ក្នុង​1​ខែ កំណើន​យានយន្ដ​ទូ​ទាំង​ប្រទេស​មាន​ជិត​4​ម៉ឺន​គ្រឿង

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ចំនួន​យានយន្ត បាន​​កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ នេះ​ក៏​ដោយសារ​តែ​ប្រទេស​

ជាតិ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន មាន​សុខ​សន្តិភាព ដែល​ផ្តល់​ឱកាស​ដល់​ប្រជាជន​គ្រប់​ស្រទាប់​មាន​ពេលវេលា​ក្នុង​ការ​ប្រកប​មុខរបរ​រកស៊ី និង​បំពេញការងារ ជា​ពិសេស​ផ្ដល់​ឱកាស​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​ទៅ​ទូ​ទាំង​ប្រទេស ។

ដោយសារ​ប្រព័ន្ធ​គមនាគមន៍​ត្រូវ​បាន​ជួសជុល​កែ​លម្អ និង​ស្ថាបនា​ថ្មី​ប្រទាក់ក្រឡា​គ្នា​ពី​តំបន់​ជនបទ​ទៅ​តំបន់​ទីប្រជុំជន និង​រហូត​ដល់​រាជធានី​-​ខេត្ត​បាន​យ៉ាង​ល្អ​ស្អាត​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​យានយន្ដ​កើនឡើង​យ៉ាង​ខ្លាំង ។ ជាក់ស្ដែង​គ្រាន់តែ​ក្នុង​រយៈពេល​១​ខែ យានយន្ដ​នៅ​ទូ​ទាំង​ប្រទេស​កើនឡើង​ជិត​៤​ម៉ឺន​គ្រឿង​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស មធ្យោបាយ​យានយន្ត​បាន​បន្ត​កើនឡើង​ចន្លោះ​ពី​ជិត​៤​ម៉ឺន​ទៅ​ជាង​៤​ម៉ឺន​គ្រឿង​។ ជាក់ស្តែង នៅ​ខែកញ្ញា ឆ្នាំ​២០១៨ ចំនួន​យានយន្ត​បាន​កើន​៤០.៦៩៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៣៤.៥៣៧​គ្រឿង រថយន្ត​ធុន​ស្រាល និង​ធុន​ធ្ងន់​ចំនួន​៦.១៥៨​គ្រឿង ។ រីឯ​នៅ​ខែតុលា​ឆ្នាំ​២០១៨ វិញ បាន​កើនឡើង​ចំនួន ៣៩.៦១២​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៣៣.៨៥០​គ្រឿង​រថយន្ត​ធុន​ស្រាល​និង​ធុន​ធ្ងន់​ចំនួន​៥.៧៦២​គ្រឿង ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩០​រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៨ ចំនួន​មធ្យោបាយ​យានយន្ត​បាន​កើន​ដល់​ចំនួន​៤.៦៤៣.១១៩​គ្រឿង ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​កំពុង​ធ្វើ​ចរាចរណ៍ ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​៣.៩៦៨.៤២១​គ្រឿង និង​រថយន្ត​ធុន​ស្រាល និង​ធុន​ធ្ងន់​ចំនួន​៦៧៤.៦៩៨ គ្រឿង​។ នេះ​មិន​ទាន់​គិត​ពី​យានយន្ត​ដែល​មិន​បាន​ចុះបញ្ជី​ទេ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​រាជធានី​ភ្នំពេញ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៨ ចំនួន​យានយន្ត​បាន​កើនឡើង​រហូត​ដល់​ជាង​២​លាន​១៩​ម៉ឺន​គ្រឿង ក្នុង​នោះ​រថយន្ត​មាន​ចំនួន​៤៨​ម៉ឺន​គ្រឿង ម៉ូតូ​មាន​ចំនួន​១,៧​លាន​គ្រឿង និង​រ៉ឺ​ម៉ក​កង់​បី​មាន​ចំនួន​១១​ពាន់​គ្រឿង ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ៖« កំណើន​យានយន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ខ្លី​កន្លង​មកនេះ វា​បាន​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​យានយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន ។ ជាក់ស្ដែង ក្នុង​១​គ្រួសារ អាច​មាន​ម៉ូតូ​ម្នាក់​១​គ្រឿង​បាត់​ទៅ​ហើយ »​។

« ដោយសារ​ចំនួន​យានយន្ត​មានការ​កើនឡើង រួម​ទាំង​ការ​បើកបរ​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ការ​រំលោភ​ចិញ្ចើម​ផ្លូវ​ទៀត​នោះ ធ្វើ​ឱ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍ ដែល​ជា​បញ្ហា​ប្រឈម​បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ » ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​រដ្ឋបាល​រូប​នេះ ។

ទីផ្សារ​យានយន្ត​នៅ​កម្ពុជា​កំពុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ និង​ជា​ប្រទេស​មានការ​រីក​ចម្រើន​ល្អ​ជាង បើ​ធៀប​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ាន ក្នុង​ការ​ប្រើប្រាស់​យាន​យន្ត​ជា​លក្ខណៈ​ឯកជន ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ ។

អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​ខ្មែរ​-​ចិន​លោក​ឧកញ៉ា ជា សឿ​ន បាន​ឲ្យ​ដឹង​កាលពី​ដើមខែ​នេះ​ថា ទីផ្សារ​យានយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​រំពឹង​ថា នឹង​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ការ​លក់​យានយន្ត​បាន​កើន​ឡើង​ប្រមាណ​ជាង​២០% ដែល​កំណើន​នេះ​កំពុង​មានការ​រីក​លូតលាស់​ប្រសើរ ជាង​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​ក្នុង​អាស៊ាន​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ទីផ្សារ​យានយន្ត​កំពុង​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ខណៈ​កម្ពុជា​កំពុង​បាន​ងាក​ចេញ​ជា​បណ្តើរ​ៗ​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ការ​ប្រើប្រាស់​គ្រឿង​បរិក្ខារ​ថែទាំ​យានយន្ត​ជជុះ​មក​ប្រើប្រាស់​ផលិតផល​ថ្មី​ៗ ដែល​មានគុណ​ភាពល្អ ក្នុង​ការ​ថែទាំ​ម៉ាស៊ីន និង​គ្រឿងបន្លាស់​ផ្សេង​ៗ ជា​ពិសេស​ការ​ផ្តល់​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ដល់​យើង​ទាំងអស់​គ្នា » ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s