អាជ្ញាធរ​កំពុង​បន្ត​ពិនិត្យ​ ការកាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ដី​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ត្រូវគេ​កាប់​រាន​រួច​ធ្វើ​របង​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ រូបថត ជា ហ៊ាន

កំពង់ស្ពឺ: អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពុង​ពិនិត្យ​ពិចារណា ថា​តើ​ត្រូវ​ដកហូត​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រមាណ ២០ ហិកតា​នៅក្នុង​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​ពី​បុគ្គល​មាន​អំណាច​ម្នាក់​ឬ​យ៉ាង​ណា បន្ទាប់ពី​ក្រសួង​បរិស្ថាន​បាន​ស្នើឲ្យ​លោក​អភិបាលខេត្ត​ចាត់វិធានការ​ចំពោះ​ការកាន់កាប់​ដីព្រៃ​អភិរក្ស​របស់​រដ្ឋ​នេះ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​កំពុង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​ក្រសួង​បរិស្ថាន​ដែល​បាន​ស្នើឲ្យ​កាត់​ដី​ចំនួន ២០ ហិកតា​ពី​បុគ្គល​ម្នាក់​ឈ្មោះ កុល វិចិត្រ ដែល​អះអាង​ថា​ខ្លួន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។

លោក​បញ្ជាក់​ថា​៖ «​សុំ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្ដិច​សិន​ដើម្បី​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​ម្ដង​ទៀត​ហើយ​យើង​ក៏​ត្រូវ​ដោះស្រាយ​រឿង​ស្រដៀងៗ​គ្នា​ហ្នឹង​ដែរ​»​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ​ថ្លែង​ថា​ទីតាំង​ដី​នោះ​គឺជា​តំបន់​ហាមឃាត់​ដោយ​អនុក្រឹត្យ ដើម្បី​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​ភ្នំ​ឱរ៉ាល់ ប៉ុន្ដែ​លោក កុល វិចិត្រ ដែល​តាំង​ខ្លួន​ថា ធ្វើការ​នៅក្នុង​កងអង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា​ខ្លួន​បាន​ទិញ​ដី​នោះ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដោយ​ក្លែង​ឯកសារ​ដីព្រៃ​ទៅ​ជា​ដីចម្ការ​។

លោក​បន្ត​ថា ​លើស​ពី​នេះ​លោក កុល វិចិត្រ អះអាង​ថា​ខ្លួន​បាន​ដាក់​លិខិត​ស្នើ​សុំ​ដី​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​រួច​ហើយ ព្រម​ទាំង​បាន​កាប់​ព្រៃឈើ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ជាមួយ​គ្នា​នេះ​ ក្រសួង​បរិស្ថាន​បាន​ចាត់​តំណាង​របស់​ខ្លួន​មក​ស៊ើបអង្កេត​ឃើញ​ភាព​មិនប្រក្រតី​ក៏​បាន​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ចាត់​វិធានការ​។

លោក​បន្ត​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ពី​លោក​អភិបាលខេត្ត​នៅ​ឡើយ​ថា​តើ​ទីតាំង​ដី​ទាំង​នោះ​ត្រូវ​ដក​វិញ ឬ​មិន​ព្រម​ដក​នោះ​ទេ​។ លើស​ពី​នេះ​លោក កុល វិចិត្រ កាលពី​ម្សិលមិញ​ក៏​បាន​យក​ដើម​ចេក​មក​ដាំ​នៅ​លើ​ដី​នោះ​ផង​ដែរ​»​។

លោក​ កុល វិចិត្រ ជា​អ្នក​កាន់កាប់​ដី​ប្រមាណ ២០ ​ហិកតា​នៅ​តំបន់​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​កាលពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ​។

តាម​លិខិត​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ក្រសួង​បរិស្ថាន​ដែល​ចុះហត្ថលេខា​ដោយ​លោក​ សាយ សំអាល់ ចុះ​ថ្ងៃទី ២១ ខែ​មិថុនា ឆ្នាំ​ ២០១៨ ​ផ្ញើ​ទៅ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​សរសេរ​ថា​៖ «​ក្រសួង​បរិស្ថាន​ពុំ​ឯកភាព​ក្នុង​ការ​ស្នើសុំ​កាន់កាប់​ដី​ទំហំ​ ២០ ​ហិកតា​ស្ថិត​នៅ​ក្នុង​ភូមិសាស្ដ្រ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​របស់​ឈ្មោះ​​ កុល វិចិត្រ​ទេ ព្រោះ​ការចូល​ទៅ​កាន់កាប់​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នេះ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។

លោក​ សំអាល់ ​បាន​ជំរុញ​ឲ្យ​លោក​អភិបាលខេត្ត​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ការកាន់កាប់​ដី​នេះ​ដោយ​ត្រូវ​ជួសជុល​ស្ដារ​ការខូចខាត​ធនធាន​ធម្មជាតិ​លើ​ទីតាំង​ដី​នេះ​ស្រប​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s