ដី​អភិរក្ស​នៅ​ស្រុក​ស្ទឹងហាវ​ត្រូវ​គេ​ទន្ទ្រាន​យក

ប្រភព  ៖ ភ្នំពេញប៉ុស្ដី៍

មន្ត្រី​ក្នុង​ពេល​វាយកម្ទេច​បង្គោល​ព្រំដី​នៅ​ព្រៃ​អភិរក្ស​ថ្មីៗ​នេះ​។ រូប សហការី

ព្រះសីហនុៈ ដី​អភិរក្ស​ក្នុង​ដែន​សហគមន៍​ព្រៃកោងកាង​ក្នុង​ភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ប្រមាណ​ ៥០ ​ហិកតា​ត្រូវ​បាន​តំណាង​សហគមន៍​អះអាង​ថា មាន​អ្នក​កាប់​ទន្ទ្រាន និង​បោះបង្គោល​យក ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​វែកមុខ​ជនល្មើស​ឃើញ​ទេ​។

លោក គីម ហាក់ ប្រធាន​សហគមន៍​នេសាទ​ការពារ​ព្រៃលិច​ទឹក​ទំនប់​រលក និង​ជា​មេភូមិ​ ១ ​នៃ​តំបន់​សហគមន៍​ព្រៃកោងកាង​បាន​ថ្លែង​ប្រាប់​កាលពី​ម្សិលមិញ​ថា ដីព្រៃ​ក្នុង​តំបន់​សហគមន៍​​ព្រៃកោងកាង​ស្រុក​ស្ទឹងហាវ​នេះ​​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ជា​បន្ដបន្ទាប់ ខណៈដី​នៅ​ខេត្ដ​ព្រះសីហនុ​កំពុង​ឡើង​ថ្លៃ ប៉ុន្ដែ​អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​ជនល្មើស​បាន​នៅ​ឡើយ​ទេ ថ្វីបើ​បាន​ចុះ​ទៅ​ដក​បង្គោល​ចេញ​ខ្លះ​ហើយ​ក្ដី​។

លោក​ថា​៖ «​ក្រុម​ការងារ​ខាង​មន្ដ្រី​ជលផល និង​សហគមន៍​ព្រៃកោងកាង​បាន​ចុះ​ទៅ​ដក​បង្គោល​​លើ​ដី​ពី​ ៥០ ​ទៅ​ ៦០ ​ហិកតា​។

ប៉ុន្ដែ​យើង​មិន​ទាន់​កំណត់​បាន​ថា​ជា​របស់​អ្នកណា​ទេ យើង​កំពុង​អង្កេត​ឲ្យ​ច្បាស់​…​បោះបង្គោល​មាន​ធ្វើ​ពី​ថ្ម និង​ឈើ​នៅ​​ទីតាំង​ដី​ព្រៃកោងកាង​នោះ​»​។

លោក ហាក់ បាន​បន្ត​ថា អ្នក​ធ្វើ​សកម្មភាព​អាច​ជា​បុគ្គល​នៅ​ខេត្ដ​ព្រះសីហនុ និង​នៅ​ភ្នំពេញ​តែ​មិនមែន​ក្នុង​មូលដ្ឋាន​ទេ​។

លោក​ថា​៖ «​ពួកគាត់​មក​ទន្ទ្រាន​​យក​ដី​នេះ ដោយ​កាប់​ឆ្ការព្រៃ​ចេញ​រួច​បោះ​បង្គោលព្រំ​កំណត់​ថា​ជា​របស់​ខ្លួន ហើយ​ការ​សម្រុក​មក​កាន់កាប់​ដីព្រៃ​អភិរក្ស​នេះ​​មកពី​សម្ទុះ​ដី​ឡើង​ខ្លាំង​នៅ​ខេត្ត​ព្រះសីហនុ​នេះ​»​។

លោក ហាក់ បាន​ឲ្យ​ដឹង​ថា​​ក្រោយពី​ចុះ​វាយកម្ទេច​បង្គោល​កាលពី​ថ្ងៃទី​ ៣០ តុលា​អាជ្ញាធរ​​នឹង​បន្ដ​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​កាប់​ព្រៃ​អភិរក្ស​នេះ​។

លោក​ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​រកមុខ​ជនល្មើស​ដើម្បី​បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។ ខាង​រដ្ឋបាល​ជលផល​កំពុង​ព្រាង​រឿង​ជនល្មើស​កាប់​ទន្ទ្រាន​យក​ដី​នេះ​ទៅ​មន្ទីរ និង​ក្រសួង​»​។

លោក ទេព មន្នី អភិបាលរង​ស្រុក​ស្ទឹងហាវ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​វាយកម្ទេច​បង្គោលព្រំ​នោះ​បាន​ថ្លែងថា កន្លងមក​មាន​ជនខិលខូច​បាន​លួច​បោះ​បង្គោល​ថ្ម និង​លួច​ដាំ​ដើមឈើ​មួយ​ចំនួន​ក្នុង​ដី​សហគមន៍​ព្រៃកោងកាង​នេះ​ផង​ដែរ​។

លោក​បន្ដ​ថា​៖ «​យើង​បាន​ដឹកនាំ​កម្លាំង​ទៅ​វាយកម្ទេច​បង្គោល​ថ្ម​ព្រំដី​ដែល​គេ​លួច​បោះ​ទាំងនោះ​។ កន្លង​មក​មាន​ជន​ខិលខូច​បាន​លួច​បោះ​ជា​លក្ខណៈ​​សម្គាល់​ព្រំដី​របស់​ពួកគេ​ហើយ​មាន​ខ្លះ​បាន​យក​ដើម​ដូង​ទៅ​ដាំ​នៅ​ទីនោះ​»​។

លោក ស៊ុន សុផាត តំណាង​សហគមន៍​ទូទាំង​ខេត្ត​ព្រះសីហនុ និង​ជា​អ្នកស៊ើប​អង្កេត​លើ​ករណី​ទន្ទ្រាន​ដី​ក្នុង​តំបន់​អភិរក្ស​ផង​នោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​ខេត្ដ​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ជនខិលខូច​ជាច្រើន​បាន​មក​ទន្ទ្រាន​យក​ដីព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស ប៉ុន្ដែ​នៅ​មិន​ទាន់​មាន​វិធានការ​ណា​​មួយ​ពី​អាជ្ញាធរ​ខេត្ដ និង​ថ្នាក់មូលដ្ឋាន​ទេ​។

លោក​បាន​បន្ត​ថា សកម្មភាព​​បែប​នេះ​មិនមែន​មាន​តែ​ក្នុង​​តំបន់​ព្រៃ​អភិរក្ស​នេះ​ទេ​ដែល​កំពុង​ត្រូវ​បាន​ជនខិលខូច​ចូល​មក​ទន្ទ្រាន​នោះ ប៉ុន្ដែ​នៅ​តំបន់​អភិរក្ស​រាម ក៏​កំពុង​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា​៖ «​ដីព្រៃ​អភិរក្ស​ស្ទឹងហាវ​ និង​ឧទ្យាន​ជាតិ​រាម​ក៏​កំពុង​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​​ដោយ​គ្មាន​អ្នកណា​ហ៊ាន​និយាយ​អី​ទេ ហើយ​មិន​ត្រឹម​តែ​ទន្ទ្រាន​​ដោយ​កម្លាំង​មនុស្ស​ទេ ​គឺ​មាន​ទាំង​យក​អេស្កាវ៉ាទ័រ​ទៅ​កាយ​ព្រៃ​ក៏​មាន​ដែរ​»​។ «​ភាគច្រើន​ពួកគេ​បាន​មក​កាប់​ព្រៃកោងកាង​ចេញ​រួច​ហើយ​ទើប​បាន​យក​ដើមឈើ​ផ្សេងៗ​មក​ដាំ​ជំនួស​វិញ មាន​ដូចជា ដើម​ដូង ជាដើម​។ ការកាប់​ទន្ទ្រាន​នេះ​ភាគច្រើន​អ្នកមាន​លុយ​ដែល​គេ​បាន​ជួល​ឲ្យ​ប្រជាជន​ទៅ​កាប់​»​។

លោក សុផាត បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​មាន​វិធានការ​ដើម្បី​រឹតបន្តឹង​ចំពោះ​ជនល្មើស​ដែល​​មក​ទន្ទ្រាន​យក​ដីព្រៃ​រដ្ឋ​នេះ​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ១២ ​ខែ​កញ្ញា​ឆ្នាំ​នេះ​ក្រសួង​បរិស្ថាន​បាន​ដាក់​បម្រាម​មិន​ឲ្យ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ បន្ទាប់ពី​មាន​ករណី​ល្មើស​ច្បាប់​នៅតាម​ឧទ្យាន​ជាតិ​មួយ​ចំនួន​ពិសេស​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ «​បូកគោ​» ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​ «​គិរីរម្យ​» តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ដែនជម្រក​សត្វព្រៃ​ស្រែពក​ជាដើម​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា ធ្លាប់​បាន​បញ្ជាក់​ថា​៖ «​យើង​ឃើញ​មាន​ការ​កើតឡើង ការកាន់កាប់ ការ​ឈូសឆាយ ទន្ទ្រាន​ដីព្រៃ​យក​ជា​កម្មសិទ្ធិ​ និង​ការទិញ​លក់​ដី​រដ្ឋ​ខុស​ច្បាប់​រួមទាំង​ការប្រើ​ឯកសារ​ដែល​ដល់​មោឃភាព​ទៅ​យក​ដី​របស់​រដ្ឋ​»​។

«​ដូច្នេះ​បាន​ជា​យើង​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​អំពើ​ល្មើស​ច្បាប់​ទាំងអស់​នេះ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s