តំណាង​អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ជាប់​ទោស​ ១ ​ឆ្នាំ​កន្លះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំណាង​ពលរដ្ឋ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​កន្លងមក​។ រូបថត សហការី

ខេត្តកោះកុង​: សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហេង សុខ ​តំណាង​ពលរដ្ឋ​ ៥០ ​គ្រួសារ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ ២ ​លាន​រៀល​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ LYP GROUP របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​ការ​សម្រេច​ដែល​មន្ត្រី​សិទ្ធិមនុស្ស​ និង​​គ្រួសារ​ជន​ជាប់ចោទ​ថា អយុត្តិធម៌​។

ការចេញ​សាលក្រម​នេះ​បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​ ២៨ កក្កដា​ឆ្នាំ​នេះ ក្រោម​ការចោទប្រកាន់​ពី​បទ​- «​ប្រើ​អំពើហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» តាម​មាត្រា​ ២៥៣ ​នៃ​ច្បាប់​ភូមិបាល​ បន្ទាប់ពី​លោក ហេង សុខ បាន​ចូល​ទៅ​បោះបង្គោល​ព្រំ​លើ​ដី​កំពុង​មាន​ទំនាស់​។

កាលពី​ថ្ងៃ​ទី​ ២១ និង​ ២២ ខែ​កុម្ភៈ​​ឆ្នាំ​មុន លោក ហេង សុខ វ័យ​ ៤៨ ​ឆ្នាំ​តំណាង​ពលរដ្ឋ​ ៥០ ​គ្រួសារ​បាន​ចូល​ទៅ​បោះបង្គោល​ព្រំដី​នៅ​លើ​ដី​ទំនាស់​ចំនួន​ ១០៣ ​ហិកតា​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​នេះ​។ លុះដល់​ថ្ងៃ​ទី​ ២៣ ​កុម្ភៈ បុរស​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​តាម​បណ្តឹង​លោក ចាន់ ណាគ្រី ជា​​មេការ LYP GROUP​។ នេះ​បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះកុង​។

លោក មាន ព្រហ្មមុនី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា​ការសម្រេច​ឃុំ​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នេះ​គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ពួកគាត់​ជា​ម្ចាស់​ដី​ផ្ទាល់ និង​បាន​កាន់កាប់​ដោយ​សុចរិត​មុន​ក្រុមហ៊ុន​ទទួល​បាន​ដីសម្បទាន​ពី​រដ្ឋាភិបាល ប៉ុន្ដែ​បែរ​ជា​ត្រូវ​បាន​ជាប់ទោស​ទៅ​វិញ​។

លោក​បញ្ជាក់​ថា​៖ «​យើង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ដើម្បី​បាន​​ចូលរួម​ដោះស្រាយ​ដីធ្លី​ដោយ​សន្ដិវិធី​ហើយ​បើក​ឲ្យ​ពលរដ្ឋ​ផ្សេង​មាន​សិទ្ធិ​ចូលរួម​ដែរ​ក្នុង​គោលបំណង​ឲ្យ​មាន​តម្លាភាព យុត្តិធម៌ ត្រឹមត្រូវ និង​ពលរដ្ឋ​អាច​ទទួល​បាន​ដី​គ្រប់ៗ​គ្នា​ផង​»​។

អ្នកស្រី អ៊ុំ តេង អាយុ​ ៦៥ ​ឆ្នាំ​ត្រូវ​ជា​ម្ដាយក្មេក​លោក ហេង សុខ បាន​ថ្លែង​​ពី​ម្សិលមិញ​ថា​វា​ជា​រឿង​អយុត្តិធម៌​ណាស់​ចំពោះ​ការសម្រេច​របស់​តុលាការ​​នេះ​។ ពលរដ្ឋ​ដែល​មាន​លោក ហេង សុខ ជា​តំណាង​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ខេត្ត​ឲ្យ​ឆ្វៀល​ដី តែ​រដ្ឋបាល​​ខេត្ត​មិន​ព្រម​ដោះស្រាយ​បែរ​ជា​ចាប់​ខ្លួន​គាត់​ចោទ​ពី​រឿង​ព្រហ្មទណ្ឌ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​អ៊ីចឹង​យើង​គិត​ថា រឿង​ហ្នឹង​វា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ ហើយ​ខ្ញុំ​ថា​ការឃុំ​ខ្លួន​គាត់​ម្នាក់​ទៀត​នេះ យើង​គិត​ថា​ក្រុមហ៊ុន​នេះ​គឺ​មិនមែន​ជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​ជួយ​ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ភាពក្រីក្រ​ទេ​។ សូម​ដោះលែង​កូន​ខ្ញុំ​វិញ​មក គ្មាន​អ្នក​នៅ​មើលថែ​គ្រួសារ​គេ​ទេ កូន​ក៏​តូចៗ​ប្រពន្ធ​ក៏​គ្មាន​មុខរបរ​ដែរ​ពួកគេ​កំពុង​វេទនា​ខ្លាំង​ណាស់​លោក​តុលាការ​អើយ​»​។

លោក អ៊ុន សុវណ្ណធានី អ្នក​នាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​លោក​ឆ្លើយ​ថា កំពុង​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​។

លោក ចាន់ ណាគ្រី មេការ​ក្រុមហ៊ុន លី យ៉ុងផាត់ បាន​លើក​ឡើង​ថា​លោក​មិន​ទាន់​ដឹង​ពី​ការប្រកាស​សាលក្រម​នៃ​រឿង​នេះ​ទេ​ដោយ​លោក​ថា​រវល់​នៅ​ភ្នំពេញ ប៉ុន្ដែ​លោក​នៅ​តែ​ថា​ឈ្មោះ ហេង សុខ បាន​រំលោភ​ដី​ក្រុមហ៊ុន​ទាំង​គាត់​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។

លោក​បញ្ជាក់​ថា​៖ «​ដី​នេះ​មិនមែន​ជា​របស់​ពួកគាត់​ទេ ព្រោះ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ដោយ​បាន​កំណត់​ព្រំដី និង​មាន​របង​ច្បាស់លាស់ ហើយ​ពួកគាត់​ចេះ​តែ​មក​ចង្អុល​ថា កន្លែង​នេះ​ដី​គាត់ កន្លែង​នោះ​ដី​គាត់ ហើយ​យើង​ធ្វើ​នេះ​គឺ​តាម​នីតិវិធី​ច្បាប់​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​រំលោភ​ដី​ក្រុមហ៊ុន​ផ្ដេសផ្ដាស​ទេ​។ កន្លង​មក​ពួកគាត់​ដើរ​តែ​ចោទ​ថា ក្រុមហ៊ុន​រំលោភ​ដី​គាត់ ប៉ុន្ដែ​គ្មាន​ទេ​គឺ​ពួកគាត់​ទេ ដែល​មក​រំលោភ​ដី​ក្រុមហ៊ុន​»​។

ប៉ុន្តែ​បើ​តាម​បណ្តឹង​របស់​លោក ហេង សុខ ទំនាស់​នេះ​បាន​កើតឡើង​ពេល​ក្រុមហ៊ុន​នេះ​បាន​ចូល​មក​ដល់​តំបន់​ព្រែក​ខ្សាច់​នៅ​ឆ្នាំ​ ២០០៥​។ ​លុះ​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦ ​ជម្លោះ​រីក​កាន់តែ​ធំ​ ខណៈ​ក្រុមហ៊ុន​បាន​នាំ​មន្ត្រី​បរិស្ថាន​មក​បោះបង្គោល​ព្រំ​ដី​ចំនួន​ ៦ ​ចាប់ពី​ចំណុច​ឆាយ​ក្រូច​មក​ដល់​ចំណុច​លើ​ត្រពាំង​គា​ក្នុង​ភូមិ​សំរុង​តាកែវ​។ ការបោះបង្គោល​នេះ​បាន​ហ៊ុមព័ទ្ធ​ផ្ទៃដី​សរុប ​១០៣ ​ហិកតា​ដែល​ពលរដ្ឋ​ ៥០ ​គ្រួសារ​អះអាង​ថា ជា​ដី​ពួកគាត់​។

ពាក្យ​បណ្តឹង​ដដែល​រៀបរាប់​ថា​ក្រោយ​មក​គឺ​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ដែល​មាន​លោក ចាន់ ណាគ្រី ជា​តំណាង​បាន​ឱ្យ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើឲ្យ​បាត់​ស្លាកស្នាម​ព្រំដី​ពលរដ្ឋ​អស់​។

ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា​៖ «​ពួកខ្ញុំ​នាំ​គ្នា​ចេញ​ទៅ​តវ៉ា​សុំ​ឲ្យ​គ្រឿងចក្រ​ផ្អាក​ការ​ឈូសឆាយ​ក៏​តំណាង​ក្រុមហ៊ុន​មិន​ព្រម​ស្តាប់​ដែរ​»​។

ក្នុង​បណ្តឹង​នោះ​លោក ហេង សុខ ក៏​បាន​សុំ​អន្តរាគមន៍​ពី​អភិបាលខេត្ត​លោកស្រី មិថុនាភូថង គឺ «​ស្នើសុំ​ឆ្វៀល​ផ្ទៃដី​ទំហំ​ ១០៣ ​ហិកតា​ដែល​មាន​ទីតាំង​នៅ​​ចំណុច​វាលពួចធំ ភូមិ​សំរុងតាកែវ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​ពី​ទីតាំង​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន និង​សុំ​ចុះ​បញ្ជី​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​»​។

ជម្លោះ​ដីធ្លី​នេះ​បាន​កើតឡើង​ក្រោយ​​ពី​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ប្រមាណ​ ៩៩៧៧ ​ហិកតា​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០១០​។ ផ្ទៃដី​កំពុង​កើត​មាន​ជម្លោះ​នេះ​គឺ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុមសាគរ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s