ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ជា​មួយ​ក្រុម​ហ៊ុន​ចិន ​(UDG) ម​ក​តវ៉ា​នៅ​មុខ ​ផ្ទះ​លោក​ហ៊ុន សែន​

ប្រភព ៈ ភ្នំពេញប៉ុស្ដី៍

ពល​រដ្ឋ​ដែល​មាន​ជម្លោះ ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន (UDG)មក​តវ៉ា​នៅ​មុខ​ភូមិផ្ទះ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា។ ផា លីណា

កោះកុង: ពលរដ្ឋ​ ប្រមាណ​​ជាង ៦០ នាក់ មកពី​ឃុំ​ភ្ញី​មាស ឃុំ​តា​នួន និង​ឃុំ​កោះ​ស្តេច​ស្រុក​គី​រី​សា​រគរ​ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ​បាននាំគ្នា​មក​ដាក់​ញាតិ​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​លោក ហេង សុខ តំណាង​ពួកគាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី ខណៈ​រដ្ឋាភិបាល ទើប​​​តែ​បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ

ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​​ពលរដ្ឋ​​ ​ដែលមាន​លោក ហ៊ីង ប៊ុង​ហៀ​ង មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ប្រធាន។

អ្នកស្រី ទិ​ត្យ តេន ដែល​ដឹកនាំ​ពលរដ្ឋ​ផ្សេងទៀត​មក​ដា​ក់ញ​ត្តិ​បាន​ថ្លែងថា ពួក​អ្នកស្រី​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ ទៅ​មន្ត្រីក្រោម​ឱវាទ​ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ៦៦ គ្រួសារ ដែល​ត្រូវបាន​ក្រុម​ហ៊ុន​​ចិន​ញូ​ញៀន (Union Development Group) បាន​ឈូសឆាយ​រំលោភ​​យក​ដីធ្លី​ពួកគាត់ ដោយ​មិនបាន​ដោះស្រាយ​អ្វី​​ទាំងអស់ ព្រមទាំង​បានអូសបន្លាយ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះទេ ពោលគឺ​ក្រុមហ៊ុន មានតែ​ការគំរាមកំហែង ប្ដឹង​ពលរដ្ឋ​ចាប់​ដាក់គុក និង​បន្ត​ឈូស​ឆាយ​​រំលោភ​យក​​ដី​ពលរដ្ឋ​ទាំង​បំពាន។

អ្នក​ស្រី​បញ្ជាក់ថា៖«ខ្ញុំ​បានទទួល​ដំណឹង​ថា រដ្ឋាភិបាល​ បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​មួយ ដែល​នៅ​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ ពួក​ខ្ញុំ​បាន​សង្ឃឹម​ទាំងស្រុង​លើ​គណៈកម្មការ​នេះ ព្រោះ​កន្លងមក​ យើង​មិន​ធ្លាប់មាន​គណៈ​កម្ម​ការ​ណា​មួយ ​ដែលមាន​ឥទ្ធិពល​ដូច​ពេលនេះ​ទេ»។

តាម​ខ្លឹមសារ​ក្នុង​ញ​ត្តិ​ចុះ​ថ្ងៃទី ២៤ តុលា​ បាន​បង្ហាញថា៖«កាលពី​ថ្ងៃទី ១៦ តុលា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្កើត​​​ក្រុម​ការងារ​ចម្រុះ​ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ាផ្សេងៗ នៅ​ភូមិគ្រឹះ​សម្ដេច​តេ​ជោ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត។ យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​ចិន​ញូ​ញៀន កន្លងមក​គណៈកម្មកា​រ​អន្តរក្រសួង​ ដែលមាន​ក្រសួង​បរិស្ថាន ​ជា​ប្រធាន​ មិនអាច​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​បានទេ ដោយ​អះអាងថា ពួក​ខ្ញុំ​រស់នៅ​ក្រៅ​មូលដ្ឋាន។ អា​ស្រ័យ​ហេតុ​នេះ សូម​សម្ដេច​តេ​ជោ មេត្តាជួយ​អន្តរាគ​មន៍ និង​ដោះស្រាយ​កាត់​ឆ្វៀល​ដី​អាស្រ័យ​ផល​ឲ្យ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ឲ្យ​បាន​ឆាប់ និង​ដាច់ស្រឡះ​ពី​ក្រុមហ៊ុន​នេះ ចៀសវាង​កុំ​ឲ្យ​មានទំនាស់ ឬ​មានការ​គំរាមកំហែង​ពី​ភាគី​ក្រុមហ៊ុន​បន្តទៀត»។

លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ទើបតែ​ត្រូវបានតែងតាំង​ជា​ប្រធាន​ដឹកនាំ​ក្រុមមន្ត្រី​ចម្រុះ​ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ាផ្សេងៗ នៅមុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន និង​ភរិយា កាលពី​ម្សិលមិញ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ។

លោក ស៊ឹង សែន​ករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​ នៃ​សមាគម​អាដហុក បាន​យល់ឃើញថា ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​ក្នុង​ការតវ៉ា​រាល់​ការរំលោភបំពានណាមួយ ហើយ​រដ្ឋាភិបាល​​ក្នុង​នាម​ជា​អាណាព្យាបាល​ក៏ត្រូវ​ជំរុញ​ការ​ដោះ​ស្រាយ​​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

លោក​បន្តថា កន្លងមក​អាជ្ញាធរ​ មានការ​យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​នាំ​ឲ្យ​ករណី​នេះ​​បានក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ដើរ​តវ៉ា​ស្ទើរតែ​គ្រប់​ស្ថាប័នកំពូលៗរបស់​រដ្ឋ។

លោក​បញ្ជាក់​ថា​៖«ប្រសិនបើ​មានការ​ជួបជុំ​រវាង​ពលរដ្ឋ និង​រដ្ឋមន្ត្រី​បែបនេះ គឺ​វា​បង្ហាញ​ពី​លទ្ធផល​វិជ្ជា​មាន​ច្រើន បើទោះជា​មិនបាន​ដោះស្រាយ​ឲ្យ​ពួកគាត់​ក៏ដោយ ព្រោះ​គាត់​មាន​ឋានៈ​ខ្ពស់ តែ​គាត់​ហ៊ាន​និយាយ គឺ​នឹង​មាន​ដំណោះ​ស្រាយ ខ្ញុំ​មានសង្ឃឹម​ច្រើន»។

តាម​សេចក្ដីសម្រេច​របស់លោក ហ៊ុន សែន ចុះ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ បាន​បញ្ជាក់​ថា នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នឹងត្រូវ​ធ្វើការ​ជាមួយ​ក្រុមមន្ត្រី​ជាច្រើន ដែល​ភាគច្រើន​ មកពី​កងទ័ព​ជាតិ​ និង​កងកម្លាំង​ការពារ​លោក ហ៊ុន សែន ហើយ​និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្ដមសេនីយ៍ឯក ស ថេត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេញ ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាលខេត្ត​កណ្ដាល​លោក ម៉ៅ ភិ​រុណ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន មេធាវី​ប្រចាំ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ស៊ុយ ឈុន​ហាក់ និង​មន្ត្រី​តំណាង​មកពី​ស្ថាប័នរដ្ឋ​ជាច្រើន​នាក់​ទៀត សរុប​ចំនួន២២នាក់។

ប្រការ ២ នៃ​សេចក្ដីសម្រេច​ដដែល​ បាន​​បញ្ជាក់​ថា ក្រុមការងារ​ចម្រុះ​ក្រោម​ការបញ្ជា​របស់លោក ហ៊ីង ប៊ុន​ហៀ​ង មាន​​ភារកិច្ច​ទប់ស្កាត់ ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស​ ដែល​កេងចំណេញ​មកលើ​ក្រុម​អ្នក​តវ៉ា។

ក្រុម​ការងារ​ចម្រុះ​ក៏មាន​ភារកិច្ច​ផ្សេងទៀត​ដោយ​ត្រូវ «សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ទប់​ស្កាត់​ក្រុមអ្នកតវ៉ា​មាន​បាតុករច្រើន​នាក់​ ដែលមាន​បំណង​មក​ដាក់ពាក្យ​បណ្ដឹងតវ៉ាផ្សេងៗ ជូន​លោក​ហ៊ុន សែន និង​ភរិយា​​លោក»។

ក្រុមការងារ​ចម្រុះ​ខាងលើនេះ ក៏​នឹង​ព្យាយាម​ពន្យល់​អំពី​នីតិវិធី​ជូន​ក្រុមអ្នកតវ៉ា​ឲ្យ​យល់​ពី​ភារកិច្ច​របស់​ការងារ​ចម្រុះ និង​ច្បាប់​ជា​ធរមានផ្សេងៗ ហើយ​ទទួល​ពាក្យបណ្ដឹងផ្សេងៗនៅមុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន នៅ​វិមានឯករាជ្យ​រាជធានី​ភ្នំ​ពេញ​និង​តាខ្មៅ នៅ​ខេត្តកណ្ដាល​រួច​បញ្ជូនទៅ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​សម្រេច ឬ​ធ្វើ​របាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s