ប្រភព ៖ វិទ្យុអាស៊ីសេរី

ពីឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប មន្ត្រីសមាគមអាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការសំណុំរឿងមន្ត្រីសមាគម អាដហុក និងមន្ត្រី គ.ជ.ប ទៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខវិញ។
ការលើកពេលនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមមេធាវី ដោយសារតួអង្គសំខាន់ៗ មួយចំនួនក្នុងសំណុំរឿងអវត្តមានក្នុងសវនាការ នៅថ្ងៃទី២៧ សីហា។
សវនាការលើអង្គសេចក្តីនៃសំណុំរឿងមន្ត្រី អាដហុក ៤រូប និងមន្ត្រី គ.ជ.ប មួយរូប មិនអាចប្រព្រឹត្តទៅដូចការគ្រោងទុកឡើយព្រោះមន្ត្រី អាដហុក ២រូប មិនទទួលបានដីកាកោះ និងអវត្តមានសាក្សីជាច្រើនរូប។
មន្ត្រីនាំពាក្យសមាគម អាដហុក (ADHOC) លោក សឺង សែនករុណា ថ្លែងថា លោក នី ចរិយា លោក យី សុខសាន្ត និងលោក ណៃ វង់ដា បានចូលរួមក្នុងសវនាការ ដោយឡែកលោក នី សុខា និងអ្នកស្រី លឹម មុនី បានអវត្តមាន ព្រោះពួកគាត់មិនទទួលបានដីកាពីតុលាការ។ ចំណែកសាក្សីចំនួន ៧រូប ដែលត្រូវមកបំភ្លឺក្នុងសវនាការ មានតែម្នាក់ប៉ុណ្ណោះ ដែលមកចូលរួម ដោយ ៦នាក់ទៀត អវត្តមាន។ ក្នុងនោះក៏មានទាំងអ្នកនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលជាតួអង្គដ៏សំខាន់ក្នុងសំណុំរឿងនេះផងដែរ។ លោក សឺង សែនករុណា មិនពេញចិត្តឡើយ ចំពោះភាពឆកល្វែងនៃការអនុវត្តការងាររបស់មន្ត្រីតុលាការ ដែលមិនបានបញ្ជូនដីកាទៅដល់ដៃជនត្រូវចោទ ធ្វើឱ្យសវនាការលើសំណុំរឿងនេះត្រូវលើកទៅធ្វើនៅពេលក្រោយទៀត ខណៈសហការីរបស់លោក និងលោក នី ចរិយា ផង បានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជាង ២ឆ្នាំទៅហើយ៖ «យើងមានការសោកស្ដាយចំពោះរឿងនេះ ដែលការចាត់ចែងមិនទាន់មានដំណើរការល្អ ហើយយើងសង្ឃឹមថា សវនាការដែលលើកពេលនេះ នឹងមានភាគីពាក់ព័ន្ធទាំងអស់ចូលរួមទាំងអស់គ្នា ដេញដោលឱ្យដឹងពីអង្គសេចក្ដីពីភាគីទាំងអស់ ដើម្បីឱ្យដំណើរការយុត្តិធម៌បានមើលឃើញទាំងអស់គ្នា កុំឱ្យអវត្តមានអ្នកណាម្នាក់ដែលជាផ្នែកនៃព័ត៌មានដើម្បីបំភ្លឺក្នុងសវនាការនោះ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងមន្ត្រីតុលាការក្រុងភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ដែលទទួលខុសត្រូវរឿងបញ្ជូនដីកានេះបានទេ នៅថ្ងៃទី២៧ សីហា ហើយមន្ត្រីនាំពាក្យតុលាការក្រុងភ្នំពេញលោក លី សុផាណា ក៏មិនអាចទាក់ទងបានដូចគ្នា។
មន្ត្រីសមាគម អាដហុក លោក យី សុខសាន្ត សរសេរនៅលើ ហ្វេសប៊ុក របស់លោកសម្ដែងការខកចិត្ត ចំពោះស្ថាប័នតុលាការដែលយកសំណុំរឿងរបស់ពួកលោកមកលេងសើច ដោយមិនបានគិតគូរអំពីសិទ្ធិអ្នកជាប់ឃុំ ដែលទទួលរងការឈឺចាប់ ព្រោះតែធ្វើការងារសិទ្ធិមនុស្ស។
អ្នកការពារសិទ្ធិមនុស្សសមាគម អាដហុក ចំនួន ៤រូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងអ្នកស្រី លឹម មុនី ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប និងជាអតីតមន្ត្រីជាន់ខ្ពស់សមាគម អាដហុក លោក នី ចរិយា ផង បានរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ។ អ្នកទាំង ៥ ត្រូវបានតុលាការនៃរបបលោក ហ៊ុន សែន ឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីចុងខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ។ ក្រោយចេញពីពន្ធនាគារ សំណុំរឿងនេះត្រូវបានផ្អឹបទុកអស់រយៈពេលជាង ១ឆ្នាំថែមទៀត មុននឹងត្រូវបានលើកយកមកជម្រះអង្គសេចក្ដីនៅថ្ងៃទី២៧ សីហា ក៏ប៉ុន្តែសវនាការនេះមិនអាចដំណើរការបានដូចការគ្រោងទុកឡើយ ព្រោះអវត្តមានតួអង្គសំខាន់ៗ ក្នុងសំណុំរឿង។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អ្នកការពារសិទ្ធិមនុស្សទាំងនោះ បានទន្ទឹងរង់ចាំយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្លួនពីការជំនុំជម្រះអស់រយៈពេលជាង ២ឆ្នាំទៅហើយ មិនគួរណាតុលាការបំពេញការងារដោយខ្វះចន្លោះបែបនេះឡើយ។ លោកជំរុញឱ្យតុលាការកែប្រែនូវចំណុចខ្វះខាតនេះ ដើម្បីធ្វើយ៉ាងណាឱ្យសវនាការនៅថ្ងៃទី១៨ កញ្ញា ខាងមុខ ដំណើរការទៅដោយរលូន៖ «សំណុំរឿងរបស់គាត់មិនទាន់ត្រូវបានបញ្ចប់ នោះគាត់មិនមានសេរីភាពពេញលេញនៅក្រៅឃុំ ធ្វើឱ្យពួកគាត់មិនអាចបំពេញការងារជាអ្នកការពារសិទ្ធិមនុស្សបានពេញលេញ។ ប្រសិនបើករណីរបស់គាត់ត្រូវបានទម្លាក់ចោលការចោទប្រកាន់ នោះគាត់មានសេរីភាពពេញលេញក្នុងការបំពេញការងាររបស់គាត់ដោយមិនមានការភ័យខ្លាច»។
អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន ៥រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) អង្គការក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) និងអង្គការមួយចំនួនទៀត ចាត់ទុកសំណុំរឿងសកម្មជនការពារសិទ្ធិមនុស្សទាំង ៥រូបនេះ ថាជារឿងប្រឌិត និងមានចរិតនយោបាយ។ អង្គការទាំងនេះទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់នេះ និងបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីឱ្យពួកគេអាចបំពេញការងាររបស់ខ្លួនដោយគ្មានការភ័យខ្លាច៕