អភិបាលខេត្ត​ព្រះសីហនុ​ ព្រមាន​ចាត់ការ​អ្នក​ធ្វើ​សកម្មភាព​មិន​ល្អ

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​គេ​ចាក់ដី​លុប​កាលពី​ខែ​មុន​។ រូបថត សហការី

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​តែងតែ​ធ្វើ​សកម្មភាព​មិន​ល្អ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ

​ដែល​ការព្រមាន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​នេះ​ត្រូវ​ស្ដារ​មុខមាត់​ខេត្ដ​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឡើង​វិញ​នាឱកាស​បុណ្យ​សមុទ្រ​នៅ​កោះកុង​កាលពី​ថ្ងៃ​សៅរ៍​។

លោក​ យន្ដ មីន បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ខេត្ដ​លែង​យល់​មុខ​យល់​មាត់​អី​ទៀត​ហើយ ខេត្ដ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​អនុវត្ដ​នូវ​ប្រសាសន៍​របស់​សម្ដេច​ដូច​ដែល​បាន​លើក​ឡើង​លើក​មុខ​លើក​មាត់ និង​សណ្ដាប់ធ្នាប់​ខេត្ដ​»​។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​ដែល​មាន​សកម្មភាព​មិន​ល្អ​នៅក្នុង​ខេត្ដ​ខ្ញុំ​សង្ឃឹមថា នឹង​ដកថយ​ទៅ កុំ​ឲ្យ​ពិបាក​ដល់​ខេត្ដ​ទាន់​។ សូម​ដកថយ​ទៅ ព្រោះ​អី​នេះ​ជា​វិធានការ​រួម​របស់​រដ្ឋាភិបាល​ខេត្ដ​ត្រូវ​តែ​ធ្វើ​ហើយ ទោះបី​យ៉ាង​ម៉េច​ក៏​ខេត្ដ​ត្រូវ​តែ​ធ្វើ​ដែរ អត់​អាច​ទុក​ឲ្យ​អ៊ីចឹង​បាន​ទេ​។ សូម​ដកថយ​ទៅ​កុំ​ឲ្យ​មាន​ការប្រទាំង​ប្រទើស​គ្នា​»​។

លោក ឱ សារឿន អ្នក​នាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ដ​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ខេត្ដ​នេះ​។

លោក​បន្ដ​ថា​៖ «​យើង​បាន​ប្រឹងប្រែង​ហើយ មាន​តាំងពី​ក្រុម​ការងារ​ប្រព័ន្ធ​អូរ​អាង​ស្ដុក​ទឹក ប្រព្រឹត្តកម្ម​ ក្រុមការងារ​សុរិយោដី ខាង​ធនធាន​ទឹក​ខាង​សាធារណការ និង​ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​កំណត់​ព្រំដី កំណត់​ព្រំ​អូរ​ឲ្យ​បាន​ច្បាស់លាស់ តាម​បច្ចេកទេស​ដើម្បី​ឲ្យ​ដឹងថា កន្លែង​ណា​រំលោភ​ចូល​បឹង រំលោភ​ចូល​អូរ ដើម្បី​វាស់​ឲ្យ​ដឹង​តាម​ប្លង់​របស់​សុរិយោដី និង​ការរំលោភ​ចូល​ដី​រដ្ឋ​ពី​ម្ចាស់​ដី រួច​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ខេត្ដ​ក្នុង​ការ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​»​។

លោក សារឿន បាន​លើក​ឡើង​ថា​នៅពេល​នេះ​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​កំពុង​សហការ​ជាមួយ​នឹង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន ពិសេស​ចំពោះ​បញ្ហា​នៅ​តាម​តំបន់​ឆ្នេរ​។

លោក​បញ្ជាក់​ថា​៖ «​ជា​ការងារ​ជាក់ស្ដែង​នៅក្នុង​ព្រះសីហនុ​យើង​នេះ​ឯកឧត្ដម​ អភិបាល​ខេត្ដ​លោក​បាន​បញ្ជា​ឲ្យ​អនុវត្ដ​ចំពោះ​ក្រុមការងារ​តាម​ស្រុក និង​ក្រុងព្រះសីហនុ​នេះ​ឲ្យ​អនុវត្ដ​វិធានការ​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​ហួស​នឹង​ច្បាប់​អនុញ្ញាត និង​កំណត់​ដូចជា​កន្លង​មក​មាន​ករណី​ធ្វើ​កំពង់ផែ និង​ចាក់ដី​ចូល​សមុទ្រ​ជាដើម យើង​បាន​ចុះ​ទៅ​ហាមឃាត់ និង​ឲ្យ​ម្ចាស់​សំណង់​ត្រូវ​បំពេញ​បែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​មុន​សិន​មុន​នឹង​ធ្វើអ្វី​មួយ​នោះ​»​។

លោក សារឿន បន្ថែម​ថា​៖ «​បើ​អ្នកវិនិយោគ​ទាំងអស់​មុន​នឹង​អភិវឌ្ឍ​មក​សុំ​ច្បាប់​ត្រឹមត្រូវ​ចំពោះ​ការអភិវឌ្ឍ និង​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ដ និង​រដ្ឋាភិបាល​ឲ្យ​អភិវឌ្ឍ​គឺ​មិន​ខុស​ឆ្គង​អ្វី​ទេ ព្រោះ​តំបន់​ឆ្នេរ​ខ្លះ​ក៏​ត្រូវការ​ការអភិវឌ្ឍ​ដែរ​ដូចជា​ការធ្វើ​ផែអូប៊័រ​តូចៗ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​នោះ​ក៏​មិន​ខុស​អី​ដែរ កុំ​ឲ្យ​តែ​គាត់​ទៅ​ចាក់​លុប​ឆ្នេរ​ដែល​គេ​ងូតទឹក​កម្សាន្ដ​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​លើកឡើង​ថា បន្ទាប់ពី​មាន​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បែប​នេះ​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​គួរ​តែ​អនុវត្ដ​ឡើង​វិញ ចំពោះ​ទីតាំង​ដែល​គេ​រំលោភ​យក​មាន​ការ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ជាដើម​ត្រូវ​តែ​អនុវត្ដ​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់​ឡើង​វិញ​ទាំងអស់​។

«​អ៊ីចឹង​កន្លែង​ដែល​ចាក់​រំលោភ​ច្បាប់​កន្លង​មក​ដូចជា​ចំណុច ពយកំពេញ ចំណុច​ឆ្នេរ​ព្រែកត្រែង ចំណុច​ឃុំ​ទំនប់រលក ស្ថិត​ក្នុង​ស្រុក​ស្ទឹងហាវ ជាដើម​ដែល​សុទ្ធតែ​ជា​កន្លែង​ចាក់ដី និង​ធ្វើ​សំណង់​រំលោភ​ចូល​ឆ្នេរ​ដោយ​អត់​មាន​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​នោះ​អាជ្ញាធរ​ខេត្ដ​គួរតែ​មាន​វិធានការ​ឡើង​វិញ​»​។

លោក​ថា​ ក្នុង​នាម​លោក​ជា​ក្រុម​ការងារ​សង្គម​ស៊ីវិល គឺ​មាន​បំណង​ចង់​ចូលរួម​ផ្តល់​ជា​មតិយោបល់ ដើម្បី​ជួយ​ពន្លឿន​ការ​អនុវត្ដ​ការងារ​នេះ ដើម្បី​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ដែល​រំលោភបំពាន​ទៅ​តាម​ផ្លូវច្បាប់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s