តុលាការ​ខេត្ត​សៀម​រាបចោទ​ជ័យលាភី​បុរស​ឆ្នើម​ទូរទស្សន៍ ​CNN​ ​និង​សហការី​ពីរ​រូប​ពី​បទ​រក្សា​អាវុធ​ខុស​ច្បាប់​

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

រូបឯកសារ៖ លោក អាគីរ៉ា អតីត​ទាហាន​កុមារ​របស់​ខ្មែរ​ក្រហម ដែល​បាន​ឈ្នះ​ពាន​រង្វាន់​​ជា​បុរស​ឆ្នើម​របស់ CNN ​កាល​ពីឆ្នាំ​២០១០។ (AP)

តុលាការ​ខេត្ត​សៀមរាប ​កាលពី​សប្តាហ៍​កន្លង​ទៅ​ បាន​សម្រេច​​​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​លោក​​អាគីរ៉ា​ ​ស្ថាប​និក​​អង្គការ​​សារមន្ទីរ​​គ្រាប់​មីន​​ ​និង​​សហការី​​ចំនួន​ពីរ​នាក់​ទៀត​ ​ចំណែក​អង្គការ​សារមន្ទីរ​របស់​លោក​ត្រូវ​បាន​បិទ​ជាបណ្តោះ​អាសន្ន​​ ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​រក្សា​ទុក​អាវុធ​ខុស​ច្បាប់។

សកម្មជនផ្នែក​ដោះមីន​មនុស្ស​ធម៌​ដែល​ជាប់​ជា​ជន​ឆ្នើម​របស់​ទូរទស្សន៍​ពិភព​លោក​ ​CNN​ ​និង​ជា​ស្ថាបនិក​អង្គការ​សារមន្ទីរ​គ្រាប់​មីន​ម្នាក់​ ​ព្រម​ទាំងសហការី​២​នាក់​ទៀត​ ​ត្រូវ​បាន​តុលាការ​សៀមរាប​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ​ពាក់​ព័ន្ធ​នឹង​បទ«រក្សា​ទុក​អាវុធ​ខុ​សច្បាប់»។ នេះបើ​យោង​តាមមន្ត្រី​តុលាការ​ខេត្ត​សៀមរាប។​

លោក ​យិន ស្រាង​ ​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាលសាលា​ដំបូង​ខេត្ត​សៀមរាប​ ​ប្រាប់​ ​VOA​ ​នា​រសៀលថ្ងៃ​ច័ន្ទ​នេះ​ថា​ ​លោកអាគីរ៉ាស្ថាបនិក​អង្គការ​សារមន្ទីរ​គ្រាប់​មីន​ ​និង​សហការី​ចំនួន​ពីរ​នាក់ ​ត្រូវ​បាន​អយ្យការ​អមសាលា​ដំបូងខេត្ត​សៀម​រាបចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ១​ ​ខែកញ្ញា​ ​ឆ្នាំ​២០១៨​នេះ​ ​ពី​បទ​រក្សា​ទុក​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់​ ​ចំណែក​អង្គការ​សារមន្ទីរ​គ្រាប់​មីន​នោះ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន។​ ​លោក​បន្ថែម​ថា​ ​តុលាការ​មិនទាន់​អាច​បញ្ជាក់​បាន​ថា​ ​នឹង​ត្រូវ​បើកសវនាការនៅ​ពេល​ណា ហើយ​នឹង​ត្រូវ​បើក​អង្គការ​នោះវិញ​នៅ​ពេល​ណា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«គឺ​ដល់​នីតិវិធី​ត្រូវ​ជំនុំ​ជម្រះ ​គេ​បើក​សវនាការ។​ ​អត់ដឹង​ទេ​អាហ្នឹង។​ ​ជានីតិវិធី​របស់​ចៅក្រម​ស៊ើប»។​

លោក យិន ស្រាង បន្ថែម​ថា​ ​ព្រះ​រាជ​អាជ្ញា​រង​ក្នុង​សំណុំ​រឿង​នេះ​គឺ​លោករៀម ចន្ទម្នី​ ​ចំណែក​ចៅ​ក្រម​ស៊ើប​គឺ​លោក​ស៊ិន សុវណ្ណរ័ត្ន។​

លោក រៀម ចន្ទម្នី​ ​ព្រះ​រាជ​អាជ្ញារង​ដែល​កាន់​សំណុំ​រឿង​នេះ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​ប្រាប់​ថា​ ​សំណុំ​រឿង​នេះ​ផុត​ដៃ​អយ្យការក្រោយ​ការ​ចោទ​ប្រកាន់។​

លោក​និយាយ​ថា៖​

«បាទ ​គេ​ចោទ​ទៅ​បាត់ហើយ​ ​មាត្រា​២៣​ ​ច្បាប់គ្រប់​គ្រង​អាវុធជាតិ​ផ្ទុះ។​ ​បង​ទៅ​មើល​ទៅ​ក្នុង​ហ្នឹង​មាន​បី​នាក់។​ គេ​ចាប់​ម៉ោង​ប៉ុន្មាន​បង​ដឹង​ហើយ​តើ!»​

បើ​តាម​គេ​ហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​កាលពី​ថ្ងៃ​ទី​៣០​ ​ខែ​សីហាឆ្នាំ​២០១៨​ អ្នក​គ្រប់គ្រង​សារមន្ទីរ​គ្រាប់​មីន​ចំនួន​៣​នាក់ត្រូវ​បាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​នូវ​អាវុធ​ខុសច្បាប់​ និង​បើក​អង្គការ​សារមន្ទីរ​គ្រាប់​មីនគ្មាន​ច្បាប់​ទម្លាប់​ ​បន្ទាប់ពីមាន​អគ្គិភ័យ​ឆេះ​សារមន្ទីរ​គ្រាប់​មីន​នេះ ​កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨។​

គេហទំព័រ​ដដែល​នោះ​បាន​ស្រង់​សម្តី​របស់​លោក​ នល់ រ៉ុង​ ​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាបដែល​និយាយ​ថា ​ហេតុ​ការណ៍​ឃាត់ខ្លួន​ជន​សង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២និង​៣០​នាទី​ ថ្ងៃ​ទី​២៩​ ខែសីហាឆ្នាំ​២០១៨​ ស្ថិត​ក្នុង​ភូមិ​ខ្នារ​ ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយស្រី។​ ជន​សង្ស័យឈ្មោះ​ អាគីរ៉ា ​ជា​ប្រធាន​អង្គការ​ ​ឈ្មោះ អឿន យ៉ុន ​ជា​អនុប្រធាន​អង្គការ ​ និង​ឈ្មោះ​ហ៊ាញ សុគន្ធា​ ​ជា​ប្រធាន​ប្រតិបត្តិ។​

គេហ​ទំព័រ​អគ្គ​ស្នងការរ​នោះ​ផ្សាយ​ថា​ ​មន្ត្រី​ជំនាញអង្គការ​ស៊ី​ម៉ាក់បាន​ឲ្យ​ដឹង​ថា ​គ្រឿង​ផ្ទុះ​ដែល​ដកហូត​នោះ​រួម​មាន​ ​គ្រាប់បែកដៃ​ចំនួន​៩​គ្រាប់​ មីន​៧២A​ចំនួន​១៥​គ្រាប់​ គ្រាប់​កាំភ្លើងខ្លី​ចំនួន​៣២៥​គ្រាប់​ ​ដង​គ្រាប់​បេ​ចំនួន​១​ ​ម្ជុល​ភ្លើង​មីន​៦៩​ចំនួន​៥​ដើម គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូ​ក្រាម​ កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម សំបក​គ្រាប់​មីន​ចំនួន​២​កេស​ ​ឈើ​ ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១​កេស​ ឈើ​ដាក់​គ្រាប់បែក​ចំនួន​១​កេស​ ដែក​ដាក់​ខ្សែ​យឺត​ចំនួន​១​ស្មាច់​ ដែក​ដាក់​គីប​ចរន្ត​ចំនួន​១​គ្រាប់​ កាំភ្លើងខ្លី ​K៥៩​ចំនួន​៤២​ គ្រាប់​គីប​ចរន្ត​ចំ​នួន​២៩០​ដើម​ គីប​ធម្មតា​៣០០​ដើម។

គេហ​ទំព័រ​នោះ​បាន​ស្រង់​សម្តី​លោក ទិត្យ ណារ៉ុងបន្ថែម​ក្នុង​ន័យដើម​ថា៖​

«ករណី​នេះ​កម្លាំង​នគរបាល​ជំនាញបាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់​នោះ​ហើយ​ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​នូវ​អាវុធ​ខុសច្បាប់​ ​និង​ច្បាប់​អង្គការ​សារមន្ទីរ​គ្រាប់​មីន​នោះ​ហួស​សុពល​ភាព​ចំនួន​៤​ឆ្នាំ​មក​ហើយ។​ ​លោក​បន្ត​ថា​ចំណែក​ក្មេង​នៅ​ក្នុង​អង្គការ​ចំនួន​១៧​នាក់​ ស្រី​៧​នាក់​នោះ​ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​បន្ត​នៅ​កន្លែង​មាន​សុវត្ថិភាព»។​

លោក ទូច ឡូញ​ ​បុគ្គលិក​ដែល​ជា​ប្រធាន​ផ្នែក​អប់រំរបស់​អង្គការ​ដោះ​មីន​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះកន្លែង​ផ្ទុក​អាវុធ​ជាតិ​ផ្ទុះ​ទាំង​នោះ​ ​ហើយ​ក៏​មិន​មាន​ការ​រាយ​ការណ៍​ណាមួយ​ដែល​ថា ​បាន​ឮ​សំឡេង​ផ្ទុះក្នុង​ពេល​កើត​ហេតុ​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ​នោះ​ដែរ។​ លោក​បន្ថែម​ថា ​ កន្លែង​ឆេះ​នោះ​មាន​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រពី​សារមន្ទីរដែល​ដាក់​តាំង​សំណល់​គ្រឿង​ផ្ទុះ​ចាស់ៗ​ ​និង​ថា​ ​ការឆេះនោះ​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិវេណ​សារមន្ទីរ ​និងមិន​បណ្តាល​ឲ្យ​រង​ការខូច​ខាត​ធ្ងន់ធ្ងរ​ណាមួយ​ ​ក្រៅ​តែពី​ឃ្លាំង​ដែល​សមត្ថកិច្ចឆែក​ឃើញ​មាន​គ្រាប់​មួយ​ចំនួនប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖​

«នៅ​ខាងក្រោយ​នោះ​ ដូច​ជាអត់​មាន​អី​ទេ​ ឃ្លាំង​ប្រធានខ្ញុំ​គាត់​ដាក់​គ្រាប់​ដែល​ គាត់​រក​បាន​តិច​តួច ​គ្រាប់​អាកា​ ​គ្រាប់​អី​អីចឹង​ ​គាត់​ដាក់​នៅ​ខាង​ក្រោយ។​ ​អីចឹងអត់​មាន​សម្ភារៈអី​ផ្សេង​ទេ។ ​មេ​ហ្នឹង​គាត់​ក៏​ជា​អ្នក​រាវមីន​អ្នក​អីដែរ​ ​ដោយ​សារ​តែ​គាត់​ធ្វើ​ការ​អង្គការ​ពីរ។​ គាត់​ធ្វើការ​ខាង​សារមន្ទីរ​មីនមួយ ​ហើយ​និង​គាត់​ធ្វើការជា​ប្រធាន​អង្គការ​ដោះ​មីន​មួយ។​ ​អីចឹងទៅ​មិន​ដឹង​ថា​ ​គាត់នៅ​ធ្វើការ​ម៉េច​អី​យ៉ាង​ម៉េច?​ ​គាត់​ដោះ​បានម៉េច​ ​អីយ៉ាង​ម៉េច?​ ​ក៏​គាត់​ទៅ​ដាក់​ក្នុង​ឃ្លាំង​ហ្នឹង​ ស្រាប់តែ​មាន​ការ​ឆាប​ឆេះរហូត​ដល់កើត​ហេតុ​ហ្នឹង​ទៅ»។​

លោក ទូច ឡូញ បន្ថែម​ថា​ ​ក្មេងៗ​ ​និង​យុវជន​ចំនួន​២៧​នាក់ ​ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​នោះ​ ​ត្រូវ​បាន​រើ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែងនិង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីជន​ជាតិ​អាមេរិកាំង​មួយ​រូប​ ​មិនមាន​ការទទួល​ខុស​ត្រូវ​ណាមួយ​ពី​មន្ទីរ​សង្គមកិច្ច​ខេត្ត​នោះ​ទេ។​

លោក ឈួន ណារិន​ ​មន្រ្តី​អង្កេត​របស់សមាគម​អាដហុក ​ប្រចាំ​ខេត្ត​សៀមរាប ​ប្រាប់​ ​VOA​ ​ថា ​លោក​បាន​សួរ​ប្រជា​ពលរដ្ឋ​នៅ​ទីតាំង​កើត​ហេតុ​ ​ប៉ុន្តែ​មិនមាន​អ្នក​ដែល​អះអាង​ថា​ បានឮ​មាន​សំឡេង​ផ្ទុះ​ណា​មួយ​នោះ​ទេ។​ ​លោក​សុំ​មិនធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ ​សមាគម​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ​ដើម្បី​ទទួល​បាន​ព័​ត៌មាន​ពិត។

កាល​ពី​ឆ្នាំ​២០១០​ ​លោក អាគីរ៉ា​ ត្រូវ​បាន​ជ្រើស​រើស​ជា​ជន​ឆ្នើម​ម្នាក់​ ​ក្នុង​ចំណោម​ជន​ឆ្នើម​ទាំង​១០​រូប​ ​ប្រចាំ​ឆ្នាំ​២០១០​របស់​ទូរទស្សន៍​ពិភពលោក ​CNN​ ក្រោយ​ពេល​ដែល​លោក អាគីរ៉ា បាន​ព្យាយាម​ក្នុង​កិច្ចការដោះ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០៨​មក​ ដើម្បី​ផ្តល់​សុវត្ថិភាព​ជូនប្រជា​ពលរដ្ឋ។​ ​ក្រៅពី​រង្វាន់​ ​CNN​ ​ លោក អាគីរ៉ា ​ក៏​ទទួល​បានរង្វាន់ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s