ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​រង​ការរំលោភ​យក​ ទោះបី​មាន​បម្រាម

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ឆ្នេរសមុទ្រ​នៅ​ស្រុក​ស្ទឹងហាវ​ដែល​ត្រូវ​គេ​ចាក់ដី​លុប​រំលោភ​យក​។ រូបថត សហការី

ព្រះសីហនុៈ ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​តែ​ត្រូវ​បាន​បំពាន​ដោយ​ក្រុម​អ្នក​វិនិយោគឯកជន ដោយ​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរ និង​សាងសង់​កំពង់ផែ​សំណង់​រឹង​ជា​បន្ដបន្ទាប់ ខណៈ​អាជ្ញាធរ​មាន​ត្រឹម​វិធានការ​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​

ទោះបី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ធ្លាប់​បញ្ជា​ចាត់​វិធានការ​បន្ទាន់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កាយ​ដី​លុប​ឆ្នេរសមុទ្រ​នោះ​ចេញ​វិញ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ក៏ដោយ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាមួយ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ក្នុង​ករណី​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ថ្មី​មួយ​ទៀត​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ កាលពី​សប្ដាហ៍​មុន​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ទោះបី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ហើយ​ក៏ដោយ ប៉ុន្ដែ​ក្រុមហ៊ុន​ដែល​ចាក់ដី​លុប​ឆ្នេរ​មិន​បាន​អនុវត្ដ​តាម​បញ្ជា​នោះ​ទេ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​កំពុង​បន្ដ​ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ជា​បន្ដបន្ទាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ឲ្យ​ដឹង​ថា​ករណី​ចាក់ដី​លុប​ឆ្នេរ​ថ្មី​មួយ​ទៀត​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​នេះ​ម្ចាស់​បាន​សុំច្បាប់​ទៅ​ខាង​ស្រុក​ត្រឹម​ជួសជុល​អ៊ូទូក​ប៉ុណ្ណោះ ប៉ុន្ដែ​បែរ​ជា​ទៅ​ចាក់ដី​រំលោភ​ចូល​ឆ្នេរ​ក្នុង​ជម្រៅ​ទឹកសមុទ្រ​ជាង​ ៣ ​ម៉ែត្រ ទទឹង ៥០ ​ម៉ែត្រ និង​បណ្ដោយ​ជាង​ ៦០ ​ម៉ែត្រ​ថែម​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ទោះ​មាន​ការ​អភិវឌ្ឍ​មែន​ក៏ដោយ ក៏​ថ្នាក់​ខេត្ដ​គ្មាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ទៅ​ចាក់ដី​លុប​ឆ្នេរ​បែប​នេះ​ដែរ​។ ឥឡូវ​កន្លែង​អ៊ូទូក​ដែល​ទើប​ចាក់ដី​លុប​នេះ​មិន​មាន​ការកាយ​ដី​ចេញ​វិញ​ទេ​ហើយ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​ទីតាំង​ដាក់​លិខិត​ស្នើសុំ​ទៅ​ថ្នាក់ខេត្ដ​ចំពោះ​ការអភិវឌ្ឍ​អ៊ូទូក និង​បន្ដ​ចាក់ដី​លុប​បន្ដ​ទៀត​»​។

លោក សុខុម បាន​ថ្លែង​ថា​ការអភិវឌ្ឍ​ធំៗ​ដែល​មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ដែល​ជា​គម្រោង​អភិវឌ្ឍ​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គម​ទើប​ក្រុមហ៊ុន​មាន​សិទ្ធិ​ចាក់ដី​លុប​សមុទ្រ​បាន ប៉ុន្ដែ​ករណី​កន្លង​មក​នៅក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​មាន​ការ​អនុញ្ញាត​ត្រឹម​អាជ្ញាធរ​ខេត្ដ ដែល​នេះ​ជាការ​ឃុបឃិត​គ្នា​តែ​ម្ដង​។

លោក​បន្ដ​ថា​៖ «​ទីតាំង​ចាក់ដី​លុប​ឆ្នេរ​នៅ​អ៊ូទូកនេះ អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ចុះ​ទៅ​ហាមឃាត់ និង​ធ្វើ​កំណត់ហេតុ​ ២ ​ដង​រួច​មក​ហើយ ហើយ​លើក​ទី​ ៣ ​នេះ​ទើប​ថ្នាក់​ខេត្ដ​ដែល​មាន​អាជ្ញាធរ​អន្ដរក្រសួង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ បាន​ឃើញ​ម្ចាស់​ទីតាំង​បាន​ចាក់ដី​លុប​ឆ្នេរ​មែន​ដោយ​ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ទេ​»​។

តាម​កំណត់ហេតុ​របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចាក់ដី​លុប​ឆ្នេរ​ក្នុង​ស្រុក​ស្ទឹងហាវ​កាលពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា​នេះ​បង្ហាញ​ថា ម្ចាស់​ទីតាំង​អ៊ូទូក​នៅ​ពុំទាន់​មាន​ច្បាប់​អនុញ្ញាត​សាងសង់​នោះ​នៅ​ឡើយ​ទេ​។

លោក សុខ សុខុម អះអាង​ថា​ការ​ចាក់ដី​លុប​សមុទ្រ​កើត​ឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដដែល​នេះ ដោយសារ​អាជ្ញាធរ​មិន​មាន​វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​នោះ​។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពិនិត្យ​ចំពោះ​សំណើ​របស់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ដែល​បាន​សុំ​អភិវឌ្ឍ​ទីតាំង​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​អនុញ្ញាត​។

លោក ឱ សារឿន អ្នក​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ដ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចាក់​ដី​លុប​ឆ្នេរ​នោះ​ហើយ ដោយ​បាន​វាស់វែង​ចំណុច​ចាក់ដី​លុប​ចូល​សមុទ្រ​នោះ​។

លោក​ឲ្យ​ដឹង​ដែរ​ថា​៖ «​ក្រោយ​មាន​ការ​ប្រតិកម្ម​នានា អាជ្ញាធរ​ខេត្ដ និង​ស្រុក​បាន​សហការ​ចុះ​ពិនិត្យ​វាស់វែង​ហើយ​ចេញ​សេចក្ដីប្រកាស​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ចាក់ដី​លុប​ចូល​ឆ្នេរ​នោះ​ត្រូវ​កាយ ចេញ​វិញ បើ​មាន​ករណី​កន្លែង​ណា​ដែល​ខុស​ការអនុញ្ញាត​»​។

ទាក់ទង​នឹង​ចម្ងល់​ថា អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​អនុវត្ដ​វិធានការ​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ខុស​ច្បាប់​នាពេល​កន្លង​មក​លោក សារឿន បញ្ជាក់​ថា​៖ «​និយាយ​ទៅ​បើ​និយាយ​ពី​ផ្លូវ​ច្បាប់​អ្នក​ដែល​ធ្វើ​ខុស​គឺ​ខុស​ហើយ ប៉ុន្ដែ​មន្ដ្រី​អនុវត្ដ​របស់​យើង ដូច​ខ្ញុំ​បាន​លើក​ឡើង​កន្លង​មក​អ៊ីចឹង យើង​នៅ​តែ​ប្រើ​មនោសញ្ចេតនា ដោយសារ​តែ​មាន​ការ​យោគយល់​»​។

ដោយឡែក​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក៏​បាន​រិះគន់​ចំពោះ​ការ​បើក​ដៃ​ឲ្យ​អ្នក​វិនិយោគ​ទៅ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​របស់​អាជ្ញាធរ​ដែនដី​នោះ​ដែរ ដែល​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ជុំវិញ​ការអភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​លោក សុខ ទូច ផ្តាំ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ទទួល​បាន​តំណែង​ហើយ​គួរ​យក​តំណែង​នោះ​មក​បម្រើ​រាស្ត្រ​វិញ មិន​គួរ​យក​តំណែង​ទៅ​លុប​ឆ្នេរសមុទ្រ​នោះ​ទេ​។

លោក​ថា​៖ «​ចិន​មក​មិនមែន​យក​ច្បាប់​ចិន​មក​អនុវត្ដ​នៅ​កម្ពុជា​ឯណា អ៊ីចឹង​ត្រូវ​គោរព​ច្បាប់​កម្ពុជា​។ អ៊ីចឹង​ចៅហ្វាយ​ខេត្ដ ចៅហ្វាយក្រុង​ត្រូវ​អនុវត្ដ​បន្តិច កុំ​ឲ្យ​ភ្នែក​ស្រឡេវ​។ គេ​ឲ្យ​ប្រហែល​កន្លះ​លាន ភ្នែក​ស្រឡេវ​បាត់ ដៀង​ចុះ ដៀង​ឡើង​មើល​អត់​ឃើញ គេ​ចាក់​លុប​ឆ្នេរ ហើយ​ទៅ​បន្ទោស​នេះ បន្ទោស​នោះ ដក​គ្រវាត់ចោល ច្បាប់​មាន​តើ​»​។

លោក​ សុខ ទូច បន្ដ​ថា​៖ «​ហើយ​ម្យ៉ាង​នេះ​គណបក្ស​ប្រជាជន​ឈ្នះ​ទាំងអស់ ខុស និង​ត្រូវ ទទួល​ខុសត្រូវ អត់​ឆ្លើយ​ដាក់​អាណា​ទៀត​ទេ​។ អ៊ីចឹង​អ្នក​ដែល​បាន​គេ​ឲ្យ​តំណែង​ហើយ​គួរ​យក​តំណែង​ទៅ​បម្រើ​ប្រជាជន មិនមែន​យក​តំណែង​ទៅ​លុប​ឆ្នេរ​ទេ អាហ្នឹង​ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ពីព្រោះ​ខ្ញុំ​ក៏​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​ដែរ​»​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​បន្ទាន់​មួយ​តាមរយៈ​លោក ជាសុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ឲ្យ​ចាត់​វិធានការ​ប្រាប់​ក្រុមហ៊ុន​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង​ស្ថិត​នៅ​ភូមិ​ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ចេញ​វិញ បន្ទាប់ពី​រកឃើញ​ថា​ឆ្នេរសមុទ្រ​មួយ​នេះ​ត្រូវ​បាន​ចាក់ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ដែល​គេ​ស្គាល់​ថា យាយភូ ប៉ុន្តែ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​ឆ្នេរសមុទ្រ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​បាន​កាយ​ចេញ​វិញ​តាម​បញ្ជា​នោះ​នៅ​ឡើយ​ទេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s