វប្បធម៌និទណ្ឌភាពបណ្តោយឲ្យអំពើហិង្សាក្នុងគ្រួសារមានលក្ខណៈធ្ងន់ធ្ងរ

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

អំពើហិង្សាក្នុងគ្រួសារនៅតែ​ចាក់ស្រេះក្នុងសង្គមខ្មែរ  ហើយអូសបន្លាយរាប់ខែ-ឆ្នាំ រហូត​បណ្តាលឲ្យស្ត្រីខ្លះធ្លាក់ខ្លួនឈឺ រងរបួសធ្ងន់ធ្ងរ ពិការ និងខ្លះទៀតស្លាប់បាត់បង់ជីវិត កត្តាទាំងនេះត្រូវ​បានជនរងគ្រោះ សង្គមស៊ីវិល និងអ្នកច្បាប់អះអាងថា ដោយ​​សារកង្វះទប់ស្តាត់ ឬមានវិធានការផ្លូវ ច្បាប់ឲ្យបាន ទាន់ពេល ដែលពួកគេចាត់ទុកថា ជាវប្បធម៌ និទណ្ឌភាព។​

បើយើងក្រឡេកមើលរបាយការរបស់អង្គការលីកាដូចេញផ្សាយ​ថា ចាប់ពីដើម​ឆ្នាំ២០១៤ ដល់ចុងឆ្នាំ២០១៦ អង្គការនេះបាន​ឃ្លាំមើលអំពើហិង្សាក្នុងគ្រួសារចំនួន ៣៩២ ករណី ក្នុងនោះ១០១ករណី​សុំបិទ​បញ្ចប់​ដោយជនរងគ្រោះដកពាក្យ​បណ្តឹង ៦៩ករណី​ស្ត្រីជាភរិយាវិលត្រឡប់ទៅរស់នៅជាមួយ​ប្ដីដែល​​មាន​ចរិត​ហិង្សាវិញ។

ការសម្របសម្រួលឲ្យស្ត្រីរងគ្រោះ ទៅរស់នៅ ជាមួយស្វាមីមានលក្ខណៈហិង្សាវិញ ដោយខ្វះចំណាត់ការផ្សេងៗចាំជួយនោះនាំឲ្យអំពើ ហិង្សាអាចនៅតែមានបន្តហើយមានលក្ខណៈធ្ងន់ធ្ងរ។

បើយើងពិនិត្យមើលវិសាលភាពនៃអំពើហិង្សាមានច្រើនករណី ប៉ុន្តែអ្នករាយការណ៍​ព័ត៌មានសម្រេច​ជ្រើសរើសយកករណីសិក្សាធំៗ ក្នុងខេត្តចំ​នួនពីរតែប៉ុណ្ណោះ រួមមាន ខេត្តកំពង់ធំ​ និងខេត្តកណ្តាល​។

ករណីទី១ នៅស្រុកសន្ទុកខេត្តកំពង់ធំ

អ្នកស្រីអ៊ុំ  សុភី វ័យ២៤ឆ្នាំ ត្រូវ​បានស្វាមីប្រើកាំបិទកាប់លើខ្លួន និងអាករសម្លាប់កាល​ពីថ្ងៃ​ទី២​៧ ខែឧសភា​ ឆ្នាំ២០១៨ នៅក្នុង​ចំការកៅស៊ូរបស់ក្រុមហ៊ុន​ស៊ូហ្គោល​ហៃ​ស៊ុន ស្ថិត​​​នៅភូមិ សិរី​មង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយ​ពីស្លាប់​អ្នកស្រី សុភី បានបន្សល់ទុកកូនប្រុសពីរនាក់ ដែលមានអាយុ២ឆ្នាំ និង​៦ឆ្នាំ រស់នៅជាមួយជីដូនដែលមានជីវភាពទីទាល់ក្រ។​

លោក ចែម សុជាតិ សន្តិសុខក្រុមហ៊ុនដែលបានដឹងរឿងនេះ រៀបរាប់ថា ថ្ងៃកើត​ហេតុ​ម៉ោង​ប្រហែល៤ និង​៣០នាទី កូនប្រុសច្បងរបស់ជនរងគ្រោះ បានរត់ពី​កន្លែងកើត​ហេតុប្រ​មាណ២​គីឡូម៉ែត្រ ដល់កន្លែងដែលលោកយាម ហើយប្រាប់ពីហេតុការណ៍។

ក្រោយមក លោកក៏ប្រញាប់ជិះម៉ូតូទៅកន្លែងកើតហេតុ ក៏បានឃើញសព អ្នកស្រី សុភី ពោរ​ពេញ​ទៅដោយឈាម  មានស្នាមកាប់ត្រូវក្បាល ខ្នង និងក។

ទីតាំងកន្លែងកើតហេតុ ដែលអ្នកស្រីអ៊ុំ សុភី ត្រូវ​បានស្វាមីប្រើកាំបិទកាប់លើខ្លួន និងអាករសម្លាប់កាល​ពីថ្ងៃ​ទី២​៧ ខែឧសភា​ ឆ្នាំ២០១៨ នៅក្នុង​ចំការកៅស៊ូរបស់ក្រុមហ៊ុន​ស៊ូហ្គោល​ហៃ​ស៊ុន ស្ថិត​​​នៅភូមិ សិរី​មង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

ផ្អែកលើទីតាំងកើតហេតុដែលក្រុមការងារវីអូឌីបានទៅដល់កាលពីថ្ងៃទី៣០ខែឧសភាគឺ ក្រោយកើតហេតុ៣ថ្ងៃ មាន​ស្មៅតួកទី ទ្រនាប់ជើង នៅឆ្ងាយពីកន្លែងកើតហេតុប្រមាណ១០ម៉ែត្រថង់ខ្ចប់អាហារនៅរប៉ាត់រប៉ាយ ដែលអាចមាន​ការ​វាយតប់គ្នាមុនកាប់សម្លាប់។​

អ្វីដែលធ្វើឲ្យសន្តិសុខរូបនេះ រន្ធត់ចិត្តនោះគឺ កូនប្រុសច្បងរបស់អ្នកស្រី សុភី បានប្រាប់លោក ឲ្យនាំម្តាយខ្លួនទៅពេទ្យ។

លោករៀបរាប់ថា៖« ពូៗ ជូនម្តាយខ្ញុំទៅ ពេទ្យផង គាត់នៅមានឈាម។ កូននេះ​បាន​តឿនខ្ញុំ​ម្តង​​ហើយម្តងទៀត។ ខ្ញុំប្រាប់ថា ម្តាយឯងងាប់ហើយ។»

​ប្រធានរដ្ឋបាលក្រុមហ៊ុន​ស៊ូហ្គោល​ហៃ​ស៊ុន លោក អ៊ូ មាន មានប្រសាសន៍ថា អ្នកស្រី អ៊ុំ សុភី ធ្វើ​ការងារ​នៅក្រុមហ៊ុនលោកប្រហែលជា១ឆ្នាំមកហើយ ដោយលោកថាអ្នកនាង ជាមនុស្ស​ស្លូតបូត​​ មិន​មាន​ទំនាស់ជាមួយបុគ្គលណាមួយឡើយ។ ចំណែកប្តី​ជាមនុស្សឆេវឆាវ​ធ្វើការងារ​នៅ​ចំការកៅស៊ូនោះ​ដែរ ​។

បុរសឈ្មោះ អាំ ភាន អាយុ២៦ឆ្នាំជាប្តីអ្នកនាងអ៊ុំ សុភី ត្រូវសមត្ថកិច្ចចាប់ខ្លួន​ក្រោយកើតហេតុ ភ្លាមៗ ហើយបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

អ្នកស្រី អ៊ុំ សុភី ធ្លាប់មានប្តីមុនរួចលែងលះគ្នាមានកូន១  ហើយចាប់តាំងពីក្លាយ​ជាប្តី​ប្រពន្ធជាមួយលោក អាំ ភានជាប្តីទី២ រយៈពេល៤ឆ្នាំមក គឺអ្នកស្រីទទួលរងការវាយដំហូរហែរហូត ហើយ​ការ​វាយដំនោះទៀតសោតសុទ្ធតែមានលក្ខណៈធ្ងន់ធ្ងរ។ នេះ​បើតាមបងស្រី​របស់​ជនរង​គ្រោះ​គឺ​ អ្នកស្រី ឆែម រឿន។​

អ្នកស្រី ឆែម រឿន រៀបរាប់ថា គាត់ធ្លាប់ជួយការពារប្អូនស្រីពីអំពើហិង្សា ប៉ុន្តែត្រូវបានឈ្មោះ អាំ ភាន វាយទាំងអ្នកស្រីឲ្យរងរបួស និងគំរាមសម្លាប់អ្នកស្រីទៀតផង។​

វ័យ៦២ឆ្នាំ អ្នកស្រី យ៉ាន ផាន ជាម្តាយរបស់ អ៊ុំ សុភី រៀបរាប់ថា ទំនាស់ក្នុងគ្រួសារកូនស្រី របស់គាត់នេះ កើតឡើងច្រើនដងរាប់មិនអស់ទេ ហើយថា ពេលខ្លះកើតឡើងទាំង កណ្តាល យប់ទៀតផង។​រូបអ្នកស្រីយ៉ានផាន​ឱបចៅ

ចំណែកបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច  អ្នកស្រីថាធ្វើឡើងច្រើនដងណាស់ ប៉ុន្តែភាគច្រើន ទទួលបានតែការសម្របសម្រួល និងពេលខ្លះមិនមានចំណាត់ការទេ។​

អ្នកស្រី យ៉ាន ផាន​ ថ្លែងថា មុនកើតហេតុ៣ទៅ៤ថ្ងៃ កូនស្រីរបស់គាត់ថ្លែងប្រាប់​ថា បើមិនមានអ្នកណាជួយឲ្យទេ ប្រាកដជាស្លាប់ដោយសារប្តីកាប់ហើយ។

អ្នកស្រីថ្លែងថា ៖« វាប្រាប់ខ្ញុំថា ខ្ញុំប្រហែលមុខជាងាប់ហើយម៉ែ បើអត់មានអ្នកណារវីរវល់ជួយខ្ញុំដូច្នេះ។»

អ្នកស្រី ផាន បន្តរៀបរាប់ថា មុនថ្ងៃកើតហេតុឃាតកម្មករ២០ថ្ងៃ គាត់និងកូនស្រី បានយកករណី ដែលឈ្មោះ ភាន ប៉ងសម្លាប់នេះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ក្រយា ប៉ុន្តែសមត្ថកិច្ចថា  មិនមានស្លាក​​​ស្នា​មរបួសមិនអាចចាត់ការបានទេ។ ​

ពេលដែលរំឭកដល់ កូនស្រីដែលមានជីវភាពក្រលំបាក ខំធ្វើការដោយកម្លាំងដើម្បីយកប្រាក់​ផ្គត់ផ្គង់គ្រួសារ និងសងបំណុលគេ ហើយរស់នៅក្នុងស្ថានភាពអំពើហិង្សារយៈពេល៤ឆ្នាំ រហូត​ដល់រងការសម្លាប់ដោយអណោចអធម្មនេះ អ្នកស្រី យ៉ាន ផាន ទ្រហោធំ​ រកនិយាយបន្ត​មិន​រួច។​

កុមារា អាយុ៦ឆ្នាំ កូនអ្នកស្រី អ៊ុំ សុភី និយាយថា គាត់នឹកម្តាយ ហើយរំឭកសកម្មភាព ពេលយកដៃបិទភ្នែកម្តាយដែលស្លាប់ទាំងបើកភ្នែក។

កុមារារូបនោះនិយាយថា«ចង់ឲ្យម៉ែមក​វិញ​! អ្នកណាយកដៃបិទភ្នែកម៉ែនៅពេលស្លាប់? ខ្ញុំ! អូន​ឯង​ធ្វើម៉េច? ខ្ញុំបិទភ្នែក[ម៉ែ]»។

ក្រុមការងាររបស់វីអូឌីព្យាយាមសុំការឆ្លើយតបពីមេប៉ុស្តិ៍ក្រយា លោកលី ពីធូ ប៉ុន្តែមេប៉ុស្តិ៍ រូបនេះថា មិនអាចផ្តល់បទសម្ភាសន៍​​​បានទេ ដោយសារថ្នាក់លើមិនអនុញ្ញាត ប៉ុន្តែលោកមិនបានបញ្ជាក់ថា ថ្នាក់លើនោះ ស្ថិត​​​​នៅកម្រិតណានោះទេ។

ចំណែកមេភូមិសិរីមង្គលលោក ស៊ុន គឹមរ៉េន មានប្រសាសន៍ថា គ្រួសារ អ៊ុំ សុភី និង អាំ ភាន មាន​ជម្លោះ​ញឹកញាប់ណាស់ហើយអាជ្ញាធរក៏បានប្រឹងប្រែងជួយរកដំណោះស្រាយដែរ។ លោកថា ដោយ​សា​រ​​លោកអស់លទ្ធភាពក្នុងការសម្របសម្រួល ក៏បានធ្វើលិខិតឲ្យអ្នកទាំងពីរលែងលះគ្នា ប៉ុន្តែថា លិខិត​​​នោះ​មិនមានប្រសិទ្ធិភាពទេ គឺក្រោយមក អាំ ភាន នៅតែបំពានមករស់នៅជាមួយ អ៊ុំ សុភី​ ដដែល​។

ករណីទី២នៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល

យើងងាកមកតាមដានករណីនៅស្រុកមួយក្នុងខេត្តកណ្តាលវិញ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ស្រ្តី​វ័យជាង៥០ឆ្នាំ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា អស់រយៈ​ពេល​ជាង១០ឆ្នាំមក​ហើយ គាត់ស៊ូទ្រាំរស់នៅក្រោមសម្ពាធហិង្សាក្នុងគ្រួសារទាំងទឹកភ្នែក​។

ឈរក្រោមសំយាបផ្ទះលក់បន្លែ អ្នកស្រី ឈិន ចាន់ធឿន រស់នៅភូមិកណ្តាល​ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល  បាន​រៀប​​រាប់​ប្រាប់អ្នកសារព័ត៌មានថា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ជារៀង​រាល់​ថ្ងៃ​លោក រស់ សំបូ ដែល​ជា​​ស្វាមី​តែង​តែ​​​ចេញ​​ទៅផឹ​ក​ស្រាជា​មួ​​យ​មិត្តភ័ក្តិ និងបង្ក​ហិង្សា​លើអ្នកស្រីស្ទើរជារៀង​រាល់ថ្ងៃ។

នៅអំឡុងឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ក្រោយពីរងអំពើ​ហិង្សា គឺអ្នកស្រី ចាន់ធឿន អះអាងថា អ្នកស្រីបានទៅសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឃុំសន្លុង ប្រហែលជា១ឆ្នាំម្តងឬច្រើនជាងនេះ ឲ្យជួយរកដំណោះស្រាយ និងផ្សះផ្សាគ្នាវិញ ប៉ុន្តែថា ពេលខ្លះអាជ្ញាធរឆ្លើយតបដោយ គ្រាន់តែសម្របសម្រួល តែមិនមានប្រសិទ្ធិភាព ហើយពេលខ្លះអាជ្ញាធរមិនឆ្លើយតបទេ ចំណែកអំពើហិង្សានៅតែបន្ត។

អ្វីដែលគួរឲ្យកត់សំគាល់ ក្នុងអំឡុង​ពេលប្រើហិង្សា​ឆ្នាំ២០០៩ អ្នកស្រី ឈិន ចាន់ធឿន បានបញ្ជាក់ថា គាត់បានដាក់ពាក្យប្តឹងទៅតុលាការខេត្តកណ្តាល ដើម្បី​លែង​លះ​​​​​​គ្នា និង​បែង​​ចែកទ្រព្យសម្បត្តិដែរ ប៉ុន្តែអ្នកស្រីថា តុលាការបាន​ទុ​ក​សំណុំ​រឿង​​នេះរហូត​ដល់​ជាង១ឆ្នាំ ដោយ​មិន​មាន​ចំណាត់ការអ្វីទាំងអស់។

ក្រោយមកអ្នកស្រីនិង​ស្វាមីសម្រេចចិត្ត​រស់នៅជាមួយគ្នាវិញ​ ដោយ​នាំ​គ្នា​​ទៅ​​​ ដ​​​ក​​​​​ពាក្យប្តឹងពីតុលាការ ករណីនេះតុលាការ​បានចេញកិច្ចព្រមព្រៀងឲ្យ​ពួក​គេ​​បានរស់នៅ​ជា​​មួយ​គ្នា​វិញ​។​ ​

កិច្ចព្រមព្រៀង សម្របសម្រួលបញ្ឈប់អំពើហិង្សា

រស់នៅជាមួយគ្នាមិនបានមួយឆ្នាំផង ប្តីគាត់នៅតែបន្ត ប្រើហិង្សាបង្ករបួសស្នាម​ពេញ​ខ្លួន ​កាន់​តែ​ខ្លាំងទៅៗ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះដដែល។

បញ្ហានេះនាំឲ្យអ្នកស្រីមានបញ្ហាផ្លូវចិត្ត ខ្សោយបញ្ញាស្មារតី។

ខ្ញុំចង់ឡប់ ដែលខ្ញុំគិតពេក​ ថ្នាក់រហូត​ខ្ញុំកាន់ផ្តិល​ដងទឹក ដើរ​ហួសពាង ដើររហូត​ដល់ដើមត្នោត​ក្រោយ​ ដ៏ទៅខ្ញុំគិតខ្លួនឯងថា កាន់ផ្ទិលថាមក​ដងទឹក ហេតុ​អ្វី​ដើរ​មក​​កន្លែង​ហ្នឹងវិញ គ្រប់គ្រងអត់ចង់បានទេ ដល់ខ្ញុំគិត​ពេក​ភ័យផង​ ខ្មាស់គេផង និយាយ​ទៅ​ពូជ​ខ្ញុំមិ​ន​ដែលជួបប្រទះចឹង​

អ្នកស្រី ឈិន ចាន់ធឿន ដែលរងគ្រោះពីអំពើហិង្សារបស់ស្វាមី

​ កូនស្រីបង្កើតរបស់ជនរងគ្រោះហិង្សាក្នុងគ្រួសារ អ្នកនាង បូ វុទ្ធី បានឲ្យដឹងដែរថា ឪពុក​របស់​គាត់​​ធ្លាប់​ប្រើ​ហិង្សា​បង្ករបួសស្នាមលើម្តាយនិងកូនៗ ​ហើយ​ប្រើពាក្យសម្តីគំរាម​កំហែងជា​ច្រើន​​លើក​និង​ច្រើនសារ។

សាក្សីឃើញហេតុការណ៍និងធ្លាប់បានជួយជនរងគ្រោះ អ្នកស្រី ឃុន ញ៉ាញ់ បានឲ្យដឹងថា លោក សំបូ ដែលជាប្តី តែងតែ​ប្រើហិង្សាជាញឹកញាប់ទៅលើប្រពន្ធជាង១០ឆ្នាំមក​ហើយ ប៉ុន្តែអ្នកស្រីថា សមត្ថ​កិច្ច​និង​អាជ្ញា​ធរភូមិ ឃុំ មិនសូវ​យកចិត្តទុកដាក់ជួយដល់ស្ត្រីរងគ្រោះ​នោះទេ ទើបនាំឲ្យ​មានហិង្សាជា ច្រើន​ឆ្នាំ បែបនេះ។

អ្នកស្រី ឃុន ញ៉ាញ់ បានឲ្យដឹងថា៖ «ឲ្យតែមក​ពីហូប​សុំលុយប្រពន្ធ ដ៏ប្រពន្ធអត់ឲ្យទៅ ប្រពន្ធនិយាយច្រើន…​[ប្តី]ចា​ប់​ផ្តើម​ខឹងទៅ ជួនកាលប្រពន្ធកំពុងលក់ដូរទៅលបគាស់ទ្វារលួចស្រាទាំងកេសយក​ចេញ​តាម​ផ្ទះ​ខ្ញុំទៅ ​ ដ៏ពេល​ប៉ូលិសគេហៅទៅដល់កន្លែងឃុំ អប់រំៗ​មក​វិញ មក​វិញបានតែមួយថ្ងៃ ស្អែក​ឡើង​​ឈ្លោះ​គ្នា​ទៀត​​​»

មេភូមិកណ្តាល លោក ណោ ចុង បានឲ្យដឹងថា អំពើហិង្សាលើអ្នកស្រី ចាន់ ធឿន នោះ លោកធ្លាប់សម្រុះសម្រួល​ច្រើនដងដែរ ប៉ុន្តែមិនស្តាប់លោក​បញ្ជូន​រឿងនេះ​ទៅឃុំ និង ប៉ុស្តិ៍ដើម្បីដោះស្រាយ​បន្ត។

លោក មេឃុំសន្លុង លោក  ទៀក ឃុន មានប្រសាសន៍ថា អាជ្ញាធរមិនដែលប្រងើយកន្តើយចំពោះបណ្តឹងរបស់ពលរដ្ឋនោះទេ ហើយថា រឿងក្នុងគ្រួសាររបស់អ្នកស្រី ចាន់ធឿននេះដែរ លោកផ្ទាល់និងមន្ត្រីផ្សេងទៀតតែងតែខិតខំជួយអន្តរាគមន៍ដោះស្រាយ។ ប៉ុន្តែលោកថា មិនមានកំណត់ហេតុដោះស្រាយបានប៉ុន្មានដងទេ។ រូបលោកទៀកឃុនក្នុងសាលាឃុំ ​

អ្នកស្រីចាន់ ធឿនបញ្ជាក់ថា ដោយបារម្ភខ្លាចប្តីសម្លាប់ដោយសារហិង្សាកាន់តែមាន លក្ខណៈធ្ងន់ធ្ងរ គាត់ក៏បានប្តឹងទៅសមត្ថកិច្ចម្តងទៀតនៅខែតុលាឆ្នាំ២០១៧ ហើយថា ពេលនោះសមត្ថកិច្ចក៏បានចាប់ខ្លួនប្តីអ្នក ស្រីបញ្ជូនទៅឃុំខ្លួនហើយកាត់ទោសនៅតុលាការ។

លោក រស់ គាន់ ជាប្អូនប្រុសបង្កើតលោក សំបូរ  បានរៀប​រាប់ថា បងប្រុស​របស់គាត់ជាមួយស្លូតបូត ហើយខំទៅធ្វើការនៅប្រទេសថៃកាលពីឆ្នាំ១៩៩៣ ដើម្បីយកប្រាក់មក​ជួយផ្គត់ផ្គង់គ្រួសាររហូត​មានជីវភាពធូរធា មានផ្ទះល្អរស់នៅជាដើម។ ប៉ុន្តែលោកថា ក្រោយពីត្រឡប់មកពីប្រទេសថៃវិញ បងប្រុស​គាត់មិន មានការងារធ្វើ ដើរផឹកស៊ីជាមួយមិត្តភក្តិចាប់ពីឆ្នាំ២០០២ ធ្វើឲ្យប្រពន្ធខឹងរករឿង​ ជាពិសេសពេលប្តីស្រវឹងសុំលុយ និងសុំគេងជាមួយមិនព្រម ក៏មានជម្លោះ ​។

លោក​រៀប​រាប់ថា«ពីមុនគាត់មក​ពីថៃ ប្រពន្ធចោទថាប្តីកើតអេដស៍ តែយកលុយធ្វើផ្ទះអស់​​ ប្រពន្ធអត់រួមរ័ក្សជាមួយ វាកើតជារឿង​មួម៉ៅ ក្តៅក្រហាយ​ ណាមួយរឿងក្រោយនេះឭថា វាមក​ពីផឹក​ សុំលុយ​ប្រន្ធអត់ឲ្យ​កើតរឿងខឹង វាចេះតែជេរ​ លិច កើតខ្លះ​ គេប្តឹងដាក់គុកទៅ​»។

លោក គាន់ អះអាងថា ករណីចាប់ខ្លួនបងប្រុសរបស់លោកដាក់ពន្ធនា គាររឿងជារឿង អយុត្តិធម៌ ព្រោះលោកថា នោះជារឿងតិចតួច។

ការចុះផ្សាយពីព័ត៌មានហិង្សាក្នុងគ្រួសារ

ព័ត៌មានស្តីពីសន្តិសុខសង្គមតាមនៅកញ្ចាក់ទូរទស្សន៍ ទូរទស្សន៍អនឡាញន៍ កាសែត គេហទំព័រព័ត៌មាន និងគេហទំព័ររបស់សមត្ថកិច្ចជាដើម មានការផ្សព្វផ្សាយពីអំពើហិង្សាក្នុង គ្រួសារជាបន្តបន្ទាប់។

ហិង្សាមួយចំនួនកើតមាននៅក្នុងផ្ទះឮសំឡេងចេញដល់អ្នកជិតខាង ហើយហិង្សាខ្លះទៀតប្តី វាយដំប្រពន្ធនៅទីសាធារណៈតែម្តង។

ពេលខ្លះអ្នកអត្ថាធិប្បាយព័ត៌មាននៅតាមទូរទស្សន៍ ឬកាសែតមួយចំនួនបាន យកករណីនេះ ទៅបកស្រាយបែបកម្លែងលេងទៀតផង។

អំពើហិង្សាក្នុងគ្រួសារទៀតសោត មិនមែនមានតែក្នុងគ្រួសារក្រីក្រទេ ក្នុងគ្រួសារមាន ជីវភាពធូរអ្នកទទួលការអប់រំបានខ្ពស់ មានតំណែងធំក៏កើតមានដែរ។

នៅក្នុងពាក់កណ្តាលខែកក្កដានេះលោកស្រី ហុង សុភ័ណ្ឌ​ ជាមន្ត្រីនៅរដ្ឋសភាថ្លែង តាមបណ្តាញសង្គមហ្វេសប៊ុកថា ស្វាមីរបស់គាត់​ឈ្មោះស៊ុន ចាន់ណារិទ្ធិ មានងារជាឯក ឧត្តមជាទីប្រឹក្សាព្រឹទ្ធសភា បានប្រើហិង្សាលើរូបលោកស្រី ហើយលោកស្រីមិនហ៊ានប្តឹង ទៅតុលាការទេដោយថា ប្តីមានតំណែងធំជាងហើយប្តីបានគំរាមកំហែងដល់សាក្សី ដែលបានដឹងរឿងនេះ។​

អគ្គនាយកអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា មានប្រសាសន៍ថា ក្រសួងមានកម្មវិធីមួយចំនួនកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ស្ត្រីដែលរងគ្រោះ ដោយ សារអំពើ ហិង្សាពីស្វាមី។

ពេលជនរងគ្រោះគាត់​ជួបប្រទះបញ្ហាហិង្សា គាត់ត្រូវ​ការសេវា គាត់មក​ជួបនៅមន្ទីរកិច្ចការនារីនៅរាជធានី/ខេត្ត ហើយ​បើនៅស្រុក យើងមានការិយាល័យកិច្ចការនារីស្រុក ហើយឃុំយើងមានកិច្ចការនារីទទួលបន្ទុក​ឃុំ ហើយយើងមានជនបង្គោល​នៅឃុំហ្នឹង នៅពេលបងប្អូន​ប្រ​ជាពលរដ្ឋគាត់មានបញ្ហាកើតឡើង គាត់អាច​ទៅ​អ្នកនៅជិតបំផុតដំបូង​មេភូមិ​

អគ្គនាយកអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា

ទោះយ៉ាងណារបាយការណ៍មួយចំនួននិងករណីដែលក្រុមការងារយើងចុះសម្ភាសន៍ជនរងគ្រោះផ្ទាល់គឺជនរងគ្រោះមិនបានប្រើប្រាស់សេវាតាមដំណាក់កាលដែលក្រសួងកិច្ចការនារីលើកឡើងនេះទេ។​

ក្រសួង​កិច្ចការនារីបានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ដើម្បី​ធ្វើការ​ស្រាវជ្រាវលើ​តួលេខ​នៃអំពើហិង្សា​លើស្ត្រី​និងកុមាររៀ​ង​រាល់៥ឆ្នាំម្តង ប៉ុន្តែ​នៅ​ឆ្នាំ២០១៨នេះ​ វិទ្យាស្ថានជាតិ​ស្ថិតិមិនទាន់​ធ្វើការវាយតម្លៃលើតួលេខ​នៃអំពើហិង្សា​លើស្ត្រីនិងកុមារ​ ដោយសារខ្វះថវិកា​ ហើយថា គម្រោងនឹងចាប់ផ្តើមអនុវត្តនៅ​អំឡុង​ឆ្នាំ២០១៩ខាងមុខ​នេះ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ទទួលស្គាល់​ថា អាជ្ញាធរមូលដ្ឋាន និង​ប្រជាពលរដ្ឋ មួយចំនួនមិនទាន់ទទួល​បាន​ចំណេះដឹង​ផ្នែកច្បាប់​ទូលំទូលាយទាក់ទងនិងអំពើហិង្សា​នៅឡើយ។លោក បន្តថាមូលហេតុនេះ នាំឲ្យអាជ្ញាធរនិងអ្នកជិតខាងនៅតែគិតថា អំពើហិង្សាក្នុងគ្រួសារជារឿងក្នុងគ្រួសារឬជារឿងឯកជន ដែលអ្នកខាងក្រៅមិនត្រូវជ្រៀតជ្រែក។រូបលោកជិន ម៉ាលីន

លោក ម៉ាលីន ពន្យល់ថា បើសិនជាអាជ្ញាធរមូលដ្ឋានយឺតយ៉ាវក្នុងការបំពេញភារៈកិច្ចនេះ ជនរងគ្រោះអាចប្តឹងទៅក្រសួងមហាផ្ទៃឲ្យចាត់ការមន្ត្រីនោះ ចំណែកស្ថាប័នតុលាការដែលយឺតយ៉ាវឬមិនយកចិត្តទុកដាក់ ជនរងគ្រោះអាចប្តឹងទៅក្រសួងយុត្តិធម៌ដើម្បីចាត់វិធានការ។

អ្នកច្បាប់និងអង្គការការពារសិទ្ធស្ត្រី

មានត្រា៣នៃច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ  និងកិច្ចការពារជនរងគ្រោះ បានចែងថា អំពើហិង្សាក្នុងគ្រួសារទាមទារឲ្យមានការទប់ស្កាត់ទាន់ពេលវេលា និងប្រកប​ដោយ​ប្រសិទ្ធិភាព ហើយ​តម្រូវ​ឲ្យចាត់វិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬអាចនឹងរងគ្រោះ រួមមាន អំពើហិង្សា​ ប៉ះ​ពាល់​ដល់ជីវិត​ ប៉ះពាល់​ដល់​បូរណភាពរូប​កាយ ការធ្វើទារុញកម្ម ឬការធ្វើអំពើឃោរឃៅ ឬឈ្លាន​ពានផ្លូវ​ភេទ​ជាដើម។

មាត្រា២២២នៃក្រមព្រហ្មទណ្ឌចែងថា អំពើហិង្សា ប្រព្រឹត្ត ដោយ សហព័ទ្ធ ឬអនីតិ សង្វាសជន ត្រូវ​ផ្ដន្ទាទោស ដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។

នាយិកាអង្គការយ៉េនឌី និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ លោកស្រី រស់ សុភាព សង្កេតឃើញ​ថា ការអនុវត្តច្បាប់​ស្តីពីអំពើហិង្សាក្នុងគ្រួសារ​ហាក់នៅទ្រឹងមិនដំណើរការ ដោយសារស្ត្រីរងគ្រោះនៅតែបន្តរស់ក្រោមអំពើហិង្សា​។

នៅពេលដែលអនុវត្តដូចពីដើមសម្របសម្រួលត្រឹមឃុំហើយ ទៅផ្ទះវិញ ហាក់ដូចយើងនៅព្រងើយកន្តើយទៅលើអំពើហិង្សា​ដែលកើតឡើង​ ហើយហាក់ដូចជាជំរុញឲ្យស្ត្រីដែលជាជនរងគ្រោះ​រស់នៅជាមួយអ្នកវាយដំដដែល​ ហ្នឹងហើយដែលធ្វើឲ្យ​ការចូលរួមឲ្យអស់ពីចិត្តក្នុងការដោះ​ស្រាយ​បញ្ហាក្នុងគ្រួសារ​អត់បានជោគជ័យទេ​

នាយិកាអង្គការយ៉េនឌី និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ លោកស្រី រស់ សុភាព

ចំណែក នាយិកាអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិហៅកាត់ថា (CWCC) លោកស្រី ប៉ុក បញ្ញាវិចិត្រ ដែលធ្វើការផ្នែក ជួយស្ត្រី​ និងកុមារ រងគ្រោះដោយអំពើហិង្សា​ បានបញ្ជាក់ថា អំពើហិង្សា​មិនមានការថយចុះនោះទេ ដោយថា ក្នុង​មួយឆ្នាំៗអង្គការរបស់គាត់​ទទួលពាក្យពី​​ជនរងគ្រោះ ឬសាច់ញាតិ ឲ្យ​ជួយសង្គ្រោះ និងប្រឹក្សា​យោបល់ផ្លូវ​ច្បាប់ដល់ពួកគេ​ កើនឡើងរាល់ឆ្នាំ​។

លោកមេធាវី សំ សុគង់ ពន្យល់ថា ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះនិងក្រមព្រហ្មទណ្ឌ បានចែងថា នៅពេលប្តីបង្ក​ហិង្សាកើតឡើងធ្ងន់ធ្ងរលើប្រពន្ធ ដោយ​អូសបន្លាយជាច្រើនខែ ឆ្នាំ ហើយជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ចជាច្រើនដង​ ប៉ុន្តែសមត្ថកិច្ច​មិនជួយដោះស្រាយ​ ដោយទុករឿង​នោះបណ្តាលឲ្យស្ត្រី​រងគ្រោះធ្ងន់ធ្ងរ និងស្លាប់​ ករណីនេះ​ លោកថា នេះជាវប្បធម៌និទណ្ឌភាព បើទោះជាតុលាការសម្រេច​ផ្តន្ទាទោស​ជនល្មើសក្រោយពីកើតហេតុ​ក៏ដោយ។

ជនរងគ្រោះបានរាយការណ៍មក​សមត្ថកិច្ច ដើម្បីឲ្យចាត់វិធានការ​​ទៅលើជនប្រព្រឹត្តអំពើហិង្សា​ ប៉ុន្តែសមត្ថកិច្ចមិនបានចាត់ការឲ្យទាន់ពេលវេលា ហើយទុកពេលវេលា​អូសបន្លាយដល់ជនប្រព្រឹត្តអំពើហិង្សា​បង្កឲ្យទៅជាបទល្មើស​ព្រហ្មទណ្ឌ​រហូត​ដល់មានការច្របាច់ករ​សម្លាប់ នេះជាគឺជាអំពើនិទណ្ឌភាព

លោកមេធាវី សំ សុគង់

ការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់រដ្ឋាភិបាលឆ្នាំ២០១៤ បានបង្ហាញថា ៣១%នៃ​ស្រ្តីដែល​ធ្លាប់រៀប​អាពាហ៍ពិពាហ៍អាយុ ចន្លោះពី ១៥ឆ្នាំ ដល់ ៤៩ឆ្នាំ ត្រូវបានរាយការណ៍ថា បានទទួលរង​អំពើ​ហិង្សាក្នុង​គ្រួសារ​​ពីសំណាក់ស្វាមី រួមមាន អំពើហិង្សាតាម ផ្លូវកាយ ផ្លូវភេទ ផ្លូវអារម្មណ៍ និង​ផ្នែក សេដ្ឋកិច្ចផងដែរ​។ ៣៨%នៃស្រ្តីដែលបានរងអំពើហិង្សា តាមផ្លូវកាយ ឬផ្លូវភេទ មិនបាន​ស្វែង​រកអន្ត​រាគមន៍​ឬប្រាប់អ្នកណាទេ។

ជាផ្នែកមួយនៃដំណោះស្រាយតាមការសិក្សាស្រាវជ្រាវរបស់អង្គការលីកាដូ រកឃើញថា ដើម្បីទប់ស្កាត់អំពើហិង្សា ឬ ជួយ​ជន​រងគ្រោះឲ្យបានទាន់ពេលវេលានោះ ត្រូវផ្ដល់ធនធានឱ្យបានគ្រប់គ្រាន់ដល់​មន្រ្តីន​គរបាល​និងអាជ្ញាធរ​មូលដ្ឋាន ដើម្បី​អាច​ឱ្យអ្នកទាំងនោះមានលទ្ធភាព ក្នុងការស៊ើប​អង្កេតករណី​នៃអំពើ​​ហិង្សាក្នុងគ្រួសារ ព្រមទាំងអាច​ផ្តល់កិច្ចកា​រ​ពា​រ និងជួយគាំទ្រជនរងគ្រោះ ស្រប​តាម​កាតព្វ​កិច្ចផ្លូវច្បាប់។

បង្កើតបណ្ដាញជម្រកសុវត្ថិភាពបណ្ដោះអាសន្ននៅទូទាំងប្រទេសដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលសម្រាប់ជួយ​គាំទ្រស្ត្រីដោយ អំពើ​ហិង្សាក្នុងគ្រួសារ ដើម្បី​ឱ្យជនរងគ្រោះ​ទាំងនោះ​អាច​គេច​ចេញពី​ស្ថានភាពហិង្សា។

បង្កើតកញ្ចប់ថវិកាពិសេសសម្រាប់ផ្គត់ផ្គង់ជនរងគ្រោះនៃអំពើ​ហិង្សាក្នុងគ្រួសារ​ដែលគ្មាន​លទ្ធ​ភាព​ដំណើ​រ​ការ បណ្ដឹងព្រហ្មទណ្ឌនិងបណ្ដឹងលែងលះ ​ដើម្បី​​ជួយគាំទ្រអ្នកទាំងនោះ​ លើការ​ចំណាយថ្លៃ តុលា​ការ សោហ៊ុយធ្វើដំណើរ​ និងសំណងនៃថ្ងៃធ្វើការដែលបានខាតបង់។

ធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់អំពើ​ហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ដើម្បី​និរាករណ៍​​​​ចោលនូវបទបញ្ញត្តិដែលអនុញ្ញាត​ឬលើក​ទឹកចិត្តឱ្យ​មានការផ្សះផ្សា​ករណីអំពើ​ហិង្សា​​ក្នុង គ្រួសារ​​​ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឬ តុលាការ៕


និទណ្ឌភាព គឺជាការដែលមិនបានដាក់ទោស លើជនដែលប្រព្រឹត្តល្មើសច្បាប់ឲ្យបានទាន់ពេល ហើយបណ្តោ​ឲ្យ​ជននោះប្រព្រឹត្តសកម្មភាពខុសច្បាប់បន្តបន្ទាប់ទៀត។​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s