ក្រសួងការងារ សន្យា​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​រោងចក្រ ជូលី អាប់ភើរ៉ែល នៅ​ថ្ងៃ​ទី​២០ សីហា

ប្រភព ៖ វិទ្យុអាស៊ីសេរី

ក្រសួងការងារ សន្យាបើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ឲ្យ​កម្មករ​រោងចក្រ ជូលី អាប់ភើរ៉ែល (JULEE APPAREL) ដែល​តវ៉ា​ជាង​កន្លះ​ខែ​មក​នេះ នៅ​ដើម​សប្តាហ៍​ក្រោយ។ កម្មករ ថា ពួកគេបាន​ឃើញ​សេចក្តី​ជូន​ដំណឹង ដែល​គេ​បិទ​នៅ​មុខ​រោងចក្រ​រួច​ហើយ តែ​មិន​ទាន់​ឃើញ​បញ្ជី​តួលេខ​ប្រាក់​​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ដែល​ត្រូវ​ទទួល​បាន​ទេ។

កម្មកររោងចក្រ ជូលី អាប់ភើរ៉ែល ម្នាក់ លោក ញាន ពិសិដ្ឋ ប្រាប់​អាស៊ី​សេរី​ថា កម្មករ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្រសួង​ការងារ នឹង​បើក​ប្រាក់​ចំនួន​ប៉ុន្មាន​ឲ្យ​កម្មករ​ទេ ប៉ុន្ដែ​គ្រាន់​តែ​ឮ​តាម​គ្នា​ថា ក្រសួង​នឹង​បើក​ឲ្យ​ទាំង​អស់ គឺ ១០០​ភាគរយ នៃ​ប្រាក់​ខែ​សម្រាប់​ខែ​កក្កដា។ ចំណែក​ប្រាក់​អត្ថប្រយោជន៍ ឬ​ប្រាក់​អតីតភាព​បែប​ណា​នោះ កម្មករ​ថា ពួក​គាត់​មិន​ទាន់​ដឹង​ថា ក្រសួង​នឹង​បើក​ឲ្យ​ដែរ ឬ​យ៉ាង​ណា​ទេ៖ «»

ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី១៧ សីហា បាន​ជូន​ដំណឹង​ឲ្យ​កម្មករ​និយោជិត​ទាំង​អស់ នៃ​រោងចក្រ ជូលី អាប់ភើរ៉ែល នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ អាច​ពិនិត្យ​បញ្ជី​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ដែល​ក្រសួង​ភ្ជាប់​ជូន ហើយ​ក្រុម​មន្ត្រី​នៃ​ក្រសួង​ការងារ នឹង​បើក​ថវិកា​ជូន​កម្មករ​និយោជិត​ដោយ​ផ្ទាល់​ដៃ​សាមី​កម្មករ នៅ​ថ្ងៃ​ទី២០ សីហា នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ។

ក្រសួងការងារ​ប្រាប់​ឲ្យ​កម្មករ​និយោជិត​រោងចក្រ ជូលី អាប់ភើរ៉ែល យក​កាត​សម្គាល់​ខ្លួន​កម្មករ​ក្នុង​រោងចក្រ​ជា​ច្បាប់​ដើម ឬ​សៀវភៅ​ការងារ ឬ​បណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (ប.ស.ស) ឬ​អត្ដ​សញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ឬ​កិច្ចសន្យា​ការងារ ដើម្បី​បើក​ថវិកា​ពី​ក្រុម​មន្ត្រី​នៃ​ក្រសួង​ការងារ។

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ជូលី អាប់ភើរ៉ែល បាន​ផ្ទុះ​ការ​តវ៉ា ​ចាប់​តាំង​ពី​កំឡុង​ដើម​ខែ​សីហា ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ពី​បោះ​ឆ្នោត​វិញ បាន​លេច​ឮ​ព័ត៌មាន​ថា ថៅកែ​រោងចក្រ​ជា​ជន​ជាតិ​​កូរ៉េ បាន​ចង​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​រោងចក្រ ហើយ​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​រោងចក្រ​បាន​នាំ​គ្នា​រត់​ចោល​រោងចក្រ​អស់ ដោយ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ខែ​កក្កដា​ឲ្យ​កម្មករ។ កម្មករ​ប្រាប់​ថា រោងចក្រ​នេះ មាន​កម្មករ​សរុប ២៧០​នាក់ ហើយ​ទើប​តែ​បើក​ដំណើរ​ការ​បាន​ជិត ១​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់​​ពី​ថ្ងៃ​​ទី១ ខែ​មករា ឆ្នាំ២០១៨។ កម្មករ​បន្ដ​ថា​ ក្រុមហ៊ុន​នេះ នៅ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ចន្លោះ​ពី ២៥០​​ដុល្លា ទៅ ៣០០​ដុល្លារ​ក្នុង​ម្នាក់។

ក្រុម​កម្មករ​តែង​នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​រោងចក្រ​ជា​រៀងរាល់​ថ្ងៃ ពី​ព្រលឹម​ដល់​ព្រលប់ ហើយ​បណ្ដាក់​វេន​គ្នា ដេក​យាម​មុខ​ច្រក​ចេញ​ចូល​រោងចក្រ​នៅ​ពេល​យប់ ដោយ​បារម្ភ​ខ្លាច​មាន​ការ​លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​រោងចក្រ។ ម្ដង​ម្កាល ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចេញ​មក​ដោះ​ស្រាយ​ជាមួយ​កម្មករ ព្រោះ​កម្មករ​ត្រូវ​ការ​ប្រាក់​ឈ្នួល ដើម្បី​យក​ទៅ​សង​បំណុល និង​បង់​ថ្លៃ​បន្ទប់​ជួល​ជា​ដើម។

កម្មករសង្ឃឹម​ថា ក្រសួងការងារ នឹង​បើក​ប្រាក់​ឈ្នួល ដែល​ក្រុមហ៊ុន​ជំពាក់​ឲ្យ​កម្មករ​ពេញ គឺ ១០០​ភាគ​រយ នៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​កក្កដា រួមទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ប្រាក់​អតីតភាព ឲ្យ​កម្មករ​ឲ្យ​បាន​គ្រប់​ចំនួន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ក្រសួង​ការងារ​ថា នឹង​ផ្ដល់​ថវិកា​អ្វី​ខ្លះ ឲ្យ​កម្មករ​ទេ នៅ​ថ្ងៃ​ទី២០ សីហា​នោះ ដោយសារ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួគ៍ មិន​លើក​ទូរស័ព្ទ។

អាស៊ី​សេរី​ ក៏មិន​អាច​រក​ប្រភព​ភាគី​ខាង​ក្រុមហ៊ុន​រោងចក្រ ​សាកសួរ​ព័ត៌មាន​​បានដែរ ប៉ុន្តែ​បុគ្គលិក​រដ្ឋបាល​រោងចក្រ ជួលី អាប់ភែរ៉ែល ម្នាក់ ឈ្មោះ ឈឹម សុភាព ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក ស្រង់​សម្ដី​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី២ សីហា​ថា ក្រោយ​ថៅកែ​ស្លាប់ ភាគី​ពាក់ព័ន្ធ ដែល​គ្រប់​គ្រង​រោង​ចក្រ​ជូលី អាប់ភើរ៉ែល បាន​រត់​ចោល​រោងចក្រ​អស់ ក្រុម​រដ្ឋបាល ​បាន​សម្រេច​ប្រគល់​ការងារ​ទាំង​ឡាយ ឲ្យ​ទៅ​ក្រសួង​ការងារ​ ជា​អ្នក​ដោះ​ស្រាយ។

អ្នកសម្របសម្រួលមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ពន្យល់​ថា តាម​ច្បាប់​ការងារ កម្មករ​ត្រូវ​ទទួល​បាន​ប្រាក់​ជូន​ដំណឹង​ពី​ការ​បិទ​រោង​ចក្រ។ ប៉ុន្ដែ​ក្នុង​ករណី​កម្មករ​រោងចក្រ ជូលី អាប់ភើរ៉ែល មិន​ទទួល​បាន​ប្រាក់​ជូន​ដំណឹង​ទេ កម្មករ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត ប្រាក់​បំណាច់​បណ្ដេញ​ចេញ​ពី​ការងារ ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ប្រចាំ​ឆ្នាំ​ជា​ដើម។ សង្គមស៊ីវិល សង្គេត​ឃើញ​ថា កន្លង​មក​កម្មករ ដែល​រង​គ្រោះ​ពី​ថៅកែ​រត់​ចោល​រោងចក្រ តែង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​មិន​គ្រប់​ចំនួន៖ «»

លោក ឃុន ថារ៉ូ ផ្ដល់​យោបល់​ឲ្យ​ក្រសួង​ការងារ​ថា ចំពោះ​ករណី​កម្មករ​រោងចក្រ ជូលី អាប់ភើរ៉ែល ក្រសួង​ការងារ​ គួរ​ពិចារណា​សម្របសម្រួល​យ៉ាង​ណា ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ទាំង​អស់ ឲ្យ​ទៅ​កម្មករ ពិសេស​ប្រាក់​អតីត​ភាព​ការងារ ព្រោះ​រោងចក្រ​នេះ បើ​តាម​លោក​ដឹង គឺ​ទើប​បើក​មិន​ទាន់​បាន​មួយ​ឆ្នាំ​ទេ។ ដូច្នេះ​ប្រាក់​អតីត​ភាព​កម្មករ ប្រហែល​ជា​មិន​ច្រើន​ទេ ហើយ​ក្រសួង​គួរ​តែ​អាច​មាន​លទ្ធភាព​ផ្ដល់​ឲ្យ​កម្មករ​គ្រប់​ចំនួន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s