ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​មិន​ពេញចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​ព្រៃ​សហគមន៍​ ២៦០​ហិកតារ

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី សម្ដែង​ការ​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍ បាន​ញុះញង់​អ្នកភូមិ​ជាង ១រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ។

អ្នកភូមិ​ថា អាជ្ញាធរ​ភូមិ និង​មេ​សហគមន៍ បាន​និយាយ​ទៅកាន់​ពលរដ្ឋ ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​៣០ សីហា ឲ្យ​ពលរដ្ឋ​លើកដៃ​គាំទ្រ ឬ​មិន​គាំទ្រ ករណី​លក់​ដី​ព្រៃ​អភិរក្ស​នោះ ១ ហិកតារ​តម្លៃ ២៥០​ដុល្លារ​ឡើង​ទៅ។

ពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រ​ក្រោម ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​រតនគិរី ស៊ើបអង្កេត​បន្ទាន់ ទៅលើ​សកម្មភាព​ទិញ​លក់​ដី ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ជាង ២ រយ​ហិកតារ​ជា​ថ្មី​ទៀត។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ ប្រទះឃើញ​មេភូមិ​សមុទ្រ​ក្រោម លោក ខាំផ សាវ៉ាត អនុ​ភូមិ និង​មេ​សហគមន៍ បាន​និយាយ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ជាង ១រយ​នាក់ (១៣៣ ) កាលពី​ថ្ងៃ​ទី ៣០ សីហា​កន្លង​ទៅ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​លក់​ដី​ព្រៃ​ទាំងអស់​គ្នា ហើយ​អាជ្ញាធរ នឹង​ធានា​មិន​ឲ្យ​អ្នកភូមិ​ណា​ម្នាក់ មានទោស​ទណ្ឌ​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ទំពួន និង​ជាដើម​បណ្ដឹង​ម្នាក់ រស់នៅ​ភូមិ​សមុទ្រ​ក្រោម លោក ឆន ផល្លា ឲ្យ​ដឹង​នៅ​ថ្ងៃទី១ ខែ​កញ្ញា ថា អ្នកភូមិ ៣ នាក់ បាន​ផ្តិត​មេដៃ​ដាក់​បណ្ដឹង​ទៅ​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​រតនគិរី​ជាបន្ទាន់ ដើម្បី​ប្ដឹង​មេភូមិ អនុ​ភូមិ និង​មេ​សហគមន៍ ពី​បទ​ញុះញង់​ពលរដ្ឋ ឲ្យ​លក់​ដី​ព្រៃ​អភិរក្ស ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ខុសច្បាប់។

លោក​ថា មក​ទល់​ពេល​នេះ​ព្រៃ​សហគមន៍ ភូមិ​សមុទ្រក្រោម ឋិត​ក្នុង​តំបន់ភ្នំ​អាត រហូតដល់​ភ្នំ​ហើល ដែល​ជា​ជម្រក​សត្វព្រៃ​ត្រូវ​គេ​កាប់​ឈើ​មានតម្លៃ​អស់ទាំង​ស្រុង និង​កំពុង​សម្រុក​កាប់​ទន្ទ្រាន យក​ដី​លក់​ជា​បន្តបន្ទាប់។

លោក​បន្ថែម​ថា អ្នកភូមិ ដែល​បាន​ទៅដល់​ទីតាំង​កាប់​ទន្ទ្រាន​នោះ ប្រទះឃើញ​គំនរ​ឈើ​ពាសពេញ​ដី ដែល​គេ​បន្សល់​ចោល​ក្នុង​តំបន់​ភ្នំ​អាត និង​ត្រៀម​ដុត​កម្ទេច​ចោល ដើម្បី​ដាំ​ដំណាំ។ «»

ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់ទៀត រស់នៅ​ភូមិ​សមុទ្រក្រោម លោក កែវ ខ្វាង លើកឡើង​ថា ព្រៃ​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឋិត​នៅ​ចំណុច​អូរម៉េង ជាប់​ផ្លូវ​ភូមិ​កែងសាន់ រហូតដល់​ជើងភ្នំ​អាត ត្រូវ​គេ​កាប់​ទន្ទ្រាន ឲ្យ​ក្លាយ​ជា​វាល អស់​ប្រមាណ ៥​រយ​ហិកតារ​ជា​ថ្មី​ទៀត និង​កំពុង​សម្រុក​កាប់​រាន បែប​អនាធិបតេយ្យ។

លោក​ថា ព្រៃ​នៅ​តំបន់​នោះ ជាទី​ស្នាក់អាស្រ័យ​របស់​ជនជាតិ​ដើម​ភាគតិច​ទំពួន ច្រើន​ជំនាន់​មក​ហើយ កំពុង​វិនាស​អន្តរាយ​សន្ធឹង​សន្ទាប់ គ្មាន​ការអនុវត្ត​ច្បាប់។ លោក​បារម្ភ​ថា នៅ​គ្រា​ដែន​ជម្រក​សត្វព្រៃ ត្រូវ​បាន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​បុគ្គល អ្នកភូមិ​នឹង​លំបាក​វេទនា​សព្វបែបយ៉ាង រួម​ទាំង​គ្មាន​វាស​ស្មៅ​ចិញ្ចឹម​គោក្របី​ផង។ «»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេភូមិ​សមុទ្រ​ក្រោម លោក ខាំផ សាវ៉ាត ដើម្បី​សុំ​ការ​បំភ្លឺ​ការ​ចោទប្រកាន់​នេះ​បាន​ទេ ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី១ កញ្ញា។

ចំណែក​មេ​សហគមន៍​ភូមិ​សមុទ​ក្រោម លោក ថាន់ ម្ហែល បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ចូលរួម​ប្រជុំ​ឲ្យ​ពលរដ្ឋ​លក់​ដី​ព្រៃ​នោះ​ទេ រីឯ​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រ​ក្រោម ក៏​រំសាយ​ចោល​តាំងពី​ឆ្នាំ២០១៧។ «»

មេឃុំ​សេដា លោក អង់ ប៊ុនធៀង បដិសេធ​ការចោទប្រកាន់​នេះ។ លោក​ថា បច្ចុប្បន្ន​ពុំ​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​តំបន់​ភ្នំ​អាត​ទៀត​ទេ ហើយ​អាជ្ញាធរ​ឃុំ​មិន​បាន​ទទួល​ព័ត៌មាន ថា អាជ្ញាធរ​ភូមិ និង​មេ​សហគមន៍​ប្រជុំ​ពលរដ្ឋ​រឿង​លក់​ដី​ព្រៃ​នោះ​ទេ។ «»

កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧ សមាជិក​សហគមន៍​ភូមិ​សមុទ្រក្រោម រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​មូល​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ចំណុច​ភ្នំ​អាត ដែល​មេភូមិ​ឈ្មោះ ខាំផ សាវ៉ាត និង​ប្រធាន​សហគមន៍​លោក ថាន់ ម្ហើល បាន​ផ្ដិតមេដៃ លើ​កិច្ចសន្យាលក់​ឈើ​មូល ក្នុង​ព្រៃ​នោះ​ទៅ​ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម ក្នុង​តម្លៃ ១ ម៉ឺន ៥ ពាន់​ដុល្លារ។

អ្នកភូមិ​ថា ឈើ​ដែរ​គេ​អារ​ច្រៀក​រួច និង​ឈើ​មិនទាន់​អារ​រំលំ មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​មាន​សិទ្ធិ ដឹក​ឈើ​ចេញ​ក្រៅពី​អ្នកទិញ​នោះ​ទេ និង​ចាត់​កង​សន្តិសុខ​ជិត ១០​នាក់ យាម​ការពារ​នៅ​ទីតាំង​កាប់​ឈើ​នោះ​ទៀត​ផង។ លើស​ពី​នេះ អ្នកភូមិ​មួយ​ក្រុម បាន​ដាក់​ពាក្យ​បណ្តឹង​រឿង​នេះ ទៅ​អាជ្ញាធរ​ជំនាញ និង​តំណាង​អយ្យការ​ខេត្ត​រតនគិរី ច្រើន​ខែ​មក​ហើយ តែ​មក​ទល់​ពេល​នេះ គ្មាន​លទ្ធផល​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឌិន ខន្នី ពន្យល់​ថា បុគ្គល​ណា​ក្តី ដែល​ញុះញង់​ពលរដ្ឋ ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ គឺជា​ទង្វើ​ខុសច្បាប់។ លោក​ថា បុគ្គល​ទាំងឡាយ​ណា ដែល​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ​ត្រូវ​ប្រឈម​ផ្ដន្ទាទោស តាម​មាត្រា ២៥៩ នៃ​ច្បាប់​ភូមិបាល ត្រូវ​វិន័យ​ជា​ប្រាក់ ៥ លាន​រៀល ដល់ ៥០ លាន​រៀល និង​ដាក់​ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។

លោក​ថា អាជ្ញាធរ​គួរតែ​ផ្សព្វផ្សាយ និង​រួមគ្នា​លប់​បំបាត់​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​មិន​ត្រូវ​ញុះញង់​ឲ្យ​ពលរដ្ឋ​លក់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​បំពាន​ច្បាប់​នោះ​ទេ។ «»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍ថា អាជ្ញាធរ​ភូមិ និង​មេ​សហគមន៍ បាន​កោះ​ប្រជុំ​ពលរដ្ឋ​ផ្សព្វផ្សាយ​លក់​ដី​ព្រៃ​អភិរក្ស គឺជា​ភស្តុតាង​សំខាន់ បញ្ជាក់​ថា អាជ្ញាធរ​បាន​រួម​ចំណែក​បំផ្លាញ​ដែន​ជម្រក​សត្វ​ខុសច្បាប់ និង​អាច​មាន​អ្នក​ពី​ក្រោយ​ខ្នង។

លោក​ថា គណបញ្ជាការ​ឯកភាព​ខេត្ត ឬ​អភិបាល​ខេត្ត​រតនគិរី គឺជា​អ្នកទទួលខុសត្រូវ​សំខាន់ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​ច្បាប់​ស្ដីពី​ព្រៃឈើ ដែល​បណ្ដាល​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ «»

ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល ទៅ ១៥០ លាន​រៀល។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល​និង ត្រូវ​ចោទប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s