អ្នក​បឹងកក់​និង HRW អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សកម្មជន​ដីធ្លី​នៅ​បឹងកក់​ធ្វើ​ពិធី​បួងសួង​សុំ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ពី​ល្ងាច​មិញ​។

ភ្នំពេញៈ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ កាលពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​បួងសួង សុំ​ឲ្យ​ដោះលែង​អ្នកស្រី​ ទេព វន្នី ដែល​ពិធី​បួងសួង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី​ល្បី​ឈ្មោះ​រូប​នេះ​ជា​អ្វី​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​អធិប្បាយ​ថា​ជា​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​ផ្អែក​លើ​បទចោទប្រកាន់​ «​ក្លែងក្លាយ​»​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​អង្គការ Vital Voices នៅ​សហរដ្ឋ​អាមេរិក​ប្រគល់​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​សកល​ឆ្នាំ​ ២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សកល​របស់​អង្គការ​នេះ​ផង​ដែរ​នោះ​បាន​ជាប់​ពន្ធ​នាគារ​អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​។

លោក Phil Robertson អនុប្រធាន HRW ផ្នែក​អាស៊ី​ថ្លែង​ថា​ករណី​របស់​អ្នកស្រី ទេព វន្នី ដែល​ឥឡូវ​នេះ​បាន​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​មក​ហើយ​នោះ​គឺជា​បទចោទ​ប្រកាន់​ «​ក្លែងក្លាយ​» ​ដែល​និយាយ​ដោយ​តុលាការ ដែល​បំពាន​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​អ្នកស្រី ទេព វន្នី គួរ​តែ​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់​។ នេះ​គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជាច្រើន​ដែល​មិន​អាច​ទទួល​យក​បាន ដែល​ក្នុង​នោះ​អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ក្នុង​លក្ខណៈ​មិន​ត្រឹមត្រូវ​ដើម្បី​យាយី និង​ចាប់​សកម្មជន​សិទ្ធិ​ដីធ្លី​ដែល​តវ៉ា​ដោយ​សន្តិវិធី​ដាក់​ពន្ធនាគារ​»​។

លោក Robertson ថ្លែង​ថា​៖ «​ស្ថានភាព​របស់​អ្នកស្រី ទេព វន្នី គួរ​ស្ថិត​នៅ​ក្នុង​ចំណោម​ការទាមទារ​ដោយ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួស​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ជាបន្ទាន់​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាត់ទុក​ការលើក​ឡើង​របស់ HRW ថា ប្រហែល​ជា​មាន​ទិដ្ឋភាព​នយោបាយ​នៅ​ពីក្រោយ ដើម្បី​វាយប្រហារ​មក​រដ្ឋាភិបាល​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ទណ្ឌិត ឬ​អ្នក​ជាប់ឃុំ​នៅ​កន្លែង​ហ្នឹង វា​គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​។ ចំពោះ​ច្បាប់​លើ​ពិភពលោក អង្គការ​អាច​បញ្ចេញ​ជា​យោបល់​ខ្លួនឯង គ្រាន់​តែ​ជា​សំណូមពរ​ទេ ខ្ញុំ​មើល ប៉ុន្តែ​មិន​អាច​មាន​ឥទ្ធិពល​ណា​ទៅ​ជ្រៀតជ្រែក​នៃ​ដំណើរការ​យុតិ្តធម៌​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទេ ការលើក​ឡើង​គ្រាន់តែ​និន្នាការ​នយោបាយ​តែ​ប៉ុណ្ណោះ​»​។

អ្នកស្រី​ ហួត ចាន់សុវណ្ណ អាយុ​ ៤៤ ​ឆ្នាំ​ដែល​ជា​បងស្រី​របស់​អ្នកស្រី​ វន្នី បាន​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី វន្នី កាលពី​ថ្ងៃ​អាទិត្យ​សបា្តហ៍​មុន​ដោយ​លើក​ឡើង​ថា ស្ថានភាព​របស់​គាត់​កំពុង​តែ​កាន់តែ​លំបាក​ទៅៗ​។ ​«​ខ្ញុំ​តែងតែ​អំពាវនាវ និង​ស្នើសុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ករណី​នេះ​ហើយ​ដោះលែង​ប្អូនស្រី​របស់​ខ្ញុំ​។ ស្ថានភាព​របស់​នាង​មិន​ល្អ​ទេ​នាង​ស្គមស្គាំង​ខ្លាំង និង​ពិបាក​ដកដង្ហើម​។ ខ្ញុំ​ឮ​ថា​នៅ​ថ្ងៃទី​ ២៤ ​សីហា​តុលាការ​កំពូល​នឹង​កោះ​ហៅ​នាង​។ ខ្ញុំ​នឹង​ទៅ​ទី​នោះ ហើយ​ខ្ញុំ​តែងតែ​នៅ​ទី​នោះ ដើម្បី​គាំទ្រ​នាង​។ ប្អូនស្រី​របស់​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​»​។

អ្នកស្រី វន្នី មាន​សំណុំ​រឿង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចោទ​ដូចជា​ «​ការប្រមាថ​មន្ត្រី​សាធារណៈ​» និង​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ ថ្ងៃ ចំពោះ​ការដឹកនាំ​ការតវ៉ា​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ការកាត់ទោស​ចំនួន​ ៣ ​បន្ថែម​ទៀត​ដោយ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​បឹងកក់​។ ដំបូង​អ្នកស្រី វន្នី និង​មនុស្ស​ ៣ ​នាក់​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ និង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ ខែ​ចំពោះ​ការប៉ះទង្គិច​ឆ្នាំ​ ២០១១ ជាមួយ​សន្តិសុខ​នៅ​ក្រៅ​សាលា​រាជធានី​។ ទោះ​យ៉ាង​ណា​ក្តី​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកស្រី​នៅក្នុង​សំណុំ​រឿង​នេះ​ត្រូវ​បាន​ច្រានចោល​កាលពី​ខែ​កុម្ភៈ​។

អ្នកស្រី វន្នី ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣០ ខែ​ដោយ​សាលា​ឧទ្ធរណ៍​ចំពោះ​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ហិង្សា​នៅក្នុង​ការតវ៉ា​នៅ​ខាងក្រៅ​ផ្ទះ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៣​។

អ្នកស្រី បូ ឆវី អាយុ​ ៤៥ ឆ្នាំ​ដែល​ធ្លាប់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៦ ខែ​ជាមួយ​អ្នកស្រី វន្នី ចំពោះ​បទ​ចោទ​ការប៉ះទង្គិច​ឆ្នាំ​ ២០១១ ជាមួយ​សន្តិសុខ​នៅក្រៅ​សាលា​រាជធានី​បាន​ថ្លែង​ថា​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា អ្នកស្រី បាន​ស្នើសុំ​ទៅ​សួរសុខទុក្ខ​អ្នកស្រី វន្នី នៅ​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល មិន​អនុញ្ញាត​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​នេះ​គឺ​អយុត្តិធម៌​ណាស់​ចំពោះ​គាត់ ខ្ញុំ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ជាប់​ពន្ធនាគារ​ ៦ ​ខែ ប្រសិន​បើ​តុលាការ​ឯករាជ្យ យើង​នឹង​មិន​ជាប់​ពន្ធនាគារ​សូម្បីតែ​ ១ ​ម៉ោង​ក៏​មិន​ជាប់​ដែរ​។ ពួកគេ​ខឹង​យើង​ខ្លាំង​ណាស់ ដោយសារ​យើង​បាន​ធ្វើការ​តវ៉ា​អំពី​ដី​បឹងកក់ ហើយ​យើង​ទទួល​បាន​ជោគជ័យ យើង​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ឥឡូវ​នេះ​»​។

បើ​តាម​អ្នកស្រី បូ ឆវី កាលពី​ម្សិលមិញ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​ធ្វើ​ពិធី​បន់ស្រន់​សូម​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី វន្នី​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្ទះ​របស់​អ្នកស្រី ទេព វន្នី ដោយ​មាន​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ផង​ដែរ​។

អ្នកស្រី ឆវី ថ្លែង​ថា​៖ «​យើង​ដឹងគុណ​ចំពោះ​គាត់​ (​វន្នី​) យើង​ចង់​ផ្តល់​ការគាំទ្រ​ផ្នែក​ស្មារតី យើង​ខឹង​ខ្លាំង​ណាស់​ដែល​អាជ្ញាធរ​ចោទប្រកាន់​គាត់ បំបែក​បំបាក់​គាត់​ពី​គ្រួសារ​។ យើង​សង្ឃឹម​ថា​គាត់​នឹង​បាន​ជួបជុំ​គ្រួសារ​វិញ​ឆាប់ៗ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s