តុលាការ​ឃុំ​ខ្លួន​ ៥ ​នាក់​រឿង​កាប់​ឈើ និង​បរបាញ់​សត្វ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្រុម​ជនសង្ស័យ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​។ រូប wildlife Alliance

ខេត្តព្រះវិហារ: បុរស​ ៥ នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ២៥ សីហា​ពាក់ព័ន្ធ​នឹង​ការលួច​កាប់​ដឹក​ជញ្ជូន​ឈើ​ប្រណីត និង​បរបាញ់​សត្វ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ក្នុង​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី​។ នេះ​បើ​តាម​លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។

លោកស្រី ភី ស៊ីថង ថ្លែង​ថា​លោក​ព្រះរាជអាជ្ញា​សម្រេច​ឃុំ​ខ្លួន​ពួកគេ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ចំនួន​ ៣ រួម​មាន​ «​ការប្រើ​រណារយន្ត​កាប់​បំផ្លាញ​ព្រៃឈើ​គ្មាន​ការអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ការអនុញ្ញាត​​ និង​ការប្រើប្រាស់​អាវុធ​គ្មាន​​ការអនុញ្ញាត​ផង​ដែរ​»​។ ប៉ុន្តែ​នៅ​មិន​ទាន់​ពិន័យ​ជា​ប្រាក់​ទេ​ដោយ​រង់ចាំ​ការជំនុំជម្រះ​សិន​។

លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ធ្វើ​តាម​នីតិវិធី​តាម​បទល្មើស​ដែល​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​គឺ​យើង​ពិន័យ​ជា​ទឹកប្រាក់ ប៉ុន្ដែ​ទោស​ ២ ​ករណី​ទៀត​ត្រូវ​ជាប់​ពន្ធនាគារ​តាម​ស្ថាន​ទម្ងន់​ទោស​ក្នុង​មាត្រា​នៃ​ច្បាប់​»​។

លោក​ មាស ញឹម នាយក​ដែន​ជម្រក​សត្វព្រៃ​ ៤ ​តំបន់​រួមមាន ភ្នំ​ត្នោត ព្រៃឡង់ ង​ពេរ និង​ព្រះខ័ន បាន​ឲ្យ​ដឹង​ថា​អ្នក​ទាំង​ ៥ ​ប្រកប​មុខរបរ​កាប់​អារ​ព្រៃឈើ​ និង​បរបាញ់​សត្វព្រៃ ប៉ុន្ដែ​ត្រូវ​​បាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃាត់​ខ្លួន​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត​ពេល​ពួកគេ​កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​។

លោក​បន្ត​ថា​វត្ថុតាង​រឹបអូស​បាន​រួម​មាន​៖ ឈើ​ប្រណីត ២ ​ម៉ែត្រគុប រណារយន្ត​ ២ ​គ្រឿង កាំភ្លើង​ច្នៃ​ ២ ​ដើម ឧបករណ៍​ឆក់​ត្រី និង​អន្ទាក់​សត្វព្រៃ​មួយ​ចំនួន​ទៀត​។ វត្ថុតាង និង​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ​។

លោក​ថា​៖ «​មើល​តាម​វត្ថុតាង និង​ការប្រព្រឹត្ត​នេះ​យើង​មិន​ចាំបាច់​រក​អ្វី​មក​ដាក់​បន្ទុក​បន្ថែម​ទេ​គឺ​ពួកគាត់​ពិត​ជា​អ្នកប្រព្រឹត្ត​ពិតមែន និង​ត្រូវ​ទទួល​ទោស​តាមច្បាប់ ប៉ុន្ដែ​ យើង​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែម​ទៀត ព្រោះ​ពួកគេ​មក​កាប់​ឈើ​នេះ​មិន​មែន​មាន​គ្នា​តែ​ប៉ុណ្ណឹង​ទេ អាច​នឹង​មាន​ក្រុម​ផ្សេងៗ​ទៀត​ដែរ​»​។

លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ប៉ុន្ដែ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​រួច​ហើយ​។

លោក​ NickMarx ​នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (wildlife Alliance) ​បាន​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «​ខ្ញុំ​អត់​មាន​យោបល់​​អ្វី​ទេ ព្រោះ​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​លើ​រឿង​នេះ​ហើយ​»​។

កាលពី​ថ្ងៃ​ទី​ ១៨ ខែ​មេសា​ឆ្នាំ​នេះ​ក្រុម​អង្គការ​បរិស្ថាន​ចំនួន​ ៨ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​សម្ដែង​ «​ក្តីបារម្ភ​យ៉ាង​ខ្លាំង​» ​ចំពោះ​ស្ថានភាព​ក្នុង​ដែន​ជម្រក​​សត្វព្រៃ​នេះ​។ ​

ក្នុង​ចំណោម​នោះ​​អង្គការ​អភិរក្ស​កំពុង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​ «​អត្រា​បំផ្លាញ​​យ៉ាង​លឿន​» ​​ទៅ​លើ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ដែល​ទើប​ត្រូវ​បាន​បង្កើត​នាពេល​ថ្មីៗ​ក្នុង​ខេត្តព្រះវិហារ​ដែល​ពពួកសត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ត្រូវ​បាន​រកឃើញ​នៅ​តំបន់​ការពារ​នេះ​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​ថា​៖ «​ដូច​កើតមាន​កាន់តែ​ច្រើន​ឡើង ករណី​ក្នុង​តំបន់​ការពារ​ដទៃៗ​ទៀត​ទូទាំង​កម្ពុជា​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s