កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​សែនសុខ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាថ្មី​ក្រោយ​រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី

កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ នាំគ្នា​បិទ​ផ្លូវ​ជាថ្មី ដើម្បី​ទាមទារ​រក​ដំណោះស្រាយ បន្ទាប់​ពី​ពួកគាត់ បាន​នាំគ្នា​ឈរ និង​ដេក​យាម មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ​ហើយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់ចោល​រោងចក្រ។
មន្ត្រី​ក្រសួង​ការងារ សន្យា​ថា នឹង​រក​ដំណោះស្រាយ​ឲ្យ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​ក្រោយ។ សហជីព ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​ការងារ កុំ​ភូត​កុហក​កម្មករ​ទៀត។

កម្មករ​រោងចក្រ ជូលី ទទូច​ឲ្យ​មន្ត្រី​ក្រសួង​ការងារ​ពន្លឿន ការ​រក​ដំណោះស្រាយ​ឲ្យ​កម្មករ​ឲ្យ​បាន​លឿន ព្រោះ​កាលពី​ថ្ងៃ​ទី​១០ សីហា ដល់​ថ្ងៃ​កម្មករ ត្រូវ​បើក​ប្រាក់ខែ និង​ដល់​ថ្ងៃ​បង់ថ្លៃ​បន្ទប់​ជួល បង់​លុយ​ការ​ជំពាក់​ធនាគារ និង​ថ្លៃ​កូន​សិក្សា។

កម្មការិនី​ម្នាក់ អ្នកស្រី ប៉ែន សាវន ឲ្យ​អាស៊ីសេរី​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា កម្មករ​បាន​ទូរស័ព្ទ​ទៅ​សួររក​ដំណោះស្រាយ ពី​មន្ត្រី​ក្រសួង​ការងារ ដែល​ធ្លាប់​សន្យា​ថា ដោះស្រាយ​ជូន​កម្មករ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ សីហា ប៉ុន្តែ​មកដល់​ចុង​សប្ដាហ៍​វិញ​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​កម្មករ។ កម្មករ​រូប​នេះ ឲ្យ​ដឹង​ថា នៅ​ពេល​ទូរស័ព្ទ​ទៅ​សួររក​ដំណោះស្រាយ កម្មករ​បាន​ព្រមាន​ថា នឹង​នាំគ្នា​បិទ​ផ្លូវ ប្រសិនបើ​នៅតែ​មិន​មាន​ដំណោះស្រាយ។ ចំណែក​មន្ត្រី​ក្រសួង​ការងារ ប្រាប់​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​អ្នក​ដែល​បិទ​ផ្លូវ។

អ្នកស្រី ប៉ែន សាវន បន្ដ​ថា នៅ​ម៉ោង​ប្រមាណ ១​រសៀល កម្មករ​បាន​ស្រុះស្រួល​គ្នា នាំគ្នា​បិទ​ផ្លូវ ហើយ​ប្រសិនបើ​មានការ​ចាប់ខ្លួន សូម​ឲ្យ​ចាប់​ពួកគេ​ទាំង​២៧៨​នាក់ ព្រោះ​បើ​នៅតែ​ប្រមូលផ្ដុំ​មុខ​រោងចក្រ​តទៅទៀត ក៏​មិន​ឃើញ​មាន​ដំណោះស្រាយ​ដែរ។

ម្យ៉ាងទៀត ម្ចាស់​បន្ទប់​ជួល​ឯណោះ បាន​រករឿង​កម្មករ​បណ្ដើរៗ​ហើយ រឿង​មិន​ទាន់​បាន​ប្រាក់​បង់ថ្លៃ​ជួល​បន្ទប់។ កម្មករ​ថា នៅ​ម៉ោង​ប្រហែល​៣​រសៀល មន្ត្រី​ក្រសួង​ការងារ បាន​ចុះ​មក​សម្របសម្រួល ឲ្យ​កម្មករ​បើកផ្លូវ​វិញ ដោយ​សន្យា​ថា នឹង​លើក​ពេល​ដោះស្រាយ​ជូន នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​ក្រោយ។ «»

កម្មករ​បន្ដ​ថា ប្រាក់​ឈ្នួល​ខែ​កក្កដា ដែល​រោងចក្រ​ជូលី នៅ​ជំពាក់​កម្មករ គឺ​ចន្លោះ​ពី ២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ ក្នុង​ម្នាក់ៗ និង មិន​ទាន់​មាន​ប័ណ្ណ​បេឡា​របប​សន្តិសុខ​សង្គម (ប.ស.ស) សម្រាប់​កម្មករ​នៅឡើយ​ទេ។ កម្មករ​រោងចក្រ​នេះ បាន​ផ្ទុះ​ការ​តវ៉ា ក្រោយពេល​ដឹង​ថា ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង បាន​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​ផ្ទះ​ជួល ជិត​រោងចក្រ នៅ​កំឡុង​ថ្ងៃ​បោះឆ្នោត កាល​ពី​ចុងខែ​កក្កដា កន្លង​ទៅ​នេះ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៦ សីហា ក្រុម​កម្មករ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ម្ដង​រួចហើយ។ មូលហេតុ​នៃ​ការ​បិទ​ផ្លូវ​កាលណោះ កម្មករ​អះអាង​ថា ដោយសារ​មិន​ឃើញ​មាន​សមាសភាព​ភាគី​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​កម្មករ។ បន្ទាប់ពី​បាន​បិទ​ផ្លូវ​ពេលនោះ បាន​បន្លិច កម្មករ​អះអាង​ថា មន្ត្រី​ក្រសួង​ការងារ​បាន​ចុះ​មក​ជួប​កម្មករ និង​សន្យា​ដោះស្រាយ​ជូន នៅ​ពេល​កម្មករ​ព្រម​បើកផ្លូវ​វិញ តែ​មិនបាន​សន្យា​កំណត់ពេល​ជាក់លាក់​ទេ។

បុគ្គលិក​រដ្ឋបាល​រោងចក្រ ជូលី ម្នាក់ ឈ្មោះ ឈឹម សុភាព ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សំដី​ថា ក្រោយ​ថៅកែ​ស្លាប់ អ្នកគ្រប់គ្រង​រោងចក្រ​រត់ចោល​រោងចក្រ ក្រុម​រដ្ឋបាល​បានសម្រេច​ប្រគល់​ការងារ​ទាំងឡាយ ឲ្យ​ទៅ​ក្រសួង​ការងារ​ជា​អ្នក​ដោះស្រាយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួគ៍ បានទេ​កាលពី​ថ្ងៃ​សុក្រ ទី​១០ សីហា។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា (CATU) លោក ម៉ៃ សុភក្ត្រា ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​ការងារ ពន្លឿន​ការ​ដោះស្រាយ​ជូន​កម្មករ ហើយ​កុំ​សន្យា​ភូត​កុហក​កម្មករ ព្រោះ​ការសន្យា​ចង់​គេចវេះ មិន​ព្រម​ដោះស្រាយ​នេះ មិនមែន​ជា​មធ្យោបាយ​ល្អ​ទេ ហើយ​កម្មករ​រងគ្រោះ​នឹង​បន្ត​ការ​តវ៉ា ជម្លោះ​នឹង​អូស​បន្លាយ។ សហជីព​រូប​នេះ យល់ថា ការ​សន្យា ឲ្យ​កម្មករ​ស្ងប់ចិត្ត ហើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា ជា​ការ​អនុវត្ត​ខុស​ពី​អនុសាសន៍​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន។ «»

កម្មករ​ឲ្យ​ដឹង​ថា ពួកគាត់​កំពុង​ត្រៀម​វេច​មុង ភួយ ចានឆ្នាំង ទៅ​ដេក​តវ៉ា​នៅមុខ​រោងចក្រ នៅ​ពេល​ម្ចាស់​ផ្ទះ​ជួល​បណ្ដេញ​ចេញ ព្រោះ​ពួកគាត់​មិន​មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល​បន្ត។ កម្មករ​ទទូច​ឲ្យ​លោក ហ៊ុន សែន ចេញ​អន្តរាគមន៍ ព្រោះ​ពួកគេ​តវ៉ា​ជិត​កន្លះ​ខែ​ហើយ នៅ​មិនទាន់​ឃើញ​មាន​ដំណោះ ស្រាយ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s