ដំណាំកប្បាសនៅ កម្ពុជា ត្រូវបានបោះបង់ចោល

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

កសិករ​នៅ​បាត់ដំបង​បង្ហាញ​ដំណាំ​កប្បាស​ក្នុង​ដំណាំ​ខ្លួន កាល​ពី​ឆ្នាំ ២០០៩។ ហេង ជីវ័ន

ភ្នំពេញៈ ​ការ​ដាំដុះ​កប្បាស​ដែល​ជា​ផលិតផល​កសិ-​ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល​មួយ​មិន​មាន​សញ្ញា​បង្ហាញ​ពី​ការ​រស់​ឡើង​វិញ​នោះ​ទេ​ ទោះបី​ជា​បច្ចុប្បន្ន​ប្រទេស កម្ពុជា ពឹង​ផ្អែក​លើ​វត្ថុ​ធាតុ​ដើម​ដែល​ផលិត​ឡើង​ដោយ​កប្បាស​ដើម្បី​ផ្គត់ផ្គង់​ឧស្សាហកម្ម​ដែល​រីក​ចម្រើន​របស់​ខ្លួន ​ដូច​ជា​វិស័យ​កាត់​ដេរ​ក៏​ដោយ​។

​លោក សុខ វណ្ណា ​អនុ​ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្មនៅ​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា ​កប្បាស​មិន​ស្ថិត​ក្នុង​កំណត់​ត្រា​ របស់​ក្រសួង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​កសិករ​ បាន​ផ្លាស់​ប្តូរ​ទៅ​ផលិត​ផល​ផ្សេង​ទៀត​ ដូច​ជា ដំឡូងមី ពោត សណ្ដែកសៀង និង ស្វាយចន្ទី​។​ ​​

លោក​ថ្លែង​ថា​៖ «​ជាង​១​​​ទសវត្សរ៍​កន្លង​មក​យើង​ឃើញ​កសិករ​​នៅតែ​កំពុង​ដាំ​​ដុះ​​កប្បាស​ ប៉ុន្តែ​នៅ​ពេល​​នេះ​​ការ​ដាំដុះ​កប្បាស​ ត្រូវ​បាន​បញ្ចប់​ហើយ​»។

លោក​បន្ត​ថា​៖​ «​យើង​មិន​មាន​ទិន្នន័យ​ណា​មួយ​កត់​ត្រា​ពី​កប្បាស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​»​​។​​

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក​អះអាង​ថា ​មន្ទីរ​ពិសោធន៍​កសិកម្ម​នៅ​តែ​រក្សា​ពូជ​កប្បាស​ទុក​ ក្នុង​ករណី​ដែល​មាន​តម្រូវ​ការ​ដាំដុះ​ឡើង​វិញ​។​

លោក សុខ វណ្ណា ឲ្យ​ដឹង​ថាកន្លង​មក​កប្បាស ត្រូវ​បាន​ដាំដុះ​នៅ​ខេត្ត បាត់ដំបង ព្រះវិហារ និង កំពង់ចាម​។

លោក​បាន​ឲ្យ​ដឹង​ថា ​ទសវត្សរ៍​ចុង​ក្រោយ​ក៏​មាន​រោងចក្រ​កែ​ច្នៃ​កប្បាស ១ នៅ​ខេត្ត កំពង់ចាម ផង​ដែរ​។​​ លោក គីម សាវឿន ប្រធាន​មន្ទីរ​កសិកម្មខេត្ត កំពង់ចាម បាន​ឲ្យ​ដឹង​ថា កសិករ​នៅ​ខេត្ត​នេះ​ក៏​បាន​បោះបង់​អស់​រយៈ​ពេល​ជា​ច្រើន​មក​ហើយ​ដែរ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​ដាំដុះ​ឡើង​វិញ​ដែរ​។​

​លោក​ថ្លែង​ថា៖ «​កសិករ​បាន​បញ្ឈប់​ការ​ដាំ​ដុះ​កប្បាស​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ទៅ​ដាំ​ដុះ ដំឡូងមី សណ្ដែកសៀង និង ស្វាយចន្ទី ដោយ​សារ​តែ​វា​មាន​តម្រូវ​ការ​នៅ​លើ​ទី​ផ្សារ​»​។​

លោក អិុ​ន សុវណ្ណមុនី ​អនុ​-​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាត់ដំបង ឲ្យ​ដឹង​ថា​ការ​ដាំ​ដុះ​កប្បាស​លែង​មាន​ទៀត​ហើយ​ នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្ត​នេះ​។​

លោក​ថ្លែង​ថា​៖ «​យើង​មិន​មាន​ទិន្នន័យ​ណា​មួយ​ថា តើ​កសិករ​ខ្នាត​តូច​ប៉ុន្មាន​នាក់​នៅ​តែ​កំពុង​ដាំដុះ​នៅ​ឡើយ​ទេ​ វា​​ទំនង​​ជា​លែង​មាន​ទៅ​ហើយ​ ដោយ​សារ​វា​មិន​មាន​ទី​ផ្សារ​​​»​។

តាម​លោក សុវណ្ណមុនី ពី​មុន​មាន​រោងចក្រ​កប្បាស​មួយ​ឈ្មោះ Seladamex នៅ​ក្នុង​ខេត្ត​ប៉ុន្តែ​នៅពេល​នេះ​វា​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ប្រតិបត្តិការ​លើ​ផលិតផល​ផ្សេង​ទៅ​វិញ​​»​។​

​ក្រុមហ៊ុន Seladamex co.,​Ltd បាន​ចូល​មក​ឧស្សាហកម្ម​កប្បាស​កាល​ពី​ឆ្នាំ ២០០៩ ដោយ​បាន​វិនិយោគ​លើ​ការ​សាងសង់​រោងចក្រ​កែច្នៃ​ក្នុង​តម្លៃ ២ លាន​ដុល្លារ​។​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា​បាន​ដាំដុះ​កប្បាស​លើ​ផ្ទៃដី ១ ២០០​ហិកតា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​កន្លង​មក។

ឧស្សាហកម្ម​កប្បាស បាន​ចាប់​ផ្ដើម​ឈប់់​ដំណើរការ​ ក្នុង​អំឡុង​សម័យ​ខ្មែរ​ក្រហម នៅ​ពេល​ប្រភព​កសិកម្ម​ស្ទើរតែ​ទាំង​អស់ ត្រូវ​ផ្ដោត​លើ​ការ​ផលិត​ស្រូវ​។ ឧស្សាហកម្ម​នេះ​ ត្រូវ​បា​ន​​បង្កើ​ត​ឡើង​ដោយ​​ប្រទេស បារាំង នៅ​ចន្លោះ​ឆ្នាំ ១៩៦៥ និង ១៩៧៥ ដែល​ពេល​នោះ​វា​មាន​ការ​​រីក​ចម្រើន​ ហើយ​ដំណាំ​កប្បាស​រាប់​ពាន់​ហិកតា ត្រូវ​បាន​ប្រមូល​ផល​ក្នុង​មួយ​ឆ្នាំ​ៗ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s