មន្រ្តីសិទ្ធិមនុស្ស​អន្តរជាតិ សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ឈប់​​ហៅ​ព្រឹត្តិការណ៍ ២៩ កក្កដា ថា​​ជា​ការ​បោះ​ឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

មន្រ្តីសិទ្ធិមនុស្ស​អន្តរជាតិ សុំឲ្យ​ទាំង​អស់​គ្នា ឈប់​​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា​​ជា​ការ​បោះ​ឆ្នោត ព្រោះ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ គេ​មិន​ធ្វើ​ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​នេះ​ទេ។ មន្រ្តី​ដដែល​រូប​នេះ ថែម​ទាំង​ព្យាករ​អំពី​ផល​អាក្រក់​ជា​ច្រើន នឹង​កើត​មាន​ឡើង ចំពោះ​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​បន្ត​ចង់​ក្រាញ​អំណាច​ហួស​ហេតុ​របស់​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បែប​នេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅអ្វីដែលរៀបចំដោយ​របបលោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ គឺ​វា​ផ្ទុយ​ទាំង​ស្រុង ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។

បើការ​បោះឆ្នោត​ពិតប្រាកដ គេ​មិន​ធ្វើដូច្នេះទេ។ ការ​បោះឆ្នោត​ពិត​ប្រាកដ គឺទាល់តែ​មានគូប្រកួត​ប្រជែង ដែល​ជា​គណបក្ស​ប្រឆាំង​​​មែន​ទែន ហើយ​​អ្នក​នយោបាយ​​បក្ស​ប្រឆាំង មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​ផ្សព្វផ្សាយ​​​ព័ត៌មាន​​ដោយ​​គ្មាន​ការ​រឹតត្បិត មាន​ស្ថាប័ន​ឃ្លាំមើលការបោះឆ្នោត​ឯករាជ្យត្រឹមត្រូវ ជាដើម។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្ថែម​ទៀត​ថា និយាយរួម គ្មានចំណុច​ណាមួយ ​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​គេ​យក​​មក​​អនុវត្ត​ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា​កន្លង​ទៅ​ទាល់​តែ​សោះ៖ «នេះគេមិន​ហៅ​ថាជាការបោះឆ្នោត​នោះទេដូច្នេះខ្ញុំ​យល់ថា យើង​ទាំងអស់គ្នា គួរ​នាំគ្នា​ឈប់​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ​ថា​ ជា​ការ​បោះ​ឆ្នោត​ទៀត​ទៅ ព្រោះ​អ្វី​ដែល​កើតឡើង​នោះ គឺ​ជា​ឈុត​ឆាក​នៃ​រឿង​ល្ខោន ដែល​របប​លោក ហ៊ុន សែន បង្កើត​ដើម្បី​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​មេ​ដឹក​នាំ​ទោល បង្កើត​ច្បាប់​គ្រប់​គ្រង​ប្រទេស​ស្រេច​តែ​មាត់​ថា និង​ដឹក​នាំ​ប្រទេស​នេះ តាម​បែប​ឯក​បក្ស​បន្ត​ទៀត​តែ​ប៉ុណ្ណោះ»

បើទោះបីជារបបលោក ហ៊ុន សែន និង គ.ជ.ប បាន​ផ្សាយ​ថា ចំនួន​អ្នក​បោះ​ឆ្នោត មាន​ច្រើន​សន្ធឹក​យ៉ាង​ណា​ក្តី ក៏​លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ថា នោះ​គឺ​គ្រាន់​តែ​ជា​ការ​​បំប៉ោង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត ទៅ​តាម​ការ​ចង់​បាន​របស់​​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​គ្មាន​ស្ថាប័ន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត ដែល​ឯករាជ្យ និង​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ផ្ទៀង​ផ្ទាត់ បញ្ជាក់​លទ្ធផល​បោះ​ឆ្នោត​នេះ​បាន​នោះ​ឡើយ។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្ត​ថា សាច់​រឿង​នៃ​ឆាក​ល្ខោន​នេះ គឺ​របប​លោក ហ៊ុន សែន បាន​រៀបចំ​ជា​ប្រព័ន្ធ ឲ្យ​មើល​ទៅ​ដូច​ជា​រឿង​ពិត។ លោក​បន្ត​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ប្រកាស​ថា​ មាន​ចេញ​ទៅ​បោះ​ឆ្នោត​រហូត​ដល់​ជាង ៨០% នេះ គឺ​គ្រាន់​តែ​ជា​ការ​បំភាន់​មតិ​ប៉ុណ្ណោះ។ តាម​ការ​ពិត មនុស្ស​ម្នាដែល​ទៅ​មើល​តាម​ការិយាល័យ​​បោះ​ឆ្នោត ហើយ​ដែល​មន្រ្តី​របស់​លោក​បាន​សាកសួរ​ សុទ្ធតែ​បញ្ជាក់​ប្រាប់​​ថា​ គ្មាន​មនុស្ស​​ឯ​ណា​​ទៅ​​ឈរ​​តម្រង់​​ជួរ​​គ្នា​​ច្រើន​​នោះ​​ទេ។ ពួក​គាត់​ថា កន្លែង​បោះ​ឆ្នោត​ខ្លះ​ទទេរ​ស្អាត​តែ​ម្តង៖ «នេះ​គឺ​យើង​និយាយ​អំពី​​ការិយាល័យ​​បោះ​​ឆ្នោត​នៅ​​ក្រុង​​ភ្នំពេញ ដែល​មាន​មនុស្ស​រស់នៅ​យ៉ាង​ច្រើន​កុះករ​ផង នៅ​តែ​មាន​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​តិច។ បើ​ពលរដ្ឋ​រស់នៅ​កកកុញ​នៅ​ភ្នំពេញ មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ផង ចុះ​ទម្រាំ​ពលរដ្ឋ​នៅ​កន្លែង​ផ្សេង គឺ​ច្បាស់​ជា​រឹតតែ​តិច​ជាង​នេះ​ទៅ​ទៀត។ ការណ៍​ដែល​ពលរដ្ឋ​ខ្មែរ មិន​ចេញ​ទៅ​បោះ​ឆ្នោត គឺ​ដោយសារ​ពួក​គាត់​ មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​រៀបចំ​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ ប្រាប់​មក​ពួក​ខ្ញុំ។ ពួក​គាត់​ថា ទៅ​បោះ​ឆ្នោត​បាន​ប្រយោជន៍​អ្វី បើ​ការ​បោះ​ឆ្នោត​មាន​តែ​បក្ស​កាន់​អំណាច​តែ​មួយ គ្មាន​បក្ស​ប្រឆាំង ដែល​ខ្លួន​ស្រលាញ់​ដូច្នេះ​នោះ?”

ការបោះឆ្នោតដ៏ចម្រូង​ចម្រាសនេះ ត្រូវ​បាន​នាយករងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី ដែល​ចុះ​ទៅ​តាម​ដាន​ព័ត៌មានដោយ​ផ្ទាល់​ នៅ​ប្រទេស​កម្ពុជា គឺលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)  កត់​សម្គាល់​ថា មានការគម្រាមកំហែង និង​បង្ខិតបង្ខំឲ្យ​ពលរដ្ឋ​ទៅបោះឆ្នោត មាន​គ្រប់​រូប​ភាព ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ ចេញ​ទៅ​បោះ​ឆ្នោត ក្បត់​ឆន្ទៈ​របស់​ខ្លួន​។ លោកថា ពលរដ្ឋជាច្រើន​រងការគម្រាមកំហែងពី​របបលោក ហ៊ុន សែន និង​មន្រ្តីថ្នាក់មូលដ្ឋាន ដែល​គម្រាមថា នឹងដាក់ទណ្ឌកម្ម​ ដូចជា​មិន​ផ្តល់​សេវា​សាធារណៈ និង​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ ពី​មេ​ឃុំ ជូន​ពលរដ្ឋណា ដែល​មិនឃើញមាន​ស្នាមម្រាមដៃជ្រលក់ទឹកថ្នាំ នៅ​ក្រោយ​បោះ​ឆ្នោត​ជា​ដើម៖ «យើង​ក៏បាន​ជួបសាកសួរ​អ្នករត់ម៉ូតូ​កង់​បី ដែលប្រាប់​ថា ពួកគាត់​ត្រូវ​រងការគម្រាម ថាបើអត់​ទៅបោះឆ្នោតទេ គេនឹង​លែង​ឲ្យ​ពួកគាត់​ចូល​ទៅដឹកភ្ញៀវនៅតាម​សណ្ឋាគារ ឬ ផ្សារ​ទំនើប​ Aeon។ ជារួម​គឺមានការគម្រាមកំហែង​គ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា​បង្ខំពលរដ្ឋ​ ឲ្យ​ចេញ​ទៅ​បោះឆ្នោត ឲ្យ​ខាង​តែបាន»

លោក ហ្វីល រ៉ូប៊ឺតសុន បញ្ជាក់បន្ថែមថា ទិដ្ឋភាព​ជាក់ស្តែង​នៅទីនេះ គឺ​ពលរដ្ឋ​ខ្មែរ​ រង​ការ​គំរាម​កំហែង ឲ្យ​ទៅ​បោះ​ឆ្នោត ហើយ​គណបក្សកាន់អំណាច​ ប្រើប្រាស់​គ្រប់​មធ្យោបាយ និង ធនធាន​ ដើម្បី​ធ្វើ​យ៉ាង​ណា​បំភិតបំភ័យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឲ្យ​បាក់​ស្បាត លស់​ក្រោម​ការ​គំរាម​កំហែង​របស់​ខ្លួន ដែលជាចុងក្រោយ​ មាន​ពលរដ្ឋ​មួយចំនួន ត្រូវ​បង្ខំចិត្ត​ត្រូ​វតែ​ទៅ​បោះ​ឆ្នោត​ខ្លះ ទោះមិន​ពេញ​ចិត្ត។

ការ​មិនពេញចិត្ត​ និង​​រងការ​គំរាម​​កំហែងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញតាម​រយៈ​លទ្ធផល នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បឋម​របស់​ គជប ដែលបង្ហាញថា សន្លឹកឆ្នោត​អត់​បានការ មាន​ជិត ៦០ម៉ឺន​សន្លឹក។ សន្លឹក​ដែលអត់បានការនោះ គឺអាចដោយសារ​តែ​អ្នក​បោះ​​ឆ្នោត គូស​ខ្វែង​ចោល​លើ​សន្លឹក​ឆ្នោត សម្តែង​ការ​មិន​ពេញ​ចិត្ត ឬ​សរសេរ​ថែម ដាក់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹក​ឆ្នោត រួច​គូស​សញ្ញា​ធីក​នៅ​ក្បែរ​នោះ ឬ​សរសេរ​សារ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី គ្មាន​ស្ថាប័ន​ឯករាជ្យ​ណា​មួយ អាច​បញ្ជាក់​អំពី​តួលេខ ដែល​ប្រកាស​ដោយ​ស្ថាប័ន គ.ជ.ប ដែល​សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច​នេះ​ណាស់ ព្រោះ​គ្មាន​ស្ថានប័ន​សង្កេត​ការណ៍ឯករាជ្យ ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត ក្នុងការ​បោះឆ្នោត​អាណត្តិនេះនោះឡើយ។ ចំណែក​ឯ​អ្នកសង្កេតការណ៍ជាតិ និងបរទេស ដែលបាន​សង្កេតការណ៍​បោះឆ្នោត ទាំងនោះទៀត​សោត ក៏​សុទ្ធតែ​រង​ការ​រិះគន់ ថា​មាន​និន្នាការ​ទៅ​ខាង​របប​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​​នយោបាយ​តូចៗ ទាំង ១៩ ផ្សេង​ទៀត គ្មាន​លទ្ធភាព និង​ធនធាន ដើម្បី​រក​អ្នក​សង្កេតការណ៍​ ដើម្បី​តាម​ដាន​ការ​បោះ​ឆ្នោត​នេះ ឲ្យ​បាន​សមស្រប​នោះ​ទេ។

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​អាស៊ី​មួយ ឈ្មោះ​បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​សេរី ហៅ​កាត់ អានហ្វ្រែល (ANFR​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​EL) ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជា​សមាជកិក​ចំនួន ២៦ មក​ពី ១៦ ប្រទេស រួមមានអង្គការ​ ខុមហ្វ្រែល (Comfrel) និង ​និកហ្វិច (NICFEC) ផង​នោះ ​​​​​​​​​​​​​អះអាង​ប្រាប់​អាស៊ី​សេរី ថា​ទោះ​ជា គ.ជ.ប ប្រឹង​បង្ហាញ​តួលេខ នៃ​ចំនួន​អ្នក​ចេញ​បោះ​ឆ្នោត ច្រើន​ប៉ុន​ណា ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​តួលេខ​នេះ មាន​បង្កប់​នៅ​បញ្ហា​នៅ​ពី​ខាង​ក្រោយ។ មន្រ្តី​យុទ្ធនាការ និង តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​អន្តរជាតិ Anfrel លោក ខារ៉ែល ហ្គាឡាង (Karel GALANG) បន្ថែម​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​អ្នក​សង្កេត​ការណ៍​ជាតិ ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ដែរ ព្រោះ​​អ្នក​​ទាំង​​នោះ សុទ្ធតែ​​មាន​និន្នាការ​​លម្អៀង​​ទៅ​​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​សហភាព​​សហព័ន្ធ​​យុវជន​កម្ពុជា ដែល​ដឹក​នាំ​​ដោយ​​កូន​ប្រុស​លោក​ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែល​​ជា​​មន្រ្តី​​បក្ស​​កាន់​​អំណាច​​ផ្ទាល់៖ «បើយើង​មើល​អ្នក​សង្កេតការណ៍​ទាំង​ជាតិ និង​បរទេស ជាពិសេស​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺយើង​ឃើញថា ពួកគាត់​មាននិន្នាការនយោបាយ លម្អៀង​ទៅរកបក្សកាន់អំណាច ដូច្នេះ​តើ​ពួកគាត់​អាច​​ វាយ​តម្លៃសភាព​ការ​ពិត ដោយ​ឥតលម្អៀង​បានទេតើពួកគេមានបាន​សម្ភាសអង្គការសង្គមស៊ីវិល ឬ ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដែរ​ឬទេ ក្នុងការវាយតម្លៃដំណើរការបោះឆ្នោតតើពួកគេបង្ហាញ​អំពី​វិធីសាស្រ្ត​អ្វី ក្នុងការ​វាយ​តម្លៃ​នេះ

ដោយសារតែការបោះឆ្នោតនេះ រងការ​រិះគន់ និង​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់ពលរដ្ឋខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ និង ការ​មិនពេញចិត្ត​នឹង​ការ​រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ របស់​របប​លោក ហ៊ុន សែន លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ព្យាករណ៍​ថា ​ប្រទេស​កម្ពុជា​ចៀស​មិន​ផុតពី​រងនូវ​ផលវិបាក ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សង្គម។ សហគមន៍​អន្តរជាតិ នឹង​ដាក់​ប្រទេសកម្ពុជា​ឲ្យ​នៅ​ឯកោ។ ទណ្ឌកម្ម​អន្តរជាតិ នឹង​មានជាបន្តបន្ទាប់។ ជាចុងក្រោយ លោក​មិន​ជឿ​ថា ពលរដ្ឋ​ខ្មែរ​អាច​នៅ​ស្ងៀម​បាន​យូរ​តទៅ​ទៀត ឲ្យ​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ដឹក​នាំ​ប្រទេស​តាម​បែប​ផ្តាច់ការ​ដូច្នេះ​បាន​នោះ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s