ពលរដ្ឋ​ព្រួយ​រឿង​បណ្ដេញចេញ ក្រោយ​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៏

តំបន់​ដី​ដែល​ពលរដ្ឋ​សុំ​វៀល​ពី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រូបថត សហការី

កំពង់ស្ពឺ: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការបណ្ដេញ​ចេញ​ពី​តំបន់​កំពុង​​រស់នៅ​នៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​ជា​បរិវេណ​ឧទ្យាន​ជាតិ ក្រោយពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​សុំ​វៀល​ដី​ទំហំ​ប្រហែល​ ២៥០ ​ហិកតា​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​ពលរដ្ឋ​សុំ​វៀល​ដី​ពី​ទំហំ​ ២៥០ ​ហិកតា​ពី​ឧទ្យាន​ជាតិ​គិរីរម្យ​ស្ថិត​នៅ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដោយ​អះអាង​ថា​ដី​តំបន់​នេះ​មាន​ព្រះរាជក្រឹត្យ​ហាមឃាត់ ប៉ុន្ដែ​តំណាង​ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដី​ភូមិ និង​យក​ដី​ពួកគាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​វិញ​។

លោក វ៉ី សំណាង អះអាង​ថា​បើ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជួប​បញ្ហា​ខ្វះខាត​ដី​ពិតប្រាកដ​មែន អាជ្ញាធរ​នឹង​ពិចារណា ប៉ុន្ដែ​អាជ្ញាធរ​មិន​អាច​អនុញ្ញាត​ឲ្យ​ជន​ខិលខូច​យក​លេស​រាយការណ៍​ពី​កង្វះខាត​របស់​ប្រជាពលរដ្ឋ ដើម្បី​កេងចំណេញ និង​ក្លែងបន្លំ​យក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​។

លោក សំណាង ថ្លែង​ថា​៖ «​អាជ្ញាធរ​នឹង​មិន​ធ្វើ​អ្វី​មួយ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ពួកគាត់​ទេ ប៉ុន្ដែ​អាជ្ញាធរ​នឹង​មិន​បណ្ដោយ​ឲ្យ​ជនខិលខូច​ឆ្លៀត​ឱកាស​ឈូសឆាយ ឬ​ទន្ទ្រាន​កាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ឧទ្យាន​ជាតិ​គិរីរម្យ​ដែរ​។ ក្នុង​នាម​អាជ្ញាធរ​ត្រូវ​តែ​ការពារ​តំបន់​នោះ ដើម្បី​រក្សា​តំបន់​ទេសចរណ៍​ជាតិ និង​លើក​កម្ពស់​វិស័យ​បរិស្ថាន ឬ​ការប្រែប្រួល​អាកាសធាតុ​»​។

លោក វ៉ី សំណាង អះអាង​ផង​ដែរ​ថា​៖ «​បើ​យើង​បណ្ដែត​បណ្ដោយ​ទៅ​គឺ​ពួកគាត់​ចេះ​តែ​ទន្ទ្រាន​កន្លែង​នេះ កន្លែង​នោះ​ឥត​ឈប់ឈរ ហើយ​ពេល​យើង​សួរ​ទៅ​គាត់​ឆ្លើយ​ថា សុទ្ធតែ​អ្នក​អត់​មាន​ដី ប៉ុន្ដែ​ខ្ញុំ​មាន​ដី​សង្គមកិច្ច​ដែរ​តើ ម្ដេច​ក៏​ពួកគាត់​មិន​មក​យក​? ហើយ​មិន​ដឹង​ជា​មកពី​ណា​ខ្លះ​ទេ​? ចេះ​តែ​សម្លឹង​មើល​ឃើញ​តំបន់​ព្រៃ​ហ្នឹង ហើយ​បើ​ពួកគាត់​ជា​អ្នកអត់​ដី​ពិតប្រាកដ គឺ​យើង​នៅ​មាន​ដី​សង្គមកិច្ច​សម្រាប់​ជូន​គាត់​ដែរ​តើ​»​។

លោក ឡុង បូរិន តំណាង​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​រស់នៅ​ភូមិ​ចំការ​តែ និង​ភូមិ​ថ្មី ឃុំ​ចំបក់ គឺជា​អ្នក​ស្នើ​ដី​ចំនួន ២៥០ ​ហិកតា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ស៊ូគីម៉ិច ចំនួន ២០០០ ​ហិកតា និង​ផ្ដល់​ផ្ទៃដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន A2A របស់​ជប៉ុន​ចំនួន ២០០០​ ​ហិកតា ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​សម្រេច​ពង្រីក​បន្ថែម​ឈាន​ដល់​ចំនួន ៩០០០ ​ហិកតា​សម្រាប់​ឲ្យ​ទៅ​ក្រុមហ៊ុន​វិនិយោគ​។

លោក បូរិន ថ្លែង​ថា​៖ «​ដោយ​ហេតុ​នេះ​ក្រុម​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបណ្ដេញ​ចេញ​ពី​ផ្ទះ​ដោយ​បង្ខំ និង​ចង់​ចៀសវាង​ការប៉ះទង្គិច និង​ទំនាស់​ដីធ្លី​ជា​យថាហេតុ​ជាមួយ​ក្រុមហ៊ុន​​វិនិយោគ​នានា យើង​ស្នើ​តំបន់​នេះ ព្រោះ​តំបន់​នេះ​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន បើ​គ្មាន​វត្តមាន​ក្រុមហ៊ុន​ទេ ប្រជាពលរដ្ឋ​ក៏​មិន​បាច់​ស្នើ​ដែរ ព្រោះ​យើង​មិន​ចង់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​។ ឥឡូវ​នេះ​យើង​កំពុង​តែ​ព្រួយបារម្ភ​ខ្លាំងណាស់ ខ្លាច​តែ​​គេ​បណ្ដេញ​ចេញ​ពី​ភូមិ​ទៀត​»​។

លោក ជ័យ ហ៊ីម មេឃុំ​ចំបក់ ស្រុក​ភ្នំស្រួច បាន​ថ្លែង​ថា​ការសម្រេច​នេះ​គឺជា​សិទ្ធិ​របស់​ថ្នាក់ដឹកនាំ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិតជា​មាន​ការ​ខ្វះខាត​ដីធ្លី​ពិតប្រាកដ​មែន ហើយ​ពួកគាត់​បាន​រស់នៅ​ទី​នោះ​តាំងពី​ឆ្នាំ​ ១៩៨០ រហូត​មក​ដល់​ឆ្នាំ​ ២០១៨ ​នេះ​នៅ​តែ​មិន​ទាន់​បាន​ដី​ដោយ​ស្របច្បាប់​នៅ​ឡើយ​។

លោក​មេឃុំ​អះអាង​ថា មិន​ដឹង​ពី​ករណី​ដែល​មាន​ជនខិលខូច​នៅ​ពី​ក្រោយ​ខ្នង​ទេ ប៉ុន្ដែ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដីព្រៃ និង​កាប់​ទន្ទ្រាន​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​កន្លង​មក​នោះ​គឺ​មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ឃុំ​របស់​លោក​កំពុង​គ្រប់គ្រង​ទេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s