អតីត​អ្នក​បុរីកីឡា និង​បឹងកក់​ នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប

ប្រភព​ ៖ ភ្នំពេញប៉ុស្ដី៍

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​អតីត​បុរីកីឡា និង​បឹងកក់​ប្រមាណ ៣០ នាក់​ដែល​តំណាង​ឲ្យ​ជាង​ ២០ គ្រួសារ​ពេល​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច កាលពី​ថ្ងៃ​ម្សិលមិញ។ ហេង ជីវ័ន

ភ្នំពេញៈ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​អតីត​បុរីកីឡា និង​បឹងកក់​ប្រមាណ​ ៣០ ​នាក់​ដែល​តំណាង​ឲ្យ​ជាង​ ២០ ​គ្រួសារ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហែ​ក្បួន និង​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពី​ម្សិលមិញ​ដោយ​ចោទ​ថា បាន​ឈូសឆាយ​បំផ្លាញ​ផ្ទះសំបែង​របស់​ពួកគេ​តាំងពី​ប្រមាណ​ ៦ ​ឆ្នាំ​មុន​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​។

អ្នកស្រី ភោគ សុភីន អ្នក​ដឹកនាំ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បុរីកីឡា និង​បឹងកក់​បាន​រៀបរាប់​ទាំង​អួលដើមក​ថា ពលរដ្ឋ​ជាង​ ២០ ​គ្រួសារ​នៅ​បុរី​កីឡា​ដែល​មិន​ទទួល​បាន​សំណង​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជាថ្មី​ម្ដង​ទៀត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ខណៈ​បច្ចុប្បន្ន​ពួកគាត់​កំពុង​មាន​ជីវភាព​ខ្វះខាត​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ជំហរ​ពួកខ្ញុំ​នៅ​ពេល​ចុង​ក្រោយ​នេះ​គឺ​ស្នើសុំ​សំណង​ជា​ថវិកា​ចំនួន​ ២៥០០០ ​ដុល្លារ​ដើម្បី​យក​ទិញ​ដី ឬ ​ផ្ទះ​នៅ​កន្លែង​សម្រាប់​រស់នៅ ប៉ុន្ដែ​បើ​អាជ្ញាធរ​សម្រេច​ឲ្យ​ពួក​ខ្ញុំ​ទៅ​រស់នៅ​ភូមិ​អណ្ដូង​វិញ ពួក​ខ្ញុំ​នឹង​មិន​ទៅ​នៅ​ទី​នោះ​ទេ ហើយ​បើ​សិន​ប្រគល់​ដី​ឲ្យ​ពួក​ខ្ញុំ​នៅ​កន្លែង​ផ្សេង​ទៀត​នោះ ពួកខ្ញុំ​នឹង​ធ្វើការ​ពិចារណា​ឡើង​វិញ​»​។

ចំណែក​អ្នកស្រី ស៊ា ណារ៉េត អ្នក​រងគ្រោះ​ទំនាស់​ដីធ្លី​នេះ​ដែរ​បាន​អះអាង​ថា ពលរដ្ឋ​ធ្លាប់​ដាក់​ញត្តិ​ជាច្រើន​ដង​ទៅ​សាលាក្រុង ក្រសួង​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុនែ្ត​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​បើសិន​ជា​អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​ទាំងអស់​គ្នា​នឹង​បន្ត​តវ៉ា​ទៀត​ស្វែងរក​ដំណោះស្រាយ​»​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​សេសសល់​ជូន​សហគមន៍​ទាំង​ ២ ក្នុង​នោះ​មាន​រឿង​ខ្លះ​កំពុង​ដោះស្រាយ និង​រឿង​ខ្លះ​ទៀត​សាលាក្រុង ​មិន​អាច​ដោះស្រាយ​បាន​ទេ ព្រោះ​ផ្ទះ​ខ្លះ​រស់នៅ​ច្រើន​គ្រួសារ ប៉ុន្តែ​លោក​ថា បើ​ប្រជាសហគមន៍​ទាំង​នោះ​មាន​ចម្ងល់​អាច​ទាក់ទង​ទៅ​សាលា​រាជធានី​ដោយ​ផ្ទាល់​។

អ្នកស្រី​ ភោគ សុភីន អ្នក​ដឹកនាំ​ការតវ៉ា​នៅ​មុខ​ផ្ទះ​អ្នកស្រី​ ស៊ុយ សុផាន កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

លោក​ថា​៖ «​បងប្អូន​យើង​ទាំង​បុរីកីឡា​ទាំង​បឹងកក់ យើង​កំពុង​ធ្វើការ​ដោះស្រាយ​ហើយ មាន​អ្នក​ខ្លះ​ទទួល​យក និង​ខ្លះទៀត​ក៏​មិន​ព្រម​ទទួល​យក​ដែរ ហើយ​សាលាក្រុង​ក៏​អត់​មាន​គោលនយោបាយ​អ្វី​ថ្មី​សម្រាប់​ផ្ដល់​ឲ្យ​ពួកគាត់​ដែរ គឺ​ដូច​អ្វី​ដែល​សាលាក្រុង​ធ្លាប់​សន្យា​ផ្ដល់​ជូន​ពួកគាត់​»​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ADHOC ថ្លែង​ថា​កន្លង​មក​រដ្ឋាភិបាល​បាន​ដោះស្រាយ​បាន​ច្រើន​ដែរ ប៉ុន្ដែ​គួរតែ​រក​វិធី​ពន្លឿន​ការដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​បុរីកីឡា និង​បឹងកក់​ទាំង​នោះ​ឲ្យ​អស់​ដោយ​ថា​បើ​មិន​ធ្វើការ​ដោះស្រាយ​ឲ្យ​អស់​ទេ​ជំងឺ​រុំារ៉ៃ​ក្នុង​សង្គម​នៅ​តែ​បន្ត​កើត​មាន​។

លោក​ថា​៖ «​កន្លងមក​យើង​ឃើញ​ថា ដូច​បុរីកីឡា ជាពិសេស​បឹងកក់ មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​ទប់ស្កាត់​ការតវ៉ា​មាន​ការ​ចាប់​ខ្លួន​ជាបន្តបន្ទាប់​។ បើសិន​ជា​មិន​បាន​ដោះស្រាយ​បញ្ចប់​ទេ បញ្ហា​វា​កើតឡើង​បន្ត​ទៀត​អ្នក​ដែល​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ​យើង​»​។

លោកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ទេ​។

គួររំឭក​ថា​កាលពី​ឆ្នាំ​ ២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់​លោកស្រី ស៊ុយ សុផាន ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​នៅ​សហគមន៍​បុរីកីឡា​ដោយ​សន្យា​សង់​អគារ​ចំនួន​ ១០ ជូន​ប្រជាពលរដ្ឋ​ ១៧៧៦ ​គ្រួសារ​វិញ ប៉ុន្តែ ក្រុមហ៊ុន​សង់​បាន​តែ​ ៨ ​អគារ​ក៏​ផ្អាក​ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​ក្ស័យធន​។

កាលពី​ឆ្នាំ​ ២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ចំនួន​ ១២,៤៤ ហិកតា​ឲ្យ​ពលរដ្ឋ​ជាង​ ៧០០ ​គ្រួសារ​នៅ​តំបន់​បឹងកក់​។ ប៉ុន្តែ​ពួកគេ​ថា​ជិត​ ៧ ​ឆ្នាំ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​។

ក្រោយមក​នៅ​ក្នុង​ឆ្នាំ​​ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​គឺ​លោក ឃួង ស្រេង ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​ឲ្យ​អស់ ខណៈ​បច្ចុប្បន្ន​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​ជាង​ ១៦០ ​គ្រួសារ​នៅ​តែ​អះអាង​ថា​ពួកគេ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s