អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គិត​រឿង​ឃោសនា​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ច្រើន​ជាង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

ប្រភព ៖ អាស៊ីសេរី

គំនរ​ឈើ​ខុស​ច្បាប់​ដែល​គេ​កាប់ ហើយ​រត់​ចោល​នៅ​ពេល​ដែល​ក្រុម​សហគមន៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ល្បាត​ទៅ​ទាន់ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អាជ្ញាធរ​បើក​ដៃ​ឲ្យ​ឈ្មូញកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រះការ ដោយ​បើក​ជំហរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ពួកគេរិះគន់ថា  អាជ្ញាធរខេត្តព្រះវិហារ ផ្តោត​អារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច ច្រើនជាងបម្រើសេវាសារណៈ និង​ទប់​ស្កាត់បទល្មើសព្រៃឈើ។

ឈើមូលមានមុខកាត់ចាប់ពី ពីរតឹកឡើងទៅ ត្រូវគេកាប់ធ្វើអាជីវកម្មយ៉ាងពេញទំហឹង ក្នុងដែន​ជម្រក​សត្វព្រៃព្រះការ គ្មានការអនុវត្តច្បាប់ណាមួយ ពីមន្ត្រីឧទ្យានុរក្សនៅតំបន់នោះទេ។​ អ្នកភូមិថា គោយន្តគឺជា មធ្យោបាយដឹកជញ្ជូនឈើរបស់ឈ្មួញ ដែលពួកគេប្រទះឃើញ​ទាំង​យប់​ថ្ងៃ​រាប់​សិប​គ្រឿង ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ឆ្លង​កាត់​ទីស្នាក់ការ​ក្រសួង​បរិស្ថាន និង​ប៉ុស្តិ៍​នគរបាល។

ពលរដ្ឋរស់នៅភូមិពោធិ៍ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ កក្កដា​ថា អាជ្ញាធរ​ធ្វេស​ប្រហែស រឿង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ។ លោកថា អាជ្ញាធរ​ឃុំ​ស្រុក និង​ខេត្ត និង​មន្ត្រី​បរិស្ថាន ចាប់​អារម្មណ៍​តែ​រឿង​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន មិន​អើពើ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ បង្ក​ឲ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​កាន់​តែ​វិនាស​ហិនហោច។ លោក​បន្ថែម​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក ៦៦ ដើម​ជា​ថ្មី​ទៀត ត្រូវ​បាន​គេ​លួច​កាប់​យក​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​ព្រៃ​ព្រះការ រីឯ​អ្នក​ភូមិ​បាន​កំណត់​មុខ​សញ្ញា​មនុស្ស​មួយ​ក្រុម  រួច​ប្តឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ តែ​គ្មាន​លទ្ធផល៖ «»

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចិន្ថា ធ្លាប់​បដិសេធ​នឹង​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី​ទេ។ ចំណែកមេឃុំប្រមេរ លោក ហៀង តន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី២១ កក្តកដា។

អនុប្រធានសហគមន៍ភូមិប្រមេរ លោក ស្រី រឿងខាន់ ថ្លែងថា ក្នុង​រយៈ​ពេល ៣​ខែ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​រវល់​ការងារ​ស្រែ​ចម្ការ ធ្វើ​ឲ្យ​ក្រុមឈ្មួញមានឱកាស លួចកាប់ដើមឈើផលិតជ័រទឹក អស់​រាប់​រយ​ដើម។ លោកស្រីថា ​ដើមឈើផលិតជ័រទឹក​របស់ពួកគាត់ នៅសេសសល់ជិត ១ពាន់ដើម ត្រូវ​បាន​គេ​កាប់​អស់​ជាង ពាក់កណ្តាល​ ហើយបច្ចុប្បន្ននៅសល់ជាង ២រយដើមប៉ុណ្ណោះ។ លោក​ស្រី​បារម្ភ​ថា អ្នកភូមិភ័យខ្លាចបរិយាកាស​នយោបាយ​សព្វ​ថ្ងៃ និង​ការ​រឹតត្បិតសិទ្ធិសេរីភាពពីសំណាក់​អាជ្ញាធរ នាំ​ឲ្យ​ពលរដ្ឋ​ខ្លះ ខ្លាច​រអា​មិន​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថាន និង​សុខ​ចិត្ត​សម្ងំ​សុខរៀងៗ ខ្លួន បើទោះបីជា ដើមឈើផលិតជ័រទឹករបស់ពួកគេបានបាត់បង់ស្ទើរទាំងស្រុងក្តី៖ «»

មន្ត្រីសង្គមស៊ីវិលអង្កេតឃើញថា  ប្រាក់ចំណូល​របស់​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ដើម​ច្បោះ​ពួកគាត់​បាន​បាត់​បង់ស្ទើរ​ទាំង​ស្រុង ម្យ៉ាង​ទៀត​ក្រុមជនល្មើស​តែងតែ​គំរាម​កំហែង​អាយុ​ជីវិត​អ្នក​ភូមិ នៅ​គ្រា​ដែល​ចេញ​មុខ​ការពារ​​ដើម​ច្បោះ។ ចំណែក​អាជ្ញាធរ​បាន​ដាក់​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អង្កេតឃើញថា បទ​ល្មើស​ព្រៃ​ឈើ ក្នុងព្រៃព្រះការកើនឡើងពេញទំហឹង អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែល​អាជ្ញធរ​ពាក់ព័ន្ធ តែងតែប្រើលេស​ឆ្លើយ​ដោះសារ និង​មិន​ទទួល​ខុសត្រូវ។ លោក​ថា មន្ត្រី​ជំនាញ​មាន​កាតព្វកិច្ច​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ មិន​ត្រូវ​យក​ម៉ោង​រដ្ឋ ទៅ​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ៖ «»

ព្រៃ​ព្រះរកា ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ។ ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន គ្មាន​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់​ណា​មួយ ដើប្បី​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​បាន​ទេ រីឯ​ជនជាតិ​ដើម​ភាគ​តិច​រាប់ពាន់​គ្រួសារ​មាន​ទម្លាប់​ប្រពៃណី ដង​ជ័រ​ទឹក​ជា​យូរ​មក​ហើយ​នោះ កំពុង​ប្រឈម​បាត់​បង់​មុខ​របរ​នេះ​ទាំង​ស្រុង៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s