ប្រភព ៖ ភ្នំពេញបុស្ដី៍
ភ្នំពេញៈ សមាគមធាងត្នោតបានរកឃើញថា ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះមកនៅត្រឹម ២៧៧ ទីតាំង នៅឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ដែលមានចំនួន ៣៤០ ទីតាំង។ នេះបើតាមរបាយការណ៍ស្ទង់មតិដែលសមាគមនេះបានចេញផ្សាយកាលពីថ្ងៃចន្ទជាអ្វីដែលបង្ហាញឱ្យឃើញពីចំណុចវិជ្ជមានខ្លះ ប៉ុន្តែលំនៅឋានជនក្រីក្រដែលនៅសេសសល់នៅតែមានបញ្ហាប្រឈម។
បើគិតជាចំនួនគ្រួសារវិញសមាគមនេះបានកត់សម្គាល់ឃើញមានការធ្លាក់ចុះពីចំនួន ៣៣ ៦០៥ គ្រួសារក្រីក្រនៅឆ្នាំ ២០១៣ មកនៅត្រឹម ២៦- ២០៧ គ្រួសារនៅឆ្នាំ ២០១៧ គឺបាត់គ្រួសារក្រីក្រចំនួន ៧ ៣៩៨ គ្រួសារ។
ក្នុងចំណោមទីតាំងលំនៅឋានជនក្រីក្រទាំង ២៧៧ នេះមាន ៨៨ ភាគរយស្ថិតនៅក្នុងខណ្ឌដែលនៅជាយរាជធានីភ្នំពេញ ប៉ុន្តែមិនបានរាប់បញ្ចូលខណ្ឌ ៧ មករា ចំការមន ដូនពេញ និងខណ្ឌទួលគោកទេ។
ទោះបីយ៉ាងណាសមាគមធាងត្នោតមិនបានដកចេញទីតាំងលំនៅឋានជនក្រីក្រចំនួន ៦៦ ចេញពីការស្ទង់មតិដោយសារតែទីតាំងទាំងនេះមានចំនួនខ្នងផ្ទះតិច មានលក្ខណៈប្រសើរ ឬមិនមានលំនៅឋានជនក្រីក្រទៀតទេ ដែលការបាត់បង់នេះដោយសារការអភិវឌ្ឍ ឬត្រូវបានបញ្ចូលជាផ្នែកមួយនៃទីតាំងធំ។
របាយការណ៍សរសេរថា៖ «ជាទូទៅចំនួនទីតាំងលំនៅឋានជនក្រីក្របានបន្តថយចុះពីចំនួន ៤១០ ទៅ ២៧៧ (ថយចុះ ៣២ ភាគរយ) ចាប់តាំងពីឆ្នាំ ២០០៩ មក។ មូលហេតុចម្បងនៃការធ្លាក់ចុះនេះគឺ ៥៣ ភាគរយដោយសារតែភាពប្រសើរឡើងនៃលក្ខខណ្ឌលំនៅឋាន (ឧទាហរណ៍ពួកគេមិនត្រូវបានចាត់ទុកថាជាប្រជាជនក្រីក្រទៀត)»។
ការស្ទង់មតិបានរកឃើញថាទីតាំងលំនៅឋានជនក្រីក្រចំនួន ១៣១ ក្នុងចំណោម ២៧៧ កំពុងស្ថិតនៅជាប់នឹងទន្លេ ព្រែក បឹង និងត្រពាំង ហើយចំនួន ១៧ ភាគរយស្ថិតនៅជាប់នឹងផ្លូវរថភ្លើង។ ពលរដ្ឋក្នុងទីតាំងទាំងនេះមិនមានឯកសារជាលាយលក្ខណ៍អក្សរដើម្បីកំណត់ពីស្ថានភាពដីធ្លីរបស់ពួកគេទេ ហើយរហូតដល់ទៅ ៧៥ ភាគរយនៃទីតាំងទាំងនេះមិនបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទេ គឺមានតែ ៣៩ ទីតាំងប៉ុណ្ណោះដែលបានចុះបញ្ជី។
ពលរដ្ឋដែលរស់នៅទីតាំងក្រីក្រចំនួន ៤១ ទីតាំងបាននិយាយថា ពួកគេកំពុងប្រឈមមុខនឹងការបណ្ដេញចេញពីទីតាំងទាំងនោះដើម្បីយកទីតាំងអភិវឌ្ឍ ឬរងសម្ពាធ និងមានការគំរាមកំហែងឲ្យដូរទីតាំងរបស់ពួកគេ។
សមាគមធាងត្នោតបានលើកមកបង្ហាញផងដែរថា ទីតាំងលំនៅឋានជនក្រីក្រទាំង ៧៧ នៅតែជួបបញ្ហាប្រឈម ហើយងាយនឹងរងការបណ្ដេញចេញ ឬផ្លាស់ប្តូរទីតាំង ដោយសារតែមិនមានកម្មសិទ្ធិដីធ្លី ហើយភាគច្រើនរស់នៅលើដីសាធារណៈរបស់រដ្ឋ។ លើសពីនេះ «ទីតាំងលំនៅឋានពលរដ្ឋក្រីក្រស្ទើរពាក់កណ្ដាលស្ថិតនៅក្បែរផ្ទៃទឹកដែលមានន័យថា សិទ្ធិក្នុងការកាន់កាប់ដីធ្លីរបស់ពួកគេទំនងជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដោយសារការរស់នៅលើដីសាធារណៈរបស់រដ្ឋ»។
បញ្ហាសេវាសាធារណៈជាមូលដ្ឋានដូចជា ទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ ក៏នៅតែជាបញ្ហាសម្រាប់ពួកគេផងដែរ។
លោក ខេង វ៉ាន់ណេត ប្រធានកម្មវិធីបច្ចេកទេសនៃសមាគមធាងត្នោតបានថ្លែងកាលពីម្សិលមិញថា សមាគមរបស់លោកបានដាក់បញ្ចូលអនុសាសន៍មួយចំនួនទៅកាន់រដ្ឋាភិបាលដើម្បីជាដំណោះស្រាយសម្រាប់សហគមន៍ក្រីក្រទាំងនោះដែលក្នុងនោះមានអនុសាសន៍ ៣ ចម្បងៗ។
លោកថ្លែងថា៖ «ទី ១ គឺការអភិវឌ្ឍនៅនឹងកន្លែងមានន័យថា ឧទាហរណ៍ថាបើរដ្ឋាភិបាលត្រូវការទីតាំងនៅតំបន់របស់គាត់ធ្វើការអភិវឌ្ឍ គាត់ក៏ត្រូវការអភិវឌ្ឍដូចគ្នាដែរ។ ទី ២ ជាជម្រើស ១ ទៀតសហគមន៍ប្រហែលត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។ បើគាត់ទៅក៏ទៅៗ តែត្រូវមានជម្រើស ឧទាហរណ៍មានផ្លូវ មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង សាលារៀន មានមន្ទីរពេទ្យ ដែលត្រូវផ្តល់ឲ្យពួកគាត់ក្នុងករណីត្រូវការផ្លាស់ប្តូរ។ ជម្រើសចុងក្រោយគឺការទូទាត់ជាថវិកាតាមជាក់ស្ដែងតាមតម្លៃទីផ្សារបច្ចុប្បន្ន»។
លោក ឡេង ជាង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្ររបស់សាលារាជធានីភ្នំពេញបដិសេធធ្វើអត្ថាធិប្បាយ ដោយឲ្យសាកសួរទៅអ្នកនាំពាក្យ។ ប៉ុន្តែលោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការបំភ្លឺបានទេកាលពីម្សិលមិញ៕