ប្រភេព ៖ ដើមអម្ពិល
ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោត បានបញ្ចប់ប្រកប ដោយភាពល្អូកល្អឺន តម្លាភាព សេរី និងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ផ្លូវ បេតុង និងដាក់លូជាច្រើនខ្សែ ដល់សហគមន៍អណ្តូងថ្មីរុងរឿង និងសហគមន៍សំព័រថ្មី ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវបេតតុង និងដាក់លូ ក្នុងសហគមន៍សំរោងមានជ័យ ភូមិអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខផងដែរ ។
ការផ្តល់ជូននេះ បានធ្វើឡើងក្នុងពេលចុះពិនិត្យ ឡដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូងថ្មីរុងរឿង ដែលទើបបានបង្កើត ដើម្បីដុតបំផ្លាញសំរាម ជួយបង្កើនបរិស្ថានស្អាតល្អ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ ។
ឡដុតសំរាមមួយកន្លែងនេះ បានចាប់ផ្តើមដំណើរការ នៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៨ ជាមួយនឹងការចុះពិនិត្យផ្ទាល់ ពីអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅផងដែរ។ ក្រៅពីបង្កើតឲ្យមាន ឡដុតសំរាមនេះហើយ អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញមន្ទីរសាធារណការ រាជធានីភ្នំពេញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ខាងលើផងដែរ ។
បន្ទាប់ពីនេះ លោកអភិបាល និងមន្រ្តីជំនាញ ក៏បានបន្តចុះទៅពិនិត្យ នៅសហគមន៍សំរោងមានជ័យ និងបានជំរុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដល់ប្រជាពលរដ្ឋ ។
ទន្ទឹមគ្នានោះដែរ អភិបាលរាជធានី និងមន្រ្តីពាក់ព័ន្ធក៏បន្ត ចុះទៅសហគមន៍អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានជំរុញមន្រ្តីជំនាញ ពន្លឿនការដ្ឋានស្ថាបនាផ្លូវ និងដាក់លូជូនប្រជាពលរដ្ឋ ឲ្យបានលឿន ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុង រស់នៅសហគមន៍នេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមន៍មិនរៀបរយ ប៊ូលឌីញ សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០០៦ ។ សហគមន៍ទាំងនោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ៕