សមត្ថកិច្ចរឹបអូសឈើ ១៦០ កំណាត់ តែមិនទាន់ដឹងមុខម្ចាស់

ប្រភព៖ ភ្នំពេញប៉ុស្ដិ័

ឈើដែលសមត្ថកិច្ចរកឃើញលាក់ទុកក្នុងព្រៃក្នុងស្រុកអូរជុំ ខេត្តរតនគិរីថ្មីៗនេះ។ រូបថត Fresh news

ខេត្តរតនគិរី: ឈើប្រភេទស្រឡៅ ១៦០ កំណាត់ ដែលឈ្មួញដឹកមកលាក់ទុកក្នុងព្រៃត្រង់ចំណុចភូមិខ្មែង ឃុំប៉យ ស្រុក អូរជុំ ខេត្ត រតនគិរី ត្រូវបានសមត្ថកិច្ចស្រុក អូរជុំ រឹបអូសបានកាលពីម្សិលម្ង៉ៃ ប៉ុន្ដែមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ឈើនេះបាននៅឡើយទេ។ នេះបើតាមលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត រតនគិរី។

លោក ជា ពេជ្រ បានបញ្ជាក់ថា កម្លាំងចម្រុះស្រុក អូរជុំ និងរដ្ឋបាលព្រៃឈើតំបន់ វ៉ើនសៃ ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រតនគិរី បានចុះរឹបអូសឈើលេខ ១ ប្រភេទស្រឡៅចំនួន ១៦០ កំណាត់ ប៉ុន្ដែមិនទាន់បានវាស់វែងជាម៉ែត្រគុបទេ ខណៈឈ្មួញបានប្រមូលដឹកពីទីតាំងផ្សេងៗគ្នា យកមកលាក់នៅទីតាំងខាងលើ។

លោកបន្តថា ឈើទាំងនេះកំពុងស្ថិតក្នុងទីតាំងដដែល ដោយសារស្ថានភាពផ្លូវមានការលំបាកហើយភ្លៀងធ្លាក់ជាប់ៗគ្នាផង ប៉ុន្ដែសមត្ថកិច្ចនៅបន្តយាម និងរក្សាឈើទាំងនោះ ដើម្បីរង់ចាំដីស្ងួតនឹងយករថយន្តទៅដឹកយកមកប្រគល់ឲ្យផ្នែករដ្ឋបាល ព្រៃឈើចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ។

លោកបញ្ជាក់ថា៖ «យើងអត់ទាន់បានកំណត់អត្តសញ្ញាណជនសង្ស័យដែលបានយកឈើមកលាក់ទុកនៅទីនេះទេ ប៉ុន្ដែយើងកំពុងស៊ើបអង្កេតរកជននោះយកមកផ្ដន្ទាទោសតាមច្បាប់។ ចំណែកឈើទាំងនោះ គឺយើងមិនទាន់អាចដឹកចេញពីតំបន់នោះបានទេផ្លូវពិបាកពេកគឺយើងរង់ចាំឲ្យដីវាស្ងួតបន្ដិចសិន»។

លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថាន ខេត្ត រតនគិរី បានឲ្យដឹងពីម្សិលមិញថា លោកបានទទួលព័ត៌មាននេះហើយ ប៉ុន្ដែរបាយការណ៍ និងភ័ស្ដុតាងកំពុងស្ថិតនៅរដ្ឋបាលព្រៃឈើខេត្ត។

លោកថា៖ «ខ្ញុំបានទទួលដំណឹងនេះដែរ ប៉ុន្ដែរដ្ឋបាលព្រៃឈើមិនទាន់បានបញ្ជូនរបាយការណ៍មកដល់ខ្ញុំទេ»។

លោក កែប កត់ នាយរដ្ឋបាលព្រៃឈើខេត្ត រតនគិរី មិនបានបញ្ជាក់ពីបញ្ហានេះទេដោយលោកថា មិនចង់និយាយតាមទូរស័ព្ទ។

លោកថា៖ «ខ្ញុំអត់និយាយតាមទូរស័ព្ទទេ បើមានភ្នាក់ងារនៅ រតនគិរី សូមមកជួបខ្ញុំផ្ទាល់»។

ករណីដោយឡែកមួយទៀត កាលពីថ្ងៃទី ១៤ មិថុនា សមត្ថកិច្ចខេត្ត រតនគិរី បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ឈ្មោះ ផាម ថេគឿង វ័យ ៤១ ឆ្នាំ ខណៈកំពុងឈរត្រួតពិនិត្យឈើក្នុងចម្ការស្វាយចន្ទីនៅមាត់ទន្លេ សេសាន ក្នុងភូមិ ប៉ុង លើ ឃុំប៉ុង ស្រុកវ៉ើនសៃ។ ជនសង្ស័យនោះមានស្រុកកំណើតនៅខេត្តហាយផុង ប្រទេស វៀតណាម ប៉ុន្ដែត្រូវបានសាលាដំបូងខេត្តបង្គាប់ឲ្យដោះលែងកាលពីថ្ងៃ ១៧ មិថុនាឆ្នាំនេះ។

ប៉ុន្តែ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានអះអាងថា ពលរដ្ឋ និងសង្គមស៊ីវិលមិនបានស្ងប់អារម្មណ៍ចំពោះការដោះលែងជនជាតិវៀតណាម ដែលល្បីខាងជួញដូរឈើខុសច្បាប់នៅក្នុងទឹកដីកម្ពុជានេះទេ។

លោកសង្ស័យថា ករណីនេះទំនងអ្នកមានអំណាចនៅពីក្រោយខ្នង ឬ អាចទទួលប្រយោជន៍អ្វីមួយ។

លោកសង្កត់ធ្ងន់ថា លោកនឹងដាក់ពាក្យបណ្ដឹងរឿងនេះទៅឧត្តមក្រុមអង្គចៅក្រម និងក្រសួងយុត្តិធម៌ដើម្បីស្រាវជ្រាវពីហេតុផលនាំឲ្យមានការដោះលែងជនសង្ស័យរូបនោះ។

ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ហៅកាត់ថា អ៊ីអាយអេ (EIA) ថ្មីៗនេះ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ជនល្មើសជនជាតិវៀតណាមដែលប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ តម្លៃរាប់រយលានដុល្លារនៅកម្ពុជា គឺមុខដដែល។

ទោះជាយ៉ាងនេះរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបរាជ័យក្នុងស៊ើបអង្កេត និងនាំជនល្មើសមកផ្ដន្ទាទោស ដែលធ្វើឲ្យកម្ពុជាបាត់បង់ទាំងព្រៃឈើ និងប្រាក់ចំណូលរដ្ឋរាប់រយលានដុល្លារក្នុងមួយឆ្នាំដោយសារគ្មានតម្លាភាពក្នុងការគ្រប់គ្រងបញ្ហានេះ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s