ជនជាតិ​ដើម​ព្នង​ជិត​ ១០០ ​នាក់​បដិសេធ​​មិន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ចូល​តំបន់​ពួកគេ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ពលរដ្ឋ​ជន​ជាតិ​ដើម​​ភាគតិច​​ព្នង ឈរ​ក្បែរ​បង្គោល​ព្រំ​ដី កាល​ពី​ឆ្នាំ ២០១៦។ រូបថត សហការី

មណ្ឌលគិរីៈ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ជិត ១០០ ​នាក់​នៃ​សហគមន៍​ភូមិ​ឡាំមេះ ស្ថិត​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​បដិសេធ​លើ​សំណើ​របស់​ក្រុមហ៊ុន ធៀង ទ្រី

ដែល​បាន​ស្នើសុំ​វិនិយោគ​ដី​ក្នុង​តំបន់​អូរផ្លាយ​ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ឃុំ​ចំនួន ៣ គឺ ឃុំ ប៊ូស្រា ឃុំ​ដាក់ដាំ និង ឃុំ​ស្រែអំពូម ដើម្បី​អភិវឌ្ឍ​ដាំ​ដំណាំ​កាហ្វេ និង​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​នោះ​។

យោង​តាម​លិខិត​បដិសេធ​របស់​ប្រជាសហគមន៍​ភូមិ​ឡាំមេះ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា ក្រោយពី​មាន​តំណាង​ក្រុមហ៊ុន​កាហ្វេ​នេះ​ចុះ​មក​បញ្ចុះបញ្ចូល​អ្នក​ភូមិ​ឲ្យ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ពិសេស​ពី​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​សម្បទាន​ដី​នៅក្នុង​តំបន់​អូរផ្លាយ ដើម្បី​អភិវឌ្ឍ​ដាំ​ដំណាំ​កាហ្វេ និង ដំណាំ​ហូប​ផ្លែ​ចម្រុះ​ប្រភេទ​។

ក្រុម​អ្នកភូមិ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ភ្លាមៗ​ជុំវិញ​សំណើ​របស់​ក្រុមហ៊ុន​នេះ​ជា​លទ្ធផល​ក្រុម​អ្នកភូមិ​បាន​ឯកភាព​គ្នា​ថា​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​នៅក្នុង​តំបន់​របស់​ពួកគេ​នោះ​ទេ ដោយ​អះអាង​ថា​វា​ជា​ដី​ចុងក្រោយ​របស់​ពួកគាត់ ដែល​ត្រូវ​រក្សាទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​រស់នៅ និង​អាស្រ័យ​ផល​។

លោក​ ក្រោស សុខ តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ឡាំមេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា កន្លងមក​មាន​ក្រុមហ៊ុន​ចំនួន​ ២ គឺ​ក្រុមហ៊ុន​ដាក់ឡាក់​របស់​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន​មួយ​ទៀត​ដែល​គាត់​មិន​ចាំ​ឈ្មោះ​ជា​របស់​ប្រទេស​បារាំង​បាន​ចូល​មក​វិនិយោគ​នៅ​ស្រុក​ពេជ្រាដា ប៉ុន្តែ​ពលរដ្ឋ​ជនជាតិ​ភាគតិច​ព្នង​តិចតួច​ណាស់​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ទាំង​ ២ ​នោះ​។

លោក សុខ បាន​បញ្ជាក់​ថា​៖ «​ចំនួន​មនុស្ស​នៅក្នុង​សហគមន៍​របស់​យើង​មាន​ការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ផ្ទៃដី​ចេះ​តែ​រួម​តូច​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ដោយសារ​តែ​មាន​ការ​ទន្ទ្រាន​ចូល​កាន់កាប់​ពី​មនុស្ស​មកពី​ខាង​ក្រៅ​សហគមន៍ និង​ក្រុមហ៊ុន​មួយ​ចំនួន​។ ដូច្នេះ​ពួកយើង​នឹង​មិន​ឯកភាព​ឲ្យ​មាន​ក្រុមហ៊ុន​ណា​មួយ​ចូល​មក​វិនិយោគ​ទៀត​ឡើយ​»​។

អ្នកភូមិ​ម្នាក់​ទៀត​លោក​ គ្រើង តុលា អាយុ​ ២៨ ​ឆ្នាំ​បាន​ថ្លែង​បន្ទរ​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​គ្រឹង និង​ជនជាតិ​ដើម​ភាគតិច​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរ​តែ​ទាំងអស់​ពុំ​មាន​ជំនាញ​បច្ចេកទេស ធ្វើការ​នៅក្នុង​ការិយាល័យ ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​កសិដ្ឋាន​នោះ​ទេ ជីវភាព​រស់នៅ​របស់​ពួកគេ​គឺ​ពឹង​ផ្អែក​លើ​ការងារ​បរបាញ់ ការដាំដុះ នេសាទ និង​ការរក​អនុផល​ព្រៃឈើ​។

លោក តុលា បាន​ថ្លែង​ថា​៖ «​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​ខ្ញុំ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​បាន​រងគ្រោះ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុង​ស្រុក និង​មកពី​បរទេស​។ តំបន់​ដែល​មាន​ការវិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុង​ស្រុក និង​មកពី​បរទេស មក​ធ្វើការ​អភិវឌ្ឍ​ភាគច្រើន​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​​ភាគតិច​យើង​ខ្ញុំ ដូចជា​ការជម្លៀស​ចេញ​ពី​លំនៅឋាន​បាត់បង់​ស្រែចម្ការ និង​ព្រៃ​ដូនតា ជាដើម​។ ​នៅ​ពេល​នេះ​យើង​កំពុង​មាន​កង្វល់​អំពី​ការប៉ុនប៉ង​របស់​ក្រុមហ៊ុន​ទាំងនោះ​»​។

លោក ម៉ើល សឿន អភិបាលស្រុក​ពេជ្រាដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​​ព័ត៌មាន​ជុំវិញ​ករណី​នេះ​ទេ​។

លោក តូ ម៉េង នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែអំពូម បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា នៅ​ពេល​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកភូមិ​ឲ្យ​ដាំ​ដំណាំ​កាហ្វេ​ទុក​លក់​ឲ្យ​ពួកគេ​ដោយ​គិត​តាម​តម្លៃ​ទីផ្សារ​សេរី​។

លោក​ ម៉េង ថ្លែង​ថា​អ្នកភូមិ​មួយ​ចំនួន​បាន​លក់​ដីស្រែ​ចាស់​របស់​ពួកគេ​ដែល​មាន​ទីតាំង​ជាប់​តំបន់​អូរផ្លាយ​នោះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s