ឈ្មួញ​ឈើកំ​ពុង​ឃុបឃិត​នាំ​រថយន្ត​ ៨ គ្រឿង​លួច​ដឹក​ឈើ ​ចេញ​ពី​ព្រៃ​សហគមន៍ក្នុង​ស្រុក ​អូរយ៉ាដា និង ​អណ្ដូង​មាស

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

រថយន្ត​ដែល​ដឹក​ឈើចេញ​ពី​ខេត្ត​រតនគិរី​ទៅ​វៀត​ណាមនាពេល​កន្លងមក​ ហើយ​រថ​យន្ត​ប្រ​ភេទន​៨គ្រឿង​កំ​ពុង​ត្រៀម​លួច​ដឹក​ចេញ​ពី​តំ​បន់​ព្រៃសហគមន៍​ចន្លោះ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​អណ្ដូង​មាស។ រូបថត សហការី​

រតនគិរី ​ក្រុម​សកម្ម​ជន​ព្រៃ​ឈើ​ក្នុង​ស្រុក ​អូយ៉ា​ដាវ​ ខេត្ត​រតន​គិរី​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃម្សិល​មិញ​ថា​ មានក្រុម​ឈ្មួញ​ឈើ​ក្នុង​ស្រុក​មួយ​ កំពុង​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ឈើ​វៀតណាម​ នាំយក​រថយន្ត​បង្កង់ ​៨ គ្រឿង​ (ប្រ​ភេទរថ​យន្ត​សម្រាប់​ដឹក​ឈើហ៊ុម​ធំ​ៗចេញ​ពី​ព្រៃ) ចូល​ទៅ​កាប់និង​ដឹក​​ឈើ​ពីក្នុង​តំបន់​ព្រៃ​សហ​គមន៍​​របស់​ពួកគេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​​​ស្រុក​អូរ​យ៉ាដាវ​ និង ស្រុក​អណ្ដូង​មាស។​

តាម​ការ​អះអាង​របស់​ប្រជា​សហគមន៍​ភូមិ​ភិៈ ​និង ភូមិ​ប៉ាដល​ ក្រុម​ឈ្មួញ​ឈើ​ឈ្មោះ​ ហ៊ូវ​ ជីវ៉ៃ​ បានឲ្យ​​តំណាង​របស់​គេ​​ពីរ​នាក់​ ម្នាក់​ឈ្មោះ ​ប៉ិច​ និង ម្នាក់​ទៀត​ឈ្មោះ ​ស៊ីនឿន​ ចូល​ទៅ​ទិញ​ទឹក​ចិត្ត​ប្រធាន​សហគ​មន៍​ម្នាក់​ឈ្មោះ​ រំចង់​ ផ្ញល និង អាជ្ញាធរ​មូល​ដ្ឋាន​​របស់​ពួក​គាត់​ ដោយ​សន្យាថា​នឹង​ផ្ដល់​លុយ​៣ម៉ឺន​ដុល្លារ​ ជាថ្នូរ​និង​ការ​ជួយលាក់​បាំង រឿង​ពួកគេ​នាំ​គ្រឿង​ចក្រ​និង​កម្លាំង​កម្មករ​ចូល​ទៅ​កាប់​ឈើ និង​ដឹក​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​សហ​គមន៍​របស់​ពួកគាត់។​

តំណាង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​ចារាយ​នៅក្នុង​ភូមិភិៈ​ម្នាក់​ គឺ​លោក ​ សេវ​ ឌឿន​ បានអះ​អាង​​ថា​ ក្រុម​ឈ្មួញ​ឈើទាំង​នោះ​​បាន​នាំយក​គ្រឿង​ចក្រ​ចូល​ទៅ​កាប់​និង​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​សហ​គមន៍​ប៉ាដល ​ដោយ​ឆ្លង​កាត់​ភូមិ​ភិៈ ​និង​ ភូមិ​ពូតាង​​ ដើម្បី​នាំយក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​វៀត​ណាម។​

លោក​ ឌឿន​ ថ្លែង​​ថា​៖«ពួក​សហ​គមន៍​ភូមិ​ភិៈ​យើង​ ខិត​ខំនាំ​គ្នា​ការពារ​​ធនធាន​ធម្មជាតិ​ ប៉ុន្តែ​ខាង​សហ​គមន៍​ ភូមិ​ប៉ា​ដល បែរ​​ជា​នាំ​គ្នា​ឃុបឃិត​ជួយ​លាក់​បាំង​សកម្មភាព​ល្មើស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ឈើ​ ដែល​ចូល​មក​កាប់​ឈើ​នៅក្នុង​ព្រៃ​សហ​គម​ន៍​​​ទៅ​វិញ​»​។​

លោក​ ឌឿន​ បាន​បន្ថែម​ថា៖​​«​ករណី​នេះ​ មុន​ដំបូង​ យើង​ឃើញ​មាន​អាជ្ញាធរ​ឃុំ ​ចុះ​ទៅ​សួរ​នាំ​ និង​ឃាត់​ឃាំង​ដែរ​ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែស្ងាត់​បាត់​ទៅ តែ​ក្រុម​ឈ្មួញ​ឈើ​នៅ​តែ​បន្ត​សកម្មភាព​លួច​ដឹក​ឈើ​ចេញ​ដោយ​ប្ដូរ​ទិស​ដៅ​ទៅ​តាម​ផ្លូវ​ទឹក​វិញ»។​

ប្រជា​សហគ​មន៍​ម្នាក់​ទៀត​ ឈ្មោះ​ លាង ​បាន​ថ្លែង​បន្ទរថា​ ក្រោយ​ពី​ប្រជា​សហ​គមន៍​បាន​រាយ​ការណ៍​ទៅ​អាជ្ញា​ធរ​ស្រុក​ និង ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ ឲ្យ​ចុះ​ជួយ​អន្ត​រាគមន៍​ទប់​ស្កាត់ ​ឥឡូវ​នេះ​ ក្រុម​ឈ្មួញ​ឈើ​គេ​បាន​ផ្អាក​សកម្មភាព​កាប់​ឈើ​ ប៉ុន្តែ​ពួក​គេ មួយ​ចំនួន ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ ​ដើម្បី​រង់​ចាំ​ឱកាស​ល្អ​នៅ​ពេល​យប់​ លួច​នាំឈើ​ចេញ​ទៅ​តាម​ផ្លូវ​ទឹក​ ទៅ​កាន់​ប្រទេស​វៀត​ណាម​តែ​ម្ដង។​

លោក​លាង​ បាន​អះ​អាង​ថា៖«​ករណី​នេះ ​អាជ្ញាធរ​មូល​ដ្ឋាន ​សុទ្ធ​តែ​បាន​ដឹង​គ្រប់​គ្នា​ហ្នឹង​ប៉ុន្តែ​មិន​ព្រម​ចុះ​បង្ក្រាប​ ហើយ​ក៏​ពុំ​បាន​រាយ​ការណ៍​ដល់​អាជ្ញា​ធរ​ស្រុក​ ខេត្ត​នោះ​ដែរ»​។​

លោក​ សេវ​ ស្វេន​ មេ​ឃុំ​សេសាន​ មិន​អាច​ទំនាក់​ទំនង​សុំការ​បំភ្លឺ​បាន​ទេ​ កា​ល​ពី​ម្សិលមិញ។​ ទោះ​ជាបែប​ណា​ក្ដី លោក ម៉ា ​វិចិត្រ​ អភិបាល​ស្រុក​អូរយ៉ា​ដាវ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅ​ពេល​នេះ​ក្រុម​សមត្ថ​កិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​សុក្រ​អូរយ៉ា​ដាវ ​កំពុង​ចុះល្បាត ​និង​ ស្រាវ​ជ្រាវ​លើ​ករណី​នេះ​ហើយ​ បន្ទាប់​ពី​ទទួល​បាន​សេច​ក្ដី​រាយ​ការណ៍​ពី​ប្រជា​សហ​គមន៍​​ក្នុង​មូល​ដ្ឋាន​កាល​ពី​បី បួន ​ថ្ងៃ​មុន​នេះ ។​

លោក​ វិចិត្រ​ ថ្លែង​​ថា​៖«​នៅ​ពេល​នេះ ក្រុម​កម្លាំង​សមត្ថ​កិច្ច​យើង​កំពុង​បន្ត​ចុះល្បាត​នៅ​ក្នុង​ព្រៃ​នោះ ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ​ យើង​នៅ​ពុំទាន់​រក​ឃើញ​គ្រឿង​ចក្រ ​និង​ ក្រុម​ជន​សង្ស័យ​ ដូច​ដែល​អ្នក​ភូមិ​បាន​អះអា​ង​នោះ​ទេ ក្រៅ​ពី​ដាន​ស្នាម​រថយន្ត​ចាស់ៗ»​ ។​

ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​លោក​ សុខ​ មីន​ មេបញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​ស្រុក​អូរយ៉ា​ដាវ​ នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ ក្រុម​សមត្ថ​កិច្ច​បាន​ជួប​ប្រទះ​ឃើញ​គំនរ​ឈើ​មួយ​កន្លែង​​ស្ថិត​នៅ​ចំណុច​ភូមិ​ពូតាង​ ចន្លោះ​ព្រំប្រទល់​រវាង​ព្រៃ​សហ​គមន៍​និង ព្រៃ​សម្ប​ទាន​សេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុន​៧​មករា។​

លោក​ មីន​ បាន​បន្តថា៖​«មកទល់​ពេល​នេះ​យើង​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ​ថា​ កំណាត់​ឈើ​ដែល​ត្រូវ​បាន​គេគរ​ទុក​នៅ​ក្នុង​ព្រៃ​នោះ ​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ ៧ មករា​ ឬ ​ជា​ឈើ​ដែល​ក្រុម​ជន​សង្ស័យ​ បាន​ប្រមូល​ចេញ​ពី​ក្នុង​ព្រៃ​សហ​គមន៍​ យក​មក​គរទុក ដើម្បី​ដឹក​ចេញ​ទៅ​លក់់​បន្ត​ណៅ​ប្រទេស​វៀតណាម​ឬ​មួយ​យ៉ាង​ណា​នោះទេ។ ​ករណី​នេះ​ក្រុម​សមត្ថ​កិច្ច​យើង​កំពុង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត»​។​

លោក​ មីន​ បាន​ថ្លែង​ទៀត​ថា ​នៅពេល​នេះ​ក្រុ​ម​កម្លាំង​សមត្ថ​កិច្ច​ កំពុង​បន្តចុះ​ល្បាត​នៅ​ក្នុង​ព្រៃ​និង​តាម​ដង​ទន្លេ​សេសាន យ៉ាងស្ងប់​ស្ងាត់​បំផុត​ ដើម្បី​ឃ្លាំមើល​សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ខាង​លើនេះ​ ព្រោះ​​បើ​តាម​ការ​អះអាង​​របស់​ប្រជា​សហ​គមន៍ ​ ក្រុម​ជន​ល្មើស​​ទំនង​​ជាកំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​សហ​គមន៍​ ឬ ​ព្រៃ​សម្បទាន​របស់​ក្រុម​ហ៊ុន​៧មករា​នៅ​​ឡើយ​៕​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s