កំពុង​កក្រើក​ឡើង​វិញ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។

បណ្តាញ​សកម្មជន​ព្រៃឡង់ អ្នកស្រី ភោគ ហុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ការ​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ និង​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​បារម្ភ នៅ​ក្នុង​ឃុំ​ធ្មៀរ និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ គ្រា​ដែល​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​កំពុង​រវល់​​លើ​ការងារ​ឃោសនា​បោះឆ្នោត​។
អ្នកស្រី​បាន​បន្ត​ថា​កាលពី​ ៣ ​ថ្ងៃ​មុន​នេះ​អ្នកស្រី និង​ក្រុម​សកម្មជន​ព្រៃឈើ​ជាង​ ១០ ​នាក់​ទៀត​បាន​ចុះ​ល្បាត​ព្រៃ​ហើយ​បាន​ឃើញ​ស្នាម​កាប់​ដើម​ច្បោះ​ជ័រ​ជាច្រើន​ដើម និង​ឃើញ​ស្នាម​ដឹក​ថ្មីៗ​ពី​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​​ឃុំ​ធ្មៀរ​ដែល​នៅ​ជាប់​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​។ ​ជាមួយ​គ្នា​នេះ​ក្រុម​ការងារ​អ្នកស្រី​ក៏​បាន​ឃើញ​ពលរដ្ឋ​ចំណាកស្រុក​មួយ​ចំនួន​ចូល​មក​កាប់​រាន​ដីព្រៃ​រដ្ឋ​នៅ​ខាង​ត្បូង ឃុំ​រៀបរយ ស្រុក​ជ័យសែន​ផង​ដែរ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​សកម្មភាព​នៃ​បទល្មើស​នេះ​បាន​កើតឡើង​ស្រដៀង​គ្នា​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​មុន ខណៈ​សមត្ថកិច្ច​រវល់​ផ្ដោត​លើ​ការងារ​សន្តិសុខ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ធ្វើឲ្យ​ការ​ចុះ​ល្បាត​ព្រៃ​អសកម្ម​»​។

លោក ប្រាក់ ធឿត អធិការរង​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ ស្រុក​ជ័យសែន បាន​ទទួល​ស្គាល់​ថា​ការ​ចុះ​ល្បាត​ព្រៃឈើ​ក្នុង​ពេល​នេះ​ពិតជា​មាន​ភាពអសកម្ម​បន្តិច​ដោយសារ​នគរបាល​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​​ជួយ​សម្របសម្រួល​បញ្ហា​ផ្សេងៗ​ក្នុង​​ពេល​ឃោសនា​បោះឆ្នោត​។

លោក​ថា​៖ «​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ការងារ​ស្នូល​របស់​សមត្ថកិច្ច​យើង​គឺ​ពង្រឹង​សន្តិសុខ​ជូន​គ្រប់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​ទាំងអស់ ដើម្បី​ចៀសវាង​ការកើតឡើង​នូវ​អំពើ​ហិង្សា​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា​ការងារ​ចុះ​ល្បាត​ព្រៃ​មិន​ជាប់​ពាក់ព័ន្ធ​ការងារ​ឃោសនា​ទេ ដោយ​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​បាន​ល្បាត​ព្រៃ​ជា​ប្រចាំ​តាម​កាលវិភាគ​។

លោក​ថា​៖ «​នៅ​ថ្ងៃ​ពុធ​នេះ​ខ្ញុំ​នឹង​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជាថ្មី​ម្ដង​ទៀត​ក្នុង​តំបន់​ខាង​លើ​ហើយ​យើង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​លើកលែង​អ្នក​ចូល​កាប់​ព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​ខុស​ច្បាប់​ទេ​»​។

លោក ជិន មនោរិទ្ធ នាយករង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ថ្លែង​ថា​ទីតាំង​​បទល្មើស​នោះ​មិន​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ទេ​។ លោក​ថា​៖ «​តំបន់​ដែល​មាន​ការកាប់​រាន​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១ ​គីឡូម៉ែត្រ​ក្រៅ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​យើង​ក៏​បារម្ភ​ផង​ដែរ ខ្លាច​ក្រុម​ជន​ឱកាសនិយម​លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រក​របស់​យើង ខណៈ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ពិបាក​ចុះ​ល្បាត​»​។

ដោយឡែក​ប្រជាសហគមន៍​ជនជាតិ​​ទំពូន​នៅ​ភូមិ​ភិៈ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក សៀវ លាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ថ្មីៗ​នេះ​ពលរដ្ឋ​បាន​បង្ក្រាប​ជនសង្ស័យ​ ៦ ​នាក់​មកពី​ស្រុក​វ៉ឺនសៃ និង​រឹបអូស​​គោយន្ត​​ ៤ ​គ្រឿង​ព្រម​ទាំង​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ១២ ​កំណាត់​បញ្ជូន​ទៅ​ឲ្យ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។

លោក​ថា​៖ «​បច្ចុប្បន្ន​ករណី​ដឹក​ជញ្ជូន​ព្រៃឈើ​កំពុង​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង​គួរ​ឲ្យ​បារម្ភ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s