បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អ្នក​កាប់​ឈើ​ពីរ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​កំពុង​កាប់​ឈើ​ក្នុង​ព្រៃឡង់។ រូបថត​បណ្តាញ​ព្រៃឡង់

ភ្នំពេញៈ យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក ។

របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​កាសែត​ ភ្នំពេញ ប៉ុស្តិ៍​ ទើប​ទទួល​បាន​ពី​​ម្សិលមិញ​បាន​ឲ្យ​ដឹងថា បណ្តាញ​ដែល​ជា​សម្ព័ន្ធ​សហគមន៍ ​ជុំវិញ​តំបន់​ព្រៃឈើ​នៅ​ភាគ​ខាង​ជើង​កម្ពុជា​បាន​ចងក្រង​ឯកសារ​បទល្មើស​ព្រៃឈើ​ ២ ​ទសវត្សរ៍​មក​ហើយ​នៅ​​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ​។

របាយការណ៍​ថា​៖ «​ចាប់ពី​ឆ្នាំ​ ២០១៥ ​មក​បណ្តាញ​នេះ​បាន​កត់ត្រា​ជា​ប្រព័ន្ធ​នូវ​សកម្មភាព​ខុស​ច្បាប់​សរុប​បាន​ ២៩២៩ ករណី​ជាមួយ​បច្ចេកវិទ្យា​ស្មាតហ្វូន​»​។

បើ​តាម​របាយការណ៍ សកម្មភាព​ខុស​ច្បាប់​ភាគច្រើន​គឺ​នៅ​ខេត្ត​កំពង់ធំ​ដោយ​មាន​ ១០១៩ ​ករណី​ ឬ​ ៣៤,៨៣ ​ភាគរយ បន្ទាប់​មក​គឺ​ខេត្ត​ក្រចេះ​មាន​ ៩១១ ​ករណី​ ឬ​ ៣១,១៣ ​ភាគរយ ខេត្ត​ស្ទឹងត្រែង​មាន​ ៥៦៨ ​ករណី​ ឬ​ ១៩,១៤ ​ភាគរយ និង​ខេត្ត​ព្រះវិហារ​មាន​ ៤២៨ ​ករណី​ ឬ​ ១៤,៦ ​ភាគរយ​។

គ្រាន់តែ​ក្នុង​ខែ​សីហា​ថ្មីៗ​នេះ​បណ្តាញ​នេះ​បាន​រកឃើញ​ការដឹកជញ្ជូន​ឈើ​ ៣៣ ​លើក​ឃើញ​គល់ឈើ​ធំៗ​សល់​ពី​កាប់​រួច​ ៣៦ ឈើ​អារច្រៀក​រួច​ ១៨ និង​តំបន់​កាប់ឆ្ការ​រួច​មាន​ ៤ ​ទីតាំង ដែល​​ភាគច្រើន​ក្នុង​ខេត្ត​ព្រះវិហារ ប៉ុន្តែ​ខេត្ត​ផ្សេង​ក៏​មាន​ដែរ​។

កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បាន​ដាក់​តំបន់​ព្រៃឡង់​​ជាង​ ៤០ ​ម៉ឺន​ហិកតា​ជា​តំបន់​ដែនជម្រក​សត្វព្រៃ​ឱ្យ​ស្ថិត​ក្រោម​ក្រសួង​បរិស្ថាន​។

លោក​ ហឿន សុភាព សមាជិក​​ម្នាក់​របស់​ PLCN ក្នុង​ខេត្ត​កំពង់ធំ​កត់សម្គាល់​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ពិសេស​ក្នុង​ខេត្ត​កំពង់ធំ​ដោយសារ​មាន​ច្រកចូល​ជាច្រើន​ទៅ​ក្នុង​តំបន់​មាន​ព្រៃឈើ​ដែល​សម្រួល​ដល់​ជនល្មើស​។

លោក​បន្ថែម​ថា​លើស​ពី​នេះ​មន្ត្រី​អាជ្ញាធរ​ខ្លះ​នៅ​តែ​ទទួល​សំណូក​ពី​ជនល្មើស​។

លោក​បន្ត​ថា​៖ «​មន្ត្រី​មួយ​ចំនួន​មិន​អនុវត្ត​ច្បាប់​ទេ ជាពិសេស​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​ផ្នែក​បរិស្ថាន​។ ​ប្រសិន​បើ​ច្បាប់​ត្រូវ​បាន​​អនុវត្ត នោះ​បទល្មើស​មិន​អាច​កើត​បាន​ទេ​។ ​ពួកគេ​ត្រូវ​គ្នា​…»​។

បើ​តាម​លោក​ សុភាព បណ្តាញ​ពួក​លោក​កំពុង​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ជាង​ ៤០ ​គ្រឿង​ដើម្បី​ប្រមូល និង​បញ្ជូន​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ទាំង​ ៤ ​នេះ​។

យ៉ាង​ណា​ក្ដី​លោក​ តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ថា មិន​បាន​ដឹង​អំពី​របាយការណ៍​នោះ​ទេ​ហើយ​ហាក់​មិន​ឯកភាព​នឹង​ការរកឃើញ​នេះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក​ថាបទ​ល្មើស​ព្រៃឈើ​បាន​ធ្លាក់​ចុះ​នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ​ដោយសារ​ការបង្ក្រាប​បទល្មើស​ទាំងនោះ​ទៀងទាត់​។

លោក​ថា​៖ «​យើង​ព្យាយាម​បង្ក្រាប​បទល្មើស​រាល់ថ្ងៃ​។ ​ការ​​បង្ក្រាប​ភាគច្រើន​បំផុត​គឺ​នៅ​ខេត្ត​កំពង់ធំ​ [​ជាង​ខេត្ត​ដទៃៗ​ទៀត​]»​។

ចំពោះ​ការ​ចោទ​ពី​រឿង​ពុករលួយ​លោក កក្កដា ថា​លោក​តែង​ណែនាំ​មន្ត្រី​អនុរក្ស​ឲ្យ​ធ្វើការ​មាន​ប្រសិទ្ធភាព​ និង​កុំ​ទទួល​យក​លុយកាក់​ណា​មួយ​។

លោក​ថា​ដើម្បី​កែលម្អ​ការងារ​លោក​តែង​ផ្លាស់​មន្ត្រី​អនុរក្ស​ពី​ទីតាំង​មួយ​រៀងរាល់​ ២-៣ ​ខែ​ម្តង​។

លោក​ថា​៖ «​យើង​មិន​ដែល​ឃើញ​ពួកគេ​យក​ [​លុយ​] ​ដោយ​ផ្ទាល់​ភ្នែក​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s