ពលរដ្ឋ​ជាង​ ១២០០ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ពី​ជំនន់​នៅ​ស្ទឹងត្រែង

ប្រភព  ៖ ភ្នំពេញប៉ុស្ដី៍ 

អាជ្ញាធរ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​រងគ្រោះ​ពី​ទឹកជំនន់​នៃ​ការបាក់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ​ពី​ម្សិលមិញ​។ ក្រសួង​ធនធាន​ទឹក

ស្ទឹងត្រែងៈ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​បន្ត​ជម្លៀស​ពលរដ្ឋ​​នៅ​តាម​តំបន់​ទំនាប​នៃ​ដង​ទន្លេ​សេកុង​ក្នុង​ស្រុក​សៀមប៉ាង​ដែល​​ប្រឈម​នឹង​ទឹកជំនន់​ពី​ឡាវ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង​ ១២០០ ​គ្រួសារ​ហើយ​ត្រូវ​បាន​ទៅ​ដល់​ទីទួល​សុវត្ថិភាព​។ នេះ​បើ​តាម​លោក ម៉ែន គុង អ្នក​នាំពាក្យ​សាលា​ខេត្ដ​ស្ទឹងត្រែង​កាលពី​រសៀល​ម្សិលមិញ​។

លោក​បាន​ថ្លែង​ថា​ទឹកជំនន់​ដែល​ហូរ​ចេញ​ពី​ការបាក់​ទំនប់​Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ មក​ទល់​ល្ងាច​ថ្ងៃទី​ ២៥ កក្កដា នៅ​តែ​បន្ដ​ឡើង​ដល់​កម្រិត​ ១១,៤០ ​ម៉ែត្រ​​ខណៈ​កម្រិត​ប្រកាសអាសន្ន​មាន​ ១២ ​ម៉ែត្រ​។

លោក គុង បាន​បញ្ជាក់​ថា​៖ «​កម្ពស់​ទឹក​នៅ​តែ​បន្ដ​កើនឡើង​ដល់​កម្ពស់​ ១១,៤០ ​ម៉ែត្រ ហើយ​ត្រឹម​ម៉ោង​ ៥ ​ល្ងាច​ថ្ងៃទី​​ ២៥ ​នេះ​! តែ​ស្រុក​សៀមប៉ាង​ ១ ​ទេ​ដែល​ជន់​លិច​ខ្លាំង​ជាង​គេ​ក្នុង​នោះ​មាន​ ៤ ​ឃុំ និង​ ១៧ ​ភូមិ​»​។

បើ​តាម​លោក ម៉ែន គុង អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​សហការ​គ្នា​ពី​គ្រប់​កងកម្លាំង​ក្នុង​ការចូលរួម​ជម្លៀស​ពលរដ្ឋ​ពី​ទឹកជំនន់​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មាន​មធ្យោបាយ​សរុប​ដែល​គ្រប់​មន្ទីរ អង្គភាព កម្លាំង​សមត្ថកិច្ច​ និង​កម្លាំង​យុវជន​សរុប​ជាង​ ៧០០ ​នាក់​រួម​នឹង​រថយន្ដ​យោធា​ជាច្រើន​ទៀត​ក្នុង​ការ​ប្រើប្រាស់​ជួយ​ជម្លៀស​ពលរដ្ឋ​នេះ​»​។

លោក​បាន​បន្ដ​ទៀត​ថា ជាមួយ​​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ក៏​បាន​នាំ​​យក​ស្បៀងអាហារ មាន​អង្ករ ត្រីខ មី ទឹកសុទ្ធ នំចំណី ដែល​ទទួល​បាន​ពី​កាកបាទ​ក្រហម មន្ទីរ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ និង​ក្រុម​សប្បុរសជន​មួយ​ចំនួន​ទៅ​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ផង​ដែរ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​មកដល់​ល្ងាច​ថ្ងៃទី​ ២៥ កក្កដា នេះ​មិន​មាន​ពលរដ្ឋ​រងគ្រោះ​ថ្នាក់​ដោយសារ​ទឹកជំនន់​នេះ​ទេ​»​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​ឲ្យ​ដឹង​ដែរ​ថា ទឹក​គឺ​បាន​លិច​តែ​ក្នុង​ស្រុក​សៀមប៉ាង​មួយ​ទេ ហើយ​នៅ​មិន​ទាន់​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន​ឡើយ​។

សមត្ថកិច្ច​នៅ​ស្ទឹងត្រែង​ក្នុង​ពេល​ជួយ​ជម្លៀស​ពលរដ្ឋ​ពី​ទឹកជំនន់​កាលពី​ម្សិលមិញ​។ រូបថត ក្រសួង​ធនធាន​ទឹក

លោក​ថា​៖ «​ទឹក​ទើប​ឡើង​ដល់​ ១,៣០ ​ម៉ែត្រ​ទេ ទាល់តែ​ឡើង​ដល់​ ១,៥០ ​ម៉ែត្រ​ទើប​ដល់​កម្រិត​​ប្រុងប្រយ័ត្ន​»​។

លោក វី បាន​បន្ត​ថា​អាជ្ញាធរ​ខេត្ដ​បាន​បង្កើត​ក្រុម​ប្រចាំការ​សម្រាប់​ចុះ​អន្ដរាគមន៍​តាំងពី​យប់​ថ្ងៃទី​ ២៤ ​មក​ម្ល៉េះ​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​នៅ​តំបន់​ដែល​រងគ្រោះ​ចៀសវាង​ករណី​កើតឡើង​ផ្សេង​ទៀត​។

អភិបាលខេត្ត​ស្ទឹងត្រែង​លោក ម៉ុម សារឿន នៅ​ថ្ងៃ​ម្សិលមិញ​​បាន​និង​កំពុង​បន្ត​ដឹកនាំ​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ក្នុង​ស្រុក​សៀមប៉ាង​ផ្ទាល់ ដើម្បី​តាមដាន​សភាពការណ៍​ទឹកជំនន់​ដែល​កំពុង​កើនឡើង​ជា​លំដាប់​ដោយសារ​ការហូរ​ចូល​ទឹកជំនន់​ពី​ការបាក់​ទំនប់​​វារីអគ្គិសនី​ខាង​លើ​។

យ៉ាងណា​ក្ដី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ទើប​បាន​បញ្ជាក់​​កាលពី​ម៉ោង​ប្រមាណ​ ៦ ​ល្ងាច​ម្សិលមិញ​ថា ទឹកទន្លេ​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ហក់​ឡើង​ដល់​កម្ពស់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ហើយ​។

ដោយឡែក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​​ខេត្ត​បាន​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ​ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ ពិសេស​ជំងឺ​គ្រុនចាញ់​ជូន​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ងាយ​រងគ្រោះ​ពី​ទឹកជំនន់​នេះ​។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​។

បើ​តាម​ក្រសួង​នេះ​បញ្ជាក់​បន្ថែម​ថា ដើម្បី​ការពារ​ការខ្វះខាត​មុង​ជ្រលក់​ថ្នាំ ពេល​នេះ​ក្រសួង​សុខាភិបាល​បាន​និង​កំពុង​បញ្ជូន​មុង​ចំនួន​ ៤០០០ ​ថែម​ទៀត​ដើម្បី​ទៅ​ចែកជូន​ដល់​ពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​ជំងឺ​ផ្សេងៗ​នៅ​ខេត្ត​ស្ទឹងត្រែង​។

ទន្ទឹម​នឹង​នេះ​លោក ម៉ម ប៊ុនហេង ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ការពារ​សុខភាព​តាមរយៈ​​ការហូប​ទឹកស្អាត និង​កុំ​ឲ្យ​​កូន​តូចៗ​លេង​ទឹក​ដោយ​ធ្វេសប្រហែស​ឱ្យ​សោះ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។

តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​មន្ដ្រី​រដ្ឋាភិបាល​ឡាវ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឡាវ​ទើប​រកឃើញ​សាកសព​បន្ថែម​ចំនួន​ ២៦ ​នាក់ ខណៈ​រាប់រយ​នាក់​ទៀត​បន្ដ​បាត់​ខ្លួន​ក្នុង​គ្រោះទឹកជំនន់​ពី​ការបាក់​ទំនប់​នេះ​។

ប៉ុន្តែ​បើ​តាម​ការចេញ​ផ្សាយ​ពី BBC នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​ឡាវ​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​បន្ទាប់ពី​ទំនប់​វារីអគ្គិសនី Se-Pian Se Nam Noi បាន​បាក់​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​បង្ក​ជា​គ្រោះទឹកជំនន់​នៅ​តាម​ភូមិ​ជាច្រើន និង​បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​ជាង​ ២០ ​នាក់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s