ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ឡានដឹកឈើ ចេញព្រៃកម្ពុជាទៅវៀតណាម កាលពីឆ្នាំ មុន។ រូបថត EIA

ភ្នំពេញ: អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។

ក្នុង​ញត្តិ​កម្រាស់​ ៣ ​ទំព័រ​កាលពី​ថ្ងៃ​ទី​ ១០ តុលា ក្រុម​អង្គការ​​នេះ​សម្ដែង​ក្ដីបារម្ភ និង​ផ្ដល់​អនុសាសន៍​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ ព្រោះ​ឈ្មួញ​វៀតណាម​កំពុង​បំផ្លាញ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ដោយ​សូកប៉ាន់​មន្ត្រី​គ្រប់​កម្រិត​តាម​ខេត្ត​នានា​​ដើម្បី​រកស៊ី​ឈើ​មាន​តម្លៃ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់​។

តាម​ញត្តិ​ដដែល​នេះ​បង្ហាញ​ថា ៦ ​ខែ​ឆ្នាំ​មុន​មាន​ឈើ​ប្រណីត​​កម្ពុជា​យ៉ាង​តិច​ ៣០ ​ម៉ឺន​ម៉ែត្រគុប​ត្រូវ​បាន​គេ​ឃុបឃិត​លួច​កាប់​ពី​ខេត្ត​ភាគ​ខាង​កើត​របស់​កម្ពុជា​។ ឈើ​នេះ​ត្រូវ​បាន​នាំចេញ​ទៅ​វៀតណាម​ក្នុង​ទ្រង់ទ្រាយ​​ជា​ឈើ​មូល​ (​មិន​ទាន់​ច្នៃ​) ​ហើយ​​ការប្រព្រឹត្ត​បែប​នេះ​ត្រូវ​បាន​ប្រកាស​ថា ខុស​ច្បាប់​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​មក​ម្ល៉េះ​។

ញត្តិ​នេះ​បាន​បន្ត​ថា​អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​មិន​ជួយ​បង្ក្រាប​ទេ​ថែម​ទាំង​ជួយ​សម្រួល​​លិខិត​អនុញ្ញាត​ក្នុង​ការ​នាំចូល​ឈើ​សម្រាប់​ជា​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ទៀត​ផង​។ លើស​ពី​នេះ​ក៏​មាន​កំណាត់​ឈើ​រាប់ម៉ឺន​ម៉ែត្រគុប​ត្រូវ​បាន​ស្តុក​ទុក​នៅ​ជិត​ប៉ុស្តិ៍​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម​ក្រោម​ការគ្រប់គ្រង​របស់​យោធា​វៀតណាម​ទៀត​ផង​។

ទន្ទឹម​នឹង​បទល្មើស​នេះ​គ្មាន​អ្នក​ជំនាញ​បច្ចេកទេស​ណា​ម្នាក់​ទទួល​ស្គាល់​ថា ការនាំ​ចេញ​​ឈើ​មូល​នេះ​គឺជា​អំពើ​ខុសច្បាប់​ដែល​នាំ​ឲ្យ​មាន​ការសន្និដ្ឋាន​បាន​ថា អាជ្ញាធរ​វៀតណាម​នៅ​តែ​បន្ត​គាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​។

ញត្តិ​នេះ​បន្ថែម​ថា​៖ «​អាជ្ញាធរ​វៀតណាម​មិន​មាន​ឆន្ទៈ​ជួយ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​បទប្បញ្ញត្តិ​នាំ​ចេញ​នានា​នោះ​ឡើយ​។ ការនាំ​ចេញ​ឈើ​ខុសច្បាប់​ពី​កម្ពុជា​មាន​ទម្រង់​ជាច្រើន​អាច​មាន​ប្រភព​ដោយ​ខុស​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រភេទ​ឈើ​ដែល​ត្រូវ​ការពារ​ ឬ​ផលិតផល​ឈើ​ខុស​ច្បាប់​។

ជា​រឿយៗ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការគេច​ពន្ធ​ព្រម​ទាំង​ការប្រើ​លិខិត​អនុញ្ញាត​ក្លែងក្លាយ​ផង​ដែរ​»​។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​សកម្មជន​បរិស្ថាន​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​វៀតណាម​នេះ គឺជា​ការ​ធ្វើ​ពាណិជ្ជកម្ម​លួច​ទ្រព្យ​កម្ពុជា​ជា​ទ្រង់ទ្រាយ​ធំ​ដែល​មាន​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ​រួច​ទៅ​ហើយ ប៉ុន្ដែ​ថ្មីៗ​នេះ​ពួកគេ​ក៏​កំពុង​រៀបចំ​ចុះ​កិច្ចព្រមព្រៀង​បង្កើន​ការនាំចេញ​បន្ថែម​ទៀត​។ ​ចំណែក​វៀតណាម​ខ្លួនឯង​ផ្ទាល់​មិន​មាន​តំបន់​ព្រៃឈើ​សម្រាប់​កាប់​លក់​នោះ​ទេ​។

លោក​បាន​បន្ត​ថា ក្រៅពី​ធ្វើ​​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​ក្រ​ទៅៗ​នោះ ឧទ្យានុរក្ស​ខ្លះ អ្នក​អភិរក្ស​ខ្លះ និង​អ្នកកាសែត​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​គេ​បាញ់​ ឬ​កាប់សម្លាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទាក់ទង​នឹង​ការទប់ស្កាត់ និង​ការរាយកាណ៍​ពី​ការជួញដូរ​ឈើ​ខុស​ច្បាប់​ទាំងនេះ​។

លោក​បាន​បន្ថែម​ថា​ការចុះហត្ថលេខា​លើ VPA ត្រូវតែ​មាន​ការពន្យារ​ពេល​ដើម្បី​ដាក់​លក្ខខណ្ឌ​ទៅ​លើ​ប្រទេស​វៀតណាម​ដើម្បី​ឲ្យ​ផ្អាក​សកម្មភាព​​នៃ​ការនាំ​ឈើ​ចេញ​ពី​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ត្រូវ​រង់ចាំ​រហូត​មក​ដល់​មាន​ការកំណត់​តួនាទី​លើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​ព្រៃឈើ​ស្រប​ច្បាប់​នានា​ដែល​ត្រូវ​បាន​បង្កើតឡើង​នៅ​​ក្រោម​កិច្ចព្រមព្រៀង VPA ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​​មុន​សិន​។

លោក អ៊ូច ឡេង បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​កិច្ចព្រមព្រៀង​គ្នា​នេះ​គឺ​នឹង​ធ្វើឲ្យ​ព្រៃឈើ​របស់​​កម្ពុជា​កាន់តែ​រលាយ​ហិនហោច​ថែម​ទៀត ព្រោះ​នៅ​វៀតណាម​គ្មាន​តំបន់​មាន​ព្រៃឈើ​សម្រាប់​កាប់​លក់​ទេ​គឺ​មាន​​តែ​ការជំរុញ​សកម្មភាព​កាប់​​ឈើ​ចេញ​ពី​ប្រទេស​ឡាវ​ ឬ​ប្រទេស​ផ្សេងៗ ហើយ​ជាពិសេស​គឺ​ការ​កាប់​ចេញ​ពី​កម្ពុជា​តែ​ម្ដង​ដែល​ជា​ឃ្លាំង​ឈើ និង​ជា​មុខសញ្ញា​ដ៏ធំ​បំផុត​របស់​​វៀតណាម​»​។

លោក ទិន ពន្លក អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ​។ រីឯ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​​បរិស្ថាន​បាន​ថ្លែង​ថា លោក​កំពុង​ជាប់​រវល់​មិន​អាច​និយាយ​បាន​ទេ​។

ចំណែក​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ខណៈ​មន្ត្រី​សហគមន៍​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ក៏​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​​ដូច​គ្នា​។

ប៉ុន្តែ​បើ​តាម​លោក អ៊ូច ឡេង ថា លោក​ទើប​បាន​ទទួល​ការឆ្លើយតប​ពី​មន្ត្រី​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​បាន​ទទួល​ញត្តិ​នេះ​​ពី​ក្រុម​អង្គការ​ជាតិ និង ​អន្តរជាតិ​ទាំង​នោះ​ដោយ ​លោក​ថា ​មន្ត្រី​នោះ​ប្រាប់​ថា​នឹង​លើក​យក​សំណើ​នោះ​ទៅ​ពិភាក្សា​​គ្នា​នៅ​មុន​ពេល​ចុះ​កិច្ចព្រមព្រៀង​គ្នា​នេះ​។

តាម​ញត្តិ​ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ជា​សាធារណៈ​ឲ្យ​មាន​វិធានការ​​ចំពោះ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ដែល​មាន​ការរៀបចំ និង​ការឃុបឃិត​របស់​មន្ត្រី​ក្នុងការ​ប្រមូល​ការដឹកជញ្ជូន និង​ការនាំចេញ​ឈើ​ខុស​ច្បាប់​ដោយ​ទ្រង់ទ្រាយ​ធំ​។

ទោះបី​ជា​មាន​កិច្ចអន្តរាគមន៍​បែប​នេះ​បាន​លទ្ធផល​ច្រើន​នាពេល​កន្លង​មក​ក្តី ប៉ុន្ដែ​ការបង្ក្រាប​នេះ​នៅ​មាន​កម្រិត និង​មិន​បាន​យូរអង្វែង​នោះ​ទេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s