តុលាការខេត្តត្បូងឃ្មុំ កោះហៅ​ពលរដ្ឋ៤នាក់ឱ្យចូលបំភ្លឺជុំវិញទំនាស់ដីសហគមន៍

ប្រភព ៖ VOA

ពលរដ្ឋទាំង៤នាក់ ដែលត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។ រូបភាព៖ ផ្ដល់ឲ្យ

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ជេត ខេមរា បានចេញដីកាកោះជាលើកទីពីរ ឱ្យពលរដ្ឋ៤នាក់ ចូលបំភ្លឺក្នុងនាមជនសង្ស័យ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។

ដីកាកោះ ដែលចេញ​កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឲ្យដឹង​​ថា ពលរដ្ឋ​២នាក់ត្រូវចូលបំភ្លឺនៅថ្ងៃទី២០ ខែធ្នូ និង២នាក់ទៀតត្រូវចូលបំភ្លឺនៅថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៨​។ ពលរដ្ឋទាង៤នាក់នោះ រួមមាន លោក សៃ តាយ លោក ហម ណី លោក​ រុំ សាន និងលោក សុខ ឡាង។

ដីការដដែលនោះ បញ្ជាក់​ថាការកោះហៅនេះ ធ្វើឡើងតាមបណ្តឹងរបស់ អ្នកស្រី ឈុន សាវុធ ដោយ​ប្តឹងពលរដ្ឋទាំង៤នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និង១៥ ខែតុលា ឆ្នាំ២០១៨។

ពលរដ្ឋម្នាក់​នៅឃុំទន្លូង ស្រុក​មេមត់ លោក សៃ តាយ ដែលមានឈ្មោះត្រូវចូលបំភ្លឺ មានប្រសាសន៍ថា ពួកគាត់ទាំងបួននាក់ទើបទទួលបានដីកាកោះនោះនៅព្រឹកថ្ងៃទី១២ ខែធ្នូ ដោយថា នឹងចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការខេត្តត្បូងឃ្មុំ ដើម្បីបកស្រាយអំពីប្រវត្តិដីសហគមន៍ ម្យ៉ាងដោយថា ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់មកលើពួកគាត់​។

លោកបន្ថែមថា៖ «ការចោទប្រកាន់នេះ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ រឿងអីដែលពួកខ្ញុំ ទៅបំផ្លាញ ព្រោះដីនេះជាដី ទំនាស់របស់សហគមន៍ ដែលរដ្ឋាភិបាលមិនទាន់ចាត់ចែងទៅលើនរណាមួយទេ។ ហេតុអីបាន ឈុន សាវុធ ហ្នឹងចោទប្រកាន់ថា ពួកខ្ញុំទៅកាន់កាប់ដីហ្នឹងខុសច្បាប់» ។

លោក សៃ តាយ អះអាងទៀត​ថា ពួកគាត់មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទេ ហើយលោកថា ដីនោះជាដីដែលពលរដ្ឋជាង៦០គ្រួសារកំពុងទាមទារឱ្យអាជ្ញាធរ​ដោះស្រាយជូនពួកគាត់លើទំហំដីបច្ចុប្បន្នជិត១ពាន់ហិកតា ដោយថា ដីនោះជាដីសមូហភាពរបស់ពួកគាត់ ដែលភាគច្រើន​ជាជនជាតិដើមភាគតិចស្ទៀងធ្លាប់កាន់កាប់តាំងពីដើមមក។

ពលរដ្ឋមួយរូបទៀត លោក ហម ណី ឱ្យដឹងថា ដីតំបន់មានជម្លោះអាជ្ញាធរមិនទាន់ដោះស្រាយឱ្យបានចប់នៅឡើយទេ ហើយពលរដ្ឋធ្លាប់ឡើងមកដាក់ញត្តិដល់ស្ថាប័នជាតិធំៗទៀតផង។

លោកមានប្រសាសន៍បន្ថែមថា៖ «តែអារឿងប្រព្រឹត្តផង ទៅទាំងអស់គ្នា នៅលើដីសហគមន៍ហ្នឹង។  ដីទំនាស់ហ្នឹងឃើញតែពួកគាត់កាប់បំផ្លាញ​របស់ប្រជាពលរដ្ឋខ្ញុំ តែពួកខ្ញុំអត់បានធ្វើទៅលើអ្វីរបស់ទ្រព្យរបស់គាត់ទេ»។

វីអូឌី បានព្យាយាមទាក់ទងទៅ ដើមបណ្តឹង អ្នកស្រី ឈុន សាវុធ  តែទូរស័ព្ទអ្នកស្រីមិនអាចហៅចូលបានទេ។

ពលរដ្ឋអះអាង ថា អ្នកស្រី ឈុន សាវុធ ជាភរិយា របស់មន្ត្រីការពារព្រំដែនម្នាក់នៅតំបន់នោះតែម្តង​។ ​

មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន លើកឡើងថា​ករណីទំនាស់ដីធ្លីនេះ ខាងលោកនៅមិនទាន់បានចុះស៊ើបអង្កេតលម្អិតនៅឡើយទេ ប៉ុន្តែលោកថា នឹងចុះស្រាវជ្រាវក្នុងពេលឆាប់ៗ។ ​មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឱ្យតុលាការស្រាវជ្រាវរឿងនេះឱ្យបានច្បាស់លាស់ មុននឹងសម្រេចបែបណាមួយជុំវិញបញ្ហាដីធ្លីមួយនេះ។

លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមដែរថា លោកតុលាការ ក៏ដូចជាលោកអយ្យការសាលាដំបូងហ្នឹង គាត់ស៊ើបអង្កេតឱ្យបានលម្អិតក្នុងករណីហ្នឹង។ គួរតែកុំឱ្យតែអ្នកណាប្តឹង អ្នកនោះ ត្រូវ ។ យើងគិតថា ជួនកាលអ្នកប្តឹងហ្នឹង វាមិនមែនត្រូវទាំងស្រុងដែរ»។

​ដី​សហគមន៍ដែលមានជម្លោះ​នៅ​ចំណុច​ត្បុល ឃុំទន្លូង ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ហើយវា​​​ជា​តំបន់​អនុស្សាវរីយ៍​ដ៏​ជូរចត់​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាមកាលពីឆ្នាំ១៩៧៧។ ដីសមូហភាពនោះ​​មាន​ទំហំ​ជាង ៤​ពាន់​ហិកតា ​៕  ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s