ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ថ្មពួក​តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ

ប្រភពពី ​​៖ វិទ្យុអាស៊ីសេរី

 

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក​ប្រមាណ ៨០​នាក់​តំណាង​ឲ្យ ១៧០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​គោរព​តាម​ពាក្យសន្យា ដែល​អះអាង​ថា នឹង​បែងចែក​ដី​ទំនាស់​មួយ​ចំនួន​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​ដាំ​ដុះ​នោះ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក អះអាង​ថា អាជ្ញាធរ​ខេត្ត​គិតតែ​ពី​រឿង​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​បាន​កាន់អំណាច​ទៅ​មុខ​ទៀត ដោយ​មិន​រវល់​រឿង​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ស្រុក​ថ្មពួក អ្នកស្រី ផល ធួក ឲ្យ​ដឹង​នៅ​ក្រោយ​ពេល​បញ្ចប់​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក លី សារី កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា បាន​សន្យា​ជាមួយ​ពួកគាត់​ថា នឹង​យក​ដី​ជម្លោះ​ចំនួន ៩៣​ហិកតារ ចែក​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​បង្កបង្កើនផល​ឲ្យ​ទាន់​នៅ​ក្នុង​រដូវវស្សា​នេះ ហើយ​ពួកគាត់​ក៏បាន​ព្រមព្រៀង​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​នេះ​ដែរ។ ប៉ុន្តែ​អ្នកស្រី​ថា ពួកគាត់​បាន​ទន្ទឹង​ចាំ​មើល​ការ​ដោះស្រាយ​ជាច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​វាស់វែង​ដី​ចែក​ជូន​ពួកគាត់​នោះ​ទេ៖ «គាត់​បាន​និយាយ​ប្រាប់​ពួក​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ថា បើសិន​ណា​បោះឆ្នោត​ហើយ ខាង​ខេត្ត​នឹង​ដោះស្រាយ​ឲ្យ​បាន ប៉ុន្តែ​ពួក​ខ្ញុំ​កើត​ទុក​មិន​សុខចិត្ត ព្រោះ​ដី​នេះ ពួក​ខ្ញុំ​បាន​គ្រប់គ្រង​មក​ជា​ច្រើន​ឆ្នាំ​ហើយ។ ប្រជាពលរដ្ឋ​ពឹង​លើ​អាជ្ញាធរ​ដោះស្រាយ​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​អីចឹង​តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ពឹង​អ្នកណា?»។

អ្នកស្រី ផល ធួក បន្ថែម​ថា អាជ្ញាធរ​បាន​និយាយ​តែ​មាត់ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ​គ្មាន​ឡើយ ដូច្នេះ​បានជា​ពួកគាត់​នាំគ្នា​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​យក​ទៅ​ដាំ​ដុះ​មាន​ទំនុក​ចិត្ត។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​លោក លី សារី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​សម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រួចជាស្រេច​ហើយ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ អាជ្ញាធរ​កំពុង​ដំណើរកា​រដោះ​ស្រាយ ដោយ​លើក​យក​បញ្ហា​ចំនួន ៣​ចំណុច​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិចារណា ដើម្បី​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៖ «ទីមួយ​យើង​នឹង​សំណូមពរ​ទៅ​ភាគី​ដែល​គេ​មាន​ប័ណ្ណ​សុំ​គេ​៩៣​ហិកតារ ទី​២ ឲ្យ​ខាង​ខេត្ត​ធ្វើ​លិខិត​ទៅ​តុលាការ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ដើម្បី​ដាក់​ទៅ​គណៈកម្មការ​ខេត្ត​ដោះស្រាយ ទី​៣​យើង​អញ្ជើញ​គួរ​ភាគី​ដែល​មាន​បញ្ហា​នឹង​មក​ជួប​ខេត្ត ដើម្បី​ជួប​ចរចា​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ»។

ប៉ុន្តែ​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់ជិត ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​លើ​រឿង​នេះ យល់ថា មូលហេតុ​ដែល​ពលរដ្ឋ​ចង់​ធ្វើ​លិខិតស្នាម​បញ្ជាក់​ពី​អាជ្ញាធរ​នេះ ដោយសារតែ​ការ​ដោះស្រាយ​កន្លង​មក​គ្រាន់តែ​ការ​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា ដោយ​មិនបាន​ដោះស្រាយ​នៅ​លើ​បញ្ហា​ពិតប្រាកដ​ជូន​ពួកគាត់​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​បាន​លះបង់​ផ្ទៃដី​ជាច្រើន​ហិកតារ ដែល​ពួកគាត់​ធ្លាប់​កាន់កាប់​ពី​មុន​មក​ដើម្បី​សម្បទាន​ទៅ​ឲ្យ​អាជ្ញាធរ​យក​ទៅ​សម្របសម្រួល លោ​កថា​ដូច្នេះ​អាជ្ញាធរ​ខេត្ត​គួរតែ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​លើ​បញ្ហា​នេះ៖ «ហើយ​ពួកគាត់​ចង់បាន​ដំណោះស្រាយ​ឆាប់ៗ​ដែល​ជា​លទ្ធផល​នៃ​ការ​សម្របសម្រួល​ដោះស្រាយ​នឹង ដោយសារ​ពេលវេលា​នៃ​រដូវវស្សា​បាន​មក​ដូច្នេះ​ពួកគាត់​ត្រូវការ​បង្កបង្កើនផល​ឲ្យ​តាម​រដូវ​កាល ហើយ​បើ​ទុក​ដល់​រួច​បោះឆ្នោត​វា​សឹងតែ​ផុត​ពេល​ពួកគាត់​ដាំ​ដុះ​បាត់​ទៅ​ហើយ។ ដូច្នេះ​អាជ្ញាធរ​ខេត្ត​គួរតែ​យល់​ពី​បំណង​របស់​ពួកគាត់​ហើយ​គួរតែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ចប់​មុន​ការបោះឆ្នោត​ជា​ការ​ល្អ»។

ផ្ទៃដី​ជម្លោះ​មាន​ជាង ២៩០​ហិកតារ ដី​នេះ​ប្រជាពលរដ្ឋ​ចំនួន ១៧០​គ្រួសារ រស់នៅ​ភូមិ​កាប់ចោរ ភូមិ​គោក​ស្វាយ ឃុំ ភូមិ​ថ្មី និង​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន លី សំអាន ។

តំណាង​អ្នក​តវ៉ា អ្នកស្រី ផល ធួក អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ទំនាស់ ដែល​ជា​របស់​ពួកគាត់ ហើយ​ពួកគាត់​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ដោះស្រាយ​ជូន​ពួកគាត់​បាន​នៅឡើយ​ទ។ អ្នកស្រី ផល ធួក បន្ថែម​ទៀត​ថា ក្រោយមក​ក្រុមហ៊ុន លី សំអាន ក៏បាន​បង្វែរ​ដី​នេះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ដែល​មិន​ធ្លាប់​កាន់កាប់​លើ​ដី​ពី​មុន​មក ធ្វើជា​អ្នក​តតាំង​ជាមួយ​ពួកគាត់​ម្ដង​វិញ។ ក្រោយពី​តវ៉ា​របស់​ពលរដ្ឋ​អស់​ជាច្រើន​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ដដែល មាន​លោក​ឧកញ៉ា​ម្នាក់ បាន​ចេញទៅ​ជួប​ក្រុម​អ្នក​តវ៉ា ហើយ​ក៏បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ថា នឹង​ដោះស្រាយ​ជូន​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ​។ ចំណែក​ក្រុម​អ្នកតវ៉ា​ក៏​សម្រេចចិត្ត​វិលត្រឡប់​ទៅផ្ទះ​វិញ​បណ្ដោះអាសន្ន ដោយ​ពួកគាត់​អះអាង​ថា ប្រសិនបើ​ក្នុង​ពេល​ឆាប់ៗ​នេះ មិន​មាន​ការ​ដោះស្រាយ​ទេ គឺ​ពួកគាត់​នឹង​នាំគ្នា​តវ៉ា​សាជាថ្មី​ទៀត៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s