ពល​រដ្ឋ​ ៣ ​គ្រួសារ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន UDG ពន្លឿន​ការ​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ពួកគាត់​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​ឈូស​ឆាយ​បណ្តេញ​ចេញ ខណៈ​ដំណាំ​ហូប​ផ្លែ​ត្រូវ​បាន​ឈូស​​បំផ្លាញ​។ រូប​ថត លឹម គឹម​ស័រ

ខេត្តកោះកុង: ប្រជាពលរដ្ឋ​ប្រមាណ ៣ គ្រួសារ នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កាលពី​ម្សិលមិញ​ បាន​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន Union development Group (UDG) ព​ន្លឿ​ន​​ការ​ដោះ​ស្រាយ​ផ្ដល់​សំណង​ដីធ្លី​ឲ្យ​បាន​សម​រម្យ​និង​ឲ្យ​បាន​ឆាប់​​ជូន​ពួកគាត់​ ខណៈ​ក្រុមហ៊ុន​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​ ទាំង​មិនទាន់​បានផ្ដល់​សំណង​សម​រម្យ​នៅឡើយ។

លោក ផុន សុភា ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់​ ក្នុង​ចំណោម ៣ គ្រួសារ​បាន​ឲ្យ​ដឹងថា ជម្លោះដីធ្លី​នេះ បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្លេ៉ះ ប៉ុន្ដែ​ក្រុមហ៊ុន​ បានធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​ពលរដ្ឋ​កា​លពី​ដើមឆ្នាំ ២០១៧ ដោយបាន​ឈូស​ឆាយ​ផ្ទះ និង​បំផ្លាញ​ផល​ដំណាំ ព្រម​ទាំង​គំរាម​សម្លាប់ និង​ចាប់​ពល​រដ្ឋ​ម្ចាស់​ដី​​ដាក់គុក។

លោក​បន្តថា ក្រៅ​បញ្ហា​នេះ ក្រុមហ៊ុន​ចិន​បាន​ប្ដឹង និង​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី និង​ផ្ទះ ដើម្បី​ជាការ​គំរាមកំហែង​ឲ្យ​ពួកគាត់​យល់ព្រម​ចាកចេញ​ដី​នោះ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ៣ គ្រួសារ ចេញ​ឬ​ចូល​បាន​ដោយ​ងាយ​ស្រួល​នោះដែរ។

លោក ​សុភា បាន​បញ្ជាក់​ថា​៖«ដី​ពួក​ខ្ញុំ​ទាំង ៣ គ្រួសារ​មាន​ដី​សរុប​ជិត ៣​ហិកតា ដែល​ពួក​ខ្ញុំ​បានរស់នៅ និង​បង្កបង្កើត​ផល​តាំងពី​ឆ្នាំ ១៩៩៩ មក ហើយ​ក្រុមហ៊ុន​ហ្នឹង​មក​វិនិយោគ​នៅ​ឆ្នាំ ២០០៨ ទេ ហើយក៏​ចេះតែ​បង្កទំនាស់​រហូតមក លុះ​ដល់​ឆ្នាំ ២០១៧ គេ​បាន​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួក​ខ្ញុំ មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​ទេ»។

លោក អ៊ុក សាវ៉ន ពលរដ្ឋ​ម្នាក់​ទៀត​ បាន​ឲ្យ​ដឹងថា ពួកលោក​បាននាំគ្នា​តវ៉ា​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​នៅតែ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​នៅ​ឡើយ ហើយ​អាជ្ញាធរ​ គ្រាន់តែ​សន្យា​ដោះស្រាយ​ឲ្យ​ពេល​នេះ ពេល​នោះ​ គ្មាន​ថ្ងៃ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ ជាមួយ​ប្រជា​ពលរដ្ឋ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖«ក្រោយពី​ពួក​ខ្ញុំ​បាន​សួរ​បញ្ជាក់​ជាច្រើនលើក​បែបនេះ ក្រុមហ៊ុន​បាន​សន្យាថា នឹងរ​កដី​កន្លែង​ផ្សេង​ឲ្យ ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​ដី​នៅ​កន្លែង​ណា​ទេ។ ពួក​ខ្ញុំ​ទាមទារ​តែ​ដី​ជាប់​ផ្លូវជាតិ ឬ​ផ្លូវធំ​ទូលាយ​ ដែល​អាចធ្វើ​អាជីវ​កម្មបាន​ ដោយ​ក្នុង​មួយ​គ្រួសារ​ សុំ​ដី​កន្លះ​ហិកតា​ទេ ហើយ​រឿង​លុយ​នោះ យើង​មិន​ទាន់​ពិភាក្សា​គ្នា​ច្បាស់​លាស់​ទេ»។

កញ្ញា លឹម គឹម​ស័​រ សម្ម​ជន​ស្ម័គ្រចិត្ត​ ការពារ​បរិស្ថាន​បាន​ឲ្យ​ដឹង​តាមរយៈ​វី​ដេ​អូ​ខ្លី​មួយ​ថា កាលពីមុន​ ក្រុមហ៊ុន​មក​វិនិ​យោ​គ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១ ពាន់​គ្រួសារ​រស់នៅ​លើដី​នោះ ប៉ុន្ដែ​ពេល​ក្រុម​ហ៊ុន​បានមក​ដល់ ក៏មាន​ការ​បណ្ដេ​ញ​ចេញ ដោយ​បង្ខំ និង​ផ្ដល់​សំណង​ឲ្យ​បន្ដិច​បន្ដួច​ ពួកគេ​ក៏​នាំគ្នា​ចេញ​អស់ ដោយ​នៅ​សល់​តែ​ប្រជាពលរដ្ឋ ៣ គ្រួសារ​ប៉ុណ្ណោះ។

កញ្ញា​បន្តថា ពលរដ្ឋ​ទាំង ៣ គ្រួសារ​នេះ មិន​ព្រម​ចេញ​ទេ ដោយ​បន្ត​រស់នៅ​លើដី​នោះ ជាមួយនឹង​ការគំរាមកំហែង​គ្រប់​រូបភាព ទាំង​ប្រើ​កម្លាំង​សន្ដិសុខ ប៉ូលិស ទា​ហាន និង​តុលាការ ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​យល់ព្រម​ចាកចេញ​ពី​ទីតាំង​ដី​នោះ ដោយ​គ្មាន​សំណង​សមរម្យ​ សម្រាប់​ពួកគាត់។ លុះ​រហូតមក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ព័ទ្ធរបង​ជុំវិញ​ដី​ពួក​គេ និង​មិន​ឲ្យ​ពួកគេ​ចេញ​ចូល​ដោយ​ងាយ​ស្រួល​ទេ។

កញ្ញា​បន្តថា៖«ខ្ញុំ​មាន​ចម្ងល់​ថា ក្នុង​របប​សម្ដេច​ ហ៊ុន សែន ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ ក្នុង​គោលបំណង​អ្វី? ឬ​វា​គ្រាន់តែ​ជា​រូបភាព​ក្លែង​បន្លំ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ចិន​មួយ​នេះ ឃុប​ឃិត​គ្នា លួច​ប្លន់​ដី​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ»។

លោក ឃឹម ច័ន្ទ​ឌី អភិបាលរង​ស្រុក​គិរីសាគរ និង​តំណាង​ក្រុម​ហ៊ុន​ចិន​ UDG មិន​អាច​ទាក់ទង សុំ​បំភ្លឺ​ករណីនេះ បាន​ទេ​កាល​ពី​ម្សិល​មិញ។

ក្រុមហ៊ុន​ចិន UDG បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ ២០០៨ លើ​ផ្ទៃដី​ទំហំ ៣៦ ពាន់​ហិកតា នៅ​ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង រយៈ​ពេល ៩៩ ឆ្នាំ ដើម្បី​អភិវឌ្ឍ​ទៅជា​ទីក្រុង​ទំនើប។

ក្រុម​ហ៊ុន​និងអាជ្ញាធរ​មូលដ្ឋាន​បាន​សន្យា​ថា​ ផ្តល់​ដី​លំនៅ​ឋាន ៥០x១០០ ម៉ែត្រ និង​សង់ផ្ទះ​ទំហំ ៦ ម៉ែត្រ​គុណ ៧ ម៉ែត្រ និង​ដីចម្ការ ២ ហិកតា​ចែក​ជូន​​ដល់​អ្នក​ភូមិ​ក្នុង​១គ្រួសារ ជា​ថ្នូរ​នឹង​ការផ្លាស់​​ប្តូរ​ឲ្យ​អ្នកភូមិ​ទៅ​នៅ​ភូមិ​ថ្មី​នៅ​ចម្ងាយ ២០ គីឡូ​ម៉ែត្រ​ពីគ្នា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s