តុលាការ​សម្រេច​មិន​ដោះលែង​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្រ្តាលី​ និង​បន្ត​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃ​ព្រហស្បតិ៍​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​កាត់​អង្គ​សេចក្តី​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក លោក​ James Ricketson អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី ដោយ​សម្រេច​មិន​ដោះលែង​ផលិតករ​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ។

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​សម្រេច​មិន​ដោះលែង​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​សំអាង​ថា​ ការ​ដោះលែង​រូបលោក​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នីតិវិធី​របស់​តុលាការ។

លោក​ James Ricketson​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ ដើម្បី​ថត​រូប​ការ​ប្រមូលផ្តុំ​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​នេះ​ ត្រូវ​បាន​រំលាយ​កាល​ពី​ចុង​ឆ្នាំ​មុន ​ដោយ​ចោទ​ថា​ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ចូល​មក​ដល់​នៅ​ក្នុង​ខែ​កក្តដា​កន្លង​ទៅ។

ក្នុងការ​កាត់​សេចក្តីលើ​សំណុំរឿង​របស់​លោក Ricketson កាលពីថ្ងៃ​ព្រហស្បតិ៍​ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បើក​សវនាការ​ជា​ពីរវគ្គ ដោយ​វគ្គ​ទីមួយ គឺ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សួរនាំ​លោក​ Ricketson ​អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ និង​ការ​សិក្សា ហើយ​និង​មុខរបរ​របស់​លោក។ ក្រុមប្រឹក្សា​ជំនុំ​ក៏បាន​ផ្តល់​ពេល​ដល់​មេធាវី​ពីររូប គឺអ្នកស្រី​ ពឹង យក់ហៀប និង​លោក​ គង់​ សំអុន ឲ្យផ្តល់​ការ​ពន្យល់​ដើម្បី​សុំ​ឲ្យ​លោក​ Ricketson ​បាន​នៅ​ក្រៅ​ឃុំ។

អ្នកស្រី ពឹង យក់ហៀប បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ កូនក្តី​របស់​អ្នកស្រី​ជា​អ្នក​សារព័ត៌មាន​ មាន​ចិត្ត​ស្មោះត្រង់ ហើយ​និង​ត្រៀម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​មន្ត្រី​តុលាការ​ជានិច្ច​ ប្រសិនបើ​កូនក្តី​អ្នកស្រី​ ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។

អ្នកស្រី​បាន​លើក​ឡើង​ចំណុច​សំខាន់ៗ​ចំនួន​ប្រាំមួយ ដើម្បី​គាំទ្រ​ដល់​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​កូនក្តី​អ្នកស្រី​ ដោយ​នៅ​ក្នុងនោះ​ កូនក្តី​អ្នកស្រី​សន្យា​ថា​ នឹង​មិន​ចាក​ចេញ​ពី​ទឹកដី​ប្រទេស​កម្ពុជា​ ដោយ​ការ​បន្ត​រស់​នៅក្នុង​ទីក្រុងភ្នំពេញ​ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​បាន និង​ការ​ធានា​ពី​កូនប្រុស​បង្កើត ​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ កូនក្តី​អ្នកស្រី​ក៏​ផ្តល់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នូវ​លេខ​កូដ​សម្ងាត់​នៃ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន និង​បាន​សន្យា​ថា មិន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​កម្ពុជា។

អ្នកស្រី​ថ្លែង​ក្នុងសាល​សវនាការ​តាម​ន័យ​ដើម​ថា៖

«គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ គាត់​មិន​គេច​វេស​ និង​ចូលរួម​គ្រប់ពេល​ តាម​ការ​អញ្ជើញ​របស់​តុលាការ»។

អ្នកស្រី​ប្រាប់​ក្រុមប្រឹក្សា​ជំនុំ​បន្ត​ថា​ មាន​ការ​ពិបាក​ក្នុងការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​លោក​ Ricketson ​ប្រសិន​បើ​រូបលោក​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ហើយ​ថា​ ការ​បន្តឃុំ​ខ្លួន​លោក​ Ricketson​ អស់​ជាង១៤ខែ​មកនេះ​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក​ ដែល​ពេល​នេះ​កំពុង​មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម​ទៀត​ផង។ អ្នកស្រី​បាន​បន្ថែម​ថា​ កិច្ច​ស៊ើបសួរ​របស់​តុលាការ​ដែល​ធ្វើ​កន្លងមក​ ក៏​មិនបាន​បង្ហាញ​នូវ​ភស្តុតាង​ដាក់​បន្ទុក​លើ​កូនក្តី​អ្នកស្រី​ផង​ដែរ។

សហការី​របស់​អ្នកស្រី​ ពឹង យក់ហៀប គឺ​លោក​មេធាវី​ គង់ សំអុន ក៏បាន​ថ្លែង​ការពារ​កូនក្តី​លោក​ថា​ ការ​ចោទ​កូនក្តី​លោក​ថា​ បាន​ប្រមូល​ព័ត៌មាន​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នៅ​កម្ពុជា​ ជា​ការ​ចោទប្រកាន់​ហួសហេតុ​ ហើយ​លោក​ក៏​មើល​មិន​ឃើញ​ពី​តម្រុយ​ណាមួយ​ ដែល​នាំ​ឲ្យ​ក្តី​លោក​ប្រព្រឹត្ត​បទល្មើស​ធ្ងន់​ធ្ងរ​បែបនេះ​ឡើយ។ លោក​អះអាង​ថា​ កូនក្តី​របស់​លោក​ជា​បញ្ញាជន និង​មាន​ការ​អប់រំ ហើយ​ថា​ការ​បន្ត​ឃុំខ្លួន​បាន​ធ្វើ​ឲ្យ​កូនក្តី​លោក​បាត់​ឱកាស​ធ្វើការ​ជួយ​សង្គម។

លោក​បាន​លើក​ជា​ចម្ងល់​ថា​ «តើ​វាជា​ការ​ថតរូប​ឬ?» ដែល​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។ ឬ​ក៏​តាម​ការ​សរសេរ​សារEmail?»។

លោក​គង់ សំអុន បាន​សង្កត់ធ្ងន់​ថា សម្រាប់​បញ្ហា​ការពារ​ជាតិ​នេះ​ មន្ត្រី​នគរបាល​យុត្តិធម៌​មិន​គួរ​មក​ដណ្តើម​ភារកិច្ច​របស់​មន្ត្រី​យោធា​នោះ​ទេ ដែល​បាន​បង្ហាញ​ថា​រឿងក្តីនេះ​មិន​ប្រក្រតី។ ​លោក​ស្នើសុំ​ឲ្យ​ដោះលែង​កូនក្តី​របស់​លោក។

ក៏ប៉ុន្តែ​ ការ​ពន្យល់​របស់​មេធាវី​ទាំងពីរ​ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​ សៀង សុខ​ ច្រាន​ចោល។

លោក​សៀង សុខ​ និយាយ​ថា​ លោក​មិន​ជជែក​ដេញ​ដោល​រឿង​ភស្តុតាង​ដែល​ប្រមូល​បានពី​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​ទេ។ លោក​ថ្លែង​តាម​ន័យដើម​ថា៖

«ផ្អែក​លើ​របាយការណ៍​ និង​ភស្តុតាង​ និង​ការ​ស៊ើប​សួរ​ បាន​ឲ្យ​ឃើញ​ថា​ ជន​ជាប់​ចោទ ​មិន​បាន​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក»។ លោក​បាន​បន្ត​ថា៖ «បទចោទ​នេះ​ ជា​បទឧក្រិដ្ឋ​ វត្តមាន​របស់​ជនជាប់​ចោទ​ គឺជា​ការ​សំខាន់»។

ក្នុង​សេចក្តី​សន្និដ្ឋាន លោក សៀង សុខ​ បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ឲ្យ​បន្ត​ឃុំ​ខ្លួន​ជនជាប់​ចោទ។

ក្រោយ​ការ​តតាំង​រវាង​មេធាវី និង​ព្រះរាជអាជ្ញា​រួចមក​នោះ ក្រុម​ប្រឹក្សា​ជំនុំជម្រះ បាន​សុំ​ពេល​ទៅ​ពិចារណា​រយៈពេល​ ២០នាទី។ ក្នុង​ម៉ោង​សម្រាក​នោះ​ លោក Ricketson ត្រូវ​គេ​សង្កេត​ឃើញថា​ ​បាន​លើក​បង្ហាញ​សំណុំ​ឯកសារ​ជាច្រើន​ បង្ហាញ​ដល់​អ្នក​ឃ្លាំមើល​ការ​ជំនុំ​ជម្រះ​ និង​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ រាល់​ការងារ​ទំនាក់​ទំនងរបស់​លោក​ដែល​បាន​ធ្វើ​កន្លងមក​ ​គឺ​គ្រាន់តែ​ជា​ការងារ​របស់​អ្នក​កាសែត​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ​ ជាង​មួយ​ម៉ោង​ក្រោយ​មក​ លោក​ចៅក្រម​ សេង លាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ចេញ​សាលក្រម​ សម្រេច​មិន​ដោះ​លែង​លោក​ James Ricketson ដោយ​អះអាង​ថា​ ការ​ដោះលែង​អ្នក​ផលិត​ភាព​ឯកសារ​រូប​នេះ​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ។

លោក​ចៅក្រម​សេង លាង​ ក៏​បាន​បន្ត​សវនាការ​វគ្គ​ទីពីរ​ ដើម្បី​កាត់​ទោស​លោក​ James Ricketson ក្នុង​សំណុំ​រឿង​ចារកម្ម​នេះ​ដដែល។ ក្នុង​សវនាការ​វគ្គទីពីរ​នេះ​ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ហៅ​សាក្សី​ចំនួន​៤នាក់​ ដើម្បី​ការពារ​ភាព​ស្អាត​ស្អំ​លោក​ Ricketson។

លោក Peter Weir អ្នកផលិតកុននាំមុខរបស់​អូស្រ្តាលី​បាន​មកបង្ហាញខ្លួន​នៅសាលាដំបូង​រាជធានីភ្នំពេញ​ ក្នុងនាម​សាក្សី​ឲ្យលោក​ James Ricketson កាលពីថ្ងៃទី​១៦ ខែ​សីហា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

លោក Pete Weir ដែល​ជា​អ្នក​ផលិត​ភាពយន្ត​ជនជាតិអូស្រ្តាលី​មួយរូប និង​ដែល​បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ Hollywood ស្ថិត​ក្នុង​ចំណោម​សាក្សី​ទាំង​បួននាក់​នោះ។ លោក​ Peter ត្រូវបាន​សួរនាំ​ដោយ​តុលាការ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​លោក​ Ricketson។

ក្នុងការ​ផ្តល់​សក្ខីកម្ម​ លោក Peter បាន​ផ្តល់​ការ​ពន្យល់​ជា​ច្រើន​ថា​ លោក​ Ricketson ​ដែល​ជា​មិត្តភក្តិ​របស់​លោក​គ្រាន់តែ​ជា​សិល្បៈករ ហើយ​លោក​បាន​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អូស្រ្តាលី​ តែ​តាម​ការ​ដាក់​សំណើ​ទៅ​អង្គភាព​ទទួល​បន្ទុក​ភាពយន្ត​ប៉ុណ្ណោះ។

លោក​អះអាង​ថា​ លោក​ Ricketson គ្មាន​ទំនាក់​ទំនង​ណាមួយ​ជាមួយ​គណបក្ស​នយោបាយ​ទាំង​នៅ​កម្ពុជា និង​នៅ​អូស្ត្រាលី។ លោក​ប្រាប់​តុលាការ​ថា​ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ លោក​ Ricketson ទំនង​ជា​បណ្តាល​មក​ពី​ការ​ភាន់​ច្រឡំ និង​ទំនាស់​វប្បធម៌។

លោក​ថ្លែង​ក្នុង​ន័យ​ដើម​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«James​ មិនមែន​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ណាមួយ​ ដែល​មាន​និន្នាការ​ឆ្វេង ឬ​ស្តាំនិយម​នោះ​ទេ។ James គ្មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​នយោបាយ»។

ដោយសារ​ការ​សួរ​ដេញដោល​បាន​អូស​បន្លាយ​ពេល​មកដល់​ម៉ោង​ជាង​៦លា្ងច នា​ថ្ងៃ​ព្រហស្បតិ៍​តុលាការ​ បាន​សម្រេច​លើក​ពេល​សវនាការ​កាត់ទោស​ លោក​ Ricketson ទៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ។

លោក​ ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ដែល​បាន​ឃ្លាំ​មើល​សវនាការ ប្រាប់​ VOA ​ថា​ ហេតុផល​ដែល​លើកឡើង​ ដោយ​មេធាវី​ គឺ​សមល្មម​ដែល​អាច​ឲ្យ​លោក Ricketson បាន​នៅ​ក្រៅឃុំ។ លោក​ថា​ សកម្មភាពរ​បស់​លោក​ Ricketson ក៏​មិន​បាន​បង្ក​ការ​ខូចខាត​ដល់​សន្តិសុខ​សង្គម​កម្ពុជា​ដែរ។

លោក​និយាយ​ថា៖

«យើង​ដូច​ជា​មើល​មិន​ឃើញ​ថា​ គ្រាន់​ពី​ចាប់​ James ឃុំ​ខ្លួន​ហ្នឹង​ ក៏​មិនទាន់​ឃើញមាន​អី​អន្តរាយ​ដល់​ប្រទេស​ជាតិ​ដែរ។ ហើយ​ James ខ្លួនឯង​ហ្នឹង​ ក៏បាន​ស្មោះត្រង់​រហូត​ប្រគល់​លេខ​សម្ងាត់​ ទូរសព្ទ​ ឬក៏​សម្ភារៈ​កំព្យូទ័រ​របស់​គាត់​ហ្នឹង​ឲ្យ​ទៅ​សមត្ថកិច្ច​ទៅទៀត។ អ៊ីចឹង​បើសិន​ជា​រយៈកាល​ហ្នឹង​ បើ​សិន​ជា​ James រាយការណ៍​ពី​ការណ៍​សម្ងាត់​អីផ្សេងៗ​ ឬ​ប៉ះពាល់អន្តរាយ​ទៅ​ដល់ប្រទេសកម្ពុជា​ហ្នឹង​ គឺ​ច្បាស់​ជា​ខាង​សមត្ថកិច្ច​ ឬក៏​ចៅក្រម​ស៊ើបសួរ​ហ្នឹង​ គាត់​បាន​រក​ឃើញ​បាត់​ទៅហើយ។ ប៉ុន្តែ​មក​ទល់​ពេលនេះ​ មិន​ទាន់​ឃើញ​មាន​អ្វី​ដែល​ជា​ផល​ប៉ះពាល់​ទៅ​លើ​ប្រទេស​កម្ពុជា​ ឬ​មហន្តរាយ​អី​មក​លើប្រទេស​កម្ពុជា​នោះ​ទេ»។

លោក Ricketson ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទចារកម្ម ​ដែល​បាន​ចែង​ក្នុង​មាត្រា​៤៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ មាត្រា៤៤៦​ ហាមឃាត់​ការ​ប្រមូល​ព័ត៌មាន ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​១០ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s