កម្ពុជា ​កំពុង​ព្យាយាម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​កាលពី​ដើម​ខែ​សីហា​។ រូបថត Mekong Eye

ព្រៃវែងៈ ​កម្ពុជា​កំពុង​ទប់ទល់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​ការប្រែប្រួល​អាកាសធាតុ​កំពុង​តែ​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹមជីវិត និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ និង​សង្កេតឃើញ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​កសិកម្ម​ផង​ដែរ​។

ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​កសិកម្ម​កាលពី​ខែ​ឧសភា​កន្លង​មក​ថា​៖ «​ទាក់ទិន​នឹង​ការប្រែប្រួល​អាកាសធាតុ ឥឡូវ​កម្ដៅ​វា​ចេះ​តែ​ឡើង​ហើយ​វា​អត់​មាន​ថយ​ចុះ​ទេ​។ ពីដើម​ធ្លាប់​តែ​ថា​តម្រូវ​ត្រឹម​តែ ៣០ អង្សា​ឬ​ ៣៣ អង្សា​ហ្នឹង វា​ [​ស្រូវ​] ​អាច​រស់​ [​តែ​] ​ឥឡូវ​វា​មិន​រស់​ទៀត​ទេ ព្រោះ​វា​ [​កម្ដៅ​] ​ទៅ​ខ្ពស់​លើស​ហ្នឹង​ទៅ​ហើយ​»​។ លោក​ធ្លាប់​ថ្លែង​ថា​៖ «​ទឹកជំនន់​អាច​ធំ​ជាង​មុន​ផង​ដែរ​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​កសិកម្ម​បាន​បង្កាត់​ពូជស្រូវ​ជាច្រើន​ប្រភេទ ដើម្បី​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ក្រសួង​បាន​ត្រៀម​ស្រូវ​ ១ ​ម៉ឺន​តោន​សម្រាប់​ចែកជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ធម្មជាតិ​។

សម្រាប់​ភូមិ​ត្រពាំងចាម​នៅក្នុង​ខេត្ត​ព្រៃវែង​គឺ​កំពុង​តែ​ប្រឈម​នឹង​ការ​ឡើង​កម្ដៅ កង្វះខាត​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​។

លោក​ យ៉ាន់ ហ៊ល ជា​កសិករ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ត្រពាំងចាម​ដែល​កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​បាន​ឲ្យ​ដឹងថា កាលពី​ទសវត្សរ៍​ ១៩៩០ អ្នកភូមិ​ប្រើ​ទឹក​អណ្តូង​ខ្នោះ​​ (​អណ្តូង​លូ​) ​ចំនួន ៣ ដែល​មាន​ជម្រៅ​មិន​ដល់ ៩ ម៉ែត្រ​ផង​។ ប៉ុន្តែ​ក្រោយ​មក​វា​លែង​ចេញ​ទឹក ហើយ​អ្នកភូមិ​បាន​ជួល​គេ​ជីក​អណ្តូងស្នប់​គ្រប់​ផ្ទះ​ដែល​មាន​ជម្រៅ​រហូត​ដល់​ទៅ ១៦ ម៉ែត្រ​ទើប​មាន​ទឹក​ចេញ​។

លោក​ ជី ឡុក ជា​មេភូមិ​ត្រពាំងចាម​ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា កម្ដៅ​ឡើង​ខ្លាំង​ក៏​ធ្វើឲ្យ​កសិករ​ចំណាយ​ច្រើន​ហើយ​ជួនកាល​ក៏​មិន​បាន​ផលចំណេញ​ពី​ការធ្វើ​ស្រែ​ចម្ការ​ផង​ដែរ​។ លោក​មេភូមិ​ដែល​កូន​ប្រុស​ម្នាក់ និង​ចៅប្រុស ២ នាក់​បាន​ធ្វើ​ចំណាកស្រុក​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​កំពុង​តែ​ពិចារណា​ក្នុង​ការជីក​ស្រះ​ទឹក​ដ៏ធំ​មួយ​ដើម្បី​ដោះស្រាយ​ការខ្វះខាត​ទឹក​។ ប៉ុន្តែ​វា​មិន​ប្រាកដ​ទេ​ថា ការជីក​ស្រះ​អាច​ជួយ​សម្រាល​បញ្ហា​គ្រោះ​រាំងស្ងួត​ដែល​ភូមិ​នេះ និង​កន្លែង​ផ្សេង​ទៀត​កំពុង​តែ​ជួប​ប្រទះ​។ ជា​ឧទាហរណ៍​កាលពី​ឆ្នាំ​ ២០១៦ មាន​ខេត្ត​ចំនួន ១៥ ក្នុង​ចំណោម ២៥ ខេត្ត-រាជធានី និង​ពលរដ្ឋ ២,៥ លាន​នាក់​បាន​ទទួល​រង​ផលប៉ះពាល់​ពី​ភាព​រាំងស្ងួត​ដ៏អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

ការប៉ះពាល់​លើ​សេដ្ឋកិច្ច

ការសិក្សា​វាយតម្លៃ​ពី​ក្រសួង​រដ្ឋាភិបាល​ជាង ១០ នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើឲ្យ​ធ្លាក់​ចុះ​ប្រហែល​ ២,៥ ភាគរយ​នៃ GDP ត្រឹម​ឆ្នាំ​ ២០៣០ និង​ប្រហែល​ជា​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១០ ភាគរយ​ត្រឹម​ឆ្នាំ ២០៥០ ដែល​ប៉ះពាល់​ភាគច្រើន​គឺ​លើ​វិស័យ​កសិកម្ម​។

ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​វិស័យ​ធនធាន​ទឹក​ឆ្នាំ ២០១៣-២០១៧ នៃ​ក្រសួង​ធនធានទឹក​ឲ្យ​ដឹង​ថា​ទឹកជំនន់​ឆ្នាំ​ ២០០០ បាន​បំផ្លាញ​ស្រូវ​ប្រហែល ៣៧ ម៉ឺន​ហិកតា និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ជាង ៣០ ​ម៉ឺន​ហិកតា​ក្នុង​ ២១​ ខេត្ត​។ ក្នុង​នោះ​បំផ្លាញ​ផ្ទះ ៦០៨១ ខ្នង​ទាំងស្រុង​ធ្វើ​ឲ្យ​ពលរដ្ឋ ៣,៤៤ លាន​នាក់​បាត់បង់​ផ្ទះសំបែង និង​សម្លាប់​មនុស្ស​អស់ ៣៤៧ នាក់​ដែល ៨០ ភាគរយ​ជា​កុមារ​។ រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា ការខូចខាត​ពី​ទឹកជំនន់​នេះ​មាន​តម្លៃ​ជា​ទឹកប្រាក់ ១៦០ លាន​ដុល្លារ​។ តាំងពី​ទសវត្សរ៍ ១៩៦០ ​មក​កម្ពុជា​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ចំនួន​ ៧ ​ដង​មក​ហើយ​។

លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កត់សម្គាល់​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា​កន្លង​មក​ថា ទឹកជំនន់​ឆ្នាំ​ ២០១៣ ​បាន​បង្ក​ផលប៉ះពាល់​ដល់​ខេត្ត​នៅ​តាម​ដង​ទន្លេសាប និង​ដង​ទន្លេមេគង្គ​ដោយ​បាន​បំផ្លាញ​សេដ្ឋកិច្ចជាតិ​មាន​តម្លៃ ៣៦៥ លាន​ដុល្លារ​ដែល​ស្មើ​នឹង ១៥ ​ភាគរយ​នៃ​ថវិកាជាតិ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ដូចនេះ​ផលប៉ះពាល់​នេះ វា​ធំធេង​ណាស់​។ ​និយាយ​ឲ្យ​ខ្លី​នេះ​គឺជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។

លោក​បន្ត​ថា​ការប្រែប្រួល​​អាកាសធាតុ​គឺជា​ការ​គំរាម​កំហែង​ចម្បង​នាពេល​បច្ចុប្បន្ន និង​អនាគត​ដល់​ប្រទេស​ក្រីក្រ​ដូចជា​ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ពឹង​អាស្រ័យ​មួយ​ភាគធំ លើ​វិស័យ​កសិកម្ម​។ វិស័យ​កសិកម្ម​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​របប​អាកាសធាតុ​ទឹកភ្លៀង ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​។

ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាករ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៣០ នោះ​លោក ពន្លក បាន​ថ្លែង​ថា ការប្រែប្រួល​អាកាសធាតុ​នេះ​អាច​នឹង​ធ្វើឲ្យ​កម្ពុជា​យឺតយ៉ាវ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​។

លោក​បាន​ថ្លែង​ដូច្នេះ​​ថា​៖ «​អាហ្នឹង​ជា​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​រយៈពេល​វែង​។ ផលប៉ះពាល់ ១ ទៀត​ដែល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​ដោយសារ​កម្ដៅ​ហ្នឹង​គឺ ១ ​ឆ្នាំ​អាច​ដល់ ១ ពាន់​លាន​ដុល្លារ​។ ដោយសារ​តែ​កម្ដៅ​ឡើង​ខ្លាំង​ពេក​គឺ​ផលិតភាព​ការងារ​ក៏​ធ្លាក់​ចុះ​ដែរ គឺ​កសិករ​ និង​កម្មករ​មិន​អាច​បំពេញ​ការងារ​បាន​ពេញ​ដូច​ក្នុង​ស្ថានភាព​មិន​ឡើង​កម្ដៅ​»​។

លោកស្រី Anna Guittet ​ទីប្រឹក្សា​សម្រាប់​អភិបាលកិច្ច ការប្រែប្រួល​អាកាសធាតុ និង​សមធម៌​យេនឌ័រ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​និង​កំពុង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៨ មក​នោះ​បាន​ថ្លែង​ថា ភាព​ងាយ​រងគ្រោះ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​របស់​កម្ពុជា​ធ្វើឲ្យ​​ការគាំទ្រ​លើ​ការកាត់បន្ថយ និង​បន្សាំ​នឹង​ការប្រែប្រួល​​អាកាសធាតុ​ពាក់ព័ន្ធ​គ្នា​យ៉ាងជិតស្និទ្ធ​។

លោកស្រី​ថ្លែង​ថា​៖ «​ហានិភ័យ​ពី​ហេតុការណ៍​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ ណា​មួយ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង​ដល់​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​មួយ​ចំណែក​ធំ​។ ប្រទេស​មួយ​ដូចជា​កម្ពុជា​មិន​អាច​រង់ចាំ​ទេ ហើយ​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឥឡូវ​នេះ​»៕

អត្ថបទ​នេះ​ផលិត​ដោយ Mekong Eye

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s