អាជ្ញាធរ​ហាម​លោក ពេជ្រ ស្រស់ មិន​ឲ្យ​ជួប​អ្នកមាន​វិវាទ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

 

លោក ពេជ្រ ស្រស់ ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​កន្លង​មក​។ រូបថត ហ្វេសប៊ុក

កណ្តាល: ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែល​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​ទើប​បង្កើត​ថ្មី​លោក​ ពេជ្រ ស្រស់ ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​រារាំង​រូប​លោក​មិន​ឱ្យ​ចុះ​ពិនិត្យ និង​សិក្សា​ពី​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពលរដ្ឋ ២៩២ គ្រួសារ​នៅ​ឃុំ​កណ្ដោក ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ​ដោយ​អាជ្ញាធរ​សុំ​លិខិត​បេសកកម្ម​។

លោក ពេជ្រ ស្រស់ បញ្ជាក់​ថា​ដើម្បី​តប​តាម​ការអញ្ជើញ​របស់​ពលរដ្ឋ​ ២៩២ ​គ្រួសារ រស់នៅ​ឃុំ​កណ្ដោក និង​ឃុំ​ជើងកើប ស្នើសុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច ប៉ុន្ដែ​ត្រូវ​បាន​អាជ្ញាធរខេត្ត មិន​អនុញ្ញាត​ឲ្យ​លោក​ចុះ​ទៅ​ជួប និង​សិក្សា​អំពី​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ទាំង​នោះទេ​។

លោក​អះអាង​ថា ​ក្នុង​នាម​លោក​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គឺ​លោក​មាន​សិទ្ធិ​ចុះ​សិក្សា​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដោយ​មិន​ចាំបាច់​មាន​លិខិត​បេសកកម្ម​ក្នុង​ករណី​បន្ទាន់​នោះ​ទេ​ «​ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​បាន​និយាយ​ថា​មិន​ទទួល​ខុសត្រូវ​ទេ​បើ​សិន​ជា​ខ្ញុំ​មាន​បញ្ហា​អ្វី​មួយ​ក្នុង​ដែនដី​របស់​គាត់ ព្រោះ​ខ្ញុំ​មិន​មាន​លិខិត​បេសកកម្ម​ចុះ​តាម​មូលដ្ឋាន​»​។

លោក អៀង យ៉ាន តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​បាន​សរសេរ​លិខិត​កាលពី​ថ្ងៃទី​ ២០ កញ្ញា ២០១៨ ដោយ​បង្ហាញ​ថា​៖ «​ស្នើសុំ​ឯកឧត្តម ពេជ្រ ស្រស់ សមាជិក​​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មក​ពិនិត្យ សិក្សា ស្រាវជ្រាវ​រឿង​ទំនាស់​ដីធ្លី​ចំនួន ៤៥០ ហិកតា ជាមួយ​ក្រុមហ៊ុន​របស់​លោកស្រី សៀង ចាន់ហេង ដែល​មាន​ឈ្មោះ​ថា ហេង អភិវឌ្ឍន៍ អស់​រយៈពេល​ជាង ១០ ​ឆ្នាំ​មក​ហើយ​»​។

លោក​ ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​ថ្លែង​ថា​លោក​មិន​បាន​ហាមឃាត់​នោះ​ទេ ប៉ុន្ដែ​លោក ពេជ្រ ស្រស់ មិន​គោរព​តាម​បែបបទ​រដ្ឋបាល​ដោយ​គ្មាន​លិខិត​បេសកកម្ម​ត្រឹមត្រូវ​។

លោក​បញ្ជាក់​ថា​៖ «​ឯកឧត្តម ពេជ្រ ស្រស់ បាន​ទូរស័ព្ទ​មក​ខ្ញុំ ថា​គាត់​នឹង​ចុះ​ទៅ​ជួប​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ហ្នឹង ហើយ​ខ្ញុំ​សួរ​វិញ​ថា តើ​ឯកឧត្តម​មក​នេះ​ក្នុង​នាម​ជា​គណបក្ស​នយោបាយ ឬ​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ហើយ​មាន​លិខិត​បេសកកម្ម​អត់​? គាត់​ថា​អត់​មាន​ទេ ហើយ​ខ្ញុំ​ថា បើ​អត់​មាន​លិខិត​អ៊ីចឹង ខ្ញុំ​មិន​អាច​ធ្វើការ​ជាមួយ​ឯកឧត្តម​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចេះ​ធ្វើ​ការងារ​ជាមួយ​ឯកឧត្តម​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ទេ​»​។

លោក ម៉ៅ ភិរុណ បន្ថែម​ថា​បើ​លោក ស្រស់ ចុះ​មក​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គឺ​គួរ​តែ​មាន​លិខិត​ត្រឹមត្រូវ​។ «​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គឺ​គេ​ធ្វើ​ការងារ​ជា​ក្រុម ហើយ​គាត់​មក​ធ្វើការ​ម្នាក់ឯង បើ​ធ្វើ​អ៊ីចឹង​គឺ​ក្នុង​នាម​ជា​បុគ្គល​ខ្លួន​គាត់​ទេ រឿង​នេះ​គឺ​គាត់​ចង់​ចំណេញ​ផ្នែក​នយោបាយ​ទេ​»​។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​​នេះ​លោកស្រី សៀង ចាន់ហេង ប្រធាន​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​បាន​ដាក់​លិខិត​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​កាល​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដោយ​បាន​ស្នើសុំ​បើក​វេទិកា​សាធារណៈ​មួយ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ ២៩២ គ្រួសារ ដែល​បាន​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន​លោកស្រី​រំលោភ​យក​ដី​ពួកគាត់​។

លោកស្រី​បញ្ជាក់​តាម​ហ្វេសប៊ុក​ថា​ការ​ដាក់​លិខិត​នេះ​ដើម្បី​បញ្ចប់​ទំនាស់ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ពិត​ជា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដូច​ការលើក​ឡើង​មែន លោកស្រី​សុខចិត្ត​ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ​ទាំងអស់ ព្រមទាំង​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ប៉ុន្តែ​បើ​រកឃើញ​ថា វា​មិន​ពិត ហើយ​ជា​ករណី​ប្តឹង​មួលបង្កាច់​ ឬ​ទម្លាក់​កំហុស​នោះ សូម​លោក​រដ្ឋមន្ត្រី​ផ្តល់​នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ចំពោះ​លោកស្រី​វិញ និង​សូម​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ទាំង​នោះ​។

ក្រុម​ពលរដ្ឋ​អះអាង​ថា​ដី​របស់​ពួកគេ​ដែល​មាន​ជម្លោះ​នោះ​ស្ថិត​នៅ​ភូមិ​ព្រែកហូរ សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ភូមិ​អំពៅព្រៃ ភូមិ​ឆ្មាពួន ឃុំ​ជើងកើប និង​ភូមិ​ទួលតាម៉ក់ ឃុំ​កណ្ដោក​។ ពួកគេ​អះអាង​ទៀត​ថា ពួកគេ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំងពី​ឆ្នាំ​ ១៩៨៧ មក​ហើយ​នៅ​ឆ្នាំ​ ២០០៤ ស្រាប់តែ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​មកប្ដឹង​ពួកគាត់​ថា បាន​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់​។

ទោះបី​ជា​យ៉ាង​ណា​ករណី​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នេះ​ធ្លាប់​ឆ្លងកាត់​ការដោះស្រាយ​ជាច្រើន​សា​មក​ហើយ​ទាំង​នៅ​តុលាការ និង​នៅ​ថ្នាក់​ក្រសួង​ជំនាញ​។

ជាក់ស្ដែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​ចុះ​ថ្ងៃទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ បង្ហាញ​ថា​៖ «​ផ្អែក​លើ​ដីកា​សម្រេច​ចុះ​ថ្ងៃទី​ ២២ ខែ​មេសា ឆ្នាំ​ ២០០៨ របស់​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្រេច​មិន​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ករណី​នេះ​ទៀត​ទេ​។ ដូច្នេះ​តំណាង​ប្រជាពលរដ្ឋ​ទាំង​ ២៩២ ​គ្រួសារ​ជ្រាប​ជា​ព័ត៌មាន​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s