ក្រុម​អាជីវករ​ផ្សារ​ព្រៃ​ព្នៅ​ផ្ទុះ​ប្រតិកម្ម​ក្រោយ​អាជ្ញាធរ​ប្រកាស​កំណត់​ថ្ងៃ​រុះរើ​ផ្សារ(មានវីឌីអូ)

ប្រភព ៖ កោះសន្ដិភាព

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​រាប់​សិប​នាក់​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រៃ​ព្នៅ ស្ថិត​ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំ​ព្រៃ​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ដោយ​ធ្វើការ​ជំទាស់​ទៅ​លើ​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ឃុំ​រឿង​រុះរើ​ផ្សារ​ព្រៃ​ព្នៅ​ចោល ហើយ​ដេញ​អាជីវករ​ឲ្យ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ថ្មី ដែល​នៅ​ឆ្ងាយ​ពី​ផ្សារ​ចាស់​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​ផ្សារ​ព្រៃ​ព្នៅ​នេះ គឺជា​ដី​ទួល​សាធារណៈ​របស់​រដ្ឋ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​មក​លក់ដូរ​លើ​ទួល​នេះ​តាំងពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ​រហូត​មក​ដល់​ឆ្នាំ​២០១៥ លោក ហ៊ាន រី ជា​អ្នកមាន​ម្នាក់​នៅ​ក្នុង​តំបន់​នោះ​បាន​មក​ចរចា​ជាមួយ​ក្រុម​អាជីវករ ដោយ​ចេញ​មុខ​ចំណាយ​លុយ​រៀបចំ​ទីតាំង​នេះ​ឲ្យ​ក្លាយទៅជា​ផ្សារ​ស្តង់ដារ​មួយ​ដែល​មាន​តូប​លក់ដូរ​ត្រឹមត្រូវ ហើយ​ប្រមូល​ទុន​រំ​លោះ​វិញ​មួយ​ឆ្នាំ​ម្តង​តម្លៃ​៣០០​ដុល្លារ សម្រាប់​អាជីវករ​ចាស់ ដោយឡែក​សម្រាប់​អាជីវករ​ថ្មី​គាត់​លក់​ឲ្យ​ក្នុង​១​តូប​១​ពាន់​ដុល្លារ កុងត្រា​គ្នា​រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ២០១៥ ដល់​ថ្ងៃ​ទី​១ សីហា ២០១៨ លុះ​មក​ដល់​ពេល​នេះ​ដាច់​កុងត្រា​ស្រាប់តែ​ខាង​អាជ្ញាធរ​ឃុំ​បិទ​សេចក្តី​ប្រកាស​ថា និង​ធ្វើការ​រុះរើ​ផ្សារ​ព្រៃ​ព្នៅ​នេះ​ចោល​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ ខាង​មុខ​នេះ ដោយ​ឲ្យ​អាជីវករ​ទាំងអស់​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថ្មី​របស់​លោក ហ៊ាន រី ដែល​គេ​កំពុង​ធ្វើ​ថ្មី​នៅ​ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ពី​ផ្សារ​ចាស់ ដោយ​អាជីវករ​ត្រូវ​ទិញ​តូប​សារ​ជា​ថ្មី​ម្តងទៀត រីឯ​ដី​ផ្សារ​ចាស់​នេះ​គេ​យក​ប្រគល់​ទៅ​ឲ្យ​គណៈកម្មការ​វត្ត​យក​ធ្វើ​ជា​សួនច្បារ​វិញ ។

 

ជុំវិញ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផ្សារ​ព្រៃ​ព្នៅ​នេះ​មាន​អាជីវករ​ខ្លះ​យល់ព្រម​ផ្លាស់​ប្តូរ​ទៅ​លក់​នៅ​ផ្សារ​ថ្មី ដោយ​លើក​ហេតុផល​ថា ផ្សារ​ចាស់​លក់​នៅ​លើ​ចិញ្ចើមថ្នល់​តូច​ចង្អៀត និង​មាន​ភក់ល្បាប់​ជះក្លិន​ស្អុយ​ពេញ​មុខ​តូប បើ​ទៅ​លក់​ក្នុង​ផ្សារ​ថ្មី ទីតាំង​គេ​ស្អាត​ល្អ និង​ធំ​ទូលាយ​ថែម​ទៀត ប៉ុន្តែ​ពួក​គាត់​ក៏​មានការ​ព្រួយបារម្ភ​ដែរ គឺ​ខ្លាច​ថៅកែ​ដំឡើង​ប្រាក់​ថ្លៃ​ឈ្មួ​ល​តូប​តាមតែ​អំពើ​ចិត្ត​ព្រោះ​ពេល​លក់​នៅ​ផ្សារ​ចាស់​នេះ​មុន​ដំបូង​តម្លៃ​តែ​៣០០​ដុល្លារ​ទេ ក្នុង​១​ឆ្នាំ លុះ​ពេល​គាត់​លក់​បាន​២​ទៅ​៣​ឆ្នាំ ស្រាប់តែ​ថៅកែ​ចាប់​ដំឡើង​ថ្លៃ​តូប​ជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ​ឡើង​ដល់​៨០០​ដុល្លារ​ហើយ​ក្នុង​១​ឆ្នាំ ។

ដោយឡែក​អាជីវករ​មួយ​ភាគ​ធំ​ដែល​ភាគច្រើន គឺ​ក្រុម​អាជីវករ​លក់​ត្រី បន្លែ​ផ្លែ​ឈើ និង​អ្នកលក់​តាម​កញ្ច្រែង​ល្អី​ជាដើម គឺ​ពួក​គាត់​បាន​ជំទាស់​ដាច់ខាត​មិន​ព្រមទៅ​លក់​នៅ​ផ្សារ​ថ្មី​ទេ ដោយ​អះអាង​ថា គ្មាន​លុយ​ទិញ​តូប​ឡើយ​សម្តី​អាជីវករ​« ម្ចាស់​ផ្សារ​ហ្នឹង​ចង់​ឲ្យ​ពួក​ខ្ញុំ​ជា​អាជីវករ​នៅ​លក់ដូរ​ពី​មុន​មក​ឲ្យ​ទៅ​ទិញ​តូប​ថ្មី​ទៅ ដែល​គាត់​បើក​ផ្សារ​ថ្មី​ហ្នឹង​ណាស់​ពួក​ខ្ញុំ​ហ្នឹង​អត់​មាន​លុយ​ទៅ​ទិញ​ទេ អត់​មាន​លទ្ធភាព​ទៅ​ទិញ​ទេ សុំ​លក់​តា​កន្លែង​ហ្នឹង​ព្រោះ​ជា​ឆ្នាំងបាយ​របស់​ពួក​ខ្ញុំ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ហ្នឹង​» ជាក់ស្តែង​មក​ដល់​ថ្ងៃនេះ​គឺ​«​ថា អាជ្ញាធរ​ឃុំ​ហ្នឹងហើយ​និង​ប្រធាន​ផ្សារ​ហ្នឹង​បាន​ជូនដំណឹង​ឲ្យ​រុះរើ​ផ្សារ​ហ្នឹង​ថ្ងៃ​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ការ​រុះរើ​ហ្នឹង​ខ្ញុំ​សុំ​ជំទាស់​ឲ្យ​គាត់​រុះរើ​ក៏​រុះរើ​ទៅ​អា​សំណង់​ដែល​គាត់​សាងសង់​ហ្នឹង​ណា ហើយ​បន្ទាប់​ពី​រុះរើ​ហើយ​ខ្ញុំ​សុំ​លក់​នៅ​កន្លែង​ដដែល​វិញ តូប​ដែល​ធ្លាប់​លក់​ម៉េច​ដាក់​ឆ័​ត្រ​ដាក់​ស​ង្ក័​សី​ហ្នឹង​ខ្ញុំ​សុំ​លក់​ដដែល​វិញ ហើយ​ខ្ញុំ​លឺដំណឹង​ថា ការ​រុះរើ​ហើយ​គាត់​ប្រគល់​ឲ្យ​ទៅ​គណៈកម្មការ​វត្ត​តែ​ខ្ញុំ​សុំ​ជំទាស់ ព្រោះ​ដី​ហ្នឹង​ផ្សារ​តាំងពី​ដើម​មក​ម្ល៉េះ ហើយ​គណៈកម្មការ​វត្ត​យក​បង្កើត​ជា​សួនច្បារ​នៅ​កន្លែង​ហ្នឹង បើ​បង្កើត​ជា​សួនច្បារ​មែន ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ជា​អាជីវករ​ខ្ញុំ​សុំ​ជំទាស់ ព្រោះ​កន្លែង​ហ្នឹង​ផ្សារ​តាំងពី​ដើម​មក​ម្លេះ »​។

លោក ហ៊ាន រី ថៅកែ​ផ្សារ​ព្រៃ​ព្នៅ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផ្សារ​ព្រៃ​ព្នៅ​ដោយសារ​ផ្សារ​នេះ​ស្ថិត​នៅ​លើ​ដី​ទួល​ច្រមុះជ្រូក​ជាប់​ផ្លូវជាតិ​ដែល​មាន​ទំហំ​តូច​ចង្អៀត ហើយ​រាល់​ព្រឹក​តែង​តែង​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ដោយសារ តែ​ក្រុម​អាជីវករ​នាំ​គ្នា​យក​កញ្ច្រែង​ល្អី បន្លែ ត្រី​សាច់​មក​ដាក់​លក់​នៅ​លើ​ចិញ្ចើមថ្នល់​តែ​ម្តង ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​នេះ​ក៏​ដូច​ជា ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​ក្នុង​ឃុំ​ផង​ទើប​លោក​ស្នើ​សុំ​ទៅ​អាជ្ញាធរ​បង្កើត​ផ្សារ​ថ្មី នៅ​លើ​ដី​ឯកជន​របស់​លោក​ដែល​មាន​ទំហំ​ធំ និង​មិន​ប៉ះពាល់​ដល់​ផ្លូវថ្នល់​ទៀត​ផង ទើប​អាជ្ញាធរ​ឯកភាព​ឲ្យ​រៀបចំ​ផ្សារ​ថ្មី​នេះ​ឡើង​តែ​ម្តង ។

លោក ហ៊ាន រី បាន​បញ្ជាក់​ទៀត​ថា ការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​នេះ​លោក​មិន​បាន​ដំឡើង​ថ្លៃ​ឈ្មួ​ល​តូប​ទេ គឺ​ផ្សារ​ចាស់​តម្លៃ​ប៉ុន្មាន​ផ្សារ​ថ្មី​ក៏​យក​តម្លៃ​ដូច​គ្នា​ដែរ ហើយ​លោក​ផ្តល់​លទ្ធភាព​ឲ្យ​អាជីវករ​បង់ថ្លៃ​តូប​ជា​ថ្ងៃ​ក៏​បានជា​ខែ ឬ​ជា​ឆ្នាំ​ក៏​បាន ហើយ​បើ​បង់​៥​ឆ្នាំ​មុន​គាត់​បញ្ចុះតម្លៃ​ឲ្យ​១​ឆ្នាំ គឺ​គិតតែ​៤​ឆ្នាំ​ទេ ហើយ​សម្រាប់​បងប្អូន​អាជីវករ​លក់ដូរ​តូចតាច​តាម​កញ្ច្រែង ល្អី គឺ​មិន​ចាំបាច់​ទិញ​តូប​ទេ គាត់​មាន​កន្លែង​សម្រាប់​ឲ្យ​លក់ ដោយ​គ្រាន់តែ​បង់ថ្លៃ​ទីតាំង​១​ថ្ងៃ​៥០០​រៀល​ប៉ុណ្ណោះ ។

ជុំវិញ​បញ្ហា​នេះ​ដែរ​លោក កែវ ឈួ​ន មេឃុំ​ព្រៃ​ព្នៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​បិទ​ប្រកាស​កំណត់​ថ្ងៃ​រុះរើ​នេះ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ទេ​មិនមែន​ជា​ការ​បង្ខំ​ដេញ​អាជីវករ​ឲ្យ​ចេញ​នោះ​ឡើយ មាន​ន័យ​ថា បើ​អាជីវករ​ណា​មិន​ព្រមទៅ​លក់​នៅ​ផ្សារ​ថ្មី​សុខចិត្ត​លក់​នៅ​ផ្សារ​ចាស់​ដដែល​ក៏​លក់​ទៅ តែ​សូម​រក្សា​សណ្តាប់ធ្នាប់​ដងផ្លូវ ដាច់ខាត​មិន​ត្រូវ​លក់​ហៀរ​ចេញ​មក​លើ​ថ្នល់​ទេ ព្រោះ វា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​សោ​ភណ្ឌ​ភាព​ក្នុង​មូលដ្ឋាន​ផង​ដែរ ។

លោក​មេឃុំ​បាន​បញ្ចា​ក់ថា មូលហេតុ​ដែល​អាជ្ញាធរ​ចង់​ឲ្យ​ផ្លាស់​ប្តូរ​ទីតាំង​ផ្សារ ព្រោះ​សព្វ​ថ្ងៃនេះ​ក្រុម​អាជីវក​រដាក់​លក់ដូរ​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​ចាក់ទឹក​មក​លើ​ថ្នល់​ធ្វើ​ឲ្យ​ទឹក​ដក់​ខូច​ថ្នល់​ជួសជុល​មិន​ឈ្នះ​ទេ និយាយ​រួម គឺ​ទីតាំង​នេះ​មាន​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​អ្វី​នោះ​ទេ តែបើ​ដូរ​ទៅ​លក់​នៅ​ផ្សារ​ថ្មី ហើយ​ទីតាំង​ចាស់​នេះ​យក​ធ្វើ​ជា​សួនច្បារ​វិញ​នោះ​មិន​ត្រឹមតែ​កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍​នោះ​ទេ សោ​ភណ្ឌ​ភាព​ក៏​ស្រស់​ស្អាត​ផង​ដែរ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s