អាជ្ញាធរ​ស្រុក​អន្លង់​វែង​កំពុង​ពិនិត្យ​ករណី​ជម្លោះ​ដី​ធ្លី​​រវាង​ប្រជា​ពល​រដ្ឋ​និង​​នាយ​ទាហាន​ផ្កាយ​២ម្នាក់

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ផ្ទះ​ប្រជា​​ពល​រដ្ឋ​ដែល​ពល​រដ្ឋ​អះ​អាង​ថា ត្រូវ​បាន​នាយ​ទាហាន​ផ្កាយ​២​ម្នាក់​ទៅ​គំរាម​ឲ្យ​រុះ​រើ​ចេញ​។ រូប​ថត សហការី​

ឧត្តរមានជ័យៈ អាជ្ញាធរស្រុក​អន្លង់​វែង កំពុង​ពិនិត្យស្រាវជ្រាវ​លើករណី​វិវាទដីធ្លីមួយ នៅ​ចំណុច​​​ភូមិ​លំទង​ចាស់​​ ឃុំលំទង បន្ទាប់​ពី​អ្នកភូមិ​ ​១២ គ្រួសារ បានរាយការណ៍ថា ពួកគេ​ ត្រូវ​បាន​នាយ​ទាហាន​ផ្កាយ​ពីរ​ម្នាក់ ​គំរាម​រុះរើ​និង​ដុត​ផ្ទះ​របស់​ពួកគាត់​ចោល ប្រសិន​បើ​ពួកគាត់​ មិន​ព្រមចាក​ចេញ​ និង​ប្រគល់​​ដី​​ ដែល​ពួកគាត់កំពុង​រស់​នៅនិង​អាស្រ័យផល​អស់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​កន្លង​មក​នេះ​ទៅ​ឲ្យ​គេនោះទេ។

លោក​ ជួន រះ មេឃុំ​លំទង បាន​​ឲ្យ​ដឹង​នៅថ្ងៃ​ម្សិល​មិញ​ថា កាលពីថ្ងៃ​ទី៩ ខែ​កញ្ញា ​ឆ្នាំ ២០១៨ ប្រជាពល​រដ្ឋ​​១២គ្រួសារ នៅ​ភូមិ​លំទង​ចាស់ នាំ​គ្នា​តវ៉ា និង​ចោទ​ប្រកាន់​ទៅ​លោក​ឧត្ដម​សេនីយ៍​ទោ ទេស សំអាត ជាមន្ត្រី​ជាន់​ខ្ពស់​ នៅ​នាយ​កដ្ឋាន​បញ្ជូន​សារ​ នៃ​ក្រសួង​ការពារ​ជាតិ​ ថា​ បាន​គំរាម​កំហែង​ដុត​ផ្ទះ​របស់​ពួកគាត់​ចោល ដោយ​អះអាង​ថា ដី​ដែល​ពួកគាត់​កំពុង​ស្នាក់​នៅ​ និង​អាស្រ័យ​ផល​ជាង​ ១០ ឆ្នាំ​កន្លង​មក​នេះ​ ជា​ដីបន្ទាយ​កង​ទ័ព​កាល​ពីមុន។

លោក​ ជួន រះ ​បន្តថា៖«ការពិត​ នៅក្នុង​តំបន់​នោះ ពុំធ្លាប់​មាន​បន្ទាយ​យោធា​នោះ​ទេ ហើយ​អ្នក​ភូមិ​១២គ្រួសារ​ ដែល​កំពុង​​រស់​នៅ​លើទីតាំង​ដី​ក្នុង​តំបន់​នោះ ក៏ពុំទាន់​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ជាលក្ខណៈប្រព័ន្ធ​នៅឡើយ​ដែរ ដោយ​សារ​ទីតាំង​ដី​ក្នុង​តំបន់​នោះ ស្ថិត​នៅ​ក្នុង​តំបន់​គម្របព្រៃឈើ​របស់​រដ្ឋ និង​មួយផ្នែក​ទៀត​ជា​ដី​ព្រៃ​សហគមន៍ ដែលត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទៅ​ឲ្យ​សហគមន៍​អូរសុភី​គិរី ព្រៃ​ស្រោង ជាអ្នក​គ្រប់​គ្រង»។

ប៉ុន្តែ​បើតាម ​លោក សែម ក្នើត តំណាង​ពលរដ្ឋ​ ១២ គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​នាយ​ទាហាន​ផ្កាយ​ពីរខាង​លើ​នេះ បាន​និយាយ​ថា ​ដីដែល​ពួក​គាត់​កំពុង​រស់​នៅ ​និង​អាស្រ័យ​ផល​តាំងពីឆ្នាំ ២០០៤ និង​ដែលកំពុង​មាន​ជម្លោះ​ជាមួយ​នឹង​លោក​ សំអាត នោះ មាន​ផ្ទៃដី​សរុប​ ១៦០​ ហិកតា ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​ដី​គម្រប​ព្រៃ​ឈើរបស់​រដ្ឋ និង ព្រៃ​សហគមន៍​អូរសុ​ភីគិរី​ព្រៃ​ស្រោង។

លោក​បាន​បញ្ជាក់​ថា៖«ពួក​យើង​រស់​នៅ​លើដី​នេះ​ជាង ​១០ ​ឆ្នាំមក​ហើយ ពុំ​ធ្លាប់​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ កាលពី​ពេល​​ថ្មី​ៗ​​នេះ ស្រាប់​តែ​លេចមុខ​លោក ​ទេស សំអាត មក​សំឡុត​បំភ័យ​ឲ្យពួកយើង​រុះរើ​ផ្ទះ​ចេញ​ពីតំបន់​នេះ ដោយ​អះអាង​ថា​​ វាជាដី​បន្ទាយ​របស់​កងទ័ព​កាល​ពីមុន​។ មិន​តែ​ប៉ុណ្ណោះ បាន​គំរាម​ថា នឹង​ដុត​ផ្ទះ និង​ដាក់​កម្លាំង​ព័ទ្ធចាប់​ពួកយើង​យក​ទៅ​ដាក់​គុក ប្រសិន​បើពួក​យើង​ មិនរុះរើ​ផ្ទះ​ចេញ​ពី​តំបន់​នេះ​ទេ»។

លោក ទេស សំអាត មិន​អាចទាក់​ទង​សុំការ​ឆ្លើយ​បំភ្លឺ​បាន​ទេ កាលពី​ម្សិល​មិញ។ ប៉ុន្តែ​ លោក ហោជីន វីរៈយុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​ថ្លែង​ថា នៅពេល​នេះ លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ ចុះអង្កេត​ស្រាវ​ជ្រាវ​អំពីប្រវត្តិដី និង អ្នក​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ខាង​លើ​នេះឲ្យ​បាន​ច្បាស់ ដើម្បី​ងាយ​ស្រួល​នៅ​ក្នុង​ការដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​។

លោក វីរៈយុទ្ធ បាន​បញ្ជាក់​ថា៖«​នៅ​ពេល​នេះ ខ្ញុំបាន​ចាត់​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធក្នុង​មូល​ដ្ឋាន ចុះធ្វើ​ការស្រាវ​ជ្រាវ​ហើយ បន្ទាប់​ពី​យើង​ទទួល​បាន​ព័ត៌មាន​ខាងលើនេះ ប៉ុន្តែ​ គិត​រហូត​មក​ទល់​ពេល​នេះ សមត្ថ​កិច្ច​យើង​ នៅពុំទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​ណា​មួយ ពីក្រុម​អ្នក​ភូមិ ​ដែល​មាន​ជម្លោះ​ដីធ្លី​នោះ​នៅ​ឡើយ​ទេ»។

លោក ស្រី​ ណារ៉េន មន្ត្រី​អង្កេត​សមាគម​អាដហុក ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាន​ថ្លែង​ថា ដីព្រៃ​សហគមន៍ និង​ដីគម្រប​ព្រៃ​ឈើ​របស់​រដ្ឋ មួយ​ចំនួន នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ត្រូវ​បានពលរដ្ឋ​ចំណាក​ស្រុក និង គ្រួសារ​កង​ទ័ព​មួយ​ចំនួន ​កាប់​រុករាន​យក​ដីធ្វើ​ចំការ និង លក់​បន្ត ទៅ​ឲ្យ​ឈ្មួញ និង អ្នក​មាន​អំណាច​មួយ​ចំនួន​ដោយ​ខុស​ច្បាប់ ដែល​ប្រកា​រនេះ បាន​ធ្វើ​ឲ្យមាន​ជម្លោះ​ដី​ធ្លី​កើត​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​បច្ចុប្បន្ន​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s