អ្នក​ក្រចេះ​ជាង ៣០០ នាក់​មក​ភ្នំពេញ​តវ៉ា​ឱ្យ​ពន្លឿន​ដំណោះស្រាយ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អ្នកតវ៉ា​ពេល​ចេញ​ពី​វត្ត​ត្រឡប់​ទៅ​ខេត្ត​វិញ​កាលពី​ម្សិលមិញ។ ផា លីណា

ក្រចេះ: អ្នកភូមិ​មាន​ជម្លោះ​ដីធ្លី​​ជាង ៣០០ នាក់​មកពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ តំណាង​ឱ្យ​ជាង​ ១៦០០ គ្រួសារ​បាន​នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេមត់ ប៉ុន្ដែ​មន្ត្រី​ប្រាប់​ឲ្យ​ទៅ​ដោះស្រាយ​នៅ​ខេត្ត​ផ្ទាល់​វិញ​។
លោក តូច ដុល តំណាង​ពលរដ្ឋ​ជាង​ ៣០០ ​នាក់​ដែល​បាន​ឡើង​មក​ភ្នំពេញ​ និង​តំណាង​ឲ្យ​ ១ ៦២៥ គ្រួសារ​ដែល​រស់នៅ​ក្នុង​​ឃុំ​ ២ ​ធ្នូ​ និង​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល​បាន​លើក​ឡើង​ថា ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ទើប​សម្រេច​ចិត្ត​នាំគ្នា​ឡើង​មក​​ក្រសួង​រៀប​ចំ​ដែនដី​ផ្ទាល់​ បន្ទាប់ពី​ពួកគាត់​រាប់ពាន់​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​តាំងពី​ដើម​ឆ្នាំ​ ២០១៨ ត្រូវ​បាន​ក្រុមហ៊ុន​ប្រើ​កម្លាំង​ទាហាន​បាញ់​ប្រហារ​ឲ្យ​រងរបួស​ជាច្រើន​នាក់ និង​​បាន​ឈូសឆាយ​ផ្ទះ​រួម​ទាំង​ដំណាំ​ពួកគាត់​ចោល ប៉ុន្ដែ​​គ្មាន​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​ឱ្យ​ទេ​។

លោក​បន្ត​ថា​ពេល​នេះ​អ្នកភូមិ​មិន​មាន​ដី​សម្រាប់​បង្ក​បង្កើន​ផល​ទេ ​ខណៈ​ក្រុមហ៊ុន​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គាត់​​អស់​ទៅ​ហើយ​នោះ។

លោក​ថា៖ «ពួកខ្ញុំ​បាន​តវ៉ា​សុំ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​នៅ​ថ្នាក់​ខេត្ត​ហ្នឹង​ជាច្រើន​លើក​មក​ហើយ​ ប៉ុន្ដែ​គ្មាន​អើពើ​អ្វី​ជាមួយ​ពួក​ខ្ញុំ​ទេ ​ហើយ​ពេល​ពួកខ្ញុំ​ឡើង​មក​ដល់​នេះ​ហើយ​ បែរ​ជា​លោក​អភិបាលរង​ខេត្ត​មក​សុំ​អង្វរ​ឲ្យ​ទៅ​ដោះស្រាយ​នៅ​ខេត្ត​វិញ​។

ពួកខ្ញុំ​ថា​ឲ្យ​ទៅ​ខេត្ត​ធ្វើអ្វី បើ​និយាយ​ភូតកុហក​រាប់​មិន​អស់​ហើយ​ហ្នឹង»​។

លោក ភិន ធា ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា​ការ​មក​ដល់​ភ្នំពេញ​នាពេល​នេះ​គឺ​ដើម្បី​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូសឆាយ​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ស្នើសុំ​កាត់​ចែក​ដី​ក្នុង​ ១ ​គ្រួសារ​​ទំហំ ២ ​ហិកតា​កន្លះ​ និង​សំណូមពរ​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​ ប៉ុន្ដែ​អាជ្ញាធរ​គ្រាន់តែ​ប្រាប់​ឲ្យ​ទៅ​ដោះស្រាយ​​នៅ​ខេត្ត។

លោក​បន្ត​ថា​៖ «ចៅហ្វាយ​ខេត្ត​គាត់​បាន​សន្យា​ថា បោះឆ្នោត​រួច​នឹង​វាស់​ចែក​ឲ្យ​ពួក​ខ្ញុំ​ដោយ​បាន​កំណត់​អត្តសញ្ញាណកម្ម​ឈ្មោះ​អស់​ហើយ​ ប៉ុន្តែ​ឥឡូវ​អត់​ឃើញ​ដោះស្រាយ​អី​សោះ ​ហើយ​គាត់​និយាយ​ទៀត​ថា ដោះស្រាយ​ឲ្យ​តែ​អ្នក​​នៅ​ស្រុក​ហ្នឹង​ទេ។​ អ៊ីចឹង​អ្នក​មកពី​ឆ្ងាយ​ហើយ​បាន​កាន់​កាប់​ដី​ហ្នឹង​យូរ​ឆ្នាំ​ហើយ​ អត់​បាន​អី​ផង​ហ្នឹង? អ៊ីចឹង​សុំ​ឲ្យ​ដោះស្រាយ​បាន​ដូច​គ្នា​ទៅ»​។

លោក ហឿ ស៊ីយ៉ែម អភិបាលរង​ខេត្ត​ក្រចេះ​ដែល​ចុះ​ជួប​ពលរដ្ឋ​ផ្ទាល់​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

យ៉ាង​ណា​ក្ដី​លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត​ក្រចេះ​បាន​លើក​ឡើង​ថា អាជ្ញាធរ​កំពុង​ប្រមូល​អត្តសញ្ញាណ​ដី​ និង​ព័ត៌មាន​អំពី​ប្រវត្តិ​ពួកគាត់​ ព្រោះ​ចំនួន​ពី​ដំបូង​មាន​តែ​ជាង ២០០ ​នាក់​ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​កើនឡើង​ដល់​ជាង ១ ពាន់​គ្រួសារ​ទៅ​ហើយ​។

លោក​បញ្ជាក់​ថា​៖ «ការពិត​យើង​បាន​ធ្វើ​អត្តសញ្ញាណ​ដី​ពួកគាត់​ជា​បន្ត​បន្ទាប់​ ប៉ុន្ដែ​ចំនួន​កើនឡើង​រហូត​ដល់​ជាង ១ ​ពាន់​គ្រួសារ​ អ៊ីចឹង​យើង​នៅ​កំពុង​ពិនិត្យ​បន្ថែម​ តើ​នរណា​ជា​ម្ចាស់​ដី​ពិតប្រាកដ ហើយ​ករណី​យឺតយ៉ាវ​គឺ​ដោយសារ​មន្ត្រី​យើង​ចុះ​ទៅ​ជួយ​អន្តរាគមន៍​រឿង​ទឹក​ជំនន់​ អ៊ីចឹង​យើង​ដោះស្រាយ​មួយ​រឿង​សិន ទើប​បន្ត​មួយ​រឿង​ទៀត​ព្រោះ​សុទ្ធតែ​សំខាន់ៗ​ដូច​គ្នា»​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា ករណី​នេះ​មិនមែន​ថ្មី​ទេ វា​គឺជា​ការ​សន្យា​ដដែលៗ​ចំពោះ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​។ ដូច្នេះ​អាជ្ញាធរ​គួរ​ស្វះស្វែង​រក​ដំណោះស្រាយ​​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ​។

លោក​បញ្ជាក់​ថា​៖ «បើ​មិន​ប្រញាប់​ដោះស្រាយ​បញ្ចប់​ទេ ខ្ញុំ​នៅ​តែ​យល់​ថា ពួកគាត់​នៅ​តែ​មិន​អស់​ចិត្ត​ ហើយ​​នៅ​តែ​បន្ត​នាំ​គ្នា​​តវ៉ា​រហូត​ និង​អាច​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ក្នុង​សង្គម​យើង»​។

កាលពី​ឆ្នាំ​មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ទៅ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដែល​មិន​ព្រម​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ។

លោក​ធ្លាប់​បញ្ជាក់​ថា៖ «គាត់​ដាំដុះ​នៅ​កន្លែង​ហ្នឹង​ គាត់​នៅ​កន្លែង​ហ្នឹង​ប្រគល់​ឲ្យ​គាត់​ទៅ​ខ្ញុំ​បាន​និយាយ​រហូត​ដល់​ប៉ុណ្ណេះ​នោះ បើ​ក្នុង​គណបក្ស​ខ្ញុំ​បាន​និយាយ​ថា​ដី​ហ្នឹង​ ដី​ម៉ែ​លោក​ឯង​ហី? បាន​ប្រកាច់​ខំ​ទុក​ធ្វើ​អី?

មិន​ចែក​ឲ្យ​ប្រជាជន​ទៅ! ​អាហ្នឹង​និយាយ​ឲ្យ​ពិត វា​ដូចជា​ហួស​ ស្រឡាញ់​ដី​ហួស ដី​ម៉ែ​លោក​ឯង​ហី? ម៉េច​មិន​ចែក​ឲ្យ​ប្រជាជន​ទៅ»​។

កាលពី​ថ្ងៃ​ទី​ ៨​ ខែ​មីនា​ ឆ្នាំ​ ២០១៨ អ្នកភូមិ​ជាច្រើន​នាក់​បាន​រងរបួស​ដោយសារ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង​ដែល​ចុះ​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​ ខណៈ​ពលរដ្ឋ​បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​ ៧៦ ​A​។ កាល​នោះ​ក្រុម​អ្នកភូមិ​ចោទ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ថា​បាន​រំលោភ​យក​ដីធ្លី​ទំហំ​ពី ៣ ទៅ​ ៤ ហិកតា​ក្នុង​មួយ​គ្រួសារ និង​បំផ្លាញ​ដំណាំ​ផ្ទះ​សំបែង​ព្រមទាំង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ទៀត​ផង​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s