មន្ត្រី​ថា​ ការសិក្សា​បង្កើត​ខេត្ត​ថ្មី​ អាច​ចាប់ផ្ដើម​ដើម​ឆ្នាំ​ ២០១៩

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំបន់ព្រៃឈើ នៅ​តាម​ផ្លូវ​ទៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។ ផា លីណា

ភ្នំពេញៈ មន្ត្រី​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹងថា លទ្ធភាព​ការសិក្សា​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ ២

​បន្ថែម​ទៅ​លើ​ខេត្ត​ដែល​កំពុង​មាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ​ ២០១៩ ដើម្បី​រាជរដ្ឋាភិបាល​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​អាសនៈ ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ខណ្ឌ ដែល​មាន​គម្រោង​ត្រូវ​បោះឆ្នោត​អាណត្តិ​ទី​ ៣ ​នៅក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៩​។

លោក ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​៖ «​ប្រសិន​ជា​អាច ការបង្កើត​ខេត្ត​ថ្មី​ចំនួន ២ ​ទៀត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​នៅ​ដើម​ឆ្នាំ​ ២០១៩ ដើម្បី​ទុក​ពេលវេលា​សម្រាប់​រដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បោះឆ្នោត​អាណត្តិ​ទី​ ៣ នៅក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៩ ខាង​មុខ​»​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​គោលការណ៍​សម្ដេច​បាន​ឲ្យ​យើង​សិក្សា​ទៅលើ​លទ្ធភាព​បង្កើត​ខេត្ដ​នេះ ជំហាន​បន្ទាប់​ទើប​យើង​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​ពី​ស្ថានភាព​ជាក់ស្ដែង​។ តើ​បង្កើត​បាន ឬ​មិន​បាន ដើម្បី​សិក្សា​វាយតម្លៃ លើ​សេដ្ឋកិច្ច និង​សង្គម និង​ផលចំណេញ ខាត ជាដើម​។ មក​ដល់​ពេល​នេះ​ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​បង្កើត​ក្រុម​ការងារ​ចុះ​វាយតម្លៃ​ពី​លទ្ធភាព​នៃ​ការបង្កើត​ខេត្ដ​ថ្មី​ទាំង​ ២ ​នោះ​នៅ​ឡើយ​ទេ ខណៈ​ឈ្មោះ​ខេត្ដ​ថ្មី​នេះ​ក៏​មិន​ទាន់​បានសម្រេច​នៅ​ឡើយ​ដែរ លុះត្រា​តែ​ចុះ​វាយតម្លៃ​ចប់​សព្វ​គ្រប់​ទើប​អាច​សម្រេច​ដាក់​ឈ្មោះ​បែប​ណា​បាន​»​។

យោង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​ ២៧ ខែ​សីហា ឆ្នាំ​ ២០១៨ របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្នើសុំ​គោលការណ៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ចំនួន​ ២ ​ទៀត​។ ដោយ​ផ្អែកលើ​ស្ថានភាព​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​ដើម្បី​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការរក្សា​សន្តិសុខ ការអភិវឌ្ឍ​មូលដ្ឋាន និង​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ការសិក្សា​ពិនិត្យ​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ចំនួន​ ២ ​ទៀត​នោះ​គឺ​ខេត្ត​ថ្មី​ទី ១ ត្រូវ​បំបែក​ចេញ​ពី​កណ្តាល និង​ខេត្ត​ថ្មី​ទី ២ ត្រូវ​បង្កើត​ឡើង​នៅ​ចន្លោះ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​រវាង​ស្រុក​កោះញែក និង​ស្រុក​លំផាត់​ដែល​ត្រូវ​បាន​យល់ព្រម​ពី​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី ​២៨ ខែ​សីហា​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការបង្កើត​ខេត្ដ​ថ្មី​នេះ​នឹង​មាន​ផលវិជ្ជមាន​ជា​ផលប្រយោជន៍​នៃ​អភិបាលកិច្ច​ល្អ​ និង​មាន​ប្រសិទ្ធភាព​ដល់​មហាជន​។

លោក ស៊ីផាន បាន​ថ្លែង​ថា​៖ «​យើង​ដឹង​ហើយ​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​សេវាកម្ម​ដល់​មហាជន​។ អ្វី​ដែល​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ វា​ស្ថិត​នៅ​ក្នុង​ចំណូល​របស់​សេដ្ឋកិច្ច​ដែល​មាន​លំនឹង​ក្នុង​ការ​បែងចែក​ប្រាក់​ទៅ​តាម​បណ្ដា​ខេត្ដ​នីមួយៗ​ក្នុង​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ដើម្បី​កុំ​ឲ្យ​ផ្ដល់​សេវាកម្ម​មាន​គម្លាត​ឆ្ងាយ​»​។

លោក ឱក សេរីសុភ័ក្រ ទីប្រឹក្សា​ឯករាជ្យ​អន្តរជាតិ​បាន​ថ្លែង​ថា ជា​រឿង​ធម្មតា​នៅពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ​កើនឡើង​កាន់តែ​ខ្លាំង​ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ ដូច្នេះ​ទើប​មាន​ការបែងចែក​ខេត្ដ​។

លោក សេរីសុភ័ក្រ បញ្ជាក់​ថា​៖ «​ដូច្នេះ​ហើយ​ពេល​ចំនួន​ពលរដ្ឋ​ផ្លាស់ប្ដូរ សេវា​សាធារណៈ​ក៏​ត្រូវ​តែ​ផ្លាស់ប្ដូរ​ទៅ​តាម​ហ្នឹង​ដែរ​។ បើ​យើង​មិន​សើរើ រដ្ឋបាល​ព្រំដែន ខេត្ដ-ខណ្ឌ​ទេ​នោះ​ការគ្រប់គ្រង​ភូមិសាស្ដ្រ​របស់​រដ្ឋ​ខេត្ដ​នឹង​មាន​ការលំបាក​។ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការចំណាយ​ក្នុង​ការបង្កើត​ខេត្ដ​នីមួយៗ​ទាក់ទង​នឹង​បញ្ហា​អភិបាលកិច្ច​»​។

លោក មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​បាន​លើកឡើង​ថា​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ទន់ខ្សោយ​មិន​ទាន់​សមស្រប​ជាមួយ​ពេលវេលា​ដើម្បី​បែងចែក​ខេត្ត​នោះ​ទេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s