WWF: មហា​តំបន់​ទន្លេមេគង្គ​ នឹង​បាត់​ព្រៃឈើ​ថែម​ ១/៣ ​ត្រឹម​ឆ្នាំ​ ២០៣០ បើ​សិន​គ្មាន​វិធានការ​ភ្លាមៗ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សមត្ថកិច្ច​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង។

ភ្នំពេញៈ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​បាន​បាត់បង់​គម្រប​ព្រៃ​ធម្មជាតិ​ ១ ​ភាគ​ ៣ ហើយ​នឹង​បន្ត​បាត់បង់​ ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ប្រសិន​បើ​គ្មាន​ការចាត់​វិធានការ​ភ្លាមៗ​រួម​ទាំង​ការការពារ និង​ការស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​ធម្មជាតិ និង​ការលើក​កម្ពស់​ការគ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​នោះ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក WWF ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

របាយការណ៍​ថ្មី​មាន​ឈ្មោះ​ថា​ដង្ហើម​ព្រៃឈើ [Pulse of the- Forest] បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង និង​សក្តានុពល​សម្រាប់​ព្រៃ​នៅ​មហា​តំបន់​ទន្លេមេគង្គ​ដែល​មាន​កម្ពុជា ឡាវ ភូមា ថៃ និង វៀតណាម​។

តំបន់​នេះ​​ គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​ ១១ ​ផ្នែក​នៃ​ការបំផ្លាញ​ព្រៃឈើ​ទូទាំង​ពិភពលោក និង​ជា​តំបន់​ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការបាត់បង់​ព្រៃឈើ​រហូត​ដល់​ ៨០ ​ភាគរយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ​។ ប្រទេស​ទាំង​ ៥ ​នេះ​អាច​មាន​ចំនួន​ប្រហែល​ ១៧ ​ភាគរយ ឬ ៣០ ​លាន​ហិកតា​នៃ​ការបំផ្លាញ​ព្រៃឈើ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ ២០៣០ បើ​គ្មាន​ការចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទេ​នោះ​។

ដោយ​មាន​ព្រៃ​តិច​ជាង ៣០ ភាគរយ​នៅ​សល់​ក្នុង​តំបន់​ព្រៃ​មេគង្គ​នេះ របាយការណ៍​ថ្មី​របស់​អង្គការ WWF បាន​បង្ហាញ​ពី​ការខិតខំ​របស់​ប្រជាជន និង​សហគមន៍​ដែល​ព្យាយាម​បញ្ឈប់​ការបំផ្លិច​បំផ្លាញ​នេះ​។

លោក Thibault Ledecq អ្នកសម្រប​សម្រួល​ផ្នែក​ព្រៃឈើ​ប្រចាំ​តំបន់​មេគង្គ ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ដាក់​បញ្ចូល​ទៅក្នុង​សេចក្ដី​ប្រកាស​នោះ​ថា​៖ «​ព្រៃ​មេគង្គ​គឺជា​ក្បាល​ម៉ាស៊ីន​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ជំរុញ​ដល់​ផ្នែក​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូ​នៅ​អាស៊ី ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បាត់បង់​នៅក្នុង​អត្រា​គួរ​ឱ្យ​ព្រួយបារម្ភ​ហើយ​យើង​ត្រូវ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​វា​»​។

លោក​បន្ត​ថា​៖ «​ប្រជាជន​ និង​គម្រោង​ដែល​បាន​រៀបរាប់​លម្អិត​នៅក្នុង​របាយការណ៍​នេះ បង្ហាញ​ថា​មាន​ក្តីសង្ឃឹម ហើយ​វា​អាច​ទៅ​រួច​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​ល្អ ខណៈ​ការពារ​ព្រៃឈើ និង​សត្វព្រៃ និង​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​មាន​ផាសុកភាព​ល្អ​»​។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។ ទោះ​យ៉ាង​ណា​អ្នក​នាំពាក្យ​រដ្ឋបាល​ព្រៃឈើ​លោក កែវ អូម៉ាលីស្ស បាន​អះអាង​ថា​បើ​ទោះ​ជា​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​ព្យាយាម​បញ្ឈប់​ការបំផ្លិច​បំផ្លាញ​ព្រៃឈើ​ ប៉ុន្តែ​ការ​ព្យាករ​លើ​ព្រៃឈើ​នៅ​មហា​តំបន់​មេគង្គ​នឹង​បាត់បង់​ចំនួន ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន និង​ពី​រដ្ឋាភិបាល​នៅក្នុង​តំបន់​មហា​ទន្លេមេគង្គ​នោះ​ទេ​។

ដោយ​លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​របស់​យើង​បាន​កាន់​ដីព្រៃឈើ​ជាង​ ៧ ​លាន​ហិកតា​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​ព្រៃ​ការពារ​ និង​អភិរក្ស ហើយ​ក៏​បាន​បញ្ឈប់​ការផ្តល់​ដី​សម្បទាន​ដល់​អ្នក​វិនិយោគទុន និង​បាន​ខិតខំ​ដាំ​ដើមឈើ​ស្ដារ​សម្បទាន​ព្រៃឈើ​ឡើងវិញ និង​បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រប់​ទម្រង់​នៃ​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​។ ដូច្នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការព្យាករ​ដែល​ថា​នឹង​មាន​ការបាត់បង់​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​ ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០»​។

របាយការណ៍​ថ្មី​របស់​អង្គការ​ WWF ​នេះ​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា កាលពី​ ២០ ​ឆ្នាំ​មុន​គេ​បាន​រកឃើញ រុក្ខជាតិ ប្រភេទ​ថ្មី និង រុក្ខជាតិ​ដែល​មាន​សរសៃឈាម ជាង​ ២៥០០ ​ប្រភេទ​នៅ​ក្នុង​ព្រៃ​នៃ​មហា​តំបន់​ទន្លេមេគង្គ​។

ប៉ុន្តែ​ការរេចរឹល​ពី​ការពង្រីក​វិស័យ​កសិកម្ម​ដំណាំ កៅស៊ូ ការកាប់​ឈើ​ខុសច្បាប់ និង​ការកាប់​ឈើ ស្ថាបនា​ផ្លូវថ្នល់ ទំនប់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​កំពុង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ព្រៃឈើ​។

ជា​លទ្ធផល​គឺ​នាំឲ្យ​មាន​ការ​បាត់បង់​ប្រាក់​ចំណូល​ប៉ះពាល់​ដល់​សុខុមាលភាព ការ​រអិល​បាក់​ដី ឬ បាក់​ច្រាំង​ដែល​សម្លាប់​មនុស្ស​រាប់រយ​នាក់ និង​ផលប៉ះពាល់​អាកាសធាតុ​ពី​ការប្រែប្រួល​អាកាសធាតុ​។ ​លើស​ពី​នេះ​ទៅ​ទៀត​នោះ​វិស័យ​កសិកម្ម​ក៏ពឹងផ្អែក​ទាំង​ស្រុង​លើ​ព្រៃឈើ​សម្រាប់​ដំណាំ និង​ដំណាំ​ផ្សេងៗ​រួម​ជាមួយ​ការផ្គត់ផ្គង់​ទឹកស្អាត​។

លោក Thibault Ledecq អ្នកសម្រប​សម្រួល​ផ្នែក​ព្រៃឈើ​ប្រចាំ​តំបន់​មេគង្គ​បាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​យើង​មិន​គួរ​រង់ចាំ​អ្នក​ដទៃ​ធ្វើ​សកម្មភាព​នោះ​ទេ​។ អនាគត​នៃ​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ទាំងអស់​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s