អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ពលរដ្ឋ​នៅ​សេសាន​បញ្ចប់​ការ​តវ៉ា​ជា​ថ្នូរ​នឹង​ដំណោះស្រាយ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរចាស់ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​សន្យា​ជា​ថ្មី​ទៀត​នៅ​ចំពោះ​មុខ​អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួលយក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា​នឹង​ដោះស្រាយ​ការ​សំណូមពរ របស់​ពលរដ្ឋ​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាង​មុន​នេះ។

អ្នកភូមិ​ថា ពួកគាត់​នៅ​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ នៅ​គ្រា​ដែល​អាជ្ញាធរ​បង្ក្រាប​ឲ្យ​ពួកគាត់​ផ្តិត​មេដៃ បញ្ចប់​ការ​តវ៉ា ទាមទារ​សំណង ប្រសិនបើ​អាជ្ញាធរ ដោះស្រាយ​ការ​សំណូមពរ​របស់​ពួកគាត់​ទាំង ៦​ចំណុច។

អភិបាលរង​ខេត្ត​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ ដែល​ក្រាញននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ថា អាជ្ញាធរ​ខេត្ត​នឹង​ពន្លឿន​ដំណោះស្រាយ ៦​ចំណុច មក​អនុវត្ត​ឲ្យ​បាន​ឆាប់ៗ​នេះ​។ ការ​សំណូមពរ​ពលរដ្ឋ​រួមមាន ជួសជុល​ផ្លូវ​ពីរ​ខ្សែ សាងសង់​សាលារៀន បណ្ដុះបណ្ដាល​គ្រូបង្រៀន​សហគមន៍ សាងសង់​មណ្ឌល​សុខភាព ជីក​ស្រះ​ទឹក និង​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

ពលរដ្ឋ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន លោក ប្រច់ រិទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃទី១៥ សីហា ថា លិខិត ដែល​អាជ្ញាធរ​ខេត្ត​បង្គាប់​ឲ្យ​អ្នកភូមិ​ផ្តិត​មេដៃ ទទួលយក​ដំណោះស្រាយ ៦ ចំណុច​នោះ បាន​បង្កប់​ខ្លឹមសារ​ឃ្លា​ចុងក្រោយ បង្ខំ​ឲ្យ​ពួកគាត់​បញ្ចប់​ការ​តវ៉ា និង​ទទួលស្គាល់​ថា ដំណោះស្រាយ​នេះ យុត្តិធម៌ និង​ត្រឹមត្រូវ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពួកគេ​ព្រួយចិត្ត​ខ្លាចក្រែង​អាជ្ញាធរ យក​ទៅ​ប្រើប្រាស់​កៀប​សង្កត់​ពួកគាត់ មិន​ឲ្យ​តវ៉ា។ លោក​ថា សំណូមពរ​រទាំង ៦​ចំណុច​នេះ គ្រាន់​ជា​ដំណោះស្រាយ​បឋម​ប៉ុណ្ណោះ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួកគាត់ ដែល​កំពុង​លំបាក​វេទនា ផ្លូវ​លំបាក​ធ្វើដំណើរ ខណៈ​ដែល​លំនៅឋាន ភូមិកំណើត ផ្នូរ​កប់​សព្វ និង ទ្រព្យសម្បត្តិ​របស់​ពួកគាត់ បាន​លិចលង់​ជិត ១​ឆ្នាំ​មក​ហើយ។ «»

ពលរដ្ឋ​ម្នាក់ទៀត លោក គឹម ឌឿង វ័យ ៦០​ឆ្នាំ កត់សម្គាល់​ថា ច្រើន​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​បោះបង់ចោល​ពួកគាត់ មិន​អភិវឌ្ឍន៍​អ្វី​ទាំងអស់ ធ្វើ​ឲ្យ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ១០​គីឡូម៉ែត្រ​ចូល​ឃុំ​ក្បាល​រមាស​ខូចខាត​ទាំងស្រុង លំបាក​ធ្វើដំណើរ​ខ្លាំង និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង ទម្រាំ​ដល់​ផ្លូវជាតិ​លេខ ៧៨​ចាស់។ រីឯ​កុមារ ៨០​នាក់ បោះបង់​ការសិក្សា ដោយសារ​គ្មាន​សាលារៀន និង ខ្វះ​គ្រូបង្រៀន។ លោក​ថា មក​ទល់​ពេល​នេះ​មាន​អ្នក​ភូមិ ៤​នាក់​ហើយ​បាន​ស្លាប់ ខណៈ​ដែល​ក្រុមហ៊ុន​បិទទ្វារ​ទឹក លិចលង់​ផ្ទះសម្បែង​ពួកគាត់ នាំ​ឲ្យ​ពួកគេ​បង្ខំចិត្ត​ជម្លៀស​មក​រស់​នៅ​លើ​ទី​ទួល​សុវត្ថិភាព​រស់នៅ​លំបាក​វេទនា ប្រឈម​បញ្ហា​សុខភាព ខ្វះខាត​ទឹក​ស្អាត និង​ខ្វះ​ស្បៀងអាហារ​ជាដើម។ «»

កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ថា នឹង​កសាង​ភូមិ​ថ្មី​ជូន​ពលរដ្ឋ ដែល​បដិសេធ​មិន​ទទួល​សំណង និង​ផ្ដល់​សេវា​សាធារណៈ​ជាដើម។

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ ២០១៨ អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន សន្យា​ថា នឹង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ រួមមាន សាងសង់​សាលារៀន ផ្លូវ មណ្ឌល​សុខភាព និង ចុះបញ្ជី​ដី​សមូហភាព។

មេឃុំ​ស្រែគរ​ជាប់ឆ្នោត លោក សៀក មេគង្គ អង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង ហាក់​ត្រូវ​បាន​អាជ្ញាធរ​រើសអើង និង​ចាត់​ទុក​ពួកគេ​ជាស​ត្រូវ​នៃ​ការអភិវឌ្ឍ ព្រោះ​ផ្ទះសម្បែង​ពលរដ្ឋ​លិចលង់​ទាំងស្រុង ច្រើន​ខែ​ហើយ នៅតែ​ឃើញ​អាជ្ញាធរ​សន្យា​ដដែលៗ មិន​ព្រម​អនុវត្ត​ជាក់ស្ដែង នាំ​ឲ្យ​ពលរដ្ឋ​នៅតែ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ លោក​ថា ក្រោយពី​ក្រុមហ៊ុន​បិទទ្វារ​ទឹក​លិចលង់​ភូមិឋាន​ពួកគាត់ បង្ក​ឲ្យ​អ្នកភូមិ​លំបាក​វេទនា​សព្វបែបយ៉ាង ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ កុមារ​បោះបង់​ការ​សិក្សា គ្មាន​មណ្ឌល​សុខភាព និង​ផ្លូវ​លំបាក​ធ្វើដំណើរ​ជាដើម។ រីឯ​ប្រព័ន្ធ​សេវា​ទូរស័ព្ទ ក៏​អាជ្ញាធរ​កាត់ផ្ដាច់​ដែរ ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​ទំនាក់ទំនង​សង្គម។ «»

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់ថា អាជ្ញាធរ​ខេត្ត និង ក្រុមហ៊ុន​គួរតែ​ពន្លឿន​ដោះស្រាយ ជួសជុល​ផ្លូវ ជា​អាទិភាព​មុនគេ ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពលរដ្ឋ​ធ្វើដំណើរ។ លោក​បន្ថែម​ថា ក្រុមហ៊ុន និង​អាជ្ញាធរ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ អនុលោម​តាម​គោលការណ៍​ណែនាំ​ប្រមុខ​ដឹកនាំ​ដែល​ធ្លាប់​សន្យា។ «»

មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៤៧​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួលយក​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន​នៅ​ឡើយ ហើយ​មក​ទល់​ពេល​នេះ ពួកគេ​នៅ​បន្ត​រស់​នៅ​លើ​ទី​ទួល​ខ្ពស់ នៅ​គ្រា​ដែល​ទឹក​លិចលង់​លំនៅឋាន​ពួកគេ​ទាំងស្រុង តាំងពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​បិទទ្វារ​ទឹកជា​ស្ថាប័ន​កាលពី​ចុង​ឆ្នាំ២០១៧៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s