អង្គការ​ចំនួន ២ ចោទ​សួរ​ចំពោះ​ការ​ផ្តន្ទា​ទោស ៦ ឆ្នាំ លើ​លោក James Ricketson ​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

លោក James Ricketson ​ត្រូវ​បាន​ឆ្មាំ​ពន្ធ​នាគារ​ក្រៀក​រុញ​បញ្ចូល​ឡាន​ នៅតុលាការក្រុង ​ពេល​លោក​ព្យា​យាម​និយាយ​ជា​មួយ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៣១ សីហា។ ផា លីណា

ភ្នំពេញៈ​ ក្លិប​អ្នក​កាសែត​កម្ពុជា ​នៅ​​បរទេស និង​អង្គការ​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ការ​ផ្តន្ទា​ទោស​ទៅ​លើ​​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ជន​ជាតិ​អូស្ត្រាលីលោក​ James Ricketson ដាក់​ពន្ធនាគារ​កំណត់​ ៦ ឆ្នាំ ថា «ចៅ​ក្រម​បាន​អនុវត្ត​បទ​បញ្ជា​​នយោ​បាយ​ពី​រដ្ឋាភិបាល​» កម្ពុជា និង​បាន​ចោទ​សួរ​ថា តើ​ប្រទេស​ណាមួយ​​ដែល​លោក​ James បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​នោះ​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី៣១ ​ខែ​សីហា​ បាន​​បើក​សវនាការ​ប្រកាស​សាល​ក្រម​ដោយ​សម្រេច​ផ្តន្ទាទោស​​លោក​ James Ricketson ​អាយុ​ ៦៩ ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់ ៦ ឆ្នាំ ពី​បទ «ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​ ៤៣៩ និង ៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក សេង លាង ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​បាន​ថ្លែង​ពេល​ប្រកាស​សាល​ក្រម​ថា៖ «ក្រោយ​ពី​បាន​ពិនិត្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​ ហេតុ​ដូច្នេះ ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ James Ricketson ដាក់​ពន្ធនាគារ​ ៦ឆ្នាំ​ ពី​បទ​ ប្រមូល​ព័ត៌មាន​ជាអាទិ៍ នាំ​​ឲ្យ​អន្តរាយ​ដល់​​ការ​ការពារ​ជាតិ» តាម​មាត្រា​ ៤៣៩​ និង​ ៤៤៦​ ប្រព្រឹត្ត​ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១០ ដល់ថ្ងៃទី​ ៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧។

ការ​ប្រកាស​សាល​ក្រម​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​តុលាការ​ បាន​ជំនុំ​ជម្រះ​សួរ​ដេញ​ដោល​ភាគី​ពាក់​ព័ន្ធ​អស់​រយៈ​ពេល​ ៧ ​ថ្ងៃ​ជា​បន្ត​បន្ទាប់។
នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​​កាល​ពី​កន្លង​មក​ លោក Ricketson បាន​​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញា​ សៀង សុខ ​ដែល​​បាន​ចោទ​លោក​ថា ​លោក​បាន​យក​ការងារ​មនុស្ស​ធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​ ដើម្បី​បិទ​បាំង​សកម្មភាព​ចារកម្ម​របស់​លោក។

ប៉ុន្តែ​លោក​ Ricketson ថ្លែង​ថា ​លោក​គ្រាន់​តែ​ជា​អ្នក​ផលិត​ខ្សែភាព​យន្ត និង​ជា​អ្នក​កាសែត​ប៉ុណ្ណោះ​ មិន​បាន​ប្រមូល​ព័ត៌មាន​ចារកម្ម​អ្វី​ឡើយ។

ថ្លែង​ក្រោយ​ពេល​​ប្រកាស​សាល​ក្រម​ភ្លាមៗ ​លោក Ricketson ​បាន​ប្រតិកម្ម​នឹង​សាលក្រម​នេះ ដោយ​លោក​​បាន​ចោទ​សួរ​ថា​៖​«តើ​ខ្ញុំ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ណា?​ វា​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ»។ បន្ទាប់​មក​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ដឹក​ចេញ​ទៅ​ពន្ធនាគារ​វិញ​យ៉ាង​ប្រញាប់​ប្រញាល់។

លោក​ គង់​ សំអុន​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក James ​ក៏​បាន​ថ្លែង​ក្រោយ​ប្រកាស​សាលក្រម​​ដែរ​ថា​ ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ធ្វើ​ឡើង​ដោយ​​ផ្អែក​លើ​​ភ័ស្តុតាង​តិចតួច​បំផុត​។

លោក​ថ្លែង​ថា៖ «ក្រោយ​ពេល​ជំនុំ​ជម្រះ​ ៧​ ថ្ងៃ​មក​នេះ យើង​ឃើញ​ថា​ មាន​ភ័ស្តុតាង​តិចតួច​មែន​ទែន​ សម្រាប់​ដាក់​បន្ទុក​លើ​លោក​ James ​ដែល​ថា​ លោក​ James​ ជា​ភ្នាក់ងារ​សម្ងាត់​ ឬជា​អ្នក​ស៊ើបការណ៍​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ការពារ​ជាតិ​ ឬ​ជា​ចារកម្ម​ ឬ​កិច្ចការ​អ្វី​មួយ​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា»។

ជា​មួយ​គ្នា​នេះ ក្លិប​អ្នក​កាសែត​កម្ពុជា​នៅ​បរទេស​(OPCC) ​បានចេញ​សេច​ក្តី​ប្រកាស​​មួយ​ដោយ​បាន​​អំពាវ​នាវ​ឲ្យ​អាជា្ញធរ​ នៃ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា​ ធ្វើ​ការ​បញ្ជាក់​ឲ្យច្បា​ស់​ជា​សាធា​រណៈ ​និង​ដោយ​តម្លា​ភាព​ អំពី​ហេតុ​ផល​នៃ​ការ​ចោទ​ប្រកាន់​លើ​លោក James Ricketson។

OPCC បាន​ចោទ​សួរ​​ថា​៖«ពួក​គេ​(ក្រសួង​យុត្តិ​ធម៌​កម្ពុជា)គួរ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ​តើ​ប្រទេស​មួយ​ណា​ ដែល​លោក James Ricketson​ បាន​ជួយ​ធ្វើ​ការ​ស៊ើប​ការ​សម្ងាត់​ឲ្យ ហើយ​ដែល​នេះ​ គឺ​ជា​សំនួរ​ដែល​មិន​ត្រូ​វបាន​ឆ្លើយ​កាល​ពី​ក្នុង​ពេល​សវនាការ​»។

ចំណែក​ ​លោក​ Phil Robertson អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ក៏​បាន​ចេញ​សេច​ក្តី​ថ្លែងការ​ណ៍​មួយ​ផង​ដែរ​ ទាក់​ទង​នឹងការ​ផ្តន្ទា​ទោស​រយៈ​ពេល​ ៦ ឆ្នាំ ទៅ​លើ​លោក James នេះ ដោយ​បាន​និយាយ​ថា​៖​ «សវនាការ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​អ្វី​ទាំង​អស់​ ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា៖ ការ​ចោទ​ប្រកាន់​ហួស​ហេតុ​ គួរ​ឲ្យ​អស់​សំណើច ព្រះ​រាជ​អាជ្ញា ដែល​មាន​តែ​ភ័ស្ដុតាង​តិច​តួច​ ឬ​គ្មាន​តែ​ម្ដង ហើយ​ចៅ​ក្រម​អនុវត្តន៍​បទ​​បញ្ជា​នយោ​បាយ​ពី​រដ្ឋាភិបាល ​ជា​ជាង​ការ​កាត់​ក្តី​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ ដែល​កើត​ឡើង ​នៅ​ក្នុង​តុលាការ​។​ នៅ​ពេល​និយាយ​អំពី​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​ប្រទេស​កម្ពុជា ច្បាស់​ណាស់​ រាល់​ការ​ពិត​ទាំង​អស់​ គឺ​មិន​តម្រូវ​ឲ្យ​មាន​នោះទេ​»។

លោក​ថ្លែង​បន្ត​ថា ចាប់​តាំង​ពីថ្ងៃ​ទី​មួយ លោក​ Ricketson ​គឺ​ជា​បុគ្គល​ដែល​ត្រូវ​បាន​ចោទ​ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ខុស​ របស់​លោក​ ហ៊ុន សែន ដែល​​ថា​ ជាភ្នាក់​ងារ​ នៃ​បដិវត្តន៍​ពណ៌ ដែល«​ជា​លេស​មួយ​ ប្រើ​ប្រាស់​សម្រាប់​បង្រ្កាប​គណ​បក្ស​ប្រឆាំង​​ និង​អង្គការស​ង្គម​ស៊ីវិល»​។

សេច​ក្តី​ថ្លែង​ការ​​​ណ៍​ដដែល​នេះ​បាន​បន្ត​ថា​៖«អ្វីដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ​គឺ​រដ្ឋាភិបាល​អូស្រ្តា​លី ​បាន​បណ្ដោយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដើរ​រំលង​ខ្លួន​ ដោយ​សារ​តែ​រដ្ឋាភិបាលអូ​ស្រា្តលី​មិន​បាន​ប្រឈម​មុខ​ជា​សាធា​រណៈ​ និង​ជាប់​រហូត​ ជា​មួយ​នឹង​ទង្វើដ៏​មិន​សម​គួរ​មួយ​នេះ ហើយ​រដ្ឋា​ភិបាល​អូស្រា្តលី​ ក៏​មិន​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក(James Ricketson)​ភ្លាមៗ​និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នោះ​ដែរ​។​ … តែ​និយាយ​រួម​ទៅ​ គោល​នយោ​បាយ​នេះ ​មិ​ន​មាន​ប្រសិទ្ធ​ភាព​អ្វី​បន្តិច​តែ​ម្ដង​»។

ប៉ុន្តែ​លោក ជិន​​ ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​​យុត្តិធម៌​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ករណី​លោក​ James Ricketson ជា​​ការ​សម្រេច​របស់​តុលាការ​​កម្ពុជា​ ដែល​មិន​អាច​មាន​រដ្ឋ​បរទេស​ណា​មួយ​ អាច​លូក​លាន់​បាន​ទេ។ លោក​បញ្ជាក់​ថា​៖«អ៊ីចឹង​ទេ​ ទោះ​​បី​មាន​ការ​ស្នើ​សុំ​​ មាន​សម្ពាធ ឬ​មាន​ទំនាក់​ទំនង​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​ទាំង​អស់​នេះ​ គឺ​មិន​អាច​មាន​ឥទ្ធិពល​ ទៅ​លើ​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ​បាន​ទេ។ ករណី​នេះ​តុលាលាការ​ បាន​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្តី​ ហើយ​ចេញ​សាល​ក្រម​រួច​ហើយ​ ដោយ​ផ្អែក​​លើ​មូលដ្ឋាន​អង្គ​ហេតុ​និង​អង្គ​ច្បាប់​ដែល​តុលាកា​រ​បាន​បង្ហាញ»។

លោក​បន្ត​ថា បើ​ភាគី​ដែល​យល់​ថា​ មិន​ត្រឹម​ត្រូវ មិន​មាន​ភ័ស្តុតាង​​គ្រប់​គ្រាន់ ពួក​គេ​​អាច​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​ប្តឹង​​ទៅ​​សាលា​ឧទ្ធរណ៍ ហើយ​បើ​ឧទ្ធរណ៍​សម្រេច អាច​ប្តឹង​ទៅ​កំពូល​ត​ទៅ​ទៀត ដោយ​ការ​ធ្វើ​ការ​បង្ហាញ​ពី​ភ័ស្តុតាង ទឡ្ហីករ​ផ្សេងៗដែល​ដោះ​បន្ទុក​ដល់​គាត់។

ទោះ​យ៉ាង​ណា​លោក​ម៉ាលីន​លើក​ឡើង​​ថា​ អាច​មាន​មធ្យោបាយ ​៣​ ដែល​អាច​ជួយ​ដល់​ លោក James ​ គឺ​បន្ត​នីតិ​វិធី​តទៅ​ទៀត ទី២ បើ​គាត់​មិន​តវ៉ា​ទេ ពេល​សាល​ក្រម​ចូល​ស្ថាពរ គាត់​អាច​ស្នើ​សុំ​ទៅ​លោក​​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ការ​ស្នើ​សុំ​លើក​លែង​ទោសទៅ​ព្រះមហាក្សត្រ​​ដល់​គាត់​ និង​​ទី ៣ បើ​រដ្ឋ​បរទេស​ចង់​ជួយ​គាត់ ​អាច​ស្នើ​ឲ្យ​មាន​ការ​ផ្ទេរ​ទណ្ឌិត​បាន «អាហ្នឹង​ផ្ទេរ​ទណ្ឌិត​ហ្នឹង​ទៅ​អនុវត្ត​ទោស​នៅ​ស្រុក​គេ តែ​មិន​មែន​ជា​ការ​ស្នើ​សុំ​ដោះ​លែង​ឲ្យ​រួច​ខ្លួន​នោះទេ»។

យ៉ាង​ណា​ក្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី លោក​ស្រី Marise Payne បាន​សរសេរ​នៅ​ក្នុង​សេច​ក្តី​​ប្រកាស​ព័ត៌មាន​មួយ​ថា លោក​ស្រី ​ដឹង​ថា​ លោក​ James Ricketson ​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យៈ​ពេល​ ៦ ​ឆ្នាំ ដែល​នេះ​គឺ​ជា​ពេល​វេលា​ដ៏សែន​លំបាក​សម្រាប់​លោក ​James Ricketson ​និង​គ្រួសារ​របស់​លោក ហើយ​រដ្ឋាភិបាល​អូស្រ្តាលី​ នឹង​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ខាង​ផ្នែក​កុង​ស៊ុល​ពេញ​ទំហឹង ​ដល់​លោក​ James Ricketson។

លោក​ស្រី​បន្ត​ថា លោក​ James Ricketson​ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​នីតិ​វិធី​ផ្លូវ​ច្បាប់​របស់​កម្ពុជា ហើយ​លោក​ត្រូវ​តែ​ពិចា​រណា​អំពី​ចម្លើយ​របស់​លោក​ ដែល​ឆ្លើយ​ទៅ​កាន់​សេចក្ដី​សម្រេច​របស់​តុលា​ការ ដែល​បាន​បើក​ចំហផ្លូវ​ជា​ច្រើន​ ស្ថិត​ក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា​សម្រាប់​​រូប​គាត់។ លោក​ស្រី​បានបញ្ជាក់​ថា៖«រដ្ឋាភិបាល​របស់​អូស្រ្តាលី​ នឹង​ពិចា​រណា ​អំពី​អ្វី​ដែល​ជាការ​គាំ​ទ្រ​ និង​ជា​ជំនួយ និង​អ្វីដែល​យើង​អាច​ផ្ដល់​ឲ្យបាន​ សម្រាប់​រូប​លោក បន្ត​ទៀត​»។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s