ពលរដ្ឋ​៣០០​គ្រួសារ​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​នាំគ្នា​តវ៉ា​ជាថ្មី​នៅ​ក្រសួង​ដែនដី

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​សហគមន៍​មួយ​ចំនួន​នៅ​ភ្នំពេញ តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មកពី​ឃុំ​២​ធ្នូ ក្នុង​ខេត្ត​ក្រចេះ ចំនួន​៣០០​នាក់​ដែល​បាន​ឡើង​មកដល់​ក្រុងភ្នំពេញ អះអាង​ថា នឹង​មិន​ត្រឡប់​ទៅ​ខេត្ត​វិញ​ទេ ប្រសិនបើ​នៅតែ​ពុំ​មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​មួយ​រូប លោក ញ៉ែម សុភឿន បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​វត្ត​សាមគ្គីរង្ស៊ី​កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​សីហា ថា ពួកគាត់​នឹង​ទៅ​តវ៉ា​នៅ​ខាងមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​ទី​២៣ សីហា ដើម្បី​ស្នើ​អោយ​មានការ​ធានា​ជាក់លាក់​ពី​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចំពោះ​ដំណោះស្រាយ​ណាមួយ ដែល​នឹង​ផ្ដល់​អោយ​ពួកគាត់៖ «បងប្អូន​ប្រជាពលរដ្ឋ​អត់​ទៅ​ទេ ចាំ​ទាល់តែ​បាន​កិច្ចសន្យា​ច្បាស់លាស់ គឺ​ចាំ​តស៊ូ​ទាល់តែ​បាន ទៅ​ក្រសួង​ទៀត។ បើ​មិនបាន​ដូច​ទំហំ​ដែល​បងប្អូន​មាន​ក៏​អោយ​បាន​ទំហំ ២​ហិកតារ ទៅ​២​ហិកតារ​កន្លះ​ក៏​បងប្អូន​ទទួលយក​ដែរ គឺ​ទាមទារ​អ៊ីចឹង»។

ជាច្រើនលើក​ហើយ​ដែល​ពលរដ្ឋ​ទាំង​៣០០​នាក់ តំណាង​អោយ​៣០០​គ្រួសារ​បាន​នាំ​គ្នា​តវ៉ា​រក​ដំណោះស្រាយ​បន្ទាប់ពី​កង​កម្លាំង​ចម្រុះ ប្រដាប់​ដោយ​អាវុធ​បាន​បង្ខំ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី បាន​ដុត​បំផ្លាញ​ផ្ទះ និង​ផលដំណាំ​របស់​ពួកគាត់​កាលពី​ខែ​មីនា ដើម្បី​រក្សា​ដី​សម្រាប់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ ក្រុមហ៊ុន​នេះ​បាន​អះអាង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ខែ​មីនា ថា​ក្រុមហ៊ុន​មិន​ដែល​បាន​រំលោភ​យក​ដី​របស់​ពល​រដ្ឋ​ទេ គឺ​ក្រុមហ៊ុន​ទៅវិញ​ទេ​ជា​អ្នករងគ្រោះ​ពី​កា​រំលោភ​យក​ដី​ដោយ​ពលរដ្ឋ។

បើ​តាម​លោក ញ៉ែម សុភឿន អ្នក​ភូមិ​ធ្លាប់​បាន​តវ៉ា និង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន កាលពី​ខែ​មេសា ព្រមទាំង​ទទួល​បានការ​សន្យា​ថា​នឹង​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ថ្នាក់​ខេត្ត ពលរដ្ឋ​មិន​បាន​ទទួល​ដំណោះស្រាយ​ណាមួយ​ពិតប្រាកដ ដែល​ធ្វើ​អោយ​ពលរដ្ឋ​គ្មាន​ទំនុក​ចិត្ត ទើប​នាំគ្នា​មក​តវ៉ា ដល់​ភ្នំពេញ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ។

កាលពី​ខែ​មីនា កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ប្រើប្រាស់​អាវុធ​បំបែក​ក្រុម​ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​រារាំង​ការ​បំផ្លាញ​ផ្ទះ និង​ផលដំណាំ​បណ្ដាល​ឲ្យ​ពលរដ្ឋ​របួស​៣​នាក់ ដោយ​គ្រាប់កាំភ្លើង មួយ​ចំនួន​ទៀត​របួស ដោយ​ការ​វាយដំ និង​៨​នាក់ ត្រូវ​បាន​ចាប់ខ្លួន ប៉ុន្តែ​ត្រូវ​ដោះលែង​មកវិញ។ ពលរដ្ឋ​អះអាង​ថា ភាគច្រើន​ពួកគាត់​បាន​ចូល​ទៅ​រាន​ដី​ព្រៃ​ដាំ​ដំណាំ និង​សង់ផ្ទះ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ទេ។ ទំហំ​ដី​ដែល​ពួកគាត់​រាន​ព្រៃ​បាន​តូច​បំផុត​គឺ​ជាង​២​ហិកតារ។ ពលរដ្ឋ​អះអាង​ដែរ​ថា ពួកគាត់​ប្រាថ្នា​ទៅ​រស់នៅ និង​ដាំ​ដំណាំ​លើ​ដី​របស់​គាត់​វិញ​

ជុំវិញ​រឿង​នេះ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ទេ​កាលពី​យប់មិញ​នេះ៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s