ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំបន់​ដីព្រៃ​លិច​ទឹក​ក្នុង​ស្រុក​បទុម​សាគរ​ដែល​រង​ការទន្ទ្រាន​យក​។ រូបថត សហការី

កោះកុង: មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដាក់​កម្លាំង​ចុះ​អង្កេត​ជាក់ស្ដែង​ដើម្បី​ស្វែងរក​ជនល្មើស​។

លោក ម៉ន ផល្លារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ចាត់ចែង​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​កិច្ចការងារ​ហើយ ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន ហើយ​យើង​នឹង​ពិនិត្យ​មើល​ថា តើ​ការកាប់​ទន្ទ្រាន​ស្ថិត​នៅ​ក្នុង​តំបន់​ណា​ខ្លះ ជា​តំបន់​អាច​អាស្រ័យ​ផល​បាន ឬ​ក៏​តំបន់​ដែល​យើង​ត្រូវ​ហាមឃាត់​»​។

លោក ម៉ន ផល្លារ បាន​ឲ្យ​ដឹង​ថា​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នេះ​គឺជា​ការ​លួច​កាប់​ជា​បុគ្គល​ម្នាក់ៗ មិនមែន​ជា​ការ​ចេញ​មុខ​ដោយ​ក្រុមហ៊ុន​ណា​មួយ​ទេ​។

លោក ផល្លារ ថ្លែង​ថា​៖ «​នេះ​ជា​ការ​លួច​កាប់​ដោយ​ក្រុម​ខិលខូច​មួយ​ចំនួន ឬ​អ្នក​ខិលខូច​ខ្លះ​ដែល​ទទួល​បាន​លុយ​ពី​អ្នក​ផ្សេងៗ​ក៏​ចុះ​មក​កាប់​អ៊ីចឹង​ទៅ​។ អ៊ីចឹង​យើង​កំពុង​តាមដាន​រក​ភ័ស្តុតាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

លោក ផល្លារ បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​អាច​កំណត់​ស្ថិតិ​បាន​ថា ដីព្រៃ​លិច​ទឹក​សរុប​នៅ​​ក្នុង​ស្រុក​បទុមសាគរ​នេះ មាន​ប៉ុន្មាន​ហិកតា​នោះ​ទេ ប៉ុន្ដែ ​បើ​និយាយ​ជារួម​ដី​នៃ​ស្រុក​បទុមសាគរ​ដែល​គ្របដណ្ដប់​លើ​ឃុំ អណ្ដូងទឹក និង​ឃុំ​ថ្មស​នេះ​សរុប​មាន​ជាង ១២ ​ម៉ឺន​ហិកតា​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ស្រាវជ្រាវ​រក​ម្ចាស់ ឬ​រក​ឈ្មោះ​អ្នក​ដែល​ប្រព្រឹត្ដ​ហ្នឹង តែ​យើង​មិន​សង្ឃឹម​ថា នឹង​រក​ឈ្មោះ​ពួកគាត់​ឃើញ​ទេ គ្រាន់តែ​យើង​ឃើញ​ទីតាំង​ដែល​កាប់​ទន្ទ្រាន ដូច្នេះ​យើង​នឹង​កំណត់​យន្ដការ​កសាង​ផែនទី​ដី ដើម្បី​កសាង​សំណុំ​រឿង​ជា​បណ្ដឹង​អញ្ញត្ដិជន​»​។

លោក ឃៀង យ៉ិន មេឃុំ​អណ្ដូងទឹក​បាន​អះអាង​កាលពី​ម្សិល​ថា មិន​ដឹង​ចំពោះ​រឿង​នេះ​ទេ​ព្រោះ​ជា​រឿង​គ្រប់គ្រង​របស់​ប្រធាននុរក្ស​។

តាម​ប្រភព​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ស្រុក​បទុមសាគរ​បាន​ឲ្យ​ដឹង​ថា ព្រៃ​លិច​ទឹក​ នៅ​តាម​បណ្តោយ​មាត់​ព្រែកកន្ទូត និង​ព្រែកក្រសាំង ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខេត្ដ​ កោះកុង បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​លួច​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ និង​ត្រៀម​លក់​បន្ត​ទៅ​ក្រុមហ៊ុន​ឯកជន​។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​សកម្មភាព​នៃ​ការចូល​លួច​កាប់​ទន្ទ្រាន​បំផ្លាញ​យក​ដីព្រៃ​លិច​ទឹក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ភូមិ​ប្រៃ ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក និង​ភូមិ​ចំការលើ ឃុំ​ថ្មស​បាន​និង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ អ្នក​ទាំង​នោះ​ជា​ពលរដ្ឋ​ខិលខូច​មួយ​ចំនួន​ដែល​ជិតស្និទ្ធ​នឹង​អាជ្ញាធរ​ថ្នាក់​ក្រោម​តែ​ម្តង​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s