សហគមន៍​ជន​ជាតិ​ទំពូន​ចោទអាជ្ញាធរ​ថា ញុះញុង​ពលរដ្ឋឲ្យ​ចូលរួម​លក់ដីព្រៃដែនជម្រសត្វ

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

ប្រជាសហគមន៍ជនជាតិភាគតិចទំពូននៅក្នុងខេត្តរតនគិរី ចោទអាជ្ញាធរ​មូលដ្ឋាន​ថា បានញុះញុងប្រជាពលរដ្ឋឲ្យចូលរួមលក់ដីព្រៃដែនជម្រសត្វជាង ២០០​ហិកតានៅក្នុង​ស្រុកលំផាត់ ទៅឲ្យ​ក្រុមហ៊ុនឯកជន។

ក្នុង​ពាក្យបណ្ដឹងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចទំពូនចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដែលប្ដឹងទៅព្រះរាជអាជ្ញាខេត្តរតនគិរី​នោះ តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន លោក ឆន ផល្លា បាន​រៀបរាប់​ថា មេភូមិ​សាមុត្រ​​ក្រោម លោក ខាំ ផសាវ៉ាត និងអនុភូមិ លោក ប៊ុន ធាន​សឿន រួមជាមួយប្រធានសហគមន៍​សាមុត្រក្រោម លោក ថាន់ ម្លែល បានកោះហៅប្រជាពលរដ្ឋភូមិសាមុត្រក្រោមចំនួន ១៣៣​នាក់ឲ្យទៅចូលរួមក្នុងប្រជុំ។

ក្នុងកិច្ចប្រជុំនោះ មេភូមិ អនុភូមិ និងប្រធានសហគមន៍សាមុត្រក្រោម បានសួរ​ទៅកាន់ប្រជាពលរដ្ឋថា ដីនេះលក់ ឬមិនលក់ ហើយ​បើលក់ ពួកគាត់នឹងឲ្យឈ្នួញមកមើលដីនេះ ក្នុងតម្លៃ ៣០០​ដុល្លារក្នុង ១ហិកតា។

តំណាងសហគមន៍ជនជាតិភាគតិចទំពូន លោក ឆន ផល្លា ដែល​អះអាងថា​ចូលរួមប្រជុំ​ផង​ដែរ​នោះ បាន​លើកឡើងថា លោកបានដាក់ពាក្យបណ្ដឹងនេះទៅតុលាការរួចហើយ ពាក់ព័ន្ធនឹងអាជ្ញាធរភូមិបានប្រាប់ពួកគាត់លក់ដី ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋមិនព្រមលក់ទេ ក្រុមហ៊ុននឹងយកដីដែនជម្រសត្វនោះ។

គាត់បានបើកិច្ចប្រជុំហ្នឹង គាត់​និយាយពីលក់ដីរបស់កន្លែងជម្រសត្វព្រៃលំផាត់ហ្នឹង។ គាត់ថា ប្រជាជនដីហ្នឹង លក់ឬ ក៏មិនលក់ បើលក់នាំគ្នាលើកដៃ គាត់ហានធានាអះអាងថាអត់មានរឿងអីទេ គាត់អ្នកធានាខុសត្រូវអញ្ចឹង គាត់ថាពីលើមកគេឲ្យគាត់ធ្វើគាត់ថាអញ្ចឹង។ គាត់ថាទៀតថា បើមិនលក់ទេ ដីហ្នឹងក្រុមហ៊ុនយកទទេហើយ គេញុះញង់ឲ្យប្រជាជនលក់អញ្ចឹង

តំណាងសហគមន៍ជនជាតិភាគតិចទំពូន លោក ឆន ផល្លា

ប្រធានភូមិសាមុត្រក្រោម លោក ខាំ ផសាវ៉ាត បាន​ច្រានចោលការចោទប្រកាន់នេះ ដោយថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែសីហា​កន្លងទៅ លោកមិនបាននិយាយឲ្យប្រជាពលរដ្ឋលក់ដីព្រៃដែនជម្រសត្វព្រៃនោះទេ។

បាទ! បានប្រជុំមែន ប៉ុន្តែ យើងនិយាយពីថា ក្រុមហ៊ុនចិនគេមិនដឹងថ្ងៃណាគេមក ខ្ញុំលឺដំណឹងតៗគ្នា ពីស្រុកពីខេត្តអីហ្នឹង។ គេថា មានក្រមហ៊ុនចិនចុះមកវិនិយោគអី! សម្រាប់យើងជាជនក្រីក្រអី គេឲ្យធ្វើជាកម្មករគេ និយាយតែប៉ុណ្ណឹង អត់មានថា លក់ដីលក់អីទេ អត់មានពាក់ព័ន្ធនឹង​អាហ្នឹងទេ។ យើងប្រាប់ថា ក្រុមហ៊ុននឹងវិនិយោគនៅណាទេ គ្រាន់តតែយើងប្រាប់ប៉ុណ្ណឹង​ទេ អត់មានប្រាប់ថា លក់ដីលក់ធ្លីទេ អត់មានសោះតែម្ដង

ប្រធានភូមិសាមុត្រក្រោម លោក ខាំ ផសាវ៉ាត

វីអូឌីមិនអាចសុំការអត្ថាធិប្បាយលោក ប៊ុនធាន សឿន និងលោក ថាន់ ម្លែល បានទេ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។​

ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្ដឹងរបស់ក្រុមប្រជាពលរដ្ឋនៅឡើយ។

ស្ថាប័នអយ្យការត្រូវតែទទួលត្រួតពិនិត្យ ហើយធ្វើដំណើរការចាត់ការតាមនីតិវិធីធម្មតា ប៉ុន្តែ ឥឡូវយើងមិនទាន់អារកាត់អះអាងថាយ៉ាងម៉េចទេ ព្រោះយើងមិនទាន់​ទទួលបាន​បណ្ដឹងហ្នឹងផង

ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ

អភិបាលខេត្តរតនគិរី លោក ថង សាវុន ពុំ​បាន​ស្រាយ​បំភ្លឺ​ជុំ​វិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុងជាប់រវល់ប្រជុំ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព បាន​ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​បញ្ហា​នេះ​ហើយ ហើយ​លោក​ថា ស្ថាប័នទាំង​ពីរ​នេះ កំពុង​តែ​សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ខេត្ត​ ដើម្បី​ចាត់​វិធានការ​លើ​ករណី​នេះ។

ពាក់ព័ន្ធករណីនេះ ខាងម​ន្ទីរបរិស្ថានរបស់យើងខ្ញុំបានទទួលព័ត៌មាននឹងហើយ។ ឥឡូវហ្នឹង មន្ទីរបរិស្ថានខេត្តកំពុងធ្វើការជាមួយ​គណៈអភិបាលខេត្ត ក៏ដូចជាអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីដោះស្រាយ ចាត់វិធានការទៅតាមផ្លូវច្បាប់។ ឥឡូវកំពុងធ្វើការហ្នឹង

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី សាទរចំពោះចំណាត់ការនេះ ប៉ុន្តែលោកស្នើទៅក្រសួងឲ្យពន្លឿនដំណោះស្រាយបញ្ហាជាច្រើនទៀត។

ក្នុង​ពាក្យ​បណ្ដឹង​របស់​សហគមន៍ជនជាតិដើមភាគតិចទំពូន បាន​អះអាងថា ដីដែនជម្រសត្វព្រៃដែលអាជ្ញាធរភូមិ និងប្រធានសហគមន៍ ឲ្យប្រជាពលរដ្ឋលក់នោះ មានទំហំ ២៦០​ហិកតា ស្ថិតនៅចំណុចភ្នំអាក ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់។

​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ស្ថិត​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដែល​មាន​ផ្ទៃដី​ជាង ២៥​ម៉ឺន​ហិកតា ហើយត្រូវ​បានចេញអនុក្រឹត្យ​កំណត់​ជា​តំបន់​អភិរក្ស​កាល​ពី​ឆ្នាំ២០១៧៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s