ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់​ត្អូញ​ខ្វះ​ទឹក​ប្រើ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ទិដ្ឋភាព​ផ្ទះ​ និង​ដំណាំ​អ្នកភូមិ​ត្រូវ​ទឹក​ជន់​លិច​ដោយ​ការសង់​ទំនប់​។ រូបថត SBN

ស្ទឹងត្រែងៈ ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ​កាលពី​ម្សិលមិញ​បាន​ត្អូញត្អែរ​អំពី​កង្វះខាត​ទឹក

ស្អាត​ប្រើប្រាស់ ខណៈ​ស្រះ​ទឹក​ ១ ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជីក​ឲ្យ​ពួកគាត់​នៅ​ចំណុច​ទួលស្រែវែង​នៅ​ពុំ​ទាន់​ចេញ​ទឹក​នៅ​ឡើយ​។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​សំណង​ដល់​សហគមន៍​ភូមិ-ឃុំ​ក្បាលរមាស ចំនួន​ ៥២ គ្រួសារ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ទទួល​សំណង នោះ​ហើយ​បច្ចុប្បន្ន​កំពុង​ប្រមូល​ផ្ដុំគ្នា​រស់នៅ​ក្នុង​តំបន់​ទួលស្រែវែង និង​ទួលត្បែង​ដែល​ជា​ទីទួល​សុវត្ថិភាព​នៅ​ចម្ងាយ​ប្រមាណ​ ៥ ​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​របស់​ពួកគាត់​ដែល​រង​ការលិចលង់​ដោយសារ​ក្រុមហ៊ុន​វារី​អគ្គិសនី​សេសានក្រោម ២ បិទទ្វារ​ទឹកកាលពី​ចុង​ឆ្នាំ​មុន​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ម្សិលមិញ​ថា នៅ​ពេល​នេះ​អ្នកភូមិ​ទាំងអស់​ដែល​បាន​មក​រស់នៅ​លើ​ទីតាំង​ថ្មី​នេះ​កំពុង​ជួប​ប្រឈម​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​។

អ្នកស្រី​ ស្រាំង ឡាញ់ ​តំណាង​សហគមន៍​ភូមិ-ឃុំ​ក្បាលរមាស​ថ្លែង​ថា​ទឹក​ក្នុង​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ ២ ក្នុង​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ​មិន​អាច​យក​មក​ដាំ​ស្ល ឬ​ផឹក​បាន​ទេ ដោយសារ​មាន​ក្លិនស្អុយ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ ខណៈ​ទឹកភ្លៀង​ដែល​ពួកគាត់​បាន​ត្រង​ទុក​ប្រើប្រាស់​កាលពី​រដូវវស្សា​បាន​ប្រើ​អស់​ទៅ​ហើយ​។

អ្នកស្រី​ ឡាញ់ និយាយ​ថា​៖ «​នៅពេល​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​ចុះ​អន្តរាគមន៍​ជីក​ស្រះ​ទឹក​ ១ ​កន្លែង​នៅ​ចំណុច​ទួលស្រែវែង ប៉ុន្តែ​វា​នៅ​មិន​ទាន់​ចេញ​ទឹក​ទេ ហើយ​នេះ​ជា​ក្ដីបារម្ភ​របស់​ពួកយើង​ទាំងអស់​គ្នា​នៅ​ទី​នេះ​»​។

អ្នកភូមិ​ម្នាក់​ទៀត​លោក ឃឹម ចំរើន អាយុ​ ៥២ ឆ្នាំ​បាន​ថ្លែង​ថា​បច្ចុប្បន្ន​ក្រុម​អ្នកភូមិ​បាន​នាំ​គ្នា​ទៅ​ដឹក​ទឹក​អណ្ដូង​មួយ​ដែល​ស្ថិត​ក្នុង​ដីស្រែ​ចាស់​របស់​ពួកគាត់​មាន​ចម្ងាយ​ប្រមាណ​ជិត​ ១ ​គីឡូម៉ែត្រ​ពី​តំបន់​ទួលស្រែវែង​ដែល​ពួកគាត់​កំពុង​រស់នៅ​។

លោក​បន្ត​ថា​ទោះ​យ៉ាង​ណា​អណ្ដូង​នោះ​មិន​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដល់​អ្នកភូមិ​ដែល​មាន​រហូត​ដល់​ទៅ​ជាង ១០០ គ្រួសារ​បាន​ឡើយ ដូច្នេះ​អ្នកភូមិ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ធូរធារ​បាន​នាំ​គ្នា​ទៅ​ទិញ​ទឹកស្អាត​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង​មក​ទុក​ប្រើ​ ខណៈ​អ្នកភូមិ​មួយ​ចំនួន​ទៀត​បាន​នាំគ្នា​ដងទឹក​ពី​ក្នុង​តំបន់​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​មក​កូរ​សាច់ជូរ​ទុក​ប្រើប្រាស់​សម្រាប់​ងូត និង​បោកគក់​។

លោក​ ចំរើន បន្ត​ថា​៖ «​ក្រៅពី​កង្វះខាត​ទឹកស្អាត អ្នកភូមិ​យើង​ទាំងអស់​គ្នា​ដែល​មកពី​អតីត​ភូមិ​ក្បាល​រមាសចាស់ និង ភូមិ​ស្រែគ ចាស់​សរុប​ ១២៥ គ្រួសារ​ក៏​កំពុង​ជួប​ប្រឈម​នឹង​កង្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ដោយសារ​កង្វះ​ដី​ធ្វើ​ស្រែ​ចម្ការ​»​។

បើ​តាម​លោក ចំរើន ក្រៅពី​មុខរបរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​ព្រៃ​សហគមន៍​ដែល​មិន​ទាន់​កាប់ឆ្ការ​ដ៏តិចតួច​នោះ ក្រុម​អ្នកភូមិ​បាន​នាំ​គ្នា​ប្រកបរបរ​នេសាទ​ត្រី​ដោយ​ជិះ​ទូក​ចូល​នេសាទ​នៅ​អតីត​ភូមិ​ចាស់​របស់​ពួកគាត់​ដែល​កំពុង​រង​ការលិចលង់​។

ជាមួយ​គ្នា​នេះ​លោក ឡាត់ វិបុល ដែល​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពី​រដ្ឋាភិបាល និង​កំពុង​ស្នាក់នៅ​ក្នុង​តំបន់​ទួលស្រែវែង​បាន​និយាយ​ថា កាលពី​ចុង​ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​យល់​ព្រម​ឲ្យ​ពួក​អ្នកភូមិ​លោក​ដែល​មកពី​អតីត​ភូមិ​ក្បាលរមាស​ចាស់ និង​ស្រែគ​ចាស់ រស់នៅ​ក្នុង​តំបន់​ទួលស្រែវែង ស្រែត្បែង និង​ស្រែព្រលូង និង​បាន​សន្យា​រៀបចំ​ហេដ្ឋារចនាសម្ព័ន​មាន​ផ្លូវ​ មណ្ឌល​សុខភាព សាលារៀន និង​ជីក​ស្រះ​ទឹក​ចំនួន​ ២ ជូន​ពួកគាត់ និង​យល់ព្រម​ថា​នឹង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ជូន​ពួកគាត់​ផង​ដែរ​។ «​ស្រះ​ទឹក​ទំហំ ១៥ ​ម៉ែត្រ​គុណ​ ២៥ ម៉ែត្រ​ និង​ជម្រៅ​ ៤ ​ម៉ែត្រ​កំពុង​ត្រូវ​បាន​ជីក​នៅ​កណ្ដាល​ទីទួល​សុវត្ថិភាព​ក្នុង​តំបន់​ទួលស្រែវែង ប៉ុន្តែ​វា​នៅ​មិន​ទាន់​ចេញ​ទឹក​នៅ​ឡើយ​ទេ ខណៈ​ស្រះ​ ១ ​ទៀត​ក្នុង​ទំហំ​ដូចគ្នា​នេះ​ត្រូវ​បាន​គេ​ត្រៀម​ជីក​នៅ​ក្នុង​តំបន់​ទួលស្រែត្បែង​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​»​។

ចំណែក​អ្នកស្រី ម៉ិញ សុតា តំណាង​សហគមន៍​ភូមិ​ស្រែគ​ចំនួន ៧៣ គ្រួសារ​ដែល​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពី​ផលប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ នេះ​ដែរ និង​ដែល​កំពុង​រស់នៅ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​តំបន់​ទួលស្រែត្បែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅ​ពេល​នេះ​អាជ្ញាធរ​បាន​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ដែល​តភ្ជាប់​ពី​ផ្លូវ​លេខ ៧៨ មក​កាន់​ទីទួល​ដែល​ពួកគាត់​កំពុង​រស់នៅ​សព្វថ្ងៃ ហើយ​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ពី​ខាង​ក្រៅ​ចូល​ទៅក្នុង​សហគមន៍​របស់​ពួកគាត់​ហើយ​មនុស្ស​នៅក្នុង​សហគមន៍​ក៏​អាច​ធ្វើ​ដំណើរ​ចេញ​ចូល ដើម្បី​ប្រកប​មុខរបរ​រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ស្រួល​ជាង​មុន​ផង​ដែរ​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ស្ថានភាព​នៃ​ការរស់នៅ​របស់​ពួកយើង នៅពេល​នេះ​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​យល់ព្រម​ផ្ដល់​សំណង​ថ្លៃ​ខូចខាត​លំនៅឋាន និង​ដំណាំ​របស់​យើង​តាម​ការទាមទារ​របស់​យើង​ទេ​»​។

បើ​តាម​អ្នកស្រី​ សុតា អ្នក​ភូមិ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ និង​ប្រភេទ​ផ្ទះ​ជាក់ស្ដែង និង​អាស្រ័យ​ទៅ​លើ​ចំនួន​ដើមឈើ​ហូប​ផ្លែ​ដែល​ពួកគេ​មាន ខណៈ​ដំណាំ​រួមផ្សំ​ក្នុង​ចម្ការ អាស្រ័យ​ទៅ​លើ​ផ្ទៃដី​ដាំ​ដុះ​ដែល​គ្រួសារ​នីមួយៗ​មាន​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ផ្ដល់​ជា​រួម​ដល់​ពលរដ្ឋ​ក្នុង​មួយ​ខ្នង​ផ្ទះ​មាន​ទឹកប្រាក់​ ១០០០ ដុល្លារ​ និង​ដើមឈើ​ហូប​ផ្លែ​ ១ ​ដើម​ថ្លៃ​ ១០ ​ដុល្លារ​ដែល​ការផ្ដល់​នេះ​ត្រូវ​បាន​អ្នកភូមិ​បដិសេធ​។

ជុំវិញ​ករណី​នេះ​ទាំង​អាជ្ញាធរ​ស្រុក​សេសាន និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បាន​ទេ​។

លោក​ ហូ សំអុល​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​ស្ទឹងត្រែង​បាន​និយាយ​ថា នៅ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ប្រឹងប្រែង​សម្របសម្រួល​ផ្តល់​ដំណោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បាន​ជួសជុល​ផ្លូវ និង រៀបចំ​សិក្សា​អំពី​ទីតាំង​ថ្មី​ដែល​ពួក​អ្នកភូមិ​កំពុង​ស្នាក់នៅ ដើម្បី​ចងក្រង​ចុះ​ក្នុង​បញ្ជី​ដីធ្លី​ជា​សមូហភាព​សម្រាប់​ពួកគេ និង​ថែមទាំង​គ្រោង​បន្ត​ធ្វើ​ការសាងសង់​សាលារៀន និង មណ្ឌល​សុខភាព​សម្រាប់​ពួកគាត់​នៅ​ដើម​ខែ​មករា​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ផង​ដែរ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s