សមាគម​មួយ​រកឃើញ​ថា ​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ មាន​ការ​ថយចុះ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ទិដ្ឋភាព​លំនៅឋាន​ជនក្រីក្រ​នៅ​ជិត​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់​កន្លងមក​។ ហុង មិនា

ភ្នំពេញៈ ​សមាគម​ធាងត្នោត​បាន​រកឃើញ​ថា ចំនួន​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ២៧៧ ទីតាំង នៅ​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន​ចំនួន​ ៣៤០ ​ទីតាំង​។ នេះ​បើ​តាម​របាយការណ៍​ស្ទង់​មតិ​ដែល​សមាគម​នេះ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ជា​អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​ខ្លះ ប៉ុន្តែ​លំនៅឋាន​ជនក្រីក្រ​ដែល​នៅ​សេសសល់​នៅ​តែ​មាន​បញ្ហា​ប្រឈម​។

បើ​គិត​ជា​ចំនួន​គ្រួសារ​វិញ​សមាគម​នេះ​បាន​កត់សម្គាល់​ឃើញ​មាន​ការធ្លាក់​ចុះ​ពី​ចំនួន ៣៣ ៦០៥ គ្រួសារ​ក្រីក្រ​នៅ​ឆ្នាំ​ ២០១៣ ​មក​នៅ​ត្រឹម ២៦- ២០៧ គ្រួសារ​នៅ​ឆ្នាំ​ ២០១៧ គឺ​បាត់​គ្រួសារ​ក្រីក្រ​ចំនួន ៧ ៣៩៨ គ្រួសារ​។

ក្នុង​ចំណោម​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ទាំង​ ២៧៧ ​នេះ​មាន​ ៨៨ ​ភាគរយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​មិន​បាន​រាប់បញ្ចូល​ខណ្ឌ​ ៧ ​មករា ចំការមន ដូនពេញ និង​ខណ្ឌ​ទួលគោក​ទេ​។

ទោះបី​យ៉ាង​ណា​សមាគម​ធាងត្នោត​មិន​បាន​ដក​ចេញ​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ចំនួន​ ៦៦ ​ចេញ​ពី​ការស្ទង់​មតិ​ដោយសារ​តែ​ទីតាំង​ទាំង​នេះ​មាន​ចំនួន​ខ្នង​ផ្ទះ​តិច មាន​លក្ខណៈ​ប្រសើរ​ ឬ​មិន​មាន​លំនៅឋាន​ជនក្រីក្រ​ទៀត​ទេ ដែល​ការបាត់បង់​នេះ​ដោយសារ​ការអភិវឌ្ឍ​ ឬ​ត្រូវ​បាន​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ទីតាំង​ធំ​។

របាយការណ៍​សរសេរ​ថា​៖ «​ជាទូទៅ​ចំនួន​ទីតាំង​លំនៅឋាន​ជនក្រីក្រ​បាន​បន្ត​ថយចុះ​ពី​ចំនួន​ ៤១០ ​ទៅ​ ២៧៧ (​ថយចុះ​ ៣២ ​ភាគរយ​) ​ចាប់​តាំងពី​ឆ្នាំ​ ២០០៩ ​មក​។ មូលហេតុ​ចម្បង​នៃ​ការធ្លាក់ចុះ​នេះ​គឺ​ ៥៣ ​ភាគរយ​ដោយសារ​តែ​ភាពប្រសើរ​ឡើង​នៃ​លក្ខខណ្ឌ​លំនៅឋាន​ (​ឧទាហរណ៍​ពួកគេ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រជាជន​ក្រីក្រ​ទៀត​)»​។

ការស្ទង់មតិ​បាន​រកឃើញ​ថា​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ចំនួន​ ១៣១ ក្នុង​ចំណោម ២៧៧ កំពុង​ស្ថិត​នៅជាប់​នឹង​ទន្លេ ព្រែក បឹង និង​ត្រពាំង ហើយ​ចំនួន​ ១៧ ​ភាគរយ​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើង​។ ពលរដ្ឋ​ក្នុង​ទីតាំង​ទាំងនេះ​មិន​មាន​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​កំណត់​ពី​ស្ថានភាព​ដីធ្លី​របស់​ពួកគេ​ទេ ហើយ​រហូត​ដល់​ទៅ​ ៧៥ ​ភាគរយ​នៃ​ទីតាំង​ទាំង​នេះ​មិន​បាន​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ទេ គឺ​មាន​តែ​ ៣៩ ​ទីតាំង​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​។

ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ក្រីក្រ​ចំនួន​ ៤១ ​ទីតាំង​បាន​និយាយ​ថា ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ការបណ្ដេញ​ចេញ​ពី​ទីតាំង​ទាំងនោះ​ដើម្បី​យក​ទីតាំង​អភិវឌ្ឍ ឬ​រងសម្ពាធ​ និង​មាន​ការ​គំរាមកំហែង​ឲ្យ​ដូរ​ទីតាំង​របស់​ពួកគេ​។

សមាគម​ធាងត្នោត​បាន​លើក​មក​បង្ហាញ​ផងដែរ​ថា ទីតាំង​លំនៅឋាន​ជនក្រីក្រ​ទាំង​ ៧៧ ​នៅ​តែ​ជួប​បញ្ហា​ប្រឈម ហើយ​ងាយ​នឹង​រង​ការបណ្ដេញចេញ​ ឬ​ផ្លាស់ប្តូរ​ទីតាំង ដោយសារ​តែ​មិន​មាន​កម្មសិទ្ធិ​ដីធ្លី ហើយ​ភាគច្រើន​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​។ លើស​ពី​នេះ «​ទីតាំង​លំនៅឋាន​ពលរដ្ឋ​ក្រីក្រ​ស្ទើរ​ពាក់កណ្ដាល​ស្ថិត​នៅ​ក្បែរ​ផ្ទៃ​ទឹក​ដែល​មាន​ន័យ​ថា សិទ្ធិ​ក្នុង​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ ដោយសារ​ការ​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​»​។

បញ្ហា​សេវាសាធារណៈ​ជា​មូលដ្ឋាន​ដូចជា ទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ ក៏​នៅ​តែ​ជា​បញ្ហា​សម្រាប់​ពួកគេ​ផង​ដែរ​។

លោក ខេង វ៉ាន់ណេត ប្រធាន​កម្មវិធី​បច្ចេកទេស​នៃ​សមាគម​ធាងត្នោត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សមាគម​របស់​លោក​បាន​ដាក់​បញ្ចូល​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​ជា​ដំណោះស្រាយ​សម្រាប់​សហគមន៍​ក្រីក្រ​ទាំង​នោះ​ដែល​ក្នុង​នោះ​មាន​អនុសាសន៍​ ៣ ​ចម្បងៗ​។

លោក​ថ្លែង​ថា​៖ «​ទី​ ១ ​គឺ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​មាន​ន័យ​ថា ឧទាហរណ៍​ថា​បើ​រដ្ឋាភិបាល​ត្រូវការ​ទីតាំងនៅ​តំបន់​របស់​គាត់​ធ្វើការ​អភិវឌ្ឍ គាត់​ក៏​ត្រូវ​ការអភិវឌ្ឍ​ដូច​គ្នា​ដែរ​។ ទី​ ២ ជា​ជម្រើស​ ១ ​ទៀត​សហគមន៍​ប្រហែល​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​។ បើ​គាត់​ទៅ​ក៏​ទៅៗ តែ​ត្រូវ​មាន​ជម្រើស ឧទាហរណ៍​មាន​ផ្លូវ មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង សាលារៀន មាន​មន្ទីរពេទ្យ ដែល​ត្រូវ​ផ្តល់​ឲ្យ​ពួកគាត់​ក្នុង​ករណី​ត្រូវការ​ផ្លាស់ប្តូរ​។ ជម្រើស​ចុងក្រោយ​គឺ​ការ​ទូទាត់​ជា​ថវិកា​តាម​ជាក់ស្ដែង​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​»​។

លោក​ ឡេង ជាង ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​របស់​សាលារាជធានី​ភ្នំពេញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​ឲ្យ​សាកសួរ​ទៅ​អ្នក​នាំពាក្យ​។ ប៉ុន្តែ​លោក មេត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s