អាជ្ញាធរ​ និង ​ពល​រដ្ឋ​ខេត្ត​ព្រះ​សីហនុ​ កំពុង​សហការ​គ្នា​ប្រមូល​សំរាម​​នៅ​តាម​ឆ្នេរ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ព្រះសី​ហនុៈ​ អាជ្ញាធរ​ខេត្ដ​ព្រះសី​ហនុ ​សហ​ការ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ បាន​ចំណាយ​ពេល​ប្រ​មាណ​ ៥ថ្ងៃ​ ដើម្បី​ប្រ​មូល​សំរាម​ និង​កំប្លោក​ដែល​បាន​អណ្ដែត​មក​ពី​សមុទ្រ​ ពី​​ប្រទេស​ជិត​ខាង​ នៅ​ឆ្នេរ​អូឈើ​ទាលបាន​ប្រមាណ​ ៧៧ ​តោន និង​កំពុង​បន្ដ​ប្រមូល​នៅ​តាម​ឆ្នេរ​ផ្សេង​ទៀត​​។

លោក ឱ សារឿន អ្នក​នាំ​ពាក្យ​ខេត្ដ​ព្រះ​សីហនុ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យនេះ អាជ្ញា​ធរ​បាន​ប្រមូល​កំប្លោក​នៅ​​តាម​មាត់​ឆ្នេរ​អូឈើ​ទាលអស់​ទាំង​ស្រុង​ហើយ ​និង​កំពុង​បន្ដ​ប្រ​មូល​តាម​ឆ្នេរ​មួយ​ចំនួន​ទៀត ​។

លោក​ថ្លែង​ថា​៖ «​កំប្លោក​ដែល​ប្រមូល​នោះ​ យើង​នឹង​យក​ទៅ​ចាក់​នៅ​ទី​លាន​សំរាម​ខេត្ដ​ព្រះ​សីហនុ​។ ​បើ​តាម​ការ​បូក​សរុប​ជា​បឋម​ម្សិល​មិញ​នេះ​ សម្រាប់​តែ​ឆ្នេរ​អូរ​ឈើ​ទាល់​មួយ យើង​ប្រមូល​បាន​ ៧៧ តោន​ហើយ។ ​យើង​នៅ​បន្ដ​ប្រ​មូល​នៅ​ឆ្នេរ​ផ្សេង​ៗ​ទៀត​ ដូច​ជា ឆ្នេរ​អូរ​ត្រេស និង​ឆ្នេរ​ឯក​រាជ្យ​ជា​ដើម​»។

បើ​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ របស់​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃទី​១១​ ខែតុលា​ ​បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩​ ខែតុលា ឆ្នាំ​ ២០១៨ ​រហូត​មក​ដល់​ថ្ងៃ​នេះ ​មាន​កំប្លោក​ដែល​មាន​ប្រភព​ពី​សមុទ្រ​ប្រទេស​ជិត​ខាង ​បាន​ហូរ​អណ្ដែត​រសាត់​លើ​ផ្ទៃ​សមុទ្រ​ និង​ បាន​ទើលើ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ដ​ព្រះ​សីហនុ​។

សេចក្ដី​​ប្រកាស​បាន​បញ្ជាក់​ថា​៖«​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ដ​កំពុង​ចុះ​សំអាត​តាម​បណ្ដា​ឆ្នេរ​ក្នុង​ក្រុង​ព្រះ​សីហនុ​… សូម​​កុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​បញ្ហា​នេះ ​មិន​បាន​ធ្វើ​ឲ្យ​ខូច​គុណ​ភាព​ទឹក​សមុទ្រ​ ឆ្នេរ​ខ្សាច់​នោះ​ទេ​ គ្រាន់​តែ​ធ្វើ​ឲ្យ​បាត់​បង់​សោ​ភ័ណ​ភាព​ឆ្នេរ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ក្រោយ​ការ​សំ​អាត​រួច​ឆ្នេរ​នឹង​មាន​សភាព​ដូច​ដើម​វិញ​»។

បន្ទាប់​ពី​មាន​ក្តី​កង្វល់​លើ​ការ​បំផ្លាញ​សម្រស់​ឆ្នេរ ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដោយ​សារការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល និង ​​ទឹក​កខ្វក់​​ដែល​បង្ហូរ​ចេញ​ពីតំ​បន់​នានា ​កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា​ ឆ្នាំ​ ២០១៨​ ​រដ្ឋ​មន្ត្រី​មក​ពីក្រ​សួង​ចំនួន ​៣​ រួម​មាន​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រ​សួង​រៀប​ចំ​ដែន​ដី នគ​រូបនី​យកម្ម និង​សំណង់ លោក ថោង ខុន រដ្ឋ​មន្ត្រីក្រ​សួង​ទេស​ចរណ៍ និង​លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួ​ង​បរិស្ថាន បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ដល់​ខេត្ត​ព្រះ​សីហនុ ​ដើម្បី​រិះ​រក​វិធាន​ការ​ទប់​ស្កាត់​លើ​បញ្ហា​ទាំង​នេះ​។

បន្ទាប់​ពី​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ និង​ពិភាក្សា​ជា​មួយ​មន្ត្រី​ជំនាញ​​រួច​ហើយ ​ក្រុម​រដ្ឋ​មន្រ្ដី​នៃ​ក្រសួង​ពាក់​ព័ន្ធ​បាន​ដាក់​ចេញ​នូវ​វិធានការ​​ចំនួន​៣ ដើម្បី​ទប់​ស្កាត់​បញ្ហា​បង្ហូ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ​ រួម​មាន​ ១. ​ស្ដារ​ស្ថា​នីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ចំនួន​ ១៦ ​ហិក​តា នៅ​តំបន់​ឆ្នេរ​អូរ​ឈើ​ទាល ​២.រៀប​ចំអាង​ស្ដុក​ ស្ថា​នីយ​បូម​ទឹក​កង្វក់ នៅ​ចំណុច​អូរ​ចំណា ​អូរឆ្នេរ​ ៧​ ជាន់​ និង​ស្ដារ​​អាង​ស្តុក​ទឹក​នៅ​តាម​តំ​បន់​មាត់​សមុទ្រ​បន្ថែម​​ទៀត និង ​ទី៣​. រៀប​ចំ​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់​តាម​អូរ ដោយ​ចាប់​ផ្ដើម​ដំបូង​ពីអូរ​ម៉ារី​យូ​។

លោក​ នេត ភក្រ្ដា អ្នក​នាំ​ពាក្យ​ក្រ​សួង​បរិស្ថាន ​បា​ន​ឲ្យ​ដឹង​ថា៖«ថ្នាក់​ដឹក​នាំ​បាន​ពិភា​ក្សា​គ្នា​ ដើម្បី​រិះ​រក​វិធាន​ការ​ដោះ​ស្រាយ​សំណល់​រាវ​ គោល​បំណង​លើក​កម្ពស់​សោ​ភ័ណ​ភាព​ទីក្រុង​ទេសចរណ៍​ ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឱ្យ​បាន​ស្អាត​ និង​ចាត់​វិធាន​ការ​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​​មាន​ការ​បង្ហូរ​សំណល់​រាវ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​»។

ខេត្ត​ព្រះ​សីហនុ ដែល​កំពុង​តែ​មាន​សន្ទុះ​កើន​ឡើង​ នូវ​ការ​សាង​សង់​សំណង់​អគារ​ខ្ពស់​ៗ ក្រៅ​ពី​បញ្ហា​សំរាម​ដែល​បាន​ធ្វើ​ឲ្យ​មាន​​ភាព​កខ្វក់​ដល់​តំបន់​ឆ្នេរ បញ្ហា​ផ្លូវ​ ក៏​កំពុង​តែ​ខូច​ខាត​យ៉ាង​ដំណំ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​ ពី​ភ្ញៀវ​ទេស​ចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​​ក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នេះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s