សហគមន៍​ថា ឧកញ៉ា​ ៣​រូប​បញ្ជូន​​គោ​យន្ត ២​រយ​គ្រឿង​ និង​រថយន្ត​ប៉ាកុង ៣០​គ្រឿង ចូល​ដឹក​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ខេត្ត​មណ្ឌល​គិរី

ប្រភព ៖ វិទ្យុអាស៊ីសេរី

រថយន្ត​ប៉ាកុង​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ឋិត​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ ២០១៨។

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​ព្រៃ​ភ្នំ​ព្រេច​​កម្រើក​ឡើង​វិញ​ ក្រោយ​ពី​​ស្ងប់​ស្ងាត់​មួយ​រយៈ​អំឡុង​​ពេល​បោះ​ឆ្នោះ​ជាតិ។ សហគមន៍​រស់​នៅ​តំបន់​នោះ​បង្ហើប​ថា​ ថ្មីៗ នេះ​ឧកញ៉ា ៣រូប​ ដែល​ល្បី​ឈ្មោះ​ខាង​ជូញ​ដូរ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ បាន​បញ្ជូន​គោយន្ត​ ២០០ គ្រឿង​ និង​រថយន្ត​ប៉ាង​កុង ៣០គ្រឿង ចូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។

កម្មករ​ច្រើន​ក្រុម​កំពុង​ធ្វើសកម្មភាព​អារ​រំលំ​ឈើ​មូល​ធំ​ៗ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេ​ច​ឋិត​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី​រួច​ដឹក​ជញ្ជូន​តាម​គោយន្ត​និង​រថយន្ត​ប៉ាកុង​​​ពី​ក្នុង​ព្រៃ​ចូល​ដេប៉ូ​អារ​ឈើ​នៅ​តំបន់​នោះ។ សហគមន៍​ថា​ ឧកញ៉ា ៣រូប​ ឈ្មោះ​ ស៊ឹង សំអុល តុប វីដា និង​ឧកញ៉ា ប៉ោ សំអឿន ជា​មេ​ក្លោង​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ខ្លួន ក៏​ប៉ុន្តែ​ប្រសិន​បើ​ពលរដ្ឋ​ណា​មិន​លក់​ឈើ​ទាំង​នោះ​ឲ្យ​ខ្លួន​នោះ​ទេ នឹង​ប្រឈម​ការ​អនុវត្ត​ច្បាប់។

សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ សីហា​ថា ឧកញ៉ា​ទាំង​នោះ​ កំពុង​ចែក​តំបន់​គ្នា​បញ្ជូន​កម្មករ​ចូល​អារ​រំលំ​ឈើ​​មូល​ធំៗ ធ្វើ​អាជីវម្ម​ទ្រង់ទ្រាយ​ធំ​ ដោយ​មាន​រថយន្ត​ប៉ាកុង​ និង​គោយន្ត​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មក​អារ​ច្រៀក​ក្នុង​ដេប៉ូ​អារ​ឈើ​នៅ​តំបន់​នោះ ​រួច​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា​ គោយន្ត​២០០ គ្រឿង និង​រថយន្ត​ប៉ាកុង ​៣០គ្រឿង​កំពុង​ធ្វើសកម្មភាព​ដឹក​ជញ្ជូន​ឈើ​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ បន្ទាប់​មក​គេ​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ តាម​ផ្លូវ​សំពោច​ស្រែ​នាម​ឆ្លង​កាត់​ភូមិសាស្ត្រ​ស្រុក​ស្នូល ខេត្ត​ក្រចេះ​រួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​ត្រពាំង​ស្រែ ​និង មួយ​ចំនួន​ដឹ​ក​​ទៅ​កាន់​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​។ លោក​បារម្ភ​ថា​ មិន​យូរ​ទេ​ព្រៃ​អភិរក្ស​មួយ​នេះ នឹង​រលាយ​ទាំង​ស្រុង​​នៅ​​ពេល​​ដ៏​ខ្លី​​ខាង​​មុខ​នេះ​ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​ឃុបឃិត​ជា​ចង្កោម​បែប​នេះ៖ «ចូល​ច្រក​ហ្នឹង មាន​ឡាវ​​ប៉ាកុង ៣០គ្រឿង និង​គោយន្ត​ចូល​គ្រប់​ច្រក។ យើង​មាន​ការ​បារម្ភ​ខ្លាំង​ណាស់ បទ​ល្មើស​លើក​នេះ​វិនាស​ព្រៃ​ឈើ។ ព្រៃ​ឈើ​ហ្នឹង​ដឹក​ដោយ​រថយន្ត​យី​ឌុប​ធំៗ»

អា​ស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក អេង​ ហ៊ី តែ​លោក​បាន​ចុះ​ផ្ដាច់​ទូរស័ព្ទ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ​ សុភាព​ក៏​មិន​អាច​ទាក់ទង​បានដែរ​នៅ​ថ្ងៃ​ទី​ ១៤ សីហា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កន្លងទៅ​ លោក​ហ៊ុន សែន​ បាន ​ថ្លែង​ទទួល​ស្គាល់​ថា​ ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​កើត​មាន​ច្រើន​ក្នុងព្រៃ​អភិរក្ស​ ហើយ​លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​លោកយកចិត្តទុកដាក់​សហការ​ជា​មួយ​ពលរដ្ឋ​ឲ្យ​គ្រប់ជ្រុងជ្រោយ ផ្តល់​ដំណឹង​បទ​ល្មើស​ព្រៃឈើ៖ «រដ្ឋបាល​ព្រៃ​ឈើ និង​ក្រុម​បរិស្ថាន មនុស្ស ៥០នាក់ ព្រៃ ៥ម៉ឺន​ហិកតារ ពិបាក​ណាស់ ប៉ូលីស​មិន​ងាយ​រក​ចោរ​ទេ។ ប៉ុន្តែ​ជួន​កាល​ចោរ និង​ប៉ូលិស​សហការ​គ្នា​ទៀត អ្នក​កាប់​ឈើ និង​អ្នក​ការពារ​ព្រៃ​ឈើ អាហ្នឹង​ងាប់​បណ្តោយ»

សកម្មជន​ការពារ​ព្រៃឈើ ​លោក ហេង ស្រស់ អង្កេត​ឃើញ​ថា ស្លាក​សញ្ញា​ច្រើន​ផ្ទាំង ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ហ៊ុន​ សែន​ កំណត់​ជា​ព្រៃ​អភិរក្ស​នោះ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ ដែល​មាន​ក្រសួង​បរិស្ឋាន​ជា​សេនាធិការ​នោះ គឺ​គ្រាន់​ជា​រូប​ភាព​ល្អមើល​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ ក្រុម​ឧកញ៉ា​មួយ​ចំនួន កំពុង​ដណ្តើម​គ្នា​លេប​ត្របាក់ ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ ដោយ​គ្មាន​ការ​ឈប់​ស្កាត់៖ «យន្ត ២រយគ្រឿង និងប៉ាកុង ៣០គ្រឿង របស់ឧកញ៉ា ៣រួប នៅ ៧ឧកញ៉ា​ទៀត មិន​ទាន់​ធ្វើ​សកម្មភាព។ បើ​សិន ៧​ឧកញ៉ា កៀរគរ​ពលរដ្ឋ​ទៀត នៅ​តំបន់​ភ្នំ​ព្រេច​អាច​រលាយ​នៅ​អាណត្តិ​ទី៦ ដោយសារ​ឧកញ៉ា​ទាំង ១០​រូប​ហ្នឹង »

លោក ហេង ស្រស់ ​បន្ថែម​ថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ គឺ​​ទទួល​​ប្រាក់​ខែ​រាជការ​ផង​ និង​ទទួល​បាន​ប្រាក់ខែ​ពីក្រុម​ឧកញ៉ារកស៊ី​ឈើខុស​ច្បាប់​ទាំង​នោះ​ផង ដែល​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថានត្រូវ​ពិនិត្យ​ករណី​នេះ ​ ខណៈ​​សហគមន៍​រស់​នៅ​តំបន់​នោះ តែង​ប្រទះ​ឃើញ​មន្ត្រី​បរិស្ថាន​ទាំង​នោះ​ទទួល​សំណូក​ពី​ជន​ល្មើស​ដឹក​ឈើ​ខុស​ច្បាប់ ​ឆ្លង​កាន់​មុខ​ទីស្នាក់ការ​បរិស្ថាន៖ «ព្រៃ​អភិរក្ស​លែង​មាន​ប្រសិទ្ធិភាព​ទៀត​ហើយ ឧកញ៉ា​ទាំង​នោះ​មិន​បាន​គោរពអនុក្រឹត្យ​ទេ។ អំពើ​ពុក​រលួយ​ក្រុម​អ្នករ​ស៊ី​ឈើ គេ​ជិះ​បុក​ស្នាក់​ការ​បរិស្ថាន ក៏​មន្ត្រី​បរិស្ថានទូត​យាម​នៅ​តំបន់​ភ្នំ​ព្រេច​ធ្វើ​អី​គេ​មិន​ចេញ​ដែរ»

ដែន​ជំ​រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ត្រូវ​បាន​ព្រះមហាក្សត្រ នរោត្តម សី ហនុ កំណត់​ជា​ព្រះរាជ​ក្រឹត្យ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣ មាន​ផ្ទៃ​ដី​ជាង ២២​ម៉ឺន​ហិកតារ (២២២.៥០០) ឋិត​នៅ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នូល ខេត្ត​ក្រចេះ។

សកម្មជន​បរិស្ថាន​បន្ថែមថា ​រ៉ៃ​អារ​ច្រៀក​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​មាន ១៣កន្លែង និង​មាន​ក្រុមហ៊ុន​ឯកជន​ខ្លះ​បោះ​ទីតាំង​ប្រមូល​ឈើ​នៅ​តំបន់​នោះ​ផង។ លើស​ពី​នេះ​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​នៅ​តំបន់​នោះ មិន​បាន​ហាមឃាត់​ក្បូន​រថយន្ត​ដឹក​ឈើ​ខុស​ច្បាប់ និង​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​តាម​តួនាទី​នោះ​ទេ បែរជា​រឹតត្បិត​ក្រុម​យុវជន​ឃ្លាំ​មើល​បរិស្ថាន​មិន​ឲ្យ​ចេញ​ចូល​តំបន់​នោះ​ទៀង​ផង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s